ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម១៧ឆ្នាំ (U17) បានបន្សល់ទុកត្រឹមការសោកស្តាយ ចំពោះការធ្វើម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC U17 Asian Cup 2025 បន្ទាប់ពីពួកគេមិនអាចសម្រេចក្តីបំណង ចំពោះការដណ្តើមបានកៅអីឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រនោះ។
ការយកឈ្នះក្រុមU17បង់ក្លាដែស ១-០ សម្រាប់ការប្រកួតបើកឆាក កាលពីថ្ងៃទី១៩ ខែតុលា ដោយប្រើគ្នាត្រឹម១០នាក់ ក្រោយពេលខ្សែការពារ គារ វិសាល ទទួលបានកាតក្រហម នៅនាទីទី២៥ និងការបន្តយកឈ្នះក្រុមU17ម៉ាកាវ ១-០ ដូចគ្នា កាលពីថ្ងៃទី២១ តុលា បានជួយឱ្យក្រុមម្ចាស់ផ្ទះកម្ពុជា ឡើងទៅឈរនៅពូលB ជាបណ្តោះអាសន្ន។
ប៉ុន្តែទីតាំងកំពូលតារាងនេះ បានធ្លាក់ទៅលើកណ្តាប់ដៃក្រុមU17អាហ្វហ្គានីស្ថាន វិញ បន្ទាប់ពីក្រុមមានកម្រិតលេងលើគេនប្រចាំពូលBមួយនេះ បានលត់ក្រុមU17ហ្វីលីពីន ៨-០ រួចបន្តយកឈ្នះក្រុមU17ម៉ាកាវ ៩-០ កាលពីថ្ងៃទី២៣ ខែតុលានោះ ហើយពួកគេ ក៏បានយកឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា ៣-១ សម្រាប់ការជួបគ្នា កាលពីថ្ងៃទី២៥ ខែតុលាផងដែរ។
ចំពោះការធ្លាក់មកឈរនៅលេខ២ ជាមួយលទ្ធផលឈ្នះ២ និងចាញ់១ប្រកួតនេះ បានធ្វើឱ្យក្រុមម្ចាស់ផ្ទះកម្ពុជា នៅសល់ឱកាសត្រឹមការប្រជែងយកចំណាត់ថ្នាក់ជាក្រុមលេខ២ល្អ ដើម្បីបានឡើងទៅជុំផ្តាច់ព្រ័ត្រតែប៉ុណ្ណោះ ប៉ុន្តែគ្រប់យ៉ាងបានរលាយបាត់អស់ បន្ទាប់ពីក្រុមU17កម្ពុជា បានចាញ់ក្រុមហ្វីលីពីន ២-០ ដ៏មិនគួរឱ្យជឿ នាការប្រកួតជម្រុះចុងក្រោយ កាលពីយប់ថ្ងៃអាទិត្យ។
លទ្ធផលនេះ បានរុញក្រុមU17កម្ពុជា ឱ្យធ្លាក់មកឈរនៅលេខ៤វិញ ចំណែកក្រុមបង់ក្លាសដែស ដែលបានចាញ់ក្រុមអាហ្វហ្គានីស្ថាន ៣-២ ដែរនោះ បានឡើងទៅឈរនៅលេខ២ និងក្រុមហ្វីលីពីន ឈរនៅលេខ៣ ដោយក្រុមទាំង៣នេះមាន៦ពិន្ទុស្មើគ្នា។ រីឯក្រុមអាហ្វហ្គានីស្ថាន ដែលឈ្នះទាំង៤ប្រកួត មាន១២ពិន្ទុពេញនោះ បានឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រតំណាងឱ្យពូល B នេះយ៉ាងរំភើបបំផុត។
ចំពោះលទ្ធផលនៃការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 លើកនេះ បានធ្វើឱ្យអ្នកគាំទ្រកម្ពុជា មានការខកចិត្តខ្លាំង ចំណែកគ្រូបង្គោលជនជាតិជប៉ុនលោក Koji Gyotoku ក៏បានបង្ហាញការសោកស្តាយ និងមើលឃើញថា ក្រុមU17កម្ពុជា មានកម្រិតលេងនៅស្ទើរផងដែរ។
លោក Koji Gyotoku បាននិយាយ ក្រោយពេលក្រុមU17កម្ពុជា ចាញ់ក្រុមU17ហ្វីលីពីន ២-០ កាលពីយប់ថ្ងៃអាទិត្យនោះថា៖ «នេះជាលទ្ធផលមួយ ដែលយើងមានការសោកស្តាយ ហើយខ្ញុំមានការសោកស្តាយចំពោះអ្នកគាំទ្រដូចគ្នា»។
យ៉ាងណាក៏ដោយ គ្រូបង្គោលក្រុមU17កម្ពុជា លោក Koji បានអះអាងថា កូនក្រុមរបស់លោក ពិតជាមានការពិបាកក្នុងការលេងជាមួយក្រុមហ្វីលីពីន ដោយសារពួកគេ បានប្រើកម្លាំងខ្លាំងពេក ក្នុងពេលប្រកួតជាមួយក្រុមអាហ្វហ្គានីស្ថាន ហើយមានពេលស្តារកម្លាំងឡើងវិញតែ១ថ្ងៃគត់។
លោកបានបញ្ជាក់ថា៖ «នៅត្រង់ចំណុចនេះ យើងចាញ់កម្លាំងរាងកាយរបស់គេ (ក្រុមហ្វីលីពីន) ចំណែករឿងបច្ចេកទេសផ្សេងៗទៀត ក៏យើងនៅមានបញ្ហាច្រើន ទើបយើងធ្វើមិនបានល្អ សម្រាប់ការប្រកួតនេះ»។
បន្ថែមលើនេះ លោក Koji Gyotoku ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា តាំងក្រុមយុវជនអាយុក្រោម១៦ឆ្នាំ អាយុក្រោម១៩ឆ្នាំ អាយុក្រោម២០ឆ្នាំ និងក្រុមធំជម្រើសជាតិនោះ បានមើលឃើញថា ការប្រមូលអារម្មណ៍ក្នុងការលេងរបស់កីឡាករកម្ពុជា មិនទាន់បានល្អនៅឡើយទេ ដោយពួកគេភាគច្រើននៅខ្វះទំនុកចិត្ត។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំធ្លាប់បានកាន់ក្រុមជម្រើសជាតិច្រើនកម្រិត ហើយខ្ញុំមើលឃើញថា កីឡាករខ្មែរយើង ពេលខ្លះក៏ប្រមូលអារម្មណ៍បានល្អ និងពេលខ្លះក៏មិនបានល្អ ហើយចំណុចនេះក៏យើងត្រូវកែប្រែដែរ បើមិនដូច្នោះទេ កីឡាករយើង មិនអាចលេងជាមួយហ្គេមពិបាកៗបាននោះទេ»។
លោក Koji Gyotoku បានបន្ថែមថា៖ «សម្រាប់ខ្ញុំ លទ្ធផលថ្ងៃនេះ យើងបានចាញ់ហើយ តែយើងត្រូវគិតសម្រាប់ការប្រកួតនៅឆ្នាំក្រោយទៀត ព្រោះតាមខ្ញុំដឹង ការប្រកួតនេះនឹងមានរៀងរាល់ឆ្នាំវិញ អ៊ីចឹងយើងមានតែត្រៀមខ្លួនទាំងក្រុមU16 និង U20 គឺធ្វើម៉េចត្រូវត្រៀមខ្លួនដណ្តើមឱ្យបានលទ្ធផលល្អជាងលើកនេះ ហើយចំពោះការអភិវឌ្ឍកីឡាករពីក្មេងៗទៅ ក៏យើងនៅមានចំណុចខ្វះខាតដែរ»៕