កីឡាការិនីបាល់ទាត់កម្ពុជាចំនួន២៣នាក់ ត្រូវបានជ្រើសរើសជាបេក្ខភាពចុងក្រោយ សម្រាប់ចូលរួមការប្រកួតពានរង្វាន់ជើងឯកនារីអាស៊ាន ឆ្នាំប២០២៤ (AFF Women’s Cup 2024) ពីថ្ងៃទី២៣ ដល់ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសឡាវ។ នេះបើតាមបញ្ជីរាយនាម កីឡាការិនីជម្រើសជាតិ ចុងក្រោយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាព្រឹកថ្ងៃចន្ទនេះ។
តាមបញ្ជីរាយនាមកីឡាការិនីជម្រើសជាតិកម្ពុជា ចុងក្រោយទាំង២៣នាក់នេះ គឺមានកីឡាការិនីមកពីក្លិបភ្នំពេញក្រោនចំនួន៧នាក់ ក្លិបវិសាខាចំនួន៦នាក់ ក្លិបណាហ្គាវើលដ៍ចំនួន៤នាក់ ក្លិបបាល់ទាត់សៀមរាប ៣នាក់ ក្លិបបឹងកេតចំនួន២នាក់ និងម្នាក់ទៀតជាកីឡាការិនីកូនខ្មែរ-កាណាដា ឈីវ សាលីណា ដែលធ្លាប់បានរួមចំណែកជួយក្រុមនារីកម្ពុជា ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។
ចំពោះបេក្ខភាពទាំង២៣នាក់នេះ គឺត្រូវបានសម្រិតសម្រាំងចេញពីកីឡាការិនីចំនួន៣០នាក់ ដែលត្រូវបានកោះហៅមកធ្វើតេស្ត សម្រាប់ការប្រមូលផ្តុំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Women’s Cup 2024 ដោយព្រឹត្តិការណ៍នេះ ក្រុមនារីកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមនារីម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ខណៈពូល A មានម្ចាស់ផ្ទះឡាវ សិង្ហបុរី និងទីម័រខាងកើត។
តែទោះបីជាយ៉ាងណា អ្នកគាំទ្រភាគច្រើន នៅតែមិនអស់ចិត្ត ដែលការប្រមូលផ្តុំលើកនេះ បែរជាគ្មានវត្តមានកីឡាការិនីកូនកាត់ខ្មែរ-កាណាដា Melania Joy Hoekstra ព្រោះកីឡាការិនីមានកម្ពស់រូបនេះ ជាខ្សែការពារដ៏សំខាន់ ដែលជួយឱ្យក្រុមនារីជម្រើសជាតិកម្ពុជា បង្កើតបានប្រវត្តិសាស្រ្ត នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមរយៈការប្រជែងបានឱកាសឡើងទៅប្រកួតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូង ក្នុងនាមជាម្ចាស់ផ្ទះ។
យ៉ាងណាក៏ដោយ បើតាមប្រភពច្បាស់ការណ៍ បានឱ្យដឹងថា ការដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបានកោះហៅ Melania Joy Hoekstra មកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាលើកនេះ ដោយសារកីឡាការិនី មានដើមកំណើតនៅតំបន់ Bowmanville ក្នុងខេត្ត Ontario ប្រទេសកាណាដារូបនេះ ជាប់លេងឱ្យក្លិបបាល់ទាត់របស់តៃវ៉ាន់ Kaohsiung Attackers មិនអាចដកខ្លួនមកបាន។
ជាមួយគ្នានេះ ម្ចាស់អាវលេខ៥ Melania Joy Hoekstra ក៏បានបង្ហាញការសោកស្តាយ ចំពោះការបាត់បង់ឱកាសនេះផងដែរ។ នាងបានបង្ហោះសារលើហ្វេសប៊ុកផ្ទាល់ខ្លួនបែបនេះថា៖ «ពិតជាសោកស្តាយក្នុងការប្រកាសនេះ ប៉ុន្តែខ្ញុំនឹងមិនអាចចូលរួមប្រកួតឱ្យជម្រើសជាតិក្នុងវគ្គជម្រុះ AFF បានទេ»។
កីឡាការិនីរូបនេះ បានបន្ថែមថា៖ «រដូវកាលប្រកួតរបស់ខ្ញុំ នៅតៃវ៉ាន់ គឺដល់ថ្ងៃទី២៣ ខែវិច្ឆិកា ទើបចប់ ហើយខ្ញុំពិតជាមិនអាចចាកចេញបាន មុនពេលទីផ្សារ FIFA បើកឡើយ។ សង្ឃឹមថា ខ្ញុំអាចវិលត្រឡប់ទៅលេងតំណាងឱ្យជម្រើសជាតិកម្ពុជា នៅឆ្នាំ២០២៥។ សូមសំណាងល្អដល់កីឡាការិនី ដែលត្រូវបានជ្រើសរើស។ ខ្ញុំនឹងអបអរដល់អ្នកទាំងអស់គ្នា។ ស៊ូស៊ូកម្ពុជា!!»។
គួររំឭកថា សម្រាប់ការចូលរួមជាមួយក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខ្សែការពារ Melania Joy Hoekstra បានក្លាយជាកម្លាំងយ៉ាងសំខាន់ ដែលបានជួយក្រុមនារីជម្រើសជាតិកម្ពុជា ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានទទួលចំណាត់ថ្នាក់លេខ២ប្រចាំពូល B ក្រោយពួកគេបានយកឈ្នះក្រុមនារីឡាវ ២-០ ឈ្នះក្រុមសិង្ហបុរី ១-០ និងចាញ់ក្រុមនារីថៃ ៣-០។
ប៉ុន្តែការឡើងទៅជួបក្រុមនារីលេខ១មកពីពូលA របស់វៀតណាម គឺក្រុមនារីកម្ពុជា បានចាញ់ ៤-០ ចំណែកការវិលទៅជួបក្រុមនារីថៃ ក្នុងការប្រកួតដណ្តើមយកមេដាយសំរឹទ្ធ គឺក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា បានបន្តចាញ់រហូតដល់ ៦-០ ដោយបានត្រឹមលេខ៤ គ្មានមេដាយដដែល៕