ក្រុមកំពុងឈរនៅលេខរៀងទី២ នៃលីគកំពូលកម្ពុជា វិសាខា បានថមថយឱកាសមួយកម្រិត ក្នុងការតាមប្រជែងយកលេខ១ពីក្រុមភ្នំពេញក្រោន បន្ទាប់ពីពួកគេ មិនអាចសងសឹកទៅលើក្រុមណាហ្គាវើលដ៍ បាន ខណៈដែល ភ្នំពេញក្រោន នៅតែអាចរក្សាកំណត់ត្រាមិនធ្លាប់ចាញ់របស់ខ្លួនជាលើកទី១២នោះ។
បើទោះបីជា៩ប្រកួតកន្លងមកនេះ ក្រុមវិសាខា បានឈ្នះ៨លើក មុនពេលស្មើគ្នា ៣-៣ ជាមួយក្រុមភ្នំពេញក្រោន ប៉ុន្តែពួកគេ ស្ទើរតែចាញ់ក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៍ ១-០ ជាថ្មីម្តងទៀត សម្រាប់ការជួបគ្នា ក្នុងជើងទី២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃអាទិត្យ ព្រោះខ្សែប្រយុទ្ធ Yusuke Minagawa រកបានគ្រាប់បាល់បើកឆាកឱ្យក្រុមណាហ្គា បានមុន នៅនាទីទី៣៤ ប៉ុន្តែត្រូវបានខ្សែប្រយុទ្ធរបស់កូរ៉េខាងត្បូង Park Jungbin រកបាន១គ្រាប់វិញឱ្យវិសាខា នៅនាទីទី៥៩ ដើម្បីជួយឱ្យក្រុមទាំង២ស្មើគ្នា ១-១។
យ៉ាងណាក៏ដោយ ក្រុមវិសាខា ហាក់មិនសូវសប្បាយចិត្តជាមួយលទ្ធផលស្មើគ្នា ១-១ ជាមួយណាហ្គាវើលដ៍ នេះទេ ព្រោះការរកបាន១ពិន្ទុនេះ បានធ្វើឱ្យពួកគេ មានគម្លាតពិន្ទុដាច់ឆ្ងាយពីក្រុមកំពុងឈរនៅលេខ១ ភ្នំពេញក្រោន រហូតដល់៨ពិន្ទុ គឺ ៣៤ទល់នឹង២៦ពិន្ទុ ព្រោះ ភ្នំពេញក្រោន នៅតែអាចរកបាន៣ពិន្ទុបន្ថែម សម្រាប់ការប្រកួតលើកទី១២របស់ខ្លួនជាមួយក្រុមកងយោធពលខេមរភូមិន្ទ។
សម្រាប់ការដណ្តើមបាន៣ពិន្ទុពីក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ លោក Oleg Starynskyi គ្រូបង្គោលក្រុមភ្នំពេញក្រោន បាននិយាយថា៖ «ការឈ្នះ៣ពិន្ទុនេះពិតជាសំខាន់ណាស់ ព្រោះការប្រកួតមានភាពស្វិតស្វាញខ្លាំង។ យើងធ្វើបានយ៉ាងល្អ តាមរយៈការវាយបកយ៉ាងរហ័ស»។
តាមរយៈការប្រកួតយ៉ាងស្វិតស្វាញ នៅកីឡដ្ឋាន Smart RSN កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកានោះ ភ្នំពេញក្រោន ហាក់មិនហ៊ានប្រថុយប្រឋានវាយសម្រុកទៅលើក្រុមទ័ព ប៉ុន្មានទេ ព្រោះពួកគេ ក៏មានការបារម្ភទៅលើការវាយបករបស់ក្រុមទ័ពផងដែរ ជាពិសេសការបញ្ចប់ទីដ៏មានគុណភាពរបស់ខ្សែប្រយុទ្ធ Josemar Balanga Agostinho ដែលកំពុងឈរលេខ១ ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ ជាបណ្តោះអាសន្ន។
ប៉ុន្តែបន្ទាប់ពី Josemar មានរបួស និងត្រូវបានប្តូរចេញនៅនាទីទី២១ គឺអ្វីៗមានការប្រែប្រួល ធ្វើឱ្យភ្នំពេញក្រោន អាចរកបាន៣គ្រាប់ជាប់ៗគ្នា ពីការរកបានគ្រប់បាល់របស់ Ogawa Yudai នៅនាទីទី២៦ RAFAEL ANDRES NIETO RONDON នៅនាទីទី៣៦ និង JELLE JOOST GOSELINK នៅនាទីទី៤៨ មុនពេលខ្សែប្រយុទ្ធ SHORI MURATA រកបាន១គ្រាប់វិញឱ្យក្រុមទ័ព នៅនាទីទី៦២។
លោក ភា សុភ័ត្ត្រា គ្រូបង្គោលក្រុមទ័ព បានបង្ហាញការសោកស្តាយខ្លាំង ចំពោះការចាញ់ក្រុមភ្នំពេញក្រោន ៣-១ លើកនេះ។ លោកបានអះអាងថា ការចាញ់នេះ ដោយសារតែក្រុមរបស់លោក មិនអាចលេងទៅតាមផែនការដែលបានរៀបចំ បន្ទាប់ពីម្ចាស់អាវលេខ៩ Josemar មានរបួស មិនអាចបន្តលេងទៀតបាន។
លោក សុភ័ត្ត្រា បាននិយាយក្រោយការប្រកួតថា៖ «អ្វីដែលសោកស្តាយបំផុតនោះ គឺក្រោយពេលដែល Josemarមានរបួស ធ្វើឱ្យផែនការដែលយើងហ្វឹកហាត់ប៉ុន្មានថ្ងៃមកនេះ មិនអាចដំណើរការទៅមុខទៀតបាន។ នៅពេលដែលមាន Josemar គឺខ្សែការពាររបស់ ភ្នំពេញក្រោន ២នាក់អត់ហ៊ានឡើងទេ តែក្រោយពេលគាត់របួស អ្វីៗត្រូវបានផ្លាស់ប្ដូរ ខ្សែការពារទាំង២របស់គេហ៊ានឡើងចែកបាល់ដល់តំបន់កណ្តាល ដោយសារគ្រូបង្វឹកគេ មានភាពឆ្លាតវៃ ក្នុងការរៀបចំផែនការលេង»។
សម្រាប់ការប្រកួត កាលពីថ្ងៃសៅរ៍នោះដែរ ក្រុមព្រះខ័នរាជស្វាយរៀង បានលត់ក្រុម ISI ដង្កោសែនជ័យ ៦-០ សម្រាប់ការប្រកួតលើកទី១០របស់ពួកគេ ដើម្បីឈរនៅលេខ៣ មាន២២ពិន្ទុ ស្មើជាមួយក្រុមណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ ចំណែកខ្សែប្រយុទ្ធធ្លាប់ល្បីឈ្មោះ ទើបជាពីរបួស ចាន់ វឌ្ឍនាកា រកបានគ្រប់បាល់ជាលើកដំបូង ដើម្បីជួយឱ្យក្រុមបឹងកេត យកឈ្នះក្រុមគិរីវង់សុខសែនជ័យ ៣-១ កាលពីថ្ងៃអាទិត្យ ធ្វើឱ្យ បឹងកេត បន្តឈរនៅលេខ៦ មាន១៧ពិន្ទុ៕