កីឡាករ គង់ ហូវ បានស្រែក​យំដូច​កូន​ក្មេង បន្ទាប់ពី​រូបគេ ត្រូវ​បាន​ប្រកាស​ឱ្យ​ចាញ់ពិន្ទុ​អ្នក​ប្រដាល់​ជើង​ថ្មី រិទ្ធី សូសែន សម្រាប់​​ការ​ប្រកួត​ម៉ារ៉ា​តុន​​ដណ្តើម​ខ្សែក្រវាត់ឃីកបុកស៊ីង (4MAN Kickboxing) នៅលើ​ទឹក​ដីខេត្តត្បូងឃ្មុំ កាលពី​យប់ថ្ងៃព្រហស្បតិ៍ ចំណែក​អ្នក​ប្រយុទ្ធ​របស់អេស្ប៉ាញ  Mario Ramos និង  Nico Sanabria បានសរសើរពី​​សមត្ថ​ភាព​ប្រកួត​របស់ អេ អាំម៉ារីនភូថង និង ចាន់ រតនា ថាពិតជា​ល្អ និងពិបាកទប់ទល់​។

សម្រាប់ការប្រកួតតាម​ខេត្ត ដែល​រៀបចំ​ដោយ​សង្វៀន​ថោន​នេះ គង់ ហូវ និង រិទ្ធី សូសែន បាន​​ចាប់​ឆ្នោត​ប៉ះ​គ្នា នៅវគ្គជម្រុះ​ដំបូង​។

អ្នកទាំង​២នេះ បានប្រកួត​គ្នា​យ៉ាងស្វិត​ស្វាញបំផុត ហើយជា​លទ្ធផល រិទ្ធី សូសែន ត្រូវបាន​ប្រកាស​ឱ្យ​ឈ្នះ​ គង់ ហូវ ដោយពិន្ទុ រួច​ហើយ សូសែន​បាន​បន្ត​យក​ឈ្នះ ចំរើន គុនខ្មែរ ដោយពិន្ទុ​ទៀត នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់យ៉ាង​រំភើបបំផុត។

ប៉ុន្តែ​ងាក​មក​ចាប់​​អារម្មណ៍​ពីកីឡាករ គង់ ហូវ វិញ គឺ​បាន​លត់​ជង្គង់បង្ហាញការមិន​ពេញ​ចិត្ត​នឹង​​ការ​សម្រេច​ឱ្យ​ចាញ់ពិន្ទុ រិទ្ធី សូសែន នោះ​ទេ ហើយ​រូបគេ​បានស្រែក​យំ​ដោយ​គ្មានការ​អៀនខ្មាស​​អ្វី​​ទាំង​អស់​។ 

ការ​យំស្តាយស្រណោះ​របស់ គង់ ហូវ បាន​ធ្វើ​ឱ្យ​អ្នកទស្សនា​ផ្ទាល់​មានការអាណិត​អាសូរ​ខ្លាំង​ដល់រូបគេ។ ចំណែក គង់ ហូវ វិញ បាន​និយាយ​ដោយទឹក​ភ្នែក​រហាម ចំពោះមូល​ហេតុ​ដែល​ខ្លួនស្រែក​យំ​បែបនេះ​ថា៖​ «មិន​ដែល​បាន​វ៉ៃ​កម្មវិធី​ធំទេ ចុះ​ម៉េច​បានចាញ់អ៊ីចឹង»។

ការប្រកួតរវាងកីឡាករ អេ អាំម៉ារីនភូថង (ក្រហម) និងអ្នកប្រដាល់អេស្ប៉ាញ Nico Sanabria។ រូបថត Ganzberg

ដោយឡែក​សម្រាប់ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ចំនួន​៥​គូ នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍​នោះ​ដែរ កីឡាករ​ជា​បងប្អូនបង្កើត ម៉ឺន មេឃា និង អេ អាំម៉ារីនភូថង សុទ្ធតែ​ទទួលបាន​ជ័យជម្នះ ដោយ​ក្នុង​នោះ មេឃា បាន​ឈ្នះ​ម្ចាស់​ខ្សែ​ក្រវាត់ WBC មកពីប្រទេស​អ៊ុយរ៉ាហ្គាយ Ivan Bodeant ដោយពិន្ទុ ហើយ អាំម៉ារីន បាន​ឈ្នះ​ជើងខ្លាំង​របស់​​អេស្ប៉ាញ Nico Sanabria ដោយពិន្ទុ​ដូចគ្នា។

បន្ទាប់ពីការ​បរាជ័យ ដោយមាន​ស្នាមបែក​នៅលើ​ក្បាល​ផង​នោះ កីឡាករ Nico Sanabria បាន​និយាយ​សរសើរ​ទៅ​ដល់ អេ អាំម៉ារីន​ភូថង ​ថា ជា​កីឡាករ​មានកម្ពស់ខ្ពស់ និង​មាន​សមត្ថភាព​ល្អ។

គេ​​បាន​បញ្ជាក់ថា៖​ «​គាត់ជា​កីឡាករ​ល្អ ដែល​មាន​សមត្ថ​ភាព​ខ្លាំង គឺ​ខ្ញុំ​បាន​ប្រឹង​ប្រែង​អស់ពី​សមត្ថ​ភាពហើយ។ ខ្ញុំពេញ​ចិត្ត​​ចំពោះ​ការ​ប្រកួតបែបនេះ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នកគាំ​ទ្រទាំងអស់ នឹងពេញ​ចិត្ត​ការ​ប្រកួត​មួយនេះ​ដូចគ្នា»។

ចំណែក​ម្ចាស់មេដាយមាស​ស៊ីហ្គេម ឆ្នាំ​២០២៣ ឈុត សេរីវ៉ាន់ថង បានយក​ឈ្នះ​កីឡាករ​អេស្ប៉ាញ Richi Alvarez ដោយពិន្ទុទាំងលំបាកបំផុត ព្រោះ​រូបគេ​ត្រូវបាន​ដៃគូ​ម្នាក់នេះ​វាយ​កែង​បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ខាង​ស្តាំ​ហូរ​ឈាមមិនដាច់ រីឯ សែន ចាន់​រិទ្ធីសែន ក៏បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ Cristian Canas ដោយពិន្ទុ​ផងដែរ។

ការប្រកួតរបស់កីឡាករ ចាន់ រតនា (ក្រហម) និងអ្នកប្រដាល់អេស្ប៉ាញ Mario Ramos កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ រូបថត Ganzberg

ផ្ទុយ​ពីនេះ​កីឡាករ​របស់​កម្ពុជា ចាន់ រតនា ស្ទើរ​តែ​ត្រូវបាន​អ្នក​ប្រដាល់អេស្ប៉ាញ Mario Ramos វាយ​ឱ្យ​សន្លប់ទៅ​ហើយ ព្រោះ​នៅទឹក​ទី​១ Mario Ramos បាន​ម៉ាត់​ចូលពោះ​បណ្តាល​ឱ្យ រតនា ចុក​ឆ្អល់ ហើយ​ត្រូវបាន​អាជ្ញាកណ្តាល​រាប់ចំនួន​២​លើក ប៉ុន្តែ​នៅពាក់កណ្តាលទឹក​ទី​២ ជាពិសេស​នៅ​ទឹក​ទី​៣​ ចាន់ រតនា បាន​ព្យាយាម​ទាត់ និង​ចូល​ម៉ាត់​យ៉ាង​អំណត់​បំផុត ធ្វើ​ឱ្យ Mario Ramos ចង់​គាំង​ម្តងៗ​វិញ តែ​លទ្ធផល​ចុងក្រោយ​រូបគេ​ នៅតែចាញ់ Mario Ramos ដោយពិន្ទុ​ដដែល។

ចំពោះ​លទ្ធផលនេះ បាន​ធ្វើ​ឱ្យ Mario Ramos មានការ​រំភើប​ខ្លាំង​បំផុត ព្រោះ​វាជាជ័យជម្នះ​​​តែមួយគត់របស់​កីឡាករ​មកពី​ប្រទេស​អេស្ប៉ាញ ខណៈ​មិត្តរួមជាតិ​របស់​គេ​៣នាក់​ទៀត សុទ្ធ​តែ​ចាញ់កីឡាករ​កម្ពុជា​នោះ។ តែទោះបីជា​យ៉ាង​ណា​ Mario បាន​ពោលពាក្យ​សរសើរ​ពី​ភាព​អំណត់ និង​​សមត្ថភាព​របស់ ចាន់ រតនា ថា ពិតជា​ខ្លាំង និងពិបាកទប់​ទល់ បើទោះបីជា​រូបគេ​បាន​វាយ​ឱ្យ រតនា រាប់​ចំនួន​២​ដង តាំងពី​ទឹកទី​១។

កីឡាករ Mario Ramos បាន​និយាយ​នៅលើ​សង្វៀន ក្រោយ​ប្រកាស​ឱ្យ​ឈ្នះពិន្ទុ ចាន់ រតនា បែបនេះ​ថា៖​ «ដៃគូ​របស់ខ្ញុំ គាត់​ខ្លាំង គឺ​ប្រៀបដូចជាខ្សែ​ប្រយុទ្ធ​ដែល​ពិបាក​នឹងទប់ទល់។ គាត់​បាន​ទាត់​ផ្នែក​ខាង​ឆ្វេង ដែល​ធ្វើឱ្យ​ខ្ញុំ​ឈឺ​មែន​ទែន រីឯ​កណ្តាប់ដៃ​ស្តាំ​របស់​គាត់ ពិតជា​មានទម្ងន់​ធ្ងន់ ហើយខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ដែលបាន​ប្រកួតជាមួយ​គាត់​ និងបាន​ឃើញ​ពីការគាំ​ទ្រ​យ៉ាង​​ច្រើន​របស់ប្រជាជន​កម្ពុជា។ ខ្ញុំ​រំពឹង​ថា ​នឹង​បាន​មកប្រកួត​នៅ​ទី​នេះម្តងទៀត»៕