លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានជំរុញកីឡាករ កីឡាការិនី ព្រមទាំងមន្រ្តីបច្ចេកទេសដែលទទួលបន្ទុកលើការរៀបចំការប្រកួតត្រូវតែប្រកាន់ឱ្យបាននូវ «យុត្តិធម៌» ដើម្បីធ្វើយ៉ាងណាឱ្យប្រភេទកីឡា E-Sports នេះ កាន់តែមានការរីកចម្រើន ហើយជ្រើសរើសបានអត្តពលិកកាន់តែមានគុណភាព សម្រាប់ប្រកួតតំណាងឱ្យជាតិ នៅលើឆាកអន្តរជាតិ។
លោកបានថ្លែងថា៖ «ឱ្យតែមានខ្ញុំនៅត្រង់ណា គឺត្រូវតែមានទង់យុត្តិធម៌ដោតនៅចំពោះមុខខ្ញុំ! ធ្វើអ្វីក៏ដោយ ដាច់ខាតត្រូវតែមានយុត្តិធម៌ ព្រោះបើមានយុត្តិធម៌ហើយ ការងារនឹងមានប្រសិទ្ធភាព សាមគ្គីភាព ហើយនៅក្នុងកីឡារបស់យើងក៏ដូចគ្នា យុត្តិធម៌សំខាន់ណាស់ ព្រោះមានយុត្តិធម៌អត់ឈ្លោះគ្នាទេ»។
លោក ជា ច័ន្ទបរិបូរណ៍ បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាអេឡិចត្រូនិកជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួងព័ត៌មាន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ហើយលោកមានការជឿជាក់ថា ការប្រកាន់ភ្ជាប់នូវយុត្តិធម៌ នឹងធ្វើឱ្យការប្រកួតថ្នាក់ជាតិនៅក្នុងខែវិច្ឆិកានេះដំណើរការទៅដោយរលូន គ្មានជម្លោះ ពិសេសជ្រើសរើសបានអត្តពលិកដែលមានគុណភាពល្អ សម្រាប់ប្រកួតតំណាងឱ្យជាតិទៀត។
លោកបញ្ជាក់ថា៖ «នៅក្នុងកីឡាអេឡិចត្រូនិករបស់យើងនេះ វាពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា អ៊ីចឹងយើងត្រូវពង្រឹងមន្រ្តីអាជ្ញាកណ្តាលយើងបន្ថែមទៀត។ ចំណែកដៃគូសហការខាងទីលាន និងខាងបច្ចេកវិទ្យា ក៏ត្រូវតែឱ្យល្អប្រសើរថែមទៀត ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវយុត្តិធម៌នៅក្នុងការប្រកួត ហើយពេលមានបញ្ហាអ្វី ត្រូវដោះស្រាយជាបន្ទាន់ ដើម្បីរកចំណុចកណ្តាលមួយឱ្យល្អទាំងអស់គ្នា»។
ប្រធាន EFC ដដែលនេះ បានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា ការប្រកួតជម្រើសជើងឯកថ្នាក់ជាតិរបស់យើង លើកនេះ កាន់តែមានគុណភាព ប្រសិទ្ធភាព ហើយយើងនឹងទទួលបានកីឡាករល្អៗ ដើម្បីត្រៀមប្រកួតជាមួយអន្តរជាតិ។ ឈ្នះការប្រកួតថ្នាក់ជាតិ ជាមោទនភាពមួយហើយ តែបើឈ្នះការប្រកួតនៅលើឆាកអន្តរជាតិបន្ថែមទៀត វាកាន់តែជាកិត្តិយសធំ សម្រាប់កីឡា E-Sports របស់យើង»។
ទាក់ទងទៅនឹងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិនេះ លោក ជា ច័ន្ទបរិបូរណ៍ បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមអត្តពលិកអេឡិចត្រូនិកកម្ពុជាទាំងអស់ ត្រូវខិតខំហ្វឹកហាត់ដុសខាត់សមត្ថភាពទៅលើវិញ្ញាសាថ្មីៗឱ្យបានកាន់តែប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ព្រោះលោក លន់ សាមឌី អគ្គលេខាធិការ EFC បានអះអាងថា ស៊ីហ្គេម ខាងមុខនេះ ម្ចាស់ផ្ទះថៃ មិនបានដាក់ប្រភេទវិញ្ញាសាដែលក្រុមកម្ពុជា ធ្លាប់ដណ្តើមបានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១ នៅស៊ីហ្គេម ឆ្នាំ២០២៣នោះទេ។
លោកបានសង្កត់ធ្ងន់ថា៖ «កីឡា E-Sports នេះ ពិតជាពិបាក ព្រោះវិញ្ញាសាដែលយើងកំពុងតែលេងល្អ តែថ្ងៃក្រោយវិញ្ញាសាហ្នឹងលែងមានប្រជាប្រិយភាព គេទៅចាប់យកវិញ្ញាសាថ្មី ដែលយើងត្រូវចាប់ផ្តើមឡើងវិញ ហើយការប្រកួតស៊ីហ្គេមនេះទៀត គឺម្ចាស់ផ្ទះ គេរៀបចំអ្វីមួយដែលជារបស់គេខ្លាំងជាង»។
«ថៃ វិញ្ញាសាមួយចំនួន ធ្លាប់ចាញ់យើងនៅស្រុកខ្មែរ អ៊ីចឹងថៃ នឹងមិនដាក់វិញ្ញាសានោះ នៅស៊ីហ្គេម ឆ្នាំ២០២៥ទេ ហេតុនេះបើយើងដឹងថា គេដាក់វិញ្ញាសាអ្វី យើងខំប្រឹងលេងវិញ្ញាសាហ្នឹងទៅ។ យើងនៅសល់ពេល១ឆ្នាំទៀត ហេតុនេះសូមអត្តពលិកទាំងអស់ ខិតខំសម្រួចគុណភាពបច្ចេកទេសត្រៀមខ្លួនឱ្យបានល្អប្រសើរ ក្នុងគោលដៅដណ្តើមមេដាយជូនប្រទេសជាតិជាថ្មីម្តងទៀត»។ លោក ជា ច័ន្ទបរិបូរណ៍ បានបន្ថែម។
ជាមួយគ្នានេះប្រធានសហព័ន្ធ EFC លោក ច័ន្ទបរិបូរណ៍ ក៏បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយដៃគូឧបត្ថម្ភថ្មី ដើម្បីផ្តល់លទ្ធភាពកាន់តែធំ ក្នុងការរៀបចំការប្រកួត ក៏ដូចជាពង្រឹងគុណភាពលេងរបស់ក្រុម E-Sports ឱ្យកាន់តែប្រសើរ ហើយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារនេះ EFC ក៏ការបានប្រកាសពីការបញ្ជូនក្រុមកីឡាការិនី CFU Serendipity (MLBB) ឱ្យទៅចូលរួមប្រកួតជើងឯកពិភពលោក លើកទី១៦ នៅរាជធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត តំណាងឱ្យក្រុមជម្រើសជាតិ (ANGKOR WARRIORS) ផងដែរ៕