ក្រុមការពារ​តំណែ​ងជើងឯក​ព្រះខ័នរាជស្វាយ​រៀង នឹងត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ កងយោធពលខេមរភូមិន្ទ (ទ័ព) នៅ​កីឡដ្ឋាន​ស្តាតចាស់ នា​ល្ងាច​ម៉ោង​៦ ថ្ងៃ​ចន្ទ​នេះ ហើយ​វា​ក៏ពេល​ដែល​គ្រូបង្គោល​លោក ភា សុភ័ត្ត្រា រួច​ផុតពីការ​ដាក់ពិន័យ​របស់គណៈកម្មការវិន័យ​របស់​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ដើម្បី​វិលមក​ដឹកនាំ​ក្រុមទ័ព នៅលើ​ទី​លានសារ​ជាថ្មីផងដែរ។

សម្រាប់​ការ​វិលមក​ជួបគ្នា នៅ​ក្នុង​ជើង​ទី​២​នៃ​លីគកំពូល​កម្ពុជា​នេះ ​លោក ភា សុភ័ត្ត្រា បានដឹង​ច្បាស់​រួច​ទៅ​ហើយ​ ពី​កម្រិត​លេង​ដ៏​មានគុណ​ភាព និង​មាន​គ្រោះ​ថ្នាក់​​របស់​ក្រុម​ព្រះ​ខ័នរាជស្វាយ​រៀង ព្រោះ​ក្រុម​​​​ដឹកនាំ​ដោយ​​គ្រូ​បង្គោល​​លោក Jose Munoz មួយនេះ ធ្លាប់​បាន​លត់​ក្រុម​ទ័ព ៧-០ ម្តង​ហើយ សម្រាប់ការ​ជួបគ្នា ក្នុង​ជើង​ទី​១ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​១១ ខែសីហា។

រំឭក​ដល់​ការ​ចាញ់នោះ លោក ភា សុភ័ត្ត្រា បាន​និយាយ​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​អាទិត្យ​ថា៖ ​«អ្វី​ដែល​យើងបានចាប់​ផ្តើម​នៅរដូវ​កាលនេះ គឺ​យើងបានបន្សល់​សុបិន​អាក្រក់​ ដោយចាញ់​ស្វាយរៀង​ដល់​ទៅ ៧-០ ហើយនេះជារឿង​មួយ ដែលយើង​ត្រូវ​ព្យាយាម​ធ្វើ​ការ​បន្ត​ទៀត ដើម្បី​កែ​ប្រែនូវ​​ស្ថានការណ៍​ដ៏​អាក្រក់​មួយ​នេះ»។​

លោក​បន្ថែម​ថា៖ «បើទោះបីជា​​ស្វាយរៀង មានការប្រកួត​ដ៏​មមាញឹកទាំង​ក្នុងស្រុក និងក្រៅ​ស្រុក ហើយ​កីឡាករ​មួយចំនួន​​ក៏មាន​របួស ប៉ុន្តែ​​ ស្វាយរៀង នៅតែជា​ក្រុម​ខ្លាំង​មួយ ហេតុ​នេះ​សម្រាប់ខ្ញុំជាគ្រូ ខ្ញុំមិនរំពឹងថា តាក់ទិចនៃការការពារ និង​ការ​ប្រយុទ្ធ​របស់​ខ្ញុំ មាន​ប្រសិទ្ធភាព​ជាមួយ​ស្វាយរៀងទេ ប៉ុន្តែកត្តាស្មារតី​របស់​កីឡាករ​ គឺ​ជារឿង​ដែល​​សំខាន់​ជាង​តាក់ទិច ថា​អ្វីៗ​យើង​អាច​ធ្វើ​ទៅ​បាន»។

កីឡាករជម្រើស១១នាក់ដំបូង​របស់​ក្រុមព្រះខ័នរាជស្វាយ​រៀង ពេល​ប្រកួតជាមួយ​ក្រុមបឹងកេត កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា។ រូប​ថត CPL

ចំណែក​គ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជស្វាយរៀង លោក Jose Munoz ក៏មិនបាន​មើល​រំលង​ពី​កម្រិត​លេង​របស់​ក្រុមទ័ព​​នោះ​ដែរ។ បើទោះបីជា ១០​ប្រកួតកន្លងមកនេះ ទ័ព ឈ្នះ​បាន​៤ ស្មើ​២ និងចាញ់​ដល់​៤​ដង ប៉ុន្តែ​ការ​យក​ឈ្នះ​ក្រុម​គិរីវង់សុខសែនជ័យ ៧-១ និង​ឈ្នះ​ក្រុមណាហ្គាវើលដ៍ ៣-២ របស់​ក្រុម​ទ័ព សម្រាប់​ការ​ប្រកួត​២​លើក​ចុងក្រោយ​មកនេះ ត្រូវបាន​លោក Jose Munoz យល់​ថា វាជា​ការ​លើក​ទឹក​ចិត្ត​ដ៏សំខាន់​របស់​ក្រុមទ័ព ក្នុងការ​ស្វាគមន៍​ក្រុមស្វាយរៀង ល្ងាច​នេះ។

លោក Jose Munoz បាន​និយាយ​ថា៖ ​«ពួក​យើង​លេង​ដើម្បី​បាន​៣ពិន្ទុ​បន្ថែម​ទៀត តែ​ពួកគេក៏​​កំពុង​ធ្វើ​បាន​លទ្ធផល​ល្អ​នៅពេល​នេះ និង​​មាន​កីឡាករ​ដ៏​គ្រោះ​ថ្នាក់​ម្នាក់​បន្ថែម​ទៀត គឺ​ Josemar Balanga ហើយ​ពួកគេក៏​​កំពុងលេង​ដោយ​ទំនុក​ចិត្ត​ បន្ទាប់ពី​លទ្ធផល​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ»។

ជាមួយការ​មើលឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ក្រុម​ទ័ព​នេះ លោក Jose Munoz បាន​ជំរុញ​កូនក្រុម​របស់​លោក ​ត្រូវ​ផ្តោត​ខ្លាំង​លើ​គូ​ប្រកួត ហើយ​ត្រូវ​​បញ្ឈប់​ការ​លេង​បាល់​វែង​​របស់ពួកគេ និងការពារ​ប្រអប់ទី​ពីការ​វាយ​បក​របស់​ក្រុមទ័ព​ផងដែរ។ ទន្ទឹមនឹង​នេះ ​លោក​យល់​ថា បញ្ហា​របួស​កីឡាករ​មួយ​ចំនួន និងការ​អវត្តមាន​របស់​កីឡាករ​ជប៉ុន Ryo Fujii ក្នុង​ការ​ប្រកួត​នេះ ក៏ជារឿងលំបាក​មួយ​ផងដែរ។

ទោះបីជា​យ៉ាង​ណា លោកគ្រូ​បង្វឹក​សញ្ជាតិអេស្ប៉ាញ​រូប​នេះ បានបញ្ជាក់​ថា៖​ «គំនិតចម្បង​របស់​យើង​ គឺ​តែង​តែ​គ្រប់​គ្រង​ការ​ប្រកួត​ បង្កើត​ឱកាស​ និងស៊ុតបាល​​បញ្ចូល​ទី​។ នេះ​ជា​ការ​ប្រកួត​មួយ មុន​ពេល​សម្រាក FIFA Day អ៊ីចឹង​​យើង​ចង់​ផ្តល់​​ការ​ប្រកួត​បាល់​ទាត់​ដ៏​ល្អ​មួយ​ដល់​អ្នក​គាំទ្រ​របស់​យើង​ និង​ធ្វើ​ឱ្យ​ពួក​​គេ​រីក​​រាយ​ជាមួយនឹង​​គំនិត​ច្នៃ​ប្រឌិត​នៃការលេង​របស់​យើង និង​ទទួល​បាន​៣ពិន្ទុ​»។

ខ្សែ​ប្រយុទ្ធពាក់​លេខ​៩ Josemar Balanga ពេល​បង្ហាញ​ខ្លួនក្នុងជម្រើស​១១​នាក់ដំបូង​របស់​ក្រុមទ័ព ពេល​យក​ឈ្នះ​ក្រុមណាហ្គាវើលដ៍ ៣-២ កាលពី​ថ្ងៃទី​២ វិច្ឆិកា។ រូប​ថត Tiffy Army

គួរបញ្ជាក់​ថា សម្រាប់ការ​ប្រកួត​៨​លើក​កន្លងមកនេះ ក្រុមព្រះខ័នរាជស្វាយរៀង បាន​ឈ្នះ​ ៦ ចាញ់ ​២ដង មាន​ ១៨ពិន្ទុ ហើយកំពុង​ឈរ​នៅលេខ ​៥ ជាបណ្តោះ​អាសន្ន ខណៈ​ក្រុម​កំពុង​ឈរ​នៅលេខ​ ១ ភ្នំពេញ​ក្រោន បានបញ្ចប់ការ​ប្រកួត​ទាំង ​១១​ដង​របស់​ខ្លួន ដោយមិន​ទាន់​ស្គាល់​ការ​ចាញ់​សោះ បន្ទាប់ពី​ពួកគេ​បាន​ប្រកួតស្មើ ៣-៣ ដោយចម្រូង​ចម្រាស​ជាមួយ​ក្រុម​វិសាខា កាលពី​ថ្ងៃសៅរ៍ ធ្វើ​ឱ្យ​ពួកគេ​មាន ​៣១ពិន្ទុ តាមពី​ក្រោយ​ដោយក្រុម​វិសាខា មាន​ ២៥ពិន្ទុ និងណាហ្គាវើល មាន​២១ពិន្ទុ ខណៈ​ក្រុមអង្គរថាយហ្គឺរ បាន​ឈរនៅលេខ​ ៤ ដោយមាន ​១៩ពិន្ទុ តែទើប​ប្រកួត​បាន​ ១០​ដងទេ៕