មន្រ្តីជំនាញរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា លោក សុខ អាង បានលើកឡើងថា ការចូលរួមជួយសហការរៀបចំរបស់ផ្សារទំនើបដឺភីក (The Peak) នឹងធ្វើឱ្យការប្រកួតកីឡាគុនដាវ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ពីថ្ងៃទី៤ ដល់ទី៧ ខែវិច្ឆិកាខាងមុខនេះ កាន់តែមានភាពស្តង់ដាខ្ពស់ និងមានការទាក់ទាញពីអ្នកគាំទ្រថែមមួយកម្រិតទៀត។
អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា លោក សុខ អាង បានប្រាប់ថា ការរៀបចំការប្រកួតកីឡាគុនដាវ នៅផ្សារទំនើបដឺភីក ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកនេះ គឺស្របតាមយុទ្ធសាស្រ្តរបស់សហព័ន្ធដែលចង់រៀបចំការប្រកួតនៅតាមតំបន់មានមនុស្សឆ្លងកាត់ច្រើន ជាពិសេសតាមសាលារៀន ទីសាធារណៈ និងផ្សារទំនើប ដែលមានអ្នកទៅលេងច្រើន។
លោកបញ្ជាក់ថា៖ «ការជ្រើសរើសទីតាំងរៀបចំការប្រកួតនៅទីសាធារណៈ និងនៅតាមផ្សារនេះ ជាគោលដៅ និងយុទ្ធសាស្រ្តជោគជ័យរបស់សហព័ន្ធយើង ដោយលើកនេះ យើងទទួលបានការគាំទ្រពី The Peak ដែលជាផ្សារទំនើបប្រណិតមួយ អ៊ីចឹងយើងសង្ឃឹមថា ការប្រកួតលើកនេះ នឹងអាចជួយឱ្យប្រភេទកីឡាគុនដាវកាន់តែមានភាពល្បីល្បាញ និងមានការគាំទ្រ ក៏ដូចជាចូលរួមកាន់តែច្រើនថែមទៀត»។
ចំណែកអ្នកនាំពាក្យផ្សារទំនើបដឺភីក បានឱ្យដឹងថា ផ្សារទំនើបដ៏ប្រណិតនេះ គ្រោងនឹងបើកសាកល្បងជាជំហានដំបូង នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយនឹងព្រឹត្តិការណ៍ចម្រុះជាច្រើនក្រោមប្រធានបទ The Peak Prelude: A Journey Begins។ ជាមួយគ្នានេះ The Peak បានផ្តល់ទីតាំង សម្រាប់រៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤នេះ ព្រមទាំងបានត្រៀមខ្លួនស្វាគមន៍សម្រាប់ការផ្តល់ទីតាំងបម្រើដល់ការប្រកួតកីឡាលក្ខណៈជាតិ និងអន្តរជាតិនានាផងដែរ។
អ្នកនាំពាក្យផ្សារទំនើបដឺភីក ដដែលនេះ បានបញ្ជាក់ថា៖ «ការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិ គឺជាព្រឹត្តិការណ៍ដ៏រំភើបមួយ សម្រាប់យើងក្នុងការណែនាំ ដឺភីក ទៅកាន់សាធារណជន។ យើងមានសេចក្តីរំភើបរីករាយ ក្នុងការចាប់ផ្តើមមុនការបើកដំណើរការជាផ្លូវការរបស់យើងជាមួយនឹងព្រឹត្តិការណ៍ជាតិដ៏មានកិត្យានុភាពបែបនេះ និងផ្តល់កន្លែងដ៏ស្វាហាប់សម្រាប់អត្តពលិក ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋាន»។
បន្ថែមទៅលើការផ្តល់ទីតាំងសម្រាប់រៀបចំការប្រកួតនេះ ផ្សារទំនើបដឺភីក ដែលនឹងក្លាយជាគោលដៅនៃការដើរទិញទំនិញ រួមបញ្ចូលជាមួយវប្បធម៌ ការកម្សាន្ត និងសហគមន៍ផងនោះ ក៏នឹងឱ្យកាដូអនុស្សាវរីយ៍ ដល់កីឡាករ កីឡាការិនី ដែលទទួលបានជយលាភី ព្រមទាំងផ្តល់ការឧបត្ថម្ភលើអាហារ និងភេសជ្ជៈ ដល់ក្រុមអត្តពលិក នៅក្នុងការប្រកួតកីឡាគុនដាវនៃព្រឹត្តិការណ៍កីឡាជាតិលើកនេះផងដែរ ដោយមានចំនួន៩៩នាក់ មកពីរាជធានី-ខេត្តចំនួន១២ និងក្រសួងចំនួន២។
ចំពោះការជួយឧបត្ថម្ភរបស់ដឺភីក ទៅលើម្ហូបអាហារ និងភេសជ្ជៈនេះ លោក សុខ អាង បានបញ្ជាក់ថា៖ «ការជួយនេះ នឹងធ្វើឱ្យកម្រិតរៀបចំរបស់យើងកាន់តែមានស្តង់ដា ព្រោះការប្រកួតកន្លងមក ការរៀបចំម្ហូបអាហារ វាមិនទាន់ដល់ស្តង់ដាទេ គឺនៅកម្រិតទាបមួយ ប៉ុន្តែយើងដឹងហើយថា កម្រិតផ្សារទំនើបដូចជាដឺភីកនេះ គឺមិនត្រឹមតែមានទីលានប្រកួតស្អាត និងមានបរិកាយល្អទេ តែការរៀបចំនំចំណី ភេសជ្ជៈ និងម្ហូបអាហារ ពិតជាមានអនាម័យល្អ និងមានគុណភាពខ្ពស់»។
ចំណែកការផ្តល់កាដូអនុស្សាវរីយដល់ម្ចាស់ជយលាភីរបស់ផ្សារទំនោះបដឺភីក ត្រូវបានលោក សុខ អាង ចាត់ទុកថា ជាការរួមចំណែកលើកទឹកចិត្តដល់អត្តពលិកគុនដាវ កាន់តែប្រឹងប្រែងប្រកួតប្រជែងគ្នា។ លោកបញ្ជាក់ថា៖ «បើទោះបីជាអ្វីដែលដឺភីកផ្តល់ឱ្យ វាមិនទាន់បានច្រើនដូចអ្វីដែលយើងគិត ប៉ុន្តែវាក៏ជាចំណែកមួយ ដែលនឹងធ្វើឱ្យកម្រិតស្តង់ដានៃការរៀបចំរបស់យើង មានការប្រែប្រួលច្រើន និងមានស្តង់ដា»។
ដំណាលគ្នានឹងការប្រកួតកីឡាគុនដាវ ក្នុងព្រឹត្តិការណ៍កីឡាជាតិនេះដែរ សហព័ន្ធកីឡាគុនដាវកម្ពុជា ក៏នឹងរៀបចំសិក្ខាសាលាមួយ ហើយសហព័ន្ធនេះ បានទំនាក់ទំនងទៅសាលាអន្តរជាតិមួយចំនួនរួចហើយ ក្នុងការនាំយកកូនសិស្សនៅតាមសាលាទាំងនោះ ឱ្យមកធ្វើការស្វែងយល់ពីប្រភេទកីឡាគុនខ្មែរ ក៏ដូចជាប្រកួតគ្នាកម្សាន្ត ព្រមទាំងអាចស្លៀកពាក់ឯកសណ្ឋានកីឡាគុនដាវថតរូបទុកជាអនុស្សាវរីយ៍ ផងដែរ។
ចំពោះរូបភាពទាំងអស់នេះ ត្រូវបាន លោក សុខ អាង ចាត់ទុកថា ជាសកម្មភាពដ៏ល្អដែលសហព័ន្ធកីឡាគុនដាវកម្ពុជា បានរៀបចំឡើង ដើម្បីអូសទាញការចាប់អារម្មណ៍ពីយុវជនជាសិស្សានុសិស្ស ឱ្យងាកមកចូលរួមលេងកីឡានេះកាន់តែច្រើន ព្រោះចំនួនអត្តពលិកចូលហ្វឹកហាត់កីឡាគុនដាវ នាពេលបច្ចុប្បន្ន នៅមានកម្រិតដែរទេ បើទោះបីជាប្រភេទកីឡានេះ ទើបបានបំបែកកំណត់ត្រា ឈ្នះបានមេដាយសំរឹទ្ធចំនួន២ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ៕