ក្រុម​ព្រះខ័នរាជស្វាយរៀង​របស់​កម្ពុជា បានយក​ឈ្នះ​​ក្រុម​ម្ចាស់​ផ្ទះ SP Falcons FC របស់​​ម៉ុងហ្គោលី  ២-១ យ៉ាងរំភើបបំផុត នៅ​ក្នុងការ​ប្រកួត​​វគ្គជម្រុះ​តាមពូលពាន​រង្វាន់ AFC Challenge League 2024/2025 ប្រចាំតំបន់​អាស៊ីខាង​កើត ហើយក៏ជាលទ្ធផល ដែលបានជួយ​ឱ្យ​ពួកគេ ឡើង​ទៅកាន់ការ​ប្រកួត​វគ្គ​បន្ត ដោយស្វ័យប្រវត្តិ​ផងដែរ បើទោះបីជា​នៅ​សល់​១​ប្រកួត​ទៀតក្នុង​ដៃ។

សម្រាប់ការ​ប្រកួត នៅ MFF Stadium Ulaanbaatar ប្រទេសម៉ុងហ្គោលី ដែល​ទើប​បានបញ្ចប់ កាលពី​រសៀល​ម៉ោង​៤ ថ្ងៃពុធនេះ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Pablo Augusto ជាអ្នក​រក​បាន​គ្រាប់បាល់​បើក​ឆាក​ឱ្យក្រុម​ព្រះខ័នរាជស្វាយរៀង តាម​រយៈការ​ស៊ុតបាល់ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​នៅនាទីទី​២៥ បន្ទាប់​ពីកីឡាករ Batikhishig Myagmar   របស់​ក្រុម SP Falcons បាន​យក​ដៃទៅប៉ះពាល់ ពីការ​តែត​បាល់​ទម្លាក់​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​របស់​កីឡាករ​ជប៉ុន Ryo Fujii នោះ។

ជាមួយ​ការ​រក​បានគ្រាប់​បាល់នាំមុខ ១-០ នេះ ខ្សែ​ប្រយុទ្ធ Pablo Augusto គួរ​ណាស់​តែ​រក​បាន​១​គ្រាប់​ទៀត នៅពេល សារ៉េត គ្រីយ៉ា បាន​បោះបាល់​កាត់​ឱ្យ​យ៉ាង​ស្អាតនៅ​មុខ​ទី​ក្រុម SP Falcons នោះ ប៉ុន្តែ​ Pablo បែរ​​ជាប្រើ​​​ជើងឆ្វេង ស៊ុត​​បាល់​ដាច់នោះ ខុសទីដ៏គួរ​ឱ្យ​សោក​ស្តាយ​ទៅ​វិញ។​

ដោយឡែក សម្រាប់ការ​ប្រកួត​នៅតង់ទី​២ ក្រុម​ម្ចាស់​ផ្ទះ SP Falcons បាន​ព្យាយាម​វាយ​លុក​ទៅលើ​ក្រុមស្វាយរៀង យ៉ាងអំណត់ ហើយ​ភាព​សប្បាយរីក​រាយ​បាន​កើតមាន​ឡើងវិញ ចំពោះ​ពួកគេ បន្ទាប់ពី​កីឡាករ Daniil Musatkin ​ស៊ុត​បាល់​ផុត​ដៃអ្នកចាំទៅ វិរៈ ដារ៉ា បានសម្រេច នៅនាទីទី​៦៧។

ប៉ុន្តែ​ការព្យាយាម​បង្អក់​ដំណើរការ​អូសបាល់​ចូល​តំបន់​គ្រោះ​ថ្នាក់ យ៉ាងលឿន​​របស់ ខ្សែ​ប្រយុទ្ធ Cristian Roque បាន​ធ្វើ​ឱ្យ​កីឡាករ Taiyo Toyoda ឈាន​ដល់​ការ​ទាញ Cristian ឱ្យ​ដួល នាំ​ឱ្យ​លោកអាជ្ញាកណ្តាល Wong Wai Lun សម្រេចពិន័យ​កាត​លឿង និង​ផ្តល់​បាល់​ពិន័យ​១១ម៉ែត្រ​ឱ្យ​ក្រុម​ស្វាយរៀង ជាថ្មី​ម្តងទៀត ហើយ Cristian ជាអ្នក​ស៊ុត​បាល់នេះ​ដោយខ្លួនឯង បានសម្រេច​នៅនាទីទី​៨០។

នៅក្នុង​រយៈ​ពេល១០នាទីចុងក្រោយ​នេះ ក្រុម SP Falcons កាន់​តែ​មាន​ភាពពុះកញ្ជ្រោល​ក្នុងការ​វាយ​លុក​ទៅលើ​ក្រុមស្វាយរៀង ប៉ុន្តែពួកគេ មិនអាច​រក​បាន​គ្រាប់បន្ថែម​នោះ​ទេ ហើយ​ថែម​ទាំង​បាត់​បង់សមាជិក​ម្នាក់នៅ​ក្នុង​ម៉ោង​បន្ថែម​ផងដែរ ខណៈ​លោកអាជ្ញាកណ្តាល បានសម្រេច​ពិន័យ​កាត​ក្រហម​ទៅដល់​កីឡាករ Matheus Almeida  Silva ដែល​បានបង្ក​របួស​ដល់​​ប្រធានក្រុម សឿយ វិសាល នោះ។

ក្រុម SP Falcons និង​អ្នកគាំ​ទ្រ​របស់ពួកគេ បានសម្តែងការមិនពេញ​ចិត្ត​ចំពោះ​លោកអាជ្ញាកណ្តាល​របស់ហុងកុង Wong Wai Lun នោះ​ទេ ដែលបាន​ធ្វើ​ការពិន័យ​ច្រើនក្នុង​ការ​ប្រកួត​នេះ ជាពិសេស​ការ​ពិន័យ​បាល់​១១ម៉ែត្រ​ទាំង​២​លើក ទៅ​ឱ្យ​ក្រុម​ស្វាយរៀង ធ្វើ​ឱ្យ​ពួកគេ​ចាញ់ ២-១ ទាំងមិនអស់​ចិត្ត។

លទ្ធផល​ចាញ់ ២-១ នេះ​បាន​ធ្វើ​ឱ្យក្រុមម្ចាស់​ផ្ទះ SP Falcons ​ធ្លាក់ពីកំពូល​តារាង​នៃពូល​E មក​ឈរ​នៅលេខ​៣​ចុង​ក្រោយ​គេ ចំណែក​ក្រុមស្វាយរៀង បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​១ជាបណ្តោះ​អាសន្ន ហើយការ​ទទួល​បាន​៣ពិន្ទុ ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន​នេះ បាន​ជួយ​ឱ្យ​ក្រុមស្វាយរៀង មានកៅអីឡើង​ទៅប្រកួតនៅ​វគ្គ​បន្ត​រួច​ទៅ​ហើយ បើទោះបីជា​ពួកគេ នៅសល់​ការ​ប្រកួត​១​លើក​ទៀត​ជាមួយ​​ក្រុម Madura United របស់​ឥណ្ឌូនេស៊ី ដែលបានស្មើ ០-០ ជាមួយ​ក្រុម SP Falcons កាលពី​ថ្ងៃទី​២៧ ខែតុលា។

សម្រាប់ការជួបគ្នា​រវាង​ក្រុមស្វាយរៀង និងក្រុម Madura United ដែល​នឹង​ធ្វើ​នៅ​​ថ្ងៃសៅរ៍​ចុងសប្តាហ៍​នេះ ក៏ជាការ​ប្រកួតកាត់​សេចក្តី កំណត់ជោគ​វាសនា​របស់ម្ចាស់​ផ្ទះ SP Falcons ផង​ដែរ។ ​មាន​ន័យ​ថា បើ​សិនជា ក្រុម Madura United ឈ្នះ ឬស្មើជាមួយ​ក្រុម​ស្វាយរៀង គឺ SP Falcons នឹង​ធ្លាក់ចេញពីការ​ប្រកួតនេះ​ហើយ ប៉ុន្តែ​បើសិនជា ក្រុម Madura United ចាញ់​ក្រុមស្វាយរៀង លើសពី​១​គ្រាប់ នោះ SP Falcons នឹង​​បាន​​ឡើង​ទៅ​វគ្គ​ Knockout Stage ​ជាមួយ​ក្រុមស្វាយរៀង ដើម្បី​ប្រកួត​ខ្វែង​ជាមួយ​ក្រុមលេខ​១ និង​លេខ​២ មកពីពូលD៕