សិក្ខាកាមជាគ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលទើបទទួលបានចំណេះដឹងពីវគ្គសាមគ្គីអូឡាំពិក ស្ដីពី «គ្រូបង្វឹកកីឡាលើកទម្ងន់ លើកទី២» ត្រូវបានគេរំពឹងថា នឹងក្លាយជាធនធានដ៏សំខាន់ក្នុងការពង្រីកវិសាលភាពកីឡាលើកទម្ងន់នៅកម្ពុជា ព្រមទាំងប្រើចំណេះដឹងទើបទទួលបាននេះ ទៅពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរ ដើម្បីចូលរួមប្រកួតប្រជែងយកមេដាយ ក្នុងស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។
លោក Aveenash Pandoo ដែលជាគ្រូឧទ្ទេស នៅក្នុងវគ្គនេះ បានឱ្យដឹងថា សិក្ខាកាមទាំង ២៥នាក់ (ស្រី១០នាក់) ពិតជាមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្លាំងទៅលើការសិក្សារៀនសូត្រ នៅក្នុងវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាលើកទម្ងន់ លើកទី២នេះ ដែលបានដំណើរការចាប់ពីថ្ងៃទី២០ ដល់ទី២៧ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកបានចាត់ទុកវគ្គ «គ្រូបង្វឹកកីឡាលើកទម្ងន់ លើកទី២» នេះជាវគ្គដ៏សំខាន់ ដែលធ្វើឱ្យសិក្ខាកាមកម្ពុជា យល់ដឹងកាន់តែច្រើនទាំងទៅលើបច្ចេកទេស និងរបៀបបង្ហាត់សិស្ស ក៏ដូចជាពង្រឹងសមត្ថភាពខ្លួនឯង ព្រោះវគ្គនេះបានបង្ហាត់បង្ហាញតាំងពីការរៀបចំដំណើរអភិវឌ្ឍរយៈពេលខ្លី និងរយៈពេលវែង, គោលការណ៍ក្នុងការបង្វឹក, ការរៀបចំផែនការបង្វឹក, បច្ចេកទេសធ្វើចលនា, ការបង្កើតកម្លាំងក្នុងកីឡាលើកទម្ងន់ និងអាហាររូបបឋម ព្រមទាំងបានណែនាំពីបច្ចេកទេសសំខាន់ៗជាច្រើនទៀត។
គ្រូឧទ្ទេសអន្តរជាតិរូបនេះ បានថ្លែងនៅក្នុងពិធីវគ្គ កាលពីថ្ងៃទី២៧ តុលាថា៖ «ខ្ញុំសូមអរគុណ និងកោតសរសើរនូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់អ្នកទាំងអស់គ្នា ហើយសូមយកចំណេះដឹង ដែលបានកត់ត្រា និងសិក្សាក្នុងវគ្គនេះ ទៅបំពេញក្នុងការងាររបស់អ្នកទាំងអស់គ្នា។ ខ្ញុំសង្ឃឹមថា នឹងបានឃើញក្រុមអត្តពលិកលើកទម្ងន់កម្ពុជា ទទួលបានជោគជ័យសម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥»។
ចំណែកលោក ផេង ប៉ាក អគ្គលេខាធិការស្តីទីសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានថ្លែងថា៖ «សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា រៀបចំវគ្គនេះឡើង ក្នុងគោលបំណងចង់ឱ្យសិក្ខាកាមទាំងអស់ ធ្វើការអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសគ្រូបង្វឹកផ្នែកកីឡាលើកទម្ងន់ ឆ្ពោះទៅចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ»។
ដោយឡែក លោក ងិន សុបញ្ញា ដែលបានចូលរួមក្នុងពិធីបិទវគ្គនោះ តំណាងឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកទឹកចិត្ត និងជំរុញឱ្យសិក្ខាកាមជាគ្រូបង្វឹក និងជាកីឡាករ កីឡាការិនីទាំង២៥នោះ យកចំណេះជំនាញដែលទទួលបានពីគ្រូឧទ្ទេសអន្តរជាតិ ទៅបណ្តុះបណ្តាលដល់អ្នកជំនាញក្រោយ ក៏ដូចជាពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានកាន់តែប្រសើរ ធ្វើយ៉ាងណាឱ្យក្រុមលើកទម្ងន់កម្ពុជា អាចប្រកួតប្រជែងរកមេដាយ ក្នុងកម្រិតស្តង់ដាខ្ពស់ នាព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥។
ឆ្លើយតបទៅនឹងការជំរុញ ក៏ដូចជាការដាក់ក្តីសង្ឃឹមរបស់គ្រូឧទ្ទេស និងថ្នាក់ដឹកនាំ ទៅលើក្រុមអត្តពលិកកីឡាលើកទម្ងន់កម្ពុជានេះ អ្នកស្រី ទ្រី សុថាវី គ្រូបង្វឹកជម្រើសជាតិកីឡាលើកទម្ងន់កម្ពុជា បានអះអាងថា មេរៀនដែលទទួលបាននៅក្នុងវគ្គគ្រូបង្វឹកកីឡាលើកទម្ងន់ លើកទី២នេះ បានក្លាយជាចំណេះដឹងដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍសមត្ថភាព និងការយល់ដឹងរបស់កីឡាករ កីឡាការិនីលើកទម្ងន់កម្ពុជា កាន់តែប្រសើរ ក្នុងការឈានទៅដណ្តើមយកមេដាយ នៅស៊ីហ្គេម។
ទ្រី សុថាវី បាននិយាយថា៖ «ឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ យើងបានដឹងច្រើនពីពាក្យបច្ចេកទេស ដែលប្រើក្នុងកីឡាលើកទម្ងន់ ជាពិសេសគ្រូឧទ្ទេសរបស់យើង បានប្រាប់ពីល្បិចគណនាគិតជាភាគរយនៃការលើក និងភាគរយនៃកម្លាំងថាមពលយើងប្រើជាប្រចាំ ចំណែកបច្ចេកទេសរបស់ក្រុមអត្តពលិកយើងនៅពេលនេះ ក៏មានការកើនឡើងផងដែរ ហេតុនេះយើងមានរំពឹងថា នឹងអាចដណ្តើមបានមេដាយ សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥»។
ទន្ទឹមជាមួយគ្នានេះ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ក៏បានដាក់គោលដៅច្បាស់លាស់ ក្នុងការឈានទៅប្រមាញ់យកមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៥ផងដែរ បន្ទាប់ពីសហព័ន្ធនេះ បានបង្កើតកំណត់ត្រាឈ្នះបានមេដាយសំរឹទ្ធ១ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា ដែលរកបានដោយកីឡាការិនី ទ្រី សុភ័ក្ររាជ ក្នុងប្រភេទទម្ងន់៥៥គីឡូក្រាម ខណៈពេលនេះ សុភ័ក្ររាជ និងកីឡាការិនី ជ័យ ពៅសុជាតា ក៏កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសចិន ត្រៀមស៊ីហ្គេម នៅឆ្នាំក្រោយដូចគ្នា។
អ្នកគ្រូ សុថាវី បានបញ្ជាក់ថា៖ «ការដាក់គោលដៅរបស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា គឺឱ្យកីឡាករ កីឡាការិនីសម្រួចទៅយកមេដាយ សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ គឺត្រូវតែដណ្តើមឱ្យបានមេដាយកម្រិតណាមួយ នៅក្នុងការប្រកួតទាំង១០ប្រភេទទម្ងន់ សម្រាប់ស៊ីហ្គេមខាងមុខនេះ»៕