ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម១៧ឆ្នាំ (U17) បានបន្តយកឈ្នះក្រុមU17ម៉ាកាវ ដោយលទ្ធផល ១-០ គឺដូចគ្នាទៅនឹងការយកឈ្នះក្រុមU17បង់ក្លាដែស ១-០ កាលពីថ្ងៃទី១៩ ខែតុលាដែរ ហើយការដណ្តើមបានជ័យជម្នះ២លើកជាប់ៗគ្នានេះ បានជួយឱ្យក្រុមម្ចាស់ផ្ទះកម្ពុជា ឡើងទៅឈរនៅលេខ១ប្រចាំពូលB នៃការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 ជាបណ្តោះអាសន្ន។
តែទោះបីជាយ៉ាងណា ការយកឈ្នះលើក្រុមU17ម៉ាកាវ ១-០ ដែលជាការស៊ុតបាល់បញ្ចូលទីរបស់ខ្សែបម្រើពាក់លេខ២៣ ពៅ ពីមករា នាទីទី១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា កាលពីយប់ថ្ងៃចន្ទកន្លងមកនេះ គឺមិនបានធ្វើឱ្យគ្រូបង្គោលលោក Koji Gyotoku សប្បាយចិត្តនោះទេ។
គ្រូបង្វឹកជប៉ុនលោក Koji Gyotoku ដែលមានភារកិច្ចដឹកនាំក្រុមធំជម្រើសជាតិកម្ពុជាផងនោះ បានមើលឃើញថា ក្រុមU17កម្ពុជា បានបង្ហាញទម្រង់មិនល្អទាល់តែសោះ។
ចំណែកអ្នកទស្សនាភាគច្រើន ក៏មិនពេញចិត្តនឹងទម្រង់លេងនេះដូចគ្នា ព្រោះតាមស្ថានភាពប្រកួតជាក់ស្តែង កាលពីថ្ងៃចន្ទនោះគឺក្រុមយុវជនកម្ពុជា គួរណាស់រកបានគ្រាប់បាល់ច្រើនជាងនេះ ខណៈក្រុមម៉ាកាវ នៅសល់សមាជិកត្រឹម១០នាក់នៅលើទីលាន ក្រោយខ្សែការពារ Tang Tin ទទួលបានកាត់ក្រហម តាំងពីនាទីទី១៣នោះ។
លោក Koji Gyotoku បាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «ការប្រកួតថ្ងៃនេះ ក្រៅពីការទទួលបាន៣ពិន្ទុ គឺការលេងរបស់យើងដូចជាមិនមែនអ្វីដែលខ្ញុំពេញចិត្តសោះ។ ការលេងថ្ងៃនេះ យើងធ្វើអត់បានល្អអ្វីទាំងអស់ អ៊ីចឹងបើនិយាយពីចំណុចកែប្រែវិញ គឺយើងត្រូវកែប្រែទាំងអស់»។
យ៉ាងណាក៏ដោយ លោក Koji បានទទួលស្គាល់ថា ក្រុមU17កម្ពុជា បានប្រឹងប្រែងលេងខ្លាំង ដើម្បីទទួលបានជ័យជម្នះនេះ ប៉ុន្តែបញ្ហានៅត្រង់ថា ពួកគេលេងអត់បានល្អ និងមិនអាចធ្វើបានតាមអ្វីដែលលោកបានរៀបចំ និងដាក់ឱ្យ ហេតុនេះលោក Koji ចង់ឱ្យកីឡាករទាំងអស់ ដាក់ចិត្តឱ្យបានកាន់តែខ្លាំង ពិសេសត្រូវធ្វើអ្វីឱ្យប្រាកដ និងយល់ឱ្យបានច្បាស់ពីអ្វីដែលត្រូវលេង សម្រាប់ការប្រកួតជាបន្តទៀត។
លោកបញ្ជាក់ថា៖ «ការទទួលបានជ័យជម្នះថ្ងៃនេះ មិនមែនថា ដៃគូប្រកួតរបស់យើងលេងបែបហ្នឹង យើងមើលស្រាលគាត់ ហើយលេងមិនបានល្អទេ តែដោយសារកីឡាកររបស់យើងអត់ដឹងថា ត្រូវលេងរបៀបណាដោយខ្លួនឯង យើងមានបញ្ហាដោយខ្លួនឯង។ ពួកគាត់ខំប្រឹងមែនទែន ដើម្បីទទួលបានជ័យជម្នះនេះ ហើយខ្ញុំអរគុណដល់ការប្រឹងប្រែងរបស់ពួកគាត់ ហើយការប្រកួតបន្ទាប់ ខ្ញុំនឹងព្យាយាមកែប្រែ ដើម្បីធ្វើឱ្យបានល្អជាងនេះ»។
ចំណែកខ្សែការពារពាក់លេង៦ លឹម វឌ្ឍនា ក៏បានទទួលស្គាល់ថា មិនរួមក្រុមរបស់ខ្លួនធ្វើមិនបានល្អដែរ។ វឌ្ឍនា បាននិយាយថា៖ «ខ្ញុំគិតថា ថ្ងៃនេះយើងធ្វើអត់សូវបានល្អ គឺការលេងអត់សូវស៊ីចង្វាក់គ្នា ព្រោះការប្រមូលអារម្មណ៍របស់ពួកយើងអត់សូវបានល្អ និងមិនមានភាពពុះកញ្ជ្រោលក្នុងការលេង»។
ដោយឡែក លោក Emmanuel Libano គ្រូបង្វឹកក្រុមU17ម៉ាកាវ បានសរសើរកូនក្រុមរបស់លោកថា លេងបានល្អ ហើយលោកបានទម្លាក់ការចាញ់ក្រុមU17កម្ពុជា ១-០ នេះ ដោយសារកីឡាកររបស់លោក មិនទាន់មានភាពសមទៅនឹងអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្រុមម៉ាកាវ នៅសល់សមាជិកត្រឹម១០នាក់ តាំងពីនាទីទី១៣។
លោកបាននិយាយថា៖ «កីឡាកររបស់យើងពិតជាធ្វើបានល្អ ដែលខ្ញុំមិនធ្លាប់បានឃើញពីមុនទេ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលអាចមកពីការមិនទាន់សមជាមួយអាកាសធាតុ និងតំបន់ ហេតុនេះពួកគាត់ត្រូវការពេលវេលាបន្ថែម ដើម្បីសម្របខ្លួនឱ្យសមនឹងអាកាសធាតុនៅទីនេះ»។
លោក Emmanuel Libano បន្ថែមថា៖ «ទោះបីជាយើងនៅសល់កីឡាករតែ១០នាក់ តែក្រុមបានព្យាយាមលេងដល់នាទីចុងក្រោយ ហើយបើសិនយើងនៅកីឡាករ១១នាក់ពេញ ខ្ញុំគិតថា លទ្ធផលអាចនឹងស្មើគ្នា ព្រោះនៅពេលយើងបាត់កីឡាករម្នាក់ យើងត្រូវធ្វើការងារច្រើន ដើម្បីទប់ទល់ជាមួយក្រុមកម្ពុជា ដែលនៅសល់កីឡាករ១១នាក់ពេញ»។
សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 ប្រចាំពូលBនេះ ក្រុមU17កម្ពុជា នៅសល់ការប្រកួតចំនួន២លើកទៀត គឺការជួបក្រុមU17អាហ្វហ្គានីស្ថាន នៅថ្ងៃទី២៥ និងចុងក្រោយប៉ះក្រុមU17ហ្វីលីពីន ខណៈការប្រកួតកាលពីថ្ងៃចន្ទនោះដែរ ក្រុមហអាហ្វហ្គានីស្ថាន បានលត់ក្រុមហ្វីលីពីន រហូតដល់ ៨-០ ហើយចំពោះការប្រកួតពាននេះ គេយកក្រុមលេខ១តាមពូលទាំង១០ និងក្រុមលេខ២ល្អចំនួន៥ក្រុម ដើម្បីឡើងទៅប្រកួត នៅជុំផ្តាច់ព្រ័ត្រ ដែលនឹងធ្វើនៅ Saudi Arabia៕