ត្រឹមជាកីឡាករឡើងប្រកួតជំនួសគេដោយមិនបានត្រៀមខ្លួន ប៉ុន្តែអ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យ មាស ប៊ុនថេន បែរជាធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាមួយសមត្ថភាពប្រកួតរបស់គេ បន្ទាប់ពីកីឡាកររូបនេះ បានយកឈ្នះអ្នកប្រដាល់ជើងខ្លាំងរបស់អេស្ប៉ាញ Mario Alvares មុនពេលគណៈកម្មការសម្រេចឱ្យឈ្នះលើ ធន់ វណ្ណា ដោយស្វ័យប្រវត្តិ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមយ៉ាងរំភើប នៅក្នុងអាជីពជាលើកដំបូង។
នៅមុនការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ នៅលើសង្វៀនបាយ័ន កាលពីថ្ងៃអាទិត្យ កន្លងមកនេះ គ្មានអ្នកណាជឿថា មាស ប៊ុនថេន អាចឆ្លងផុតវគ្គជម្រុះ៣ទឹកនោះទេ នៅពេលកីឡាកររូបនេះ ត្រូវជួបជើងខ្លាំង Mario Alvares ព្រោះអ្នកប្រដាល់រូបនេះ ធ្លាប់ម៉ាត់ជើងខ្លាំងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ឈុត សេរីវ៉ាន់ថង ឱ្យសន្លប់ធំត្រឹមពាក់កណ្តាលទឹកទី១ សម្រាប់ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ ដែលធ្វើនៅលើទឹកដីប្រទេសបារាំង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
ប៉ុន្តែតាមរយៈការប្រកួតជាក់ស្តែង មាស ប៊ុនថេន ពិតជាមានចលនាវាយចេញចូលយ៉ាងរហ័សរហួន ដើម្បីទប់ទល់ជាមួយកណ្តាប់ដៃវាយចេញធ្ងន់ៗរបស់ Mario Alvares ហើយអ្វីដែលកាន់តែពិសេសនោះ ប៊ុនថេន បានវាយកែងបណ្តាលឱ្យជើងខ្លាំងមកពីអេស្ប៉ាញម្នាក់នេះ មានឈាមហូរតាមរន្ធច្រមុះតាំងពីទឹកទី១ មុនពេលចៅក្រមបានសម្រេចឱ្យឈ្នះដោយពិន្ទុមិនឯច្ឆន្ទ ៣-២ ក្រោយការប្រកួត៣ទឹកយ៉ាងស្វិតស្វាញបានបញ្ចប់។
ជាមួយការទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មាស ប៊ុនថេន ត្រូវឡើងទៅជួបជើងខ្លាំងជាជនរួមជាតិ ធន់ វណ្ណា ដែលបានយកឈ្នះកីឡាករអេស្ប៉ាញ Julio Cessa ដោយពិន្ទុដាច់ នៅក្នុងវគ្គជម្រុះ៣ទឹកនោះដែរ ប៉ុន្តែជំនួបវគ្គផ្តាច់ព្រ័ត្ររបស់អ្នកទាំង២នេះ មិនត្រូវបានធ្វើឡើងនោះទេ ដោយសារ ធន់ វណ្ណា មានរបួសជង្គង់ឆ្វេង ពេលប្រកួតជាមួយ Julio Cessa នៅចុងទឹកទី៣។
បញ្ហារបួសជង្គង់នេះ ជាហេតុនាំឱ្យគណៈកម្មការប្រកួត សម្រេចឱ្យ មាស ប៊ុនថេន ឈ្នះ ធន់ វណ្ណា ដោយស្វ័យប្រវត្តិតែម្តង ដើម្បីទទួលបានខ្សែក្រវាត់ ជាលើកដំបូង នៅក្នុងអាជីពរបស់ខ្លួន អមជាមួយប្រាក់រង្វាន់ចំនួន១២លានរៀល ខណៈ ធន់ វណ្ណា បានប្រាក់រង្វាន់៤លានរៀល ក្នុងនាមជាអ្នកបានលេខ២។
យ៉ាងណាក៏ដោយ អ្នកទស្សនាមួយចំនួន ហាក់មិនសូវពេញចិត្តនោះទេ ដែលចៅក្រមបានសម្រេចឱ្យ មាស ប៊ុនថេន ឈ្នះពិន្ទុកីឡាករអេស្ប៉ាញ Mario Alvares នៅវគ្គជម្រុះ ព្រោះពួកគេមើលឃើញថា Mario វាយកណ្តាប់ដៃចូលពេញៗល្អជាង។ ប៉ុន្តែចំពោះ ប៊ុនថេន ផ្ទាល់ មិនបានគិតបែបនោះទេ ព្រោះគេបានកត់សម្គាល់ឃើញថា Mario បានតែកណ្តាប់ដៃ និងបុកជង្គង់ ខណៈក្បាច់ទាំងនេះ រូបគេបានសិក្សាច្បាស់រួចហើយ ក្នុងការទប់ស្កាត់។
ប៊ុនថេន បាននិយាយថា៖ «ក្បាច់ពិសេសរបស់គាត់ (Mario Alvares) ដូចជាមិនមានអ្វីច្រើនទេ គឺមានតែកណ្តាប់ដៃ និងបោះជង្គង់ ហើយដើម្បីទប់ស្នៀតនេះ ខ្ញុំបានទាត់កាត់ និងបោះកែង។ ខ្ញុំបានមើលវីដេអូការប្រកួតដែលគាត់ធ្លាប់ចាញ់ ហើយខ្ញុំឃើញថា គាត់រាងអន់ពោះទឹក និងដៃ គឺពេលយើងទាត់កាត់គាត់ច្រើនទៅ ធ្វើឱ្យគាត់ឆាប់ធ្លាក់ដៃ ហើយវាយចេញអត់សូវធ្ងន់ អ៊ីចឹងខ្ញុំបានហាត់ត្រៀមទាំងអស់ និងប្រើបច្ចេកទេសប្រកួតជាមួយគាត់ គឺមិនមែនឈ្នះដោយការចាយដន្យនោះទេ»។
រំឭកទៅដល់ការទទួលបានឱកាសចូលរួមប្រកួត ដណ្តើមខ្សែក្រវាត់លក្ខណៈអន្តរជាតិជាលើកដំបូងនេះ កីឡាករធ្លាប់ប្រកួត៥៦ដង ឈ្នះ៥០ ចាញ់៦ មាស ប៊ុនថេន បានអះអាងថា រូបគេទទួលបានដោយកម្រ និងទាំងប្រថុចញ៉ុច ដោយមានពេលហ្វឹកហាត់ត្រៀមបានត្រឹម៤ថ្ងៃទេ តែជាការហ្វឹកហាត់ខ្លាំង ដើម្បីត្រៀមការប្រកួតកម្មវិធីដ៏ធំ ជាលើកដំបូងនេះ។
កីឡាករវ័យ១៩ឆ្នាំរូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំមិននឹកស្មានដល់ថា គាត់ (អ្នករៀបចំកម្មវិធីប្រកួត) បានទំនាក់ទំនងខ្ញុំឱ្យមកប្រកួតកម្មវិធីធំបែបនេះទេ គឺពេលនោះ ខ្ញុំកំពុងនៅវត្តហូបបាយជុំគ្នា តែពេលគាត់ Call ទៅប្រាប់ ខ្ញុំមានអារម្មណ៍ភ័យផង និងរំភើបផង។ ខ្ញុំហូបបាយអស់តែកន្លះចានទេ ក៏រត់ទៅហ្វឹកហាត់ទាំងថ្ងៃតែម្តង ព្រោះបានលេងកម្មវិធីធំ ត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព»។
យ៉ាងណាក៏ដោយ មាស ប៊ុនថេន ក៏បានសម្តែងការសោកស្តាយចំពោះ ធន់ វណ្ណា ដែលមានរបួសជង្គង់មិនអាចឡើងមកប្រកួតនៅវគ្គផ្តាច់ព្រ័ត្រជាមួយខ្លួនបាន ព្រោះ ប៊ុនថេន ផ្ទាល់ ក៏មានបំណងចង់ជួប ធន់ វណ្ណា ព្រមទាំងចង់ជួបប្រកួតជាមួយជើងខ្លាំង បឺត សង្ឃឹម និង ពេជ្រ សម្បត្តិ ផងដែរ។
សិស្សគណក្លិបមនោរម្យភ្នំតូច មានកម្ពស់ ១,៦៨ម៉ែត្រ មាស ប៊ុនថេន និយាយថា៖ «ខ្ញុំមានបំណងចង់ជួបគាត់ដែរ ព្រោះមួយរយៈនេះឃើញគាត់រាងឡើងដែរ អ៊ីចឹងខ្ញុំសូមផ្តាំទៅបង ធន់ វណ្ណា សូមឆាប់បានជាសះស្បើយ ព្រោះខ្សែក្រវាត់នេះ បើកម្មវិធីរៀបចំឱ្យមានការប្រកួតដណ្តើម ដឹងតែមានឈ្មោះបងដែរ ព្រោះខ្ញុំចង់ដឹងឈ្នះចាញ់ឱ្យដាច់ស្រេច ហើយខ្ញុំក៏មានបំណងចង់ជួបបង ពេជ្រ សម្បត្តិ និងបង បឺត សង្ឃឹម ផងដែរ»៕