សាស្រ្តាចារ្យ​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​មក​ពី​សហរដ្ឋអាមេរិក លោក​ ខេស៊ី បាណេត (Casey Barnett) បាន​អះអាង​ថា ការ​​រងសម្ពាធ និង​ឧបសគ្គ​គ្រប់​បែប​យ៉ាង ដែល​កើត​មាន​នៅ​ក្នុង​​ការ​លេង​កីឡា ជាពិសេស​កីឡា​លេង​ជា​ក្រុម នឹងក្លាយជា​បទពិសោធ​ន៍​ដ៏សំខាន់ ដែល​នឹ­ងជួយ​ឱ្យ​ក្រុមនិស្សិត​ អាច​ទទួលបានជោគជ័យ​ នៅពេល​ពួកគេ បញ្ចប់ការ​សិក្សា រួច​ចេញ​ទៅ​ធ្វើ​ការ​ងារ ឬបើក​អាជីវកម្ម​អ្វី​មួយ។

ជាមួយ​ហេតុផល​នេះ ​នាយកវិទ្យាស្ថានខេមអេដ​ លោក​ Casey Barnett តែង​តែ​រៀបចំ​ឱ្យ​មានការ​ប្រកួត​កីឡា​បាល់​ទាត់​ហ្វុត​សាល បាល់បោះ និងកីឡា​អត្តពលកម្ម​ជា​រៀង​រាល់​ឆ្នាំ ហើយ​ថ្មីៗ​នេះ ក៏​បាន​បន្ថែម​ឱ្យ​មាន​ការហ្វឹក​ហាត់ និង​​ប្រកួត​គុនដាវ វាយកូនឃ្លីលើតុ និង​កីឡាហែលទឹក ដើម្បី​ឱ្យ​និស្សិត​​នៅ​​​វិទ្យាស្ថានខេមអេដ​ បាន​ចូលលេង​កីឡា ដើម្បី​​ទទួល​​បាន​​​ចំណេះដឹង និងបទពិសោធន៍​ជាក់​ស្តែង​ យក​ទៅ​​បំពេញបន្ថែម​នូវចំណេះដឹង ដែល​ពួកគេ​ទទួលបាន​ពីការ​សិក្សា​នៅ​ក្នុងសាលា​។

ជាក់​ស្តែង កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ វិទ្យាស្ថានខេមអេដ​ ទើបតែ​បានបញ្ចប់ ​ការ​ប្រកួត​កីឡាបាល់បោះ​ពាន​រង្វាន់ CamEd Men’s & Women’s Basketball Tournament 2024 នៅ​តារាង​ Platinum  Sport Centre ដោយព្រឹត្តិការណ៍​នេះ មាន​ក្រុម​និស្សិតចូលរួម​១៩៣នាក់ ស្មើ​នឹង​២៩​ក្រុម គឺ​ក្រុមបុរស​មាន​១៥ បែងចែកការ​ប្រកួត​ជា​៤ពូល និងក្រុមនារីមាន​១៤​ក្រុម ​បែងចែកការ​ប្រកួត​ជា​៤ពូលដូចគ្នា។

ក្រុម Soy Bad (អាវពណ៌ប្រផេះ) បានយកឈ្នះក្រុម Oni Chan ដោយពិន្ទុ ២១-១៤ ដើម្បីក្លាយជាម្ចាស់ជើងឯក នៅតារាង Platinum Sport Centre។ រូបថត ឈន ណន

តាម​រយៈការ​ប្រកួត​យ៉ាងស្វិតស្វាញ ដែល​បានចាប់​ផ្តើម​ពី​ថ្ងៃទី​២ ខែវិច្ឆិកា​​​មក​នោះ ក្រុម​ Soy Bad បាន​ក្លាយជា​ម្ចាស់​ជើងឯក សម្រាប់​ការ​ប្រកួត​បាល់​បោះ​ផ្នែក​បុរស បន្ទាប់ពី​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម Oni Chan ​ដោយ​ពិន្ទុ ២១-១៤ ខណៈ​​លេខ​៣ បាន​ទៅលើ​ក្រុម​ Utopia ហើយ​កីឡាករ ចាន់ធឿន រតនៈ (Chanthoeun Rothanak) របស់​ក្រុម Oni Chan បាន​ឈ្នះ​ពាន ជា​កីឡាករ​រក​បានពិន្ទុ​ច្រើន​ជាង​គេ ប្រចាំ​ការ​ប្រកួតនេះ។

ចំណែក​​ក្រុម​ Wildcats ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ក្នុងការ​ប្រកួត​បាល់​បោះ​ផ្នែក​នារី បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​​ក្រុម Maniac ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​លេខ​៣​បាន​ទៅ​ក្រុម Little Star រីឯ​កីឡាការិនី សុខ ស្រីពីន (Sok Sreypin) របស់​ក្រុម​ Manniac បាន​ទទួល​​ពាន​រង្វាន់​ជា​កីឡាការិនី ​ដែល​រក​បានពិន្ទុ​ច្រើន​ជាង​គេ សម្រាប់​ការ​ប្រកួត​ក្នុងឆ្នាំ​២០២៤​នេះ។

ដោយ​បាន​ទស្សនា​​ការ​ប្រកួតប្រជែង នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះដោយ​ផ្ទាល់​ លោក Casey Barnett បានថ្លែង​ថា៖ ​«ទាំងការ​ប្រកួត​ផ្នែក​បុរស និងនារី គឺ​មានការ​រីក​ចម្រើនខ្លាំង បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​មុនៗ ជាពិសេស​បច្ចេក​ទេស​ ដោយ​កីឡាករ កីឡាការិនី​បានបន្ថែម​បច្ចេក​ទេស ហើយ​បានបង្កើន​ការ​ខិតខំ​ និងពោះពារ​ឧបសគ្គ គឺ​ពួកគេ​មានទំនុក​ចិត្ត​លើ​ខ្លួនឯង កាន់​តែ​ខ្ពស់ ក្នុង​ការ​ប្រកួតប្រជែង​ ទោះបីស្ថិត​ក្នុងស្ថាន​ភាព​ចាញ់ ឬឈ្នះ»។​

លោក Casey Barnett ពេលចូលរួមពិពាក់មេដាយ ដល់ក្រុមម្ចាស់ជយលាភី នៅក្នុងពិធីការប្រកួតពាន CamEd Men’s & Women’s Basketball Tournament 2024។ រូបថត ឈន ណន

យ៉ាង​ណា​ក៏​ដោយ ជាមួយ​ភាព​រីក​ចម្រើន​លើការ​លេង​កីឡា​របស់​ក្រុមនិស្សិត​រៀន​នៅ​វិទ្យាស្ថាន ខេមអេដ​នេះ លោក Casey បានបង្ហើប​ថា សាលា​របស់​លោក​បានជួល​គ្រូផ្នែក​កីឡា​មក​បង្វឹក​ដល់​ក្រុមនិស្សិត​ទាំង​អស់នេះ ហើយ​ការ​ហ៊ាន​ចំណាយទាំង​​ទៅលើ​ការ​ជួល​គ្រូបង្វឹក និង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ផ្សេងៗឱ្យ​និស្សិត​បាន​ចូលរួម​លេង​​នេះ ព្រោះ​លោកបានមើលឃើញ​ថា ​ការ​លេងកីឡា​បាន​ផ្តល់​អត្ថប្រយោជន៍​ ដែលជាបទពិសោធន៍​ពេញ​មួយជីវិត​​​ដល់​ក្រុម​​និស្សិត ក្រោយពេលពួកគេ​បានបញ្ចប់ការ​សិក្សា​ ហើយចេញ​ទៅរក​ការងារ​ធ្វើ ឬបង្កើតមុខ​របរ​អ្វី​មួយ។

បុរសជនជាតិអាមេរិក មានសញ្ជាតិ​ខ្មែរ លោក Casey បញ្ជាក់​ថា៖ «ការ​លេង​កីឡា​នៅ​វិទ្យាស្ថាន​ខេមអេដ យើងមានជាជម្រើស តែ​យើងលើក​ទឹក​ចិត្ត​ឱ្យក្រុមនិស្សិត​ចូល​លេង​កីឡា​ឱ្យ​បាន​ច្រើន ព្រោះ​យើង​មើល​ឃើញ​ថា វា​មានអត្ថប្រយោជន៍​ដល់​ក្រុមនិស្សិត​ពេល​ចូល​ធ្វើ​ការ​គឺ​ជួយ​ឱ្យ​​ពួក​គេ​​ខិតខំ​ព្យាយាម​ធ្វើ​ការ ដើម្បី​ទទួល​បានជោគ​ជ័យ​, ចេះ​ធ្វើការ​ងារជា​ក្រុម ដែលអាច​ដឹងពី​ចំណុច​ខ្លាំង និងចំណុ​ចខ្សោយខ្លួនឯង ហើយ​លេង​កីឡា​ បាន​បង្រៀន​ឱ្យ​ក្រុមនិស្សិត​​ចេះ​​ពុះពារ​ឧបសគ្គ​ ចេះ​ធ្វើការ​ក្រោមសម្ពាធ គឺ​មិនបោះបង់ ទោះជួប​ការលំបាក»។

លោកបន្ថែម​ថា ៖ «​វាដូចជាការ​ធ្វើ​ការងារ​ដែរ នៅពេល​យើង​ចង់​ឈ្នះ យើង​ត្រូវ​បង្កើន​បច្ចេក​ទេស​ និងខំប្រឹង​ប្រែង​ក្រោម​សម្ពាធ​ផ្សេងៗ ដូច្នេះ​ការ​លេង​កីឡា​ជាជំនាញ​ទន់ ដែល​នឹង​ផ្តល់​​​បទពិសោធន៍​មួយ​ជីវិតដល់​ក្រុមនិស្សិត​យើង ក៏​ដូចជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួកគេឱ្យ​​មានការ​ខិតខំប្រឹងប្រែង​ជម្នះ​នូវ​រាល់​ឧបសគ្គ ដើម្បី​ឈាន​ទៅទទួល​បាន​ជោគ​ជ័យ ក្នុងការ​ធ្វើ​ការ​ងារ ក៏ដូចជា​ការ​បង្កើត​អាជីវកម្ម​អ្វីមួយ​»៕