ក្រុមកីឡាការិនីជម្រើសជាតិអេឡិចត្រូនិកកម្ពុជា ដែលគេប្រសិទ្ធនាមថា ជាក្រុមអ្នកចម្បាំងអង្គរ (Angkor Warriors) បាននាំយកមេដាយប្រាក់ ដែលពួកគេដណ្តើមបានពីការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក លើកទី១៦ (16th IESF World E-Sports Championship 2024) លើវិញ្ញាសា Mobile Legends: Bang Bang នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត មកដល់មាតុប្រទេសវិញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
បើទោះបីជាក្រុម Angkor Warriors មិនអាចដណ្តើមបានមេដាយមាស ប៉ុន្តែការឈ្នះបានមេដាយប្រាក់នេះ ត្រូវបានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ចាត់ទុកថា ជាការបង្កើតប្រវត្តិសាស្រ្តថ្មី ចំពោះក្រុមកីឡាការិនី E-Sports កម្ពុជា សម្រាប់ការបានទៅប្រកួតដល់ជុំចុងក្រោយនៃព្រឹត្តិការណ៍ World E-Sports Championship នេះ ជាលើកដំបូង បន្ទាប់ពីពួកគេ បានឆ្លងកាត់ប្រកួតជម្រុះប្រចាំតំបន់អាស៊ានជាច្រើនលើក ដោយបានឈ្នះក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងហ្វីលីពីន តែចាញ់ក្រុមនារីឥណ្ឌូនេស៊ី។
លោក លន់ សាមឌី អគ្គលេខាធិការ EFC បាននិយាយពេលលោកដឹកនាំក្រុម Angkor Warriors មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះថា៖ «នេះជាលើកដំបូង ដែលក្រុមកីឡាការិនីរបស់យើង បានចូលរួមប្រកួតជើងឯកពិភពលោក ហើយទម្រាំទទួលបានលេខ២នេះ គឺមិនធម្មតាទេ ដោយក្រុមយើងបានឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល និងស្វិតស្វាញបំផុត»។
សម្រាប់ការប្រកួតជុំចុងក្រោយ ពីថ្ងៃទី១៦ ដល់ទី២០ ខែវិច្ឆិកានៃព្រឹត្តិការណ៍ World E-Sports Championship 2024 ដែលមាន៤៩ប្រទេសចូលរួមនេះ ក្រុមនារីអ្នកចម្បាំងអង្គរ បានទទួលចំណាត់ថ្នាក់លេខ២ ប្រចាំពូលB បន្ទាប់ពីពួកគេបានយកឈ្នះក្រុមកីឡាការិនីជម្រើសជាតិនេប៉ាល់ អាហ្សង់ទីន ម៉ុងហ្គោលី កូឡុំប៊ី តែបានចាញ់ក្រុមលេខ១របស់អ៊ុយក្រែន រីឯក្រុមនេប៉ាល់ បានលេខ៣។
ជាមួយលទ្ធផលនេះ ក្រុមនារីកម្ពុជា ត្រូវឡើងទៅជួបក្រុមលេខ១ពូលAរបស់ឥណ្ឌូនេស៊ី នៅវគ្គ Upper Bracket Semifinal រីឯក្រុមនារីអ៊ុយក្រែន ត្រូវជួបក្រុមលេខ២ពូលA មកពីអេហ្ស៊ីប ក្នុងវគ្គនេះដូចគ្នា ចំណែកក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត ដែលបានលេខ៣ប្រចាំពូលA បានធ្លាក់ទៅប្រកួតនៅកម្រិត Lower Bracket ដោយរង់ចាំក្រុមទាំង២ ដែលបានចាញ់ក្នុងវគ្គ Upper Bracket។
តាមរយៈការប្រកួតនោះ ក្រុមនារីកម្ពុជា នៅតែបន្តចាញ់ក្រុមកីឡាការិនីរបស់ឥណ្ឌូនេស៊ី ២-០ ហើយក្រុមអ៊ុយក្រែន ក៏បានចាញ់ក្រុមអេហ្ស៊ីប ២-០ ដូចគ្នា។ លទ្ធផលនេះបានជួយឱ្យក្រុមឥណ្ឌូនេស៊ី និងអេហ្ស៊ីប ឡើងទៅជួបគ្នានៅវគ្គ Upper Bracket Final ម្តងទៀត ចំណែកក្រុមកម្ពុជា និងអ៊ុយក្រែន បានធ្លាក់មកប្រកួតក្នុងវគ្គខ្វែង Lower Bracket ជាមួយក្រុមនារីនេប៉ាល់ និងក្រុមអារ៉ាប៊ីសាអ៊ូឌីត។
យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតវគ្គខ្វែង Lower Bracket នេះ ក្រុមនារីកម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត ២-១ ហើយក្រុមនារីរបស់អ៊ុយក្រែន បានទម្លាក់ក្រុមនារីនេប៉ាល់ ដោយបានយកឈ្នះ ២-០ ផងដែរ ធ្វើឱ្យក្រុមមកពីពូលBជាមួយគ្នានេះ ឡើងទៅជួបគ្នានៅវគ្គ Lower Bracket Simifinal ម្តងទៀត។
សម្រាប់ការជួបគ្នាជាថ្មីនេះ ក្រុមនារីកម្ពុជា បានសងសឹកលើក្រុមនារីអ៊ុយក្រែន បានសម្រេច តាមរយៈការយកឈ្នះ ២-០ វិញ ដើម្បីឡើងទៅប្រកួតវគ្គ Lower Bracket Final ជាមួយក្រុមនារីអេហ្ស៊ីប ដែលបានចាញ់ក្រុមនារីឥណ្ឌូនេស៊ី ២-១ នៅវគ្គ Upper Braket Final ហើយក្រុមកម្ពុជា បានវាយបកយកឈ្នះក្រុមអេហ្ស៊ីប ដោយលទ្ធផល ២-១។
តែទោះបីជាយ៉ាងណា សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកមេដាយមាស នៅវគ្គ Grand Final គឺក្រុម Angkor Warriors របស់កម្ពុជា នៅតែមិនអាចយកឈ្នះក្រុមខ្លាំងរបស់ឥណ្ឌូនេស៊ី បានដដែល ដោយពួកគេបានបន្តចាញ់ ២-០ និងបានមេដាយប្រាក់ អមជាមួយប្រាក់រង្វាន់ចំនួន២៥០០០ដុល្លារ ខណៈក្រុមមេដាយមាសរបស់ឥណ្ឌូនេស៊ី បាន៥ម៉ឺនដុល្លារ រីឯក្រុមម្ចាស់មេដាយសំរឹទ្ធរបស់អេហ្ស៊ីប បាន ១៥០០០ដុល្លារ ចំណែកក្រុមលេខ៤ អ៊ុយក្រែន ក៏បានប្រាក់រង្វាន់១ម៉ឺនដុល្លារផងដែរ។
ជាមួយការដណ្តើមបានមេដាយប្រាក់កម្រិតពិភពលោកនេះ កីឡាការិនី ឆៃលីម កិន្នារី ដែលជាប្រធានក្រុម Angkor Warriors បាននិយាយថា៖ «សម្រាប់ការប្រកួតនេះ យើងរំពឹងបានត្រឹមចូល Top3 អីទេ ប៉ុន្តែយើងបានដល់លេខ២ ហើយខ្ញុំពេញចិត្តនឹងស្មារតីប្រយុទ្ធរបស់ក្រុមខ្ញុំ ដែលបានធ្លាក់ទៅលេងកម្រិត Lower ហើយ តែបានខំប្រឹងប្រែងលេងដោយឆន្ទៈ រហូតឡើងមកដល់វគ្គ Grand Final»។
តែទោះបីជាយ៉ាងណា ការចាញ់ក្រុមកីឡាការិនីជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផល ២-០ ដូចគ្នាទាំងការប្រកួតជម្រុះក្នុងតំបន់អាស៊ាន រួមទាំងវគ្គ Upper Bracket Semifinal និងវគ្គ Grand Final សម្រាប់ការប្រកួតនេះ វាបានក្លាយជាចំណុចខ្សោយមួយ ដែល ឆៃលីម កិន្នារី មើលឃើញថា មកពីក្រុមរបស់ខ្លួន មានបទពិសោធន៍តិចជាងក្រុមនារីឥណ្ឌូនេស៊ី។
ជាមួយហេតុផលនេះ លោក លន់ សាមឌី បានអះអាងថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងជំរុញបន្ថែមទៀត ដល់ក្រុមនារី E-Sports កម្ពុជា សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលប្រភេទកីឡា E-Sports នេះ គឺមានវិញ្ញាសា Mobile Legends ទាំងផ្នែកបុរស និងនារី អ៊ីចឹងយើងត្រូវប្រឹងប្រែងជំរុញបន្ថែម ឆ្ពោះទៅកាន់ការប្រកួតនោះ។
លោកបញ្ជាក់ថា៖ «ប្រទេសខ្លាំងៗនៅក្នុងតំបន់អាស៊ានមួយចំនួន មានចំណាត់ថ្នាក់ពិភពលោកហើយ ជាពិសេសឥណ្ឌូនេស៊ី ហើយឥឡូវកម្ពុជាយើង ក៏បានជាប់ចំណាត់ថ្នាក់លេខ ២ ពិភពលោកដែរ ប៉ុន្តែដើម្បីទទួលបានជោគជ័យបន្ថែម យើងត្រូវពង្រឹងបន្ថែមទៀត គឺក្លិបត្រូវតែបង្កើនការហ្វឹកហាត់ដល់ពួកគាត់ ហើយសហព័ន្ធ នឹងបង្កើតឱ្យមានការប្រកួតបន្ថែម ដើម្បីឱ្យពួកគាត់បានប្រកួត ពង្រឹងសមត្ថភាពឱ្យកាន់តែបានល្អដូចគ្នា»៕