កីឡាករ​ជើង​ខ្លាំង បឺត សង្ឃឹម ដែល​មានឈ្មោះ​ក្នុង​បញ្ជីជាតិ​ថា «ទូច រ៉ាឆាន់» និង​កីឡាការិនី នៅ ស្រីពៅ បាន​បង្ហាញ​ការ​តាំងចិត្ត​ខ្ពស់ ក្នុង​ការ​ប្រជែង​ដណ្តើម​យក​មេដាយជូនជាតិ ពី​​​ការប្រកួត​កីឡា​ឃីក​បុក​ស៊ីង​ជើងឯក​អាស៊ី ឆ្នាំ​២០២៤ (Asian Kickboxing Championships) នៅលើទឹក​ដី​ខ្លួនឯង ដែលនឹង​បើកការ​ប្រកួត​នៅ​វិមាន​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃ​អង្គារ​ ទី​៧ រហូត​ដល់​ថ្ងៃទី​១៣ ខែតុលា​ ដោយ​មាន​ប្រតិភូកីឡា​ជាង​៦០០​នាក់ មកពី​២២​ប្រទេស​បាន​ចូលរួម។

ក្នុង​នាមជា​កីឡាករ​ជម្រើសជាតិ​ឃីកបុកស៊ីងកម្ពុជា ដែល​ធ្លាប់​ឈ្នះ​មេដាយមាស​ទាំង​ការ​ប្រកួត​ឃីកបុកស៊ីង ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ នៅ​កម្ពុជា​នោះ បឺត សង្ឃឹម បាន​មើល​ឃើញ​ថា ការ​ប្រកួត​ Asian Kickboxing Championships 2024 នេះ អាច​នឹង​មាន​ភាព​តាន​តឹង​ ព្រោះ​មាន​អត្តពលិក​ខ្លាំង​ៗ​ជា​ច្រើន​បាន​មក​ប្រកួត។

ប៉ុន្តែ សង្ឃឹម បាន​តាំង​ចិត្តខ្ពស់ ក្នុងការ​ដណ្តើម​យក​មេដាយមាស​ជូនកម្ពុជា សម្រាប់​ការ​​ប្រកួត​ក្នុងប្រភេទទម្ងន់​៦០គីឡូក្រាម​​របស់​ខ្លួន។ សង្ឃឹម បាន​និយាយ​ថា៖ ​«សម្រាប់ការ​ប្តេជ្ញាចិត្ត គឺ​ខ្ញុំ​នឹងខំប្រឹង​ធ្វើ​ឱ្យ​អស់ពី​សមត្ថ​ភាព ដែល​ខ្ញុំ​បាន​ហ្វឹកហាត់ ដើម្បី​ដណ្តើម​យក​មេដាយមាស​ជូនជាតិ»។

ជើងខ្លាំង បឺត សង្ឃឹម (ក្រហម) ពេលប្រកួតឃីកបុកស៊ីង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ រូបថត សហការី

ដោយសារ​ការ​ប្រកួត​នេះ មាន​កីឡាករ​ចូលរួម​ច្រើន ហេតុ​នេះ បឺត សង្ឃឹម នៅមិនទាន់​ដឹង​ថា រូបគេ​ត្រូវ​ប៉ះកីឡាករ​រូប​ណា​ខ្លះ​ទេ ប៉ុន្តែ សង្ឃឹម បាន​បញ្ជាក់​ថា៖ ​«​ខ្ញុំ​បាន​ត្រៀមខ្លួន​រួច​រាល់​អស់​ហើយ ហើយអ្វី​ដែល​ជាក់​ស្តែង គឺ​នៅពេល​​ប្រកួត​លើ​​សង្វៀន​ ដោយ​ខ្ញុំ​ប្តេជ្ញា​ចិត្តថា នឹងខំប្រឹង​ធ្វើ​ឱ្យ​បាន​ល្អ ដើម្បី​ជាតិ​មាតុភូមិ ហើយខ្ញុំ​ក៏សូមសំណូមពរ​ឱ្យ​បងប្អូនយើង​ទៅ​ទស្សនា​ឱ្យ​បាន​ច្រើន ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​អត្តពលិក​​យើង ក្នុងការ​ប្រកួតប្រជែង​ដណ្តើម​យក​មេដាយ»។

ដោយឡែក​កីឡាការិនី​គុនចម្រុះ នៅ ស្រីពៅ ដែល​ទើប​ទទួល​រង​ការបរាជ័យ នៅ​ក្នុង​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ជើងឯក​អាស៊ី លើកទី២ ឆ្នាំ២០២៤ (AMMA Championship 2024) នៅវិមាន​ពហុកីឡ​ដ្ឋានជាតិ​អូឡាំពិក​នេះ កាលពី​ខែសីហា​ ក៏បាន​តាំង​ចិត្ត​ប្រជែង​រក​មេដាយ​ពីការ​ប្រកួត​ Asian Kickboxing Championships 2024 នេះ បើទោះបីជា​នាង មិន​ធ្លាប់​ឈ្នះការ​ប្រកួត​ឃីកបុកស៊ីង​​កន្លងមក​ក៏​ដោយ។

កីឡាការិនី​ទម្ងន់​ ​៥៥គីឡូក្រាម នៅ​ ស្រីពៅ បាន​និយាយ​ថា៖​ «ទោះបីជា​ខ្ញុំធ្វើ​មិន​បាន​ល្អ សម្រាប់​ការ​​ប្រកួត​ឃីកបុកស៊ីង​​ចំនួន​៣​ដង​កន្លងមក ប៉ុន្តែ​សម្រាប់ការ​ប្រកួត​លើកនេះ ខ្ញុំប្តេជ្ញា​ចិត្ត​ថា ​នឹង​ខំប្រឹង​ធ្វើ​ឱ្យបាន​ល្អជាងមុនៗ ហេតុ​នេះ​ហើយទើប​ខ្ញុំ​ខំប្រឹង​ហ្វឹកហាត់ ដោយមិនបានគិតពី​ថ្ងៃបុណ្យ​ទានអ្វី​ទេ ព្រោះខ្ញុំ​ចង់​បាន​មេដាយ​ពីការ​ប្រកួត​ឃីកបុកស៊ីងជើងឯក​អាស៊ីនេះ ដើម្បី​ទុក​ជាស្នាដៃ​សម្រាប់​ខ្លួន​ឯង»។

សម្រាប់​ការ​ប្រកួត​ Asian Kickboxing Championships 2024 នេះ កម្ពុជា ក្នុង​នាមជា​ម្ចាស់​ផ្ទះ បាន​សម្រិត​សម្រាំង​យក​​កីឡាករ កីឡាការិនី​ឆ្នើមៗ​​សរុប​៦២​នាក់ ដើម្បី​ចូលរួម​​ប្រកួត​ដណ្តើម​​យក​មេដាយ ជាមួយ​អត្តពលិក​អន្តរជាតិ​ចំនួន​៤៨៥នាក់ មកពី២២ប្រទេស ហើយ​ក្នុង​នោះ​កីឡាករ ធ្លាប់​ឈ្នះ​មេដាយមាស នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ ដូចជា ព្រំ សំណាង, ឈឿង ល្វៃ, រិន ដេវីត, សុខ រិទ្ធ និង ឡៅ សៃណាត ជា​ដើម សុទ្ធតែ​មាន​វត្តមាន​ នៅ​ក្នុងការ​ប្រកួត​ឃីកបុកស៊ីងជើងឯក​អាស៊ីនេះ។

ជាមួយគ្នា​នេះ លោក ហេង សុខឃន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់ឃីក​បុកស៊ីង​កម្ពុជាបាន​ក្រើន​រម្លឹក​ដល់​គ្រូ​បង្វឹក កីឡាករ កីឡាការិនី​ឃីក​បុកស៊ីង​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់ថា ក្នុងនាម​ជា​អត្តពលិក​ម្ចាស់​ផ្ទះ ត្រូវ​តែ​គោរព​ឱ្យ​បាន​នូវ​វិន័យ ក្រម​សីលធម៌ ក្នុង​ការ​ប្រកួត ជាពិសេសអត្តពលិក​ឃីកបុកស៊ីង ត្រូវ​មាន​មោទនភាព​ជាតិ ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ឱ្យ​អស់ ដើម្បី​ប្រជែងយក​មេដាយ​មាស​ឱ្យ​បាន​ច្រើន​យក​មក​ជូន​ជាតិ។

បន្ថែម​លើនេះ លោក ហេង សុខឃន បានណែនាំ​កីឡាករ​កីឡាការិនី​កម្ពុជា ត្រូវចៀស​វាង​ឱ្យ​បាន​ដាច់​ខាត​ពី​ការ​ប្រើប្រាស់​សារ​ធាតុ​ហាម​ឃាត់​នៅ​ក្នុង​វិស័យ​កីឡា និង​ត្រូវ​ពិនិត្យ​សុខភាព​ឱ្យ​បាន​គ្រប់ៗគ្នា។

លោក​សង្កត់​ធ្ងន់​ថា៖ ​«​ពិភព​លោក គេ​ប្រយ័ត្ន​បំផុត​លើ​បញ្ហា​សារធាតុ​លើក​កម្លាំងនេះ ព្រោះ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​រក្សា​នូវ​ភាព​យុត្តិធម៌​ក្នុង​ការ​ប្រកួត​ដោយ​ស្មើ​ភាព​គ្នា  ចំណែក​ការ​ឈ្នះ​ចាញ់ ត្រូវ​ស្ថិត​នៅ​លើ​បច្ចេកទេសកីឡា ហើយ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ យើង​ត្រូវ​តែ​ប្រយ័ត្ន​ទាំង​អស់​គ្នា ព្រោះ​​ការ​ប្រើ​ប្រាស់​សារធាតុហាម​ឃាត់​ក្នុង​វិស័យ​កីឡា​នេះ គេ​ខ្លាច​ខ្លាំង​ណាស់ អ៊ីចឹង​យើង​ត្រូវ​ចៀស​វាង​ឱ្យ​បាន​ដាច់​ខាត»៕