ប្រធានក្រុមជម្រើសជាតិបាល់ទះកម្ពុជា សួន ចាន់ណារ៉ូ បានសម្រេចចូលនិវត្តន៍ពីអាជីពបាល់ទះជាផ្លូវការហើយ បន្ទាប់ពីរូបគេបានរួមចំណែកយ៉ាងសំខាន់ ជួយឱ្យក្រុមកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ មេដាយប្រាក់ និងពានរង្វាន់អន្តរជាតិជាច្រើនទៀត ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា មិនចង់ឱ្យអ្នកលើកបាល់ដៃទី១ប្រចាំស្រុកខ្មែររូបនេះ ឃ្លាតឆ្ងាយពីបាល់ទះនោះទេ។
នៅក្នុងកម្មវិធីប្រកាសការចូលនិវត្តន៍ពីក្រុមជម្រើសជាតិកម្ពុជារបស់ សួន ចាន់ណារ៉ូ ដែលធ្វើនៅផ្សារទំនើបជីបម៉ុង កាលពីថ្ងៃទី២១ ខែតុលា លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្តែងការសោកស្តាយ ចំពោះការសម្រេចចិត្តបញ្ចប់អាជីពបាល់ទះរបស់ ចាន់ណារ៉ូ ប៉ុន្តែលោកបានអះអាងថា លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស សុខា ជាប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំផ្សេងៗទៀត មិនចង់ឱ្យអ្នកលើកបាល់លំដាប់លេខ១រូបនេះ ឃ្លាតឆ្ងាយពីបាល់ទះឡើយ។
លោក សិរីពិសិដ្ឋ បានថ្លែងថា៖ «ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គឺលោកចង់ឱ្យ សួន ចាន់ណារ៉ូ កុំឃ្លាតឆ្ងាយពីវិស័យបាល់ទះ។ គាត់អាចយកចំណេះជំនាញពិតប្រាកដរបស់ខ្លួន ទៅបណ្តុះបណ្តាលនៅលើវិស័យបាល់ទះនេះ ដោយគាត់អាចជាគ្រូបង្វឹក ជាគ្រូជំនួយរបស់ជម្រើសជាតិ ឬក៏អាចបង្ហាត់នៅតាមក្លិប»។
ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ បានបង្ហើបថា សួន ចាន់ណារ៉ូ ក៏អាចនឹងវិលត្រឡប់មកលេងនៅក្នុងក្រុមជម្រើសជាតិវិញផងដែរ បើសិនជាកីឡាកររបស់ក្លិបវិសាខារូបនេះ អាចបញ្ចុះទម្ងន់ ព្យាបាលជំងឺរបួស ដើម្បីធ្វើឱ្យរាងកាយរបស់ខ្លួនឯងបានល្អប្រសើរវិញ ព្រោះ ចាន់ណារ៉ូ ជាកីឡាករដ៏សំខាន់បំផុតនៅក្នុងជម្រើសជាតិកម្ពុជា។
អគ្គលេខាធិការរូបនេះ បញ្ជាក់ថា៖ «សួន ចាន់ណារ៉ូ ជាវីរកីឡាករនៅក្នុងវិស័យបាល់ទះកម្ពុជាយើង និងជា key player ទាំងការលេងនៅក្នុងក្លិប និងជម្រើសជាតិ ដែលធ្វើឱ្យបាល់ទះកម្ពុជាយើងបានកែប្រែមុខមាត់ នៅលើឆាកអន្តរជាតិ អ៊ីចឹងការចូលនិវត្តន៍របស់ ចាន់ណារ៉ូ វានឹងប៉ះពាល់ដល់ក្រុមកម្ពុជាយើង ព្រោះរហូតមកដល់ពេលនេះ អ្នកលើកបាល់ដៃទី២របស់យើង នៅមិនទាន់អាចប្រៀបផ្ទឹមជាមួយ សួន ចាន់ណារ៉ូ បានទេ ប៉ុន្តែ១ឆ្នាំ២ឆ្នាំបន្តទៅមុខទៀត យើងនឹងមានអ្នកបន្តវេនហើយ»។
លោកបន្ថែមថា៖ «ការចូលនិវត្តន៍របស់ ចាន់ណារ៉ូ គឺទី១ គាត់ឡើងគីឡូ ទី២ គាត់មានបញ្ហាខ្នង ចង្កេះ និងកជើង អ៊ីចឹងគាត់បានបើកឱកាសឱ្យយុវជនបន្តវេនរបស់យើងមានឱកាសបានក្លាយជាអត្តពលិកដៃទី១។ នេះជាការលះបង់របស់គាត់ ប៉ុន្តែបើសហព័ន្ធ អាចព្យាបាលជំងឺរបស់គាត់បានល្អប្រសើរវិញ ហើយ សួន ចាន់ណារ៉ូ មានឆន្ទៈក្នុងការសម្រក់គីឡូបានពី៥ទៅ៨គីឡូក្រាម យើងជឿជាក់ថា គាត់នឹងវិលមកលេងវិញបាន ហើយសហព័ន្ធ នៅតែបើកភ្លើងទទួលយកគាត់»។
ចំណែកលោក លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលបានឧបត្ថម្ភដល់វិស័យបាល់ទះច្រើនជាងគេនៅកម្ពុជា ក៏បានបង្ហាញការសោកស្តាយ ចំពោះការចូលនិវត្តន៍របស់ សួន ចាន់ណារ៉ូ ព្រោះ ណារ៉ូ បានលះបង់ច្រើនណាស់ ដើម្បីលើកមុខបាត់បាល់ទះកម្ពុជា ហេតុនេះលោកមិនចង់ឃើញអ្នកមានស្នាដៃ និងបទពិសោធន៍ល្អបែបនេះ ត្រូវឃ្លាតឆ្ងាយពីវិស័យបាល់ទះទេ។
លោក លាង ម៉េង បានបញ្ជាក់ថា៖ «ខ្ញុំសូមកោតសរសើរអស់ពីដួងចិត្ត ដែល ណារ៉ូ បានលះបង់ខ្លាំងបំផុត ជាពិសេសចាកចេញពីឪពុកម្តាយបងប្អូន និងគ្រួសា ធ្វើម៉េចឱ្យកិត្តិយស កេរ្តិ៍របស់សហព័ន្ធ និងក្រុមជម្រើសជាតិយើងល្បី ហើយខ្ញុំជឿជាក់ថា ស្នាមដានជើងដ៏ល្អបែបនេះ អ្នកជំនាន់ក្រោយ នឹងបន្តវេនធ្វើ ដើម្បីធ្វើម៉េចឱ្យប្រទេសយើងតូចមែន តែមានធនធាន អាចទៅប្រកួតប្រជែងជាមួយគេបាន»។
លោកបានបន្ថែមថា៖ «ខ្មែរយើងអាចធ្វើបាន គ្រាន់តែពេលខ្លះយើងខ្វះពេលវេលា និងឱកាស អ៊ីចឹងខ្ញុំជឿថា ចាន់ណារ៉ូ នឹងយកបេះដូង និងបទពិសោធន៍ដ៏មានតម្លៃរបស់ខ្លួន មកចូលរួមជាមួយសហព័ន្ធ ដើម្បីបង្ហាត់បង្ហាញដល់អ្នកជំនាន់ក្រោយ ព្រោះម្នាក់ៗសុទ្ធតែមានបេះដូង និងគោលដៅរួមចង់បានមេដាយមាស និងជ្រោងទង់ជាតិរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម»។
គួររំឭកថា កីឡាករវ័យ២៩ឆ្នាំ សួន ចាន់ណារ៉ូ បានចាប់ផ្តើមលេងបាល់ទះតាំងពីក្មេង ជាមួយនឹងអំណោយផលកាយសម្បទាល្អ ហើយរូបគេបានចាប់ផ្តើមចូលក្លិបអាជីពដំបូង គឺកងពលធំអន្តរាគមន៍លេខ៣ នៅឆ្នាំ២០១២ មុនពេលផ្លាស់ទៅក្រុមបាល់ទះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ក្នុងឆ្នាំ២០១៧ ដែលក្រោយមកប្តូរឈ្មោះ ក្លិបបាល់ទះវិសាខា ជាទ្រនំថ្មី ដែលរូបគេជ្រកកោនរហូតដល់ចូលនិវត្តន៍។
នៅក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ សួន ចាន់ណារ៉ូ បានជួយឱ្យក្លិបវិសាខា ឈ្នះមេដាយមាស និងពានរង្វាន់ជាច្រើនទាំងការប្រកួតក្នុងស្រុក និងក្រៅប្រទេស ជាពិសេស ចាន់ណារ៉ូ បានបង្កើតស្នាដៃជាច្រើន សម្រាប់ការលេងឱ្យក្រុមជម្រើសជាតិ តាំងពីឆ្នាំ២០១៦មក។ អ្វីដែល ចាន់ណារ៉ូ ចាំមិនភ្លេច គឺពេលដែលក្រុមកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ ជាលើកដំបូង ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម និងការបន្តឈ្នះមេដាយប្រាក់ នាការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
រំឭកដល់សមិទ្ធផលទាំងអស់នោះ សួន ចាន់ណារ៉ូ បាននិយាយថា៖ «ខ្ញុំស្រលាញ់បំផុត គឺទង់ជាតិកម្ពុជា! រាល់ពេលដែលខ្ញុំចេញទៅប្រកួត ខ្ញុំតែងសម្លឹងមើលទង់ជាតិ ហេតុនេះខ្ញុំបានតាំងចិត្តថា ត្រូវខំប្រឹងហាត់ គឺបើមិនបានលេខ១ ក៏បានលេខ២ ឬលេខ៣ដែរ ដើម្បីឱ្យទង់ជាតិកម្ពុជា ហូតទៅជាមួយគេ ហើយខ្ញុំពិតជាសប្បាយចិត្តណាស់ នៅពេលយើងបានលេខ៣ ពេលស៊ីហ្គេម នៅវៀតណាម និងបានលេខ២ ពេលស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។
យ៉ាងណាក៏ដោយ ការដណ្តើមបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធ ពីការប្រកួតស៊ីហ្គេមនេះ សួន ចាន់ណារ៉ូ ថា នៅមិនទាន់សម្រេចគោលដៅធំរបស់ក្រុមជម្រើសជាតិកម្ពុជានោះទេ ហេតុនេះ ចាន់ណារ៉ូ បានទទូចឱ្យកីឡាករកម្ពុជា ដែលជាសិស្សប្អូន ត្រូវខំប្រឹងពង្រឹងសមត្ថភាពឱ្យបានកាន់តែខ្លាំង ដើម្បីប្រជែងយកមេដាយមាស នាការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ហើយ ចាន់ណារ៉ូ ខ្លួនឯងក៏រំពឹងថា អាចព្យាបាលរបួសបានជាសះស្បើយ និងសម្រកទម្ងន់ធ្វើឱ្យរាងកាយរឹងមាំល្អវិញ ដើម្បីវិលត្រឡប់មកលេងឱ្យក្រុមជម្រើសជាតិផងដែរ។
កីឡាករកម្ពស់ ១,៩០ម៉ែត្រ សួន ចាន់ណារ៉ូ បាននិយាយថា៖ «សូមប្អូនៗជាកីឡាករខំប្រឹងហាត់ ដើម្បីយកមេដាយជូនជាតិ នៅស៊ីហ្គេម ឆ្នាំ២០២៥ ហើយបើសុខភាពខ្ញុំល្អ ខ្ញុំមានឱកាស គឺខ្ញុំក៏អាចនឹងមកជួយក៏ថាបានដែរ ព្រោះខ្ញុំស្រលាញ់ជាតិមែនទែន។ ខ្ញុំតែងរំឭករឿងជាតិរបស់ខ្ញុំ គឺទៅណា ក៏ខ្ញុំមិនភ្លេចដែរ រឿងទង់ជាតិកម្ពុជារបស់ខ្ញុំ»៕