កម្ពុជា តាម​រយៈ​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ និង​ដៃគូសហការ​មួយចំនួន​ទៀត បាន​រៀបចំ​ការ​ប្រកួត​កីឡាគុនខ្មែរជើងឯក​ពិភព​លោក លើក​ទី​៥ ឆ្នាំ​២០២៤ (The 5th Kun Khmer Championship 2024) នៅ​លើ​ទឹក​ដី​អង្គរ ខេត្តសៀម​រាប កាន់តែ​ធំ ដើម្បីសម្រួច​ទិសដៅធំ ក្នុងការ​ដាក់​កីឡាអត្តសញ្ញាណជាតិ​មួយនេះ ចូលទៅក្នុង​ការ​ប្រកួត​កីឡាអូឡាំពិក​ហ្គេម នាពេល​អនាគត។

លោក មៀម រ៉ា ប្រធានសហព័ន្ធ​​គុនខ្មែរ​អន្តរជាតិ បាន​ប្រាប់នៅ​ក្នុងសន្និសីទ​កាសែត កាលពី​ថ្ងៃអង្គារ​ថា ការ​ប្រកួត​កីឡាគុនខ្មែរជើងឯក​ពិភព​លោក ឆ្នាំ​២០២៤ ដែល​នឹង​​ធ្វើ​នៅ​អង្គរ ខេត្ត​សៀម​រាប ពីថ្ងៃទី​៦ ដល់​ទី​៨ ខែធ្នូ ខាង​មុខ​នេះ មានកីឡាករ កីឡាការិនី​ចូលរួម​ចំនួន​១១៨នាក់ មកពី​២៤​ប្រទេស គឺ​មានការ​កើន​ឡើងច្រើន បើ​ប្រៀប​ធៀប​ទៅនឹង​ការ​ប្រកួត​ចំនួន​៤​លើក​កន្លងមក។

នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​២៤នេះ ម្ចាស់​ផ្ទះ​កម្ពុជា បានត្រៀម​កីឡាករ​២០នាក់ និង​កីឡាការិនី​៥​នាក់ សរុប​២៥នាក់ ដើម្បី​ចូលរួម​ការ​ប្រកួត​កីឡាគុនខ្មែរជើងឯកពីភពលោក ឆ្នាំ​២០២៤​នេះ ចំណែក​ប្រទេសបារាំង បញ្ជូន​ប្រតិភូ​កីឡា​​មកច្រើនជាង​គេ គឺ​ចំនួន​១៧នាក់ រីឯ​ប្រទេសកៀរហ្ស៊ីស៊ីស្ថាន អ៊ីរ៉ង់ និងរុស្ស៊ី ក៏នឹង​បញ្ជូន​ប្រតិភូកីឡា​របស់​ខ្លួនច្រើនជាង​១០នាក់ មក​ចូលរួម​ផងដែរ។

លោក មៀម រ៉ា បាន​​ថ្លែងថា ៖ ​«ឆ្នាំ​​នេះជាជួបទី​៥នៃព្រឹត្តិការណ៍​របស់​យើង អីចឹង​យើង​រៀបចំការ​ប្រកួត​ធំ​ជាង​រាល់​ដង ចំណែក​​កីឡាករ កីឡាការិនី និង​ប្រទេស​ចូលរួម​ក៏មានច្រើន ហើយ​ការ​ប្រកួត​យើង​យក​លំនាំ​តាម​ស៊ីហ្គេម។ យើង​ក៏មាន​ការ​ប្រកួត​កម្រិត​អាជីព ដែល​​យើង​នឹង​ដាក់​កីឡាករ​ល្បីៗ​ និង​អ្នក​ដែល​ធ្លាប់​ដណ្តើម​បានខ្សែ​ក្រវាត់ កាលពី​ឆ្នាំមុន ឱ្យ​ចូល​​ប្រកួត»។

ក្រៅពីការ​ប្រកួតកម្រិត​ពាក់កណ្តាល​អាជីព និងអាជីព ព្រឹត្តិការណ៍​ដ៏ធំនេះ  ក៏​មាន​ការ​ប្រកួត​យុវជន​អាយុ​ចាប់ពីអាយុ ១០ ដល់ ១៣ឆ្នាំ និង​អាយុ ១៤ ដល់ ១៧ឆ្នាំផងដែរ ហើយការ​ដាក់​ឱ្យ​មានការ​ប្រកួត​កម្រិត​ថ្នាល​នេះ គឺ​ដើម្បី​ផ្តល់​ឱកាស​ឱ្យកីឡាករ​ក្មេងៗ បានប្រកួត​គ្នា​ពង្រឹង​សមត្ថភាព​កាន់តែ​ល្អ សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡាយុវជនអាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩ ដែល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ ព្រមទាំង​សម្លឹង​ទៅ​រកការទទួលបានឱកាស​​ប្រកួត​អូឡាំពិក​ហ្គេម នាពេលអនាគត​ផងដែរ។​

លោក មៀម រ៉ា បានបញ្ជាក់ថា៖ «ទិសដៅ​របស់​សហព័ន្ធគុនខ្មែរ​អន្តរជាតិ គឺឆ្ពោះ​ទៅ​កាន់​ការ​ប្រកួតកីឡាយុវជន​អាស៊ី ឆ្នាំ​២០២៩ នៅ​កម្ពុជា ហើយយើងក៏សម្លឹង​ទៅ​ការ​ប្រកួត​អូឡាំពិកហ្គេម ឆ្នាំ២០៣២ នៅប្រទេសអូស្រ្តាលីផងដែរ គឺ​បើ​យើង​អាច​ដាក់គុនខ្មែរ​​ចូល​​ទៅក្នុងការ​ប្រកួតនោះ​បាន គឺជា​រឿង​ល្អ​បំផុត»។

យ៉ាង​ណាក៏​ដោយ ដើម្បី​អាច​ដាក់​បញ្ចូល​ «គុនខ្មែរ» ទៅក្នុង​ការ​​ប្រកួត​អូឡាំពិក​​​បាន លុះ​ត្រា​តែ សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ ​មានសមាជិកគាំ​ទ្រ​​​១០០ប្រទេស ខណៈ​ពេល​នេះមានប្រទេសជាសមាជិក​​ចំនួន​៦០​ហើយ ហើយ​​កម្ពុជា ចង់​ឱ្យប្រទេសជាសមាជិក​​ទាំង​នេះ ជួយ​ពង្រីក​សក្តានុពល​គុនខ្មែរបន្ថែម​ទៀត ដើម្បី​អាច​ដាក់​កីឡាអត្តសញ្ញាណជាតិ​​នេះ ទៅក្នុង​​អូឡាំពិក​ហ្គេម​ បន្ទាប់ពីកម្ពុជា បាន​ទទួល​ជោគ​ជ័យ ក្នុង​ការ​ដាក់​គុនខ្មែរ ទៅ​ក្នុងការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុងនាមជា​ម្ចាស់​ផ្ទះ។

លោក​បញ្ជាក់​ថា៖ «​ដើម្បី​សម្រេចគោលដៅ​ឱ្យបាន​សមាជិក​១០០​ប្រទេស យើង​ត្រូវ​បញ្ចុះបញ្ចូល​ប្រទេសជាសមាជិក​ ឱ្យ​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ​​នៅតាមទ្វីប គឺ​នៅតាម​ទ្វីបនីមួយៗ នឹងរៀបចំ​ឱ្យ​មានការ​ប្រកួត​ជើងឯក​ប្រចាំទ្វីប  ដោយ​ឆ្នាំ​ក្រោយ​នេះ យើង​គ្រោងទៅបារាំង អាហ្វិ្រក អូស្ត្រាលី កូរ៉េខាងត្បូង ហើយបកមកអាស៊ីវិញ រួចបន្តទៅកាណាដា ដែល​គេ​នឹង​រៀបចំការប្រកួតជើងឯកទ្វីបអាមេរិក នៅទី​នោះ ដោយមានអាមេរិក កាណាដា ម៉ិចស៊ិច និង​ប្រេស៊ីលចូល​រួម គឺ​ចាប់ពីខែមេសា ឆ្នាំ២០២៥ទៅ យើង​នឹងមានការរៀបចំ២ខែម្ដង ទៅតាមទ្វីបនីមួយៗ»។

ចំណែក​លោក តែម ម៉ឺន ប្រធានកិត្តិយស​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ និងជាអគ្គលេខាធិការ​រង​​នៃ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា​ បាន​​កោតសរសើរ​ចំពោះ​សហព័ន្ធ​​គុន​ខ្មែរ​អន្តរជាតិ និង​ដៃគូសហការ​ទាំងអស់ ដែលខិតខំ​ប្រឹងប្រែង​​រៀបចំឱ្យ​មាន​​ការ​ប្រកួតកីឡា​គុន​ខ្មែរ​ជើងឯក​ពិភពលោក ចំនួន​៤លើក​កន្លងមក និង​បន្ត​រៀបចំព្រឹត្តិការណ៍នេះ កាន់តែ​ធំ​ ដើម្បី​ផ្សព្វ​ផ្សាយ និងពង្រីកពីកិត្យានុភាពកីឡា​គុន​ខ្មែរ ទៅកាន់ពិភព​លោក។

លោក​បញ្ជាក់​ថា៖​ «ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងចំនួន​៤​ដង​មកហើយ ចំណែក​​ឆ្នាំនេះ​​យើង​បន្ត​រៀបចំ​កាន់តែ​ធំ ហើយនេះជា​កិត្តិយស​ និងកិត្យានុភាព​នៃ​ប្រទេស​កម្ពុជា​យើង ដែល​យើង​បានផ្សារ​ភ្ជាប់​សកម្មភាព​កីឡា​ជាមួយ​អន្តរជាតិ ហើយ​ការងារនេះ ក៏បាន​រួមចំណែក​ផ្សព្វ​ផ្សាយ​ពី​វិស័យ​កីឡាប្រដាល់​គុនខ្មែរ​របស់​យើង ដើម្បី​ឱ្យពិភពលោក​បានស្គាល់ និង​បានដឹង​កាន់តែ​ច្បាស់​ផងដែរ»៕