ដោយ​ទទួល​បានការអនុញ្ញាតិ​ពី​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា ​ក្លិប​កីឡា​មហា​គ្រួសារ Off-Road កម្ពុជា ​នឹង​​​រៀប​ចំ​ព្រឹត្តិការណ៍​ប្រណាំង​រថ​យន្តឆ្លងកាត់ឧបសគ្គ​ Off-Road ​អន្តរជាតិ ជា​លើក​ដំបូង ​នៅ​តំបន់​ឆ្នេរ​សមុទ្រ ក្នុងក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ពី​​ថ្ងៃទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ ដើម្បី​​​​​ជួយ​ជំរុញទាំង​​វិស័យ​កីឡា​​យានយន្ត​ និងវិស័យ​​ទេសចរណ៍ នៅ​កម្ពុជា​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ​​នៅទីស្នាក់ការ NOCC កាលពី​​ព្រឹក​ថ្ងៃ​​ទី​១៨ ខែ​វិច្ឆិកា​នេះ លោក ទៀ ស្យាម អនុ​ប្រធានសហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​ជា​ប្រធាន​ក្លិប​កីឡា​មហា​គ្រួសារ Off-Road កម្ពុជា​ បាន​ទទួលស្គាល់​ថា ការ​ប្រណាំង​រថយន្ត​ឆ្លង​កាត់​ឧបសគ្គ​បែបនេះ គឺ​សហព័ន្ធ​ ធ្លាប់បាន​រៀបចំ​​ច្រើនលើក​មក​ហើយ នៅតាម​តំបន់​ព្រៃ ក្នុង​​ខេត្តមួយ​ចំនួន​ ប៉ុន្តែ​វាជា​លើកដំបូង ដែល​ព្រឹត្តិការណ៍នេះ ត្រូវ​ធ្វើ​​នៅតាម​តំបន់​ឆ្នេរ ដើម្បីធ្វើ​ឱ្យមាន​ភាព​ទាក់​ទាញ​កាន់តែ​ខ្លាំង ហើយវា​ក៏ជាការរួមចំណែក​ក្នុង​ការ​កៀរគរ​ភ្ញៀវ​ទេសចរ​ឱ្យ​ទៅលេង ​នៅតំបន់​ឆ្នេរ​ដ៏ស្រស់ស្អាត ក្នុងខេត្តព្រះសីហនុ កាន់តែ​ច្រើន​ផងដែរ។​

លោក ទៀ ស្យាម បានបញ្ជាក់ថា​៖ «គោល​ដៅ​​ចម្បង​របស់​យើង ​​គឺ​ជំរុញ​​​វិស័យ​កីឡា​ប្រណាំង​រថ​យន្ត​ Off-Road នេះ​ឱ្យ​​រីក​ចម្រើន ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឈាន​ទៅ​​រក​ការ​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ ហើយ​គោល​ដៅ​​​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​នេះ​ ​គឺ​មិន​មែន​តែនៅ​​ខេត្ត​ព្រះ​សីហនុ​ទេ ប៉ុន្តែយើងនឹង​បន្តធ្វើ​នៅ​​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា»។

ប្រធាន​ក្លិប​កីឡា​មហា​គ្រួសារ Off-Road កម្ពុជារូបនេះ បាន​បន្ថែម​ថា​៖ «​ខេត្ត​ព្រះ​សីហនុ ​គឺ​ជាទិស​ដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល ដូច្នេះហើយ​​​បាន​ជា​យើង​រៀប​ចំ​នៅ​ទីនោះ ​ដើម្បី​ជំរុញ​វិស័យ​កីឡា​ផង​ និង​ទេសចរណ៍​ផង។ ខ្ញុំ​ជឿ​​ថា កីឡាករ​បរទេស​ នឹង​មក​មុន​ថ្ងៃ​ប្រកួត ហើយ​ពួក​គាត់​​នឹង​មាន​​អ្នក​ថត អ្នក​សរសេរ​ដើម្បី​ផ្សព្វផ្សាយ​​ពី​ព្រឹត្តិការណ៍​នេះ ឱ្យកាន់តែមាន​ភាព​ទូលំទូលាយ​ថែម​ទៀត»។

ចំណែក​លោក លន់ បូរ៉ា ​មកពី​​យានដ្ឋាន BM បាន​ឱ្យ​ដឹង​ថា ខាង​យាន្ត​ដ្ឋាន​របស់​លោក បាន​ត្រៀម​ឡាន​ចំនួន​៣​គ្រឿង សម្រាប់​ចូលរួម​​ព្រឹត្តិការណ៍​​នេះ ហើយលោក​គិត​ថា ការ​ប្រណាំង​រថយន្ត នៅតាមតំបន់​ឆ្នេរ ​នឹង​ទទួលបានការគាំ​ទ្រ​ច្រើនជាងការ​ប្រកួត​នៅតាមព្រៃភ្នំ។​

លោក​ បូរ៉ា ជឿជាក់​ថា ក្រុម​របស់លោក នឹង​ធ្វើ​បាន​ល្អ ដើម្បី​រក្សា​តំណែង​ជើងឯក សម្រាប់ការ​ប្រកួត​ប្រណាំង​រថ​យន្ត​ Off-Road ​អន្តរជាតិ កាលពី​ឆ្នាំមុន។​

លោក​និយាយ​ថា៖ «សម្រាប់​ការ​ប្រកួត​នៅ​គីរីរម្យ កាលពី​ឆ្នាំមុន ​ពួក​ខ្ញុំ​បាន​លេខ​១ ហើយ​ឆ្នាំ​នេះ ខ្ញុំ​គិត​ថា ក្រុម​មកពីតាម​បណ្តា​ប្រទេស​ផ្សេងៗ នឹងមានការ​ត្រៀមខ្លួន​កាន់តែ​បាន​ល្អ ជាពិសេស​ខាង​ក្រុម​មកពី​ប្រទេសថៃ ដើម្បី​មកដណ្តើម​ពានពី​យើង​វិញ ប៉ុន្តែ​យើង​នៅតែ​មានសង្ឃឹម​ក្នុងការ​រក្សា​តំណែង​នេះ ព្រោះ​យើងមានការ​ហ្វឹកហាត់ជាប្រចាំ និង​ត្រៀម​ខ្លួន​បាន​ល្អ»។

លោក​បន្ថែម​ថា៖ «​ពួកខ្ញុំ​ជាជាង​ឡាន ហេតុនេះ​យើង​ដឹង​ច្បាស់ពី​របៀបនៃ​ការ​កែច្នៃ​បច្ចេក​ទេស​ឡាន ​ឱ្យ​ត្រូវនឹងមនុស្ស ព្រោះ​ឡាន និង​អ្នក​បើក តែង​នៅជាមួយគ្នា និង​បានដឹង​ច្បាស់ពី​គ្នា ហើយ​គិតមក​ដល់ពេលនេះ យើងបាន​រៀបចំ​ប្រព័ន្ធ​ឡាន​រួច​រាល់​អស់​ហើយ ចំណែក​​កីឡាករ​​របស់យើង ក៏បានបើក​សាក​ល្បង​រួច​រាល់​ដូច​គ្នា។ យើង​នឹងព្យាយាម​ឱ្យ​អស់លទ្ធភាព ដើម្បី​ការពារពាន​ផង និង​ដណ្តើម​​យក​​ពានថ្មីៗ​បន្ថែម​ទៀត»។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថ​​យន្ត​ Off-Road ​អន្តរជាតិ​ជា​លើក​ដំបូង ​នៅ​តំបន់​ឆ្នេរ ក្នុង​ទឹក​ដី​ខេត្ត​ព្រះសីហនុ​នេះ ក៏​​មាន​កម្មវិធី​បោះ​តង់កម្សាន្តលក្ខណៈ​ទ្រង់​ទ្រាយ​ធំចំនួន​​ ៤​ ថ្ងៃ​​ផង​ដែរ ​គឺ​នៅ​ឆ្នេរ​​ថ្ម​៣​ដុំ ​ជា​តំបន់​ដើម​ឈើ​ចាំ​ស្នេហ៍​ ដោយ​​​អាច​បោះ​តង់បាន​​ប្រមាណ​ ១០០០​តង់ ហើយ​មានទាំង​ស្តង់​ចំណី​អាហារ ​ដែល​មាន​ប្រព័ន្ធ​ទឹក​ស្អាត និង​ភ្លើង​​គ្រប់​គ្រាន់ ​​គឺ​​អ្នក​ចូល​រួម​​​បោះ​តង់ ​អាច​ជួប​ជុំ​កម្សាន្តសប្បាយ​​​នៅ​មាត់​សមុទ្រផង​ និង​បាន​​ទស្សនា​ព្រឹត្តិការណ៍​ប្រណាំងរថយន្ត​ Off-Road ដោយ​ផ្ទាល់​ទៀត។

លោក សេក ច័ន្ទដារ៉ា អ្នក​ទទួល​បន្ទុក​រៀបចំ​កម្ម​វិធី​បោះ​តង់ ​​បាន​និយាយ​​ថា៖ «ការ​ចូល​រួម​បោះ​តង់​នេះ​ គឺ​គ្មាន​ការ​បង់​ប្រាក់​អ្វី​ឡើយ។ យើង​ខ្ញុំ​គ្រាន់​តែ​ឱ្យ​អ្នក​ចូល​រួម​ចុះ​ឈ្មោះ​ ដើម្បី​ក្រុម​ការងារ​យើង​ខ្ញុំងាយស្រួល​​រៀបចំ​ជូន។ រហូត​ដល់​ពេល​នេះ​មាន​បង​ប្អូន​ចុះឈ្មោះ​ចូល​រួម​បាន​ច្រើន​ដែរហើយ ហើយ​អ្វី​ដែល​យើង​ខ្ញុំ​សំណូម​ពរ​​ដល់​ពួកគាត់ ​គឺសូម​ចូល​រួម​ថែរក្សា​​បរិស្ថាន និង​អនាម័យ​​ទាំង​អស់​គ្នា»។

តាម​លោក ទៀ ស្យាម បាន​ឱ្យ​ដឹង​ថា គិតមក​ដល់​ពេល​នេះ មានកីឡាករ​ប្រមាណ​៦០​នាក់ហើយ ក្នុង​នោះ​មាន​កីឡាករ​កម្ពុជា ៤០​នាក់ និង​កីឡាករ​​បរទេស​ ២០​នាក់ ​មក​ពី​ប្រទេស​ថៃ ឡាវ វៀតណាម និង​ចិន បានចុះ​ឈ្មោះ​រួចរាល់​​ សម្រាប់​​ចូល​រួម​ព្រឹត្តិការណ៍​ប្រណាំងរថយន្ត Off-Road​ចាប់​ពី​ថ្ងៃ​ទី ​២៨ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​ ២០២៤ នៅទី​លាន​ស្តង់ដា​អន្តរជាតិ ក្នុង​ទី​ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ៕