គ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជស្វាយរៀង លោក Jose Munoz បាន​ទម្លាយ​ពី​មូល​ហេតុ​ចម្បង ដែល​លោក​នៅតែមិនទាន​អាច​ដាក់​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ ប្រាក់ មុន្នីឧត្តម ឱ្យ​ចូលលេង នៅ​ក្នុងជម្រើស​១១នាក់ដំបូង បើទោះបីជា​ មុន្នីឧត្តម ពេលនេះ​មាន​​សុខ​ភាព​ល្អ ហើយ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​បាន​ល្អ ស័ក្តិសមជា​កីឡាករ​អាជីព។

ការ​លើក​យក​បញ្ហា ប្រាក់ មុន្នីឧត្តម មក​និយាយ​នេះ ក៏ព្រោះ​តែ​អ្នក​សារព័ត៌​មាន​បាន​សួរ​លោក​ចំៗ នៅ​ក្នុងសន្និសីទកាសែត កាលពី​ថ្ងៃអង្គារ ជុំវិញ​ការ​មិន​ដាក់អតីត​កីឡាករ​ជម្រើសជាតិ ធ្លាប់​មានឈ្មោះ​បោះសំឡេងរូប​​នេះ ឱ្យ​ចូល​លេង ហើយបញ្ហា​នេះ ក៏បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​ភាគ​ច្រើន កើតជាចម្ងល់​​ផងដែរ ថាតើ មុន្នីឧត្តម មានរឿង​អ្វីជា​ក្រុម ទើបលោក Jose Munoz ​មិនសូវ​ផ្តល់​ឱកាស​ឱ្យ​ចូល​លេង​​បែបនេះ។

ជុំវិញ​ភាព​មន្ទិល​នេះ លោក Jose Munoz បាន​ថ្លែង​ថា៖ «សម្រាប់ ប្រាក់ មន្នីឧត្តម ​អត់​មាន​បញ្ហា​អ្វី​ទេ​ជាមួយ​នឹង​ក្រុម​របស់​យយើង គឺ​ពេល​ចាប់ផ្តើម​គាត់​មាន​បញ្ហា​របួស ប៉ុន្តែ​បន្ទាប់ពី​គាត់​ជាសះស្បើយ​​មក​វិញ ​គាត់​មាន​ការ​ហ្វឹក​ហាត់​ដ៏​ល្អ»។

តែទោះបីជា​យ៉ាង​ណា គ្រូ​បង្វឹក​អេស្ប៉ាញ​ Jose Munoz បាន​អះអាង​ថា ការ​ប្រកួត​ប្រជែងនៅ​ក្នុង​ក្រុម ដើម្បី​​​ស្វែងរក​ឱកាស​ជាប់​ឈ្មោះសម្រាប់​ការ​ប្រកួត​នីមួយៗ ជាពិសេស​ឱកាស​បាន​លេង​ក្នុងជម្រើស​១១​នាក់ដំបូង​សម្រាប់ ប្រាក់ មុន្នីឧត្តម គឺពិតជា​មានការពិបាក។

លោក​បញ្ជាក់​ថា៖​ «វាពិបាក ​ដែល​អាច​ឱ្យ​ ប្រាក់ មុន្នីឧត្តម ​មាន​ឱកាស​លេង​ក្នុង​រដូវ​កាល​នេះ ដោយសារ​តែ​ក្រុម​មាន​ការ​ប្រកួតប្រជែង​ខ្ពស់ ប៉ុន្តែ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ជាមួយ​អ្វី​ដែល​រូប​គេ​បាន​ធ្វើ​កន្លង​មក ជាពិសេស​ក្នុង​ការហ្វឹក​ហាត់​ គាត់​តែងតែ​ធ្វើ​ជា​កីទ្បាករ​អាជីព ដែលខំ​ប្រឹង​ក្នុង​ការ​ហ្វឹក​ហាត់»។

កីឡាករជម្រើស១១នាក់ដំបូងរបស់ក្រុមស្វាយរៀង ពេលយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៦-០ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត CPL

យ៉ាង​ណាក៏​ដោយ ដោយសារ​ការ​ប្រកួតប្រជែង ក្នុង​រដូវ​កាល ឆ្នាំ​២០២៤-២០២៥​នេះ នៅសល់​ពេល​វេលា​វែង​ឆ្ងាយ​ទៀត គឺ​លោក Jose Munoz រំពឹង​ថា ប្រាក់ មុន្នីឧត្តម នឹង​បានចូល​លេង​នៅ​ក្នុង​ការ​ប្រកួត​ណា​មួយ ហើយ​នៅ​ល្ងាច​ម៉ោង​៦ ថ្ងៃពុធ​នេះ ក្រុមស្វាយរៀង នឹង​បើក​កីឡដ្ឋានខេត្ត​ស្វាយរៀង ស្វាគមន៍​ក្រុមឡាយហ្វ​ខេត្តព្រះសីហនុ ដោយពួកគេ​ត្រូវ​ការ​ឈ្នះ​៣ពិន្ទុ​បន្ថែម។

ចំពោះ​ការ​ប្រកួត​នេះ លោក Jose Munoz និយាយ​ថា៖​ «ក្រុម Life FC កំពុ​ងតែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ជាងមុន ដោយ២ប្រកួតចុងក្រោយ ​ពួក​គេ​ទទួល​បាន​៤​ពិន្ទុ។ ពួកគេ កាន់​តែ​បង្រួប​បង្រួម​​ក្រុម​បាន​ល្អ ហើយ​តែងតែ​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី។ ពួកគេ មិនមែនជា​ក្រុម​ ដែល​ងាយ​ស្រួល​លេង​ជាមួយ​ទេ តែ​យើង​ត្រូវតែ​ធ្វើ​ឱ្យ​បាន​ល្អ សម្រាប់ការ​ប្រកួតនេះ ដើម្បី​ទទួល​បាន​៣ពិន្ទុ»។

លោក Jose Munoz ពេលដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតនាពេលកន្លងមក។ រូបថត សហការី

ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្គោល​ថ្មី លោក Jorg Peter Steinebrunner បាន​ជួយ​ឱ្យ​ក្រុម Life FC រក​ឃើញជ័យជម្នះ​ជា​លើកដំបូង តាម​រយៈការ​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ISI ដង្កោសែន​ជ័យ ក្នុង​លទ្ធផល ១-០ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា និង​បានស្មើ ១-១ ជាមួយ​ក្រុមក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ធ្វើ​ឱ្យ​​១១​ប្រកួត​របស់​ក្រុមមួយ​នេះ មាន​៦ពិន្ទុ ជាមួយ​ការ​ឈ្នះ​១ ស្មើ​៣ និងចាញ់៧​​ដង។

តែទោះបីជា​យ៉ាង​ណា សម្រាប់ការ​ធ្វើដំណើរ​ទៅជួប​ក្រុម​ព្រះខ័នរាជស្វាយ លើក​នេះ លោក Jorg Peter Steinebrunner បាន​មើល​ឃើញ​ថា នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​លំបាក​សម្រាប់​ក្រុម Life FC  ព្រោះ​លោក​មើល​ឃើញ​ថា ស្វាយរៀង ជា​ក្រុម​ល្អ ដែល​មាន​កម្រិត​លេង​ខ្ពស់ ហើយ​​បាន​ឡើង​ទៅលេងដល់​​នៅ​វគ្គ​ចែក​ពូល​នៃពាន​រង្វាន់ AFC Challenge League 2024/2025 ដែលវាជាមោទនភាព សម្រាប់វិស័យបាល់​ទាត់នៅ​កម្ពុជា។

លោក​បានបញ្ជាក់​ថា៖ ​«យើង​ត្រូវ​មានការគោរព​ទៅដល់​​ក្រុម​ព្រះខ័នរាជស្វាយរៀង ដែល​មាន​​កីឡាករ​​ល្អៗ និងមាន​ការ​រៀបចំក្រុមបានយ៉ាង​​ល្អ ប៉ុន្តែ​នៅ​ក្នុង​បាល់​ទាត់យើង​ចង់​បង្ហាញ​ពី​អ្វី​ដែល​យើង​ចង់លេង និង​ចង់​​រក​បានគ្រាប់​បាល់​ទៅលើ​ពួកគេ​ ហេតុនេះយើ​ង​ត្រូវ​តែ​មាន​ភាព​ជឿ​ជាក់​ក្នុងការ​ប្រកួត​រហូត​ដល់​៩០នាទី បានបញ្ចប់»៕