គិត​មក​ដល់​ពេល​នេះ ប្រតិភូ​កីឡាប្រដាល់​គុនខ្មែរ បាន​ត្រៀម​ខ្លួន​រួចរាល់​អស់​ហើយ ដើម្បី​រៀបចំ​ការប្រកួត​ជើងឯក​គុនខ្មែរ​អន្តរជាតិ​កម្ពុជា ក្រិក ជា​ប្រវត្តិសាស្រ្ត​លើកដំបូង នៅទី​ក្រុង Heraklion ​កោះ Crete ប្រទេស​ក្រិក នា​ថ្ងៃទី​២៤ ខែវិច្ឆិកានេះ  បន្ទាប់ពីប្រតិភូកីឡា​ប្រដាល់​គុនខ្មែរ​មួយ​ក្រុម​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី ​ដែលមានវប្បធម៌​ក្បាច់គុនដ៏ចំណាស់មួយនេះ កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា។

លោក ខូវ ឆាយ ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បាន​លើក​ឡើង ក្នុងសន្និសីទ​កាសែត កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​ថា ការ​ចេញ​ទៅ​ប្រកួតនៅប្រទេស​ក្រិក ជាលើក​ដំបូង​នេះ ​ជាកំណត់​ត្រា​ថ្មី​មួយ ដែល​កម្ពុជា បានបញ្ជូនប្រតិភូកីឡាទៅ​ចូលរួមក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ក្រោមកិច្ចសហការជាមួយ​ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) និង​មានការ​ឧបត្ថម្ភធំ​ពីក្រុមហ៊ុនវឌ្ឍនៈ​ប្រ៊ូវើរី។

លោក​បាន​បន្ថែម​ថា ក្រៅ​ពី​ការ​បញ្ជូន​កីឡាករ៧នាក់ និង​កីឡាការិនី​​១នាក់​ទៅ​ប្រកួត កម្ពុជា ក៏បានបញ្ជូនគ្រូ​បង្វឹកគ្រូ​​បង្វឹក មន្រ្តី​សហព័ន្ធ ក្រុម​ភ្លេង​ប្រពៃណីខ្មែរ និងចៅ​ក្រម​អាជ្ញាកណ្តាល​១នាក់ សម្រាប់​ចូលរួមរៀបចំ និង​កាត់សេចក្តី​ នៅ​ក្នុងការ​ប្រកួត​នៅ​ប្រទេស​ក្រិក​ផងដែរ ដែល​​ធ្វើ​ឡើង​តាមសំណើរ​របស់ភាគីក្រិក ហើយ​នេះជា​ព្រឹត្តិការណ៍​ដ៏សំខាន់ ដើម្បីផ្សព្វ​ផ្សាយ​គុនខ្មែរ ទៅកាន់ពិភពលោក។​​

លោក​ ខូវ ឆាយ ​បញ្ជាក់​​ថា៖ ​«ការ​ចេញ​ទៅ​ប្រទេស​ក្រិក​នេះ ជាបេសកកម្ម​ដ៏វិសេស​វិសាល ដែល​មិនត្រឹម​តែ​ចូលរួមការ​ប្រកួត​ទេ ប៉ុន្តែ​យើង​ទៅ​បង្ហាញ​ឱ្យពិភព​លោក​បាន​ឃើញ​ពី​សិល្បៈ​ក្បាច់​គុន​បុរាណ​ខ្មែរ ព្រមទាំង​​ផ្សព្វ​ផ្សាយ​​ឱ្យគេ​ទទួល​ស្គាល់​ ស្ងប់ស្ញែង និង​ងាក​មក​ហាត់​គុនខ្មែរ​ ហើយ​ឈាន​ទៅដល់ការ​បើក​ក្លិប និងបើក​សហព័ន្ធប្រដាល់គុនខ្មែរ នៅតាមប្រទេស​នានា ក្នុង​តំបន់​អឺរ៉ុប ដើម្បី​ឱ្យ​គ្រប់ប្រទេស នៅលើ​សកល​លោក ទទួលស្គាល់​គុនខ្មែរ​របស់​យើង»។

ដោយសារ​ក្រិក ជាប្រទេស​ដែលមាន​វិប្បធម៌​ក្បាច់គុនដ៏​ចំណាស់ និងជាប្រទេស​ដើមកំណើត​នៃ​​ព្រឹត្តិការណ៍កីឡាអូឡាំពិក​​ផងដែរ លោក ខូវ ឆាយ បាន​យល់​ឃើញ​ថា ការ​សហការ​រៀបចំ​ឱ្យមាន​ការ​ប្រកួតជើងឯកគុនខ្មែរអន្តរជាតិកម្ពុជា ក្រិក​នេះ នឹង​ធ្វើ​ឱ្យ​ប្រទេស​ផ្សេងៗ​ទៀត នៅ​ក្នុងតំបន់​អឺរ៉ុប មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពីគុនខ្មែរ ហើយ​នេះជាការ​បោះជំហាន​ទៅមុខ​មួយ​កម្រិត​ទៀត ដើម្បី​ឈា​ន​ទៅ​សម្រេច​គោលដៅ​ដាក់ «គុនខ្មែរ» ទៅ​ក្នុង​អូឡាំពិក។​

លោក ឆាយ បានសង្កត់ធ្ងន់​​ថា៖ ​«យើង​​ធ្វើ​ម៉េច​ឱ្យ​គុនខ្មែរ​របស់​យើង បាន​ក្លាយ​ទៅជា​ប្រភេទ​កីឡាមួយ នៅ​ក្នុង​អូឡាំពិក​ ហើយ​​ត្រូវ​បានប្រទេស​នានា នៅលើ​ពិភពលោក ចូលរួម​ប្រកួត​ប្រជែង​ដណ្តើម​យក​មេដាយ និងពាន​រង្វាន់​របស់​គុនខ្មែរ​យើង។ នេះជា​ផែនការ ដែល​យើងចង់​បាន​ទៅ​ថ្ងៃអនាគត ហេតុនេះ​យើង​ត្រូវ​ប្រឹងប្រែង​ទាំងអស់​គ្នា»។

ចំណែក​កញ្ញា ឡុង ស៊ីណេត តំណាង​ឱ្យក្រុមហ៊ុនវឌ្ឍនៈ​ប្រ៊ូវើរី បាន​និយាយ​ថា៖ ​«នេះជាជំហាន​ថ្មី​មួយ​របស់​គុនខ្មែរ ក៏ដូចជា​កម្ម​វិធី Krud Kun Khmer ​បោះជំហាន​ទៅកាន់​ទ្វីប​អឺរ៉ុប ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ជាពិសេស​ប្រទេស​ក្រិកនេះ ដែល​មាន​វប្បធម៌​វ័យចំណាស់​ដូច​កម្ពុជា​ដែរ ហើយនេះជាការពាំនាំ​ស្តង់ដា​រៀបចំ​ការ​ប្រកួត​គុនខ្មែរ​របស់​យើង ដើម្បី​ឱ្យ​អន្តរជាតិ​បានស្គាល់​កាន់តែ​ច្រើន»។​

សម្រាប់​ការប្រកួត​ជើងឯកគុន​ខ្មែរ​អន្តរជាតិកម្ពុជា ក្រិក​នេះ មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ចំនួន​៥គូ ដោយ​ក្នុង​នោះ លន បញ្ញា ត្រូវជួប​កីឡាករ​ម្ចាស់​ផ្ទះ Mario Gousho ក្នុងទម្ងន់​៦៦​គីឡូក្រាម រីឯ ធន់ ស៊ីហង ត្រូវ​ប៉ះ​កីឡាករ Tahir Dervishi ក្នុង​ទម្ងន់​៥៧គីឡូក្រាម ហើយ​ គឹម វាសនា ត្រូវ​ប្រកួតជាមួយ Vasilis Paraskevopoulos ក្នុងទម្ងន់​៧២គីឡូក្រាម ខណៈ Sorn សន រ៉ាគីម ត្រូវ​តទល់​នឹង​កីឡាករ Ention Mouchai ក្នុង​ទម្ងន់​៦៣,៥​គីឡូ​ក្រាម។

ចំណែក​អ្នក​លេង​កណ្តាប់ដៃ ធន់ រិទ្ធី ត្រូវ​វ៉ៃដណ្តើម​ខ្សែ​ក្រវាត់ជាមួយ​កីឡាករម្ចាស់​ផ្ទះ Panagiotis Kousis ក្នុងទម្ងន់​៧៥គីឡូក្រាម រីឯ​កីឡាករ ឡុង សុវណ្ណឌឿន, គង់ សំបូរ និង​កីឡាការិនី ធន់ ស្រីពេញ ត្រូវ​ប្រកួត​ដណ្តើម​ពាន ជាមួយ​កីឡាករ កីឡាការិនី​របស់​ប្រទេស​ក្រិកទៅតាម​ប្រភេទ​ទម្ងន់រៀងៗ​ខ្លួន ដោយ​​ការ​ប្រកួតនេះ នឹងចាប់​ផ្តើម​ពី​ល្ងាចម៉ោង​៦​នៅ​ក្រិក ត្រូវនឹង​ម៉ោង​១០​យប់ នៅកម្ពុជា ហើយទូរទស្សន៍ជាតិកម្ពុជា នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​ទាំង​៨គូ​នេះ។

ជុំវិញនឹងការ​ចេញ​ទៅប្រកួត​ជា​លើកដំបូង នៅប្រទេស​ក្រិក​នេះ កីឡាករ កីឡាការិនី​ទាំង​៨នាក់​របស់​កម្ពុជា សុទ្ធតែ​អះអាងពីការ​​ត្រៀម​ខ្លួន​បាន​ល្អ និង​​ប្រឹង​ប្រែង​ប្រកួត​ឱ្យ​អស់ពី​សមត្ថ​ភាព ដើម្បី​ដណ្តើម​យកជ័យជម្នះ ព្រមទាំង​ធ្វើ​ឱ្យ​ពិភពលោក​បាន​មើល​ឃើញកាន់តែ​ច្បាស់​ពី​ភាពសម្បូរបែបនៃ​សិល្បៈក្បាច់គុន​បុរាណ​ខ្មែរ។  

កីឡាករមាន​វ័យ​ចាស់​វស្សាជាង​គេ ឡុង សុវណ្ណឌឿន បាន​និយាយ​ថា៖​ «សម្រាប់​​ការ​ប្រកួត​នៅ​ក្រៅ​ស្រុក​កន្លងមក ខ្ញុំនៅ​មិនទាន់ទទួល​បានជោគជ័យ​ទេ តែ​ការ​ចេញ​ប្រទេស​ក្រិកលើក​​នេះ ខ្ញុំ​បានត្រៀម​ខ្លួន​យ៉ាងពិសេស ដើម្បី​ដណ្តើម​ឱ្យបានជោគ​ជ័យ ហើយ​ក្រៅពី​ប្រកួត ខ្ញុំ​ចង់ពាំនាំ​យក​វប្បធម៌​ និងអរិយធម៌​ដ៏ចំណាស់​របស់ខ្មែរ ទៅ​បង្ហាញ​នៅលើ​ទឹក​ដី​ដ៏ចំណាស់​របស់​ក្រិក​ផងដែរ»។

ចំណែក​ម្ចាស់មេដាយមាសស៊ីហ្គេម លន បញ្ញា បាន​និយាយ​ថា៖​«សម្រាប់​ការ​ប្រកួត​លើក​នេះ ​ខុស​ប្លែក​ពី​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​ក្នុងស្រុក​ ព្រោះ​វាជាការ​ប្រកួត ដើម្បី​ផ្សព្វ​ផ្សាយ និង​បង្ហាញ​ពី​ស្នៀត​ក្បាច់គុន​ខ្មែរ ឱ្យ​ទៅកាន់​ពិភព​លោក​បានស្គាល់ អ៊ីចឹង​ខ្ញុំ​ប្តេជ្ញា​ដណ្តើម​ឱ្យបានជ័យជម្នះ​ត្រឡប់មក​មាត់​ប្រទេស​វិញ ដោយខ្ញុំមានសង្ឃឹម​៩០​ភាគ​រយ»៕