គ្រូ​បង្វឹក​ក្រុម​គិរីវង់​សុខសែន​ជ័យ លោក វិនតា សាប៊ូន បាន​ទម្លាយ​​ថា លោក​បាន​ត្រៀម​​បង្វេច​​រួច​ជា​ស្រេច​ ក្នុង​ការ​​ចាកចេញ​ពី​ក្លិប​មានមូល​ដ្ឋាន​នៅទី​រួម​ខេត្តតាកែវ​មួយ​នេះ បើ​សិនជា​ថ្នាក់​ដឹកនាំ​ក្លិប មិន​ពេញ​ចិត្ត​លទ្ធផល​ប្រកួត ​ក្រោម​ការ​ដឹក​នាំ​របស់​លោក សម្រាប់​ការ​​ប្រកួត​លីគកំពូល​កម្ពុជា រដូវ​កាល​ថ្មី ឆ្នាំ​២០២៤-២០២៥​នេះ។

អតីត​គ្រូ​បច្ចេកទេស​របស់​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី និង​ជា​អតីត​គ្រូ​បច្ចេកទេស​របស់​ក្លិបអាយអេសអាយ​ដង្កោសែនជ័យ លោក សាវិន សាប៊ូន បាន​លើក​ឡើង​បែប​នេះ ក្នុងពេល​​លោក​បាន​ដឹកនាំ​ក្រុម​គិរីវង់សុខសែនជ័យ មក​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​វិសាខា នៅកីឡដ្ឋាន​ព្រីនស៍ កាលពី​ថ្ងៃទី​២៣ ខែតុលា​។

តាម​រយៈការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នោះ ក្រុមគិរីវង់  ​បានចាញ់​ក្រុម​វិសាខា រហូត​ដល់ ៧-០ ហើយជាមួយការ​បរាជ័យ​យ៉ាង​ជូរចត់​នេះ បាន​ធ្វើ​ឱ្យ​​ការ​ប្រកួតទាំង​៩​លើក​របស់​ក្រុម​មួយនេះ មាន​ត្រឹម​១ពិន្ទុ​ជាមួយការ​ស្មើ​១​ដង និងចាញ់រហូត​ដល់​៨​ដង ហើយកំពុ​ង​ឈរ​នៅបាតតារាងនៃ​លីគកំពូល​កម្ពុជា ខណៈ​ក្រុម​ភ្នំពេញក្រោន បានបន្ត​យក​ឈ្នះក្រុមក្រសួងមហាផ្ទៃ ៥-១ កាលពី​ថ្ងៃពុធ​នោះ​ដែរ ដើម្បីបន្ត​ឈរ​នៅកំពូល​តារាង ដោយមាន​២៤ពិន្ទុ​ពេញ។

ជាមួយ​លទ្ធផល​ដ៏អាក្រក់​របស់​ក្រុមគិរីវង់នេះ វា​បាននឹង​កំពុង​​ធ្វើ​ឱ្យ​កៅអី​គ្រូ​បង្គោល​របស់​លោក វិនតា សាប៊ូន ឡើង​កម្តៅ និង​មាន​ភាព​រង្គោះរង្គើ​ខ្លាំង ហើយ​គ្រូ​បង្វឹក​រូបនេះ ក៏បាន​ត្រៀម​ខ្លួន​រួចស្រេច​ក្នុងការ​ដើរចេញ​ផង​ដែរ បើ​សិនជា​ថ្នាក់ដឹកនាំ​ក្លិប​គិរីវង់សុខសែនជ័យ សម្រេច​បញ្ចប់កិច្ចសន្យា​របស់​លោក ក្នុងពេល​ណា​មួយ។

លោក វិនតា សាប៊ូន បាន​និយាយ​ថា៖​ «ខ្ញុំ​តែង​ទទួល​ខុស​ត្រូវ​​​លើ​លទ្ធផល​ក្រោមការ​ដឹកនាំ​ និងការ​រៀបចំ​របស់​ខ្ញុំ ហើយ​ការ​ដឹកនាំ​របស់​ខ្ញុំមិនជោគ​ជ័យ ខ្ញុំ​ទទួលស្គាល់។ ខ្ញុំ​ឱ្យ​ក្លិបជា​អ្នក​សម្រេច​ទៅលើ​តួនាទី​របស់​ខ្ញុំ ហើយ​ខ្ញុំដឹង​ថា តួនាទីជា​គ្រូ​បង្វឹក គឺ​តែងតែ​មាន​បង្វេច ក៏​ដូចជា​វ៉ាលី​រួច​ស្រេច​ ដោយ​យើង​មិនអាច​ទៅស្នាក់នៅ​កន្លែង​ណា​ទៀង​ទាត់​ទេ គឺ​យើង​បាន​ត្រៀម​គ្រប់ការ​ប្រកួត»។

លោក វិនតា សាប៊ូន ពេល​ដឹកនាំ​ក្រុម​​គិរីវង់​សុខសែន​ជ័យ ចាញ់​ក្រុមម្ចាស់​ផ្ទះវិសាខា ៧-០ កាល​ពី​​យប់​ទី​២៣ ខែតុលា ឆ្នាំ​២០២៤។ រូប​ថត CPL

លោកបាន​បន្ថែម​ថា៖ «​ការ​ប្រកួតទាំងអស់ ខ្ញុំ​តែងគិត​ថា ជា​ការ​ប្រកួតចុងក្រោយ​​នៃ​អាជីព​របស់​យើង​ អ៊ីចឹងសម្រាប់​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​ចុះ​ចេញ​ពីតំណែង​ទេ បើ​សិនជា​ក្លិប​បញ្ចប់​(កិច្ចសន្យា​)​ខ្ញុំបាន សម្រាប់​​​ការ​​ដឹកនាំ​របស់​ខ្ញុំ​មិនបានល្អ ប៉ុន្តែ​បើសិន​ក្រុមគិត​ថា ឱ្យខ្ញុំ​កែ​ប្រែ​ស្ថាន​ភាព​ឡើង​វិញ ខ្ញុំ​គោរព​គោលការណ៍​តាម​ក្លិប​ ដែល​ក្លិប​បាន​ផ្តល់​ទំនុក​ចិត្ត​ដល់​ខ្ញុំ​ផងដែរ»។

ដោយ​ឡែក ​ក្រុម​កងយោធពល​ខេមរភូមិន្ទ(ទ័ព) ដែល​បាន​ប្តឹងដល់​​ឧទ្ទរណ៍ ជុំវិញ​ភាព​ចម្រូង​ចម្រាស​ពេល​​ប្រកួត​ជាមួយ​ក្រុម​វិសាខា​ កាលពី​ថ្ងៃទី​២៨ ខែកញ្ញានោះ បាន​សម្រេច​ចូល​ប្រកួត​លីគកំពូល​កម្ពុជា​វិញ​ហើយ បន្ទាប់ពីសហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ​បន្ធូរ​បន្ថយ​ការ​ដាក់ពិន័យ​ទៅលើ​គ្រូ​បង្គោល លោក ភា សុភ័ក្ត្រា និង​កីឡាករ​របស់​ខ្លួនទាំង​​៣នាក់​​​​ ដែល​បាន​ប្រើ​កាយវិការ​មិនសមរម្យ ក្នុងការ​​តវ៉ាទៅលើការ​កាត់​សេចក្តីលម្អៀង​​របស់​លោក​អាជ្ញាកណ្តាល ឃិន ឧសីហា  នោះ។

តាម​ការ​សម្រេច​ចុង​ក្រោយ​របស់សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា គឺ​បាន​បន្ថយ​ការពិន័យ​គ្រូបង្គោល ភា សុភ័ត្ត្រា ពី​៥​ប្រកួត រួមទាំងការ​ព្យួរ​ដោយ​ស្វ័យប្រវត្តិ មក​ត្រឹម​៣​ប្រកួត ព្រមទាំង​ការ​ព្យួរ​ដោយ​ស្វ័យប្រវត្តិ និងតម្កល់​ទឹក​ប្រាក់ (១លាន​រៀល) ​ទុកនូវដដែល ចំណែក​កីឡាករ ជឿន ណាចា ត្រូវ​បានបន្ថយការពិន័យ​ ពី​ចំនួន​២​ប្រកួត រួមទាំងការព្យួរ​ដោយស្វ័យប្រវត្តិ មកនៅ​​ត្រឹម​១​ប្រកួត ហើយ​ព្យួរ​ដោយស្វ័យប្រវត្តិ និងលុប​ចោលការពិន័យជា​ប្រាក់។

សកម្មភាព​ការតវ៉ា​របស់ក្រុមទ័ព ទៅលើ​លោកអាជ្ញាកណ្តាល ឃិន ឧសីហា ក្នុងពេល​ប្រកួត​ជាមួយក្រុម​វិសាខា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា។រូប​ថត Peak Sports

ចំណែក​កីឡាករ JOSEMAR BALANGA AGOSTINHO  របស់​ក្រុម​ទ័ព ត្រូវបាន​សម្រេច​បន្ថយ​ការពិន័យពី​ចំនួន​២​ប្រកួត រួមទាំងការ​ព្យួរ​ដោយស្វ័យប្រវត្តិ មកត្រឹម​១​ប្រកួត​ ហើយ​ព្យួរ​ដោយស្វ័យប្រវត្តិ និងលុប​ចោលការពិន័យជា​ប្រាក់ រីឯ​កីឡាករ អ៊ុព កាម៉ុល ត្រូវបាន​សម្រេច​បន្ថយ​ការពិន័យពី​ចំនួន​៣ប្រកួត រួមទាំងការ​ព្យួរ​ដោយស្វ័យប្រវត្តិ មកនៅ​ត្រឹម​២​ប្រកួត​ រួម​ទាំង​​ការ​ព្យួរ​ដោយស្វ័យប្រវត្តិ និងបន្ថយ​​ទឹក​ប្រាក់​មក​ត្រឹម​២៥០០០០រៀល។

ជុំវិញការ​សម្រេច​នេះ ក្រុមទ័ព បានប្រកាសព័ត៌មាន​ កាលពី​យប់​ថ្ងៃពុធ​ថា៖​ «បន្ទាប់​ពី​ការ​ដាក់​បណ្ដឹង​ឧទ្ធរណ៍ និង​កិច្ច​ប្រជុំ​ជាមួយ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា និង​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​ ​ជា​ច្រើន​លើក​ហើយ​នោះ ថ្នាក់​ដឹកនាំ​សមាគម​កីឡាបាល់​ទាត់​កង​យោធពល​ខេមរ​ភូមិន្ទ បាន​សម្រេច​ចិត្ត​បន្ត​ការ​ប្រកួត​តាម​កាល​វិភាគ​របស់​ក្រុម​ហ៊ុនលីគ​កម្ពុជា និង​យល់​ព្រម​តាម​ការ​ពិន័យ​មក​លើ​គ្រូ​បង្គោល កីឡាករ របស់​សមាគ​កីឡា​បាល់​ទាត់កង​យោធពល​ខេមរ​ភូមិន្ទ ដោយ​​ឈរ​លើ​ស្មារតី រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់​នៅ​កម្ពុជា​យើង»។

ជាមួយគ្នា​នេះ សមាគម​កីឡា​បាល់​ទាត់​កង​យោធពល​ខេមរ​ភូមិន្ទ បាន​សុំណូម​ពរ​ដល់​​អ្នក​គាំទ្រ​​​ទាំង​អស់ ឱ្យ​បន្ត​ការ​គាំទ្រ​វិស័យ​បាល់​ទាត់​កម្ពុជា​​កាន់​តែ​ខ្លាំង​ឡើង​​ថែម​​ទៀត។

ចំណែក​​ក្រុម​ទ័ព ក៏បាន​ហ្វឹក​ហាត់​ជា​ប្រចាំ​ ដើម្បី​ត្រៀម​ការ​ប្រកួត​លីគកំពូល​កម្ពុជា​ផងដែរ បើទោះបីជា​ពួកគេ ទើបតែ​ទទួលបាន​ដំណឹង​ពីការ​សម្រេច​ចុងក្រោយ លើ​ការ​ប្តឹងរបស់​ខ្លួន​ទៅកាន់ឧទ្ទរណ៍ជំទាស់នឹងការ​សម្រេចលើក​ទី​១​ ​របស់សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា និងគណៈកម្មការ​វិន័យ​ ចំពោះការពិន័យ​ទៅលើ​គ្រូ​បង្វឹក និ​ងកីឡាករទាំង​៣នាក់របស់ក្រុមទ័ព តាំងពី​ថ្ងៃទី​១១ ខែតុលា​មកក៏​ដោយ៕