គ្រូបង្វឹកសញ្ជាតិអៀរឡង់ លោក Conor Nestor ដែលធ្លាប់ដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ឱ្យលើកពានលីគកំពូលកម្ពុជា និងបានទៅលេងពានរង្វាន់ AFC Cup 2020 នោះ បានសម្រេចវិលត្រឡប់មកប្រកបអាជីពបាល់ទាត់នៅក្នុងប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីលោកបានយល់ព្រមទទួលសំណើពីក្លិបបាល់ទាត់បឹងកេត ក្នុងការមកបំពេញការងារជាគ្រូបង្គោលថ្មី ជំនួសលោកគ្រូ ហុង ផេង។
ក្លិបបឹងកេត បានប្រកាសពីការស្វាគមន៍លោក Conor Nestor តាមរយៈការបង្ហោះវីដេអូខ្លីមួយ កាលពីម៉ោង១០យប់ ថ្ងៃចន្ទម្សិលមិញ ហើយការវិលត្រឡប់មកប្រកបអាជីពបាល់ទាត់នៅកម្ពុជានេះ លោក Conor បានបង្ហាញការនឹករម្លឹងដល់បាល់ទាត់កម្ពុជា និងសកម្មភាពជាច្រើន ដែលលោកធ្លាប់បានឆ្លងកាត់ ពេលលោកដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ មុនពេលលោកចាកចេញ ទៅដឹកនាំក្រុមលេងនៅលីគកំពូលឥណ្ឌា Hyderabad FC។
រំឭកទៅដល់ការចាកចេញពីក្រុមស្វាយរៀង ដើម្បីទៅដឹកនាំក្រុម Hyderabad FC ដែលលេងនៅ Indian Super League កាលពីដើមឆ្នាំ២០២៣នោះ លោក Conor Nestor បានទម្លាយពីអារម្មណ៍ពិតបែបនេះថា៖ «ពិតប្រាកដណាស់ ការសម្រេចចិត្តចាកចេញ គឺពិបាក ព្រោះខ្ញុំសប្បាយចិត្តណាស់នៅទីនេះ (នៅកម្ពុជា) ប៉ុន្តែខ្ញុំទទួលបានសំណើរមួយ ដែលពិបាកនឹងបដិសេធសម្រាប់អាជីពរបស់ខ្ញុំ»។
តាមខ្សែវីដេអូខ្លីរបស់ក្លិបបឹងកេតដដែលនេះ លោក Conor Nestor បានបន្ថែមថា៖ «ខ្ញុំអាចនិយាយបានថា ប្រហែលតាំងពីថ្ងៃដំបូង តាំងពីខ្ញុំចាកចេញ គឺខ្ញុំនឹកស្រុកខ្មែរ និងនឹកបាល់ទាត់កម្ពុជា។ អរគុណក្លិបបឹងកេត សម្រាប់ការនាំយកខ្ញុំមកកាន់ផ្ទះ។ ខ្ញុំជាគ្រូបង្វឹកថ្មីរបស់ក្លិបបឹងកេត»។
គួររំឭកថា នៅក្នុងអំឡុងពេលដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ពីឆ្នាំ២០១៨ ដល់ដើមឆ្នាំ២០២៣ លោក Conor Nestor ធ្លាប់បានជួយឱ្យក្រុមមានមូលដ្ឋាននៅកីឡដ្ឋានខេត្តស្វាយរៀងមួយនេះ ឈ្នះពានលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១៩ ហើយក៏ជាពេលដែលក្រុមស្វាយរៀង ទទួលបានឱកាសទៅលេងដល់វគ្គចែកពូលនៃពានរង្វាន់ AFC Cup 2020 ផងដែរ បន្ទាប់ពីពួកគេ បានយកឈ្នះ លីគកំពូលរបស់ឡាវ Master 7 Football Club ដោយលទ្ធផលទាំង២ជើង គឺ ៤-១ និង ៣-០ ក្នុងវគ្គជម្រុះ play-off។
តែទោះបីជាយ៉ាងណា សម្រាប់ការប្រកួតវគ្គចែកពូលពាន AFC Cup 2020 ដែលគ្រោងធ្វើពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នោះ ត្រូវបានលុបចោលត្រឹមពាក់កណ្តាលទី ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ គឺបន្ទាប់ពីក្រុមស្វាយរៀង បានបញ្ចប់ការប្រកួតជម្រុះជើងទី១ប្រចាំពូលGរបស់ខ្លួន ជាមួយការទទួលបានលទ្ធផលឈ្នះ១ ចាញ់២ប្រកួត និងសល់ការប្រកួតជើងទី២ ចំនួន៣ប្រកួតទៀត។
បន្ថែមទៅលើការដឹកនាំក្រុមស្វាយរៀង បានឈ្នះពានលីគកំពូលកម្ពុជា ឆ្នាំ២០១៩ និងបានទៅលេងដល់វគ្គចែកពូលពានរង្វាន់ AFC Cup 2020 នេះ លោក Conor Nestor បានដឹកនាំក្រុមស្វាយរៀង ឱ្យឈ្នះជើងឯករងលីគកំពូលកម្ពុជា ចំនួន២លើក នៅរដូវកាលឆ្នាំ២០២០ និងឆ្នាំ២០២១ ចំណែករដូវកាលឆ្នាំ២០២២ ក្រុមស្វាយរៀង បានចំណាត់ថ្នាក់លេខ៣ ហើយជាមួយសមិទ្ធផលទាំងនេះ លោក Conor ធ្លាប់បានឈ្នះពានជាគ្រូបង្វើកឆ្នើមប្រចាំឆ្នាំ២០១៩ នៃលីគកំពូលកម្ពុជា។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសពីការចែកផ្លូវជាមួយលោក Conor Nestor ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដើម្បីបើកផ្លូវឱ្យគ្រូបង្គោលរូបនេះ ទៅដឹកនាំក្រុម Hyderabad FC ដែលលេងនៅ Indian Super League ហើយនៅឆ្នាំ២០២៤នេះ លោក Conor បានទៅចូលរួមធ្វើជាគ្រូជំនួយនៅក្រុមលេងនៅលីគកំពូលម៉ាឡេស៊ី Selangor FC មុនពេលលោកសម្រេចចិត្តត្រឡប់មកកម្ពុជាវិញ ដើម្បីដឹកនាំក្រុមបឹងកេត។
អ្នកគាំទ្របាល់ទាត់នៅកម្ពុជា ជាពិសេសអ្នកគាំទ្រក្លិបបឹងកេតផ្ទាល់ មានការរីករាយខ្លាំង ចំពោះការវិលត្រឡប់របស់លោក Conor Nestor ហើយពួកគេបានដាក់ក្តីសង្ឃឹមខ្ពស់ដល់គ្រូបង្វឹកសញ្ជាតិអៀរឡង់វ័យ៤០ឆ្នាំរូបនេះ ក្នុងការកែប្រែទម្រង់លេងរបស់ក្រុមបឹងកេតឱ្យបានកាន់តែប្រសើរ ដើម្បីប្រកួតប្រជែងនៅលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២០២៥ ខណៈពេលនេះ បឹងកេត កំពុងឈរនៅលេខ៦ ជាបណ្តោះអាសន្ន ដោយឈ្នះ៣ និងចាញ់២ប្រកួត។
ចំពោះទិសដៅចម្បង សម្រាប់ការមកដឹកនាំក្រុមបឹងកេតនេះ លោក Conor Nestor បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃអង្គារនេះថា៖ «អ្វីដែលជាចម្បងរបស់ខ្ញុំ គឺរក្សាគម្លាតឱ្យជិតគ្នា ព្រោះក្រោយបញ្ចប់រដូវកាលពីឆ្នាំមុន ក្រុមជើងឯកបានឈ្នះ២២ប្រកួត ហើយបឹងកេតឈ្នះត្រឹម១១ប្រកួត។ នេះជាភាពខុសប្លែកគ្នាដ៏ធំមួយ ដូច្នេះក្រុមបុគ្គលិក កីឡករ ប្រធានក្លិប និងអ្នកគាំទ្រត្រូវតែរួបរួមគ្នានៅលើគោលដៅតែមួយ»៕