ក្រុមសិង្ហក្រហមភ្នំពេញក្រោន នៅតែអាចបន្តរដូវកាលថ្មីនៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤-២០២៥របស់ខ្លួន ជាមួយលទ្ធផលដ៏ល្អបំផុត គឺការឈ្នះទាំង១០ប្រកួតជាប់ៗគ្នា ហើយកំពុងក្លាយជាក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ការចាញ់សោះ។
ផ្ទុយពីនេះក្រុមបឹងកេត កំពុងប្រឈមទៅនឹងវិបត្តិនៃការប្រកួតប្រជែងកាន់តែពិបាក ទោះក្រុមមួយនេះ ទើបនាំយកអតីតគ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Conor Nestor មកជួយដឹកនាំ។
តាមរយៈការប្រកួតប្រចាំសប្តាហ៍ទី១១ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បានយកឈ្នះលើក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ជាមួយលទ្ធផល ១-០ យ៉ាងលំបាកបំផុត ដែលជាការស៊ុតបញ្ជូលទីរបស់ខ្សែប្រយុទ្ធ Jelle Joost Goselink នៅនាទីទី៥៣។
គ្រាប់បាល់ដ៏មានន័យ១គ្រាប់នេះ បានជួយឱ្យក្រុមភ្នំពេញក្រោន អាចបង្កើតបាននូវកំណត់ត្រាដ៏ល្អមួយ គឺជាក្រុមតែ១គត់ ដែលបានឈ្នះទាំង១០ប្រកួតជាប់ៗគ្នា ហើយកំពុងឈរនៅលេខរៀងទី១ ដោយមាន៣០ពិន្ទុពេញ នាំមុខក្រុមលេខ២ វិសាខា ដែលមាន២៤ពិន្ទុ ដោយឈ្នះ៨ និងចាញ់២ដង។
ជ័យជម្នះលើកទី៨របស់ក្រុមវិសាខា បានកើតមានឡើង កាលពីថ្ងៃសៅរ៍ គឺនៅពេលពួកគេ បានយកឈ្នះក្រុមបឹងកេត ១-០ ដែលជាគ្រាប់បាល់របស់ខ្សែប្រយុទ្ធប្រេស៊ីល RAMON DE ANDRADE SOUZA នៅនាទីទី៦១ ហើយនេះក៏ជាការឈ្នះចំនួន៨លើកជាប់ៗគ្នារបស់វិសាខា ផងដែរ បន្ទាប់ពីពួកគេបានចាញ់ក្រុមភ្នំពេញក្រោន ៤-២ និងចាញ់ក្រុមណាហ្គាវើលដ៍ ១-០ សម្រាប់ការប្រកួត២លើកដំបូង។
ផ្ទុយពីនេះជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះវិសាខា បែរជាធ្វើឱ្យក្រុមបឹងកេត កាន់តែមានសម្ពាធខ្លាំង ហើយការមានត្រឹម២២ពិន្ទុ ជាមួយការឈ្នះ៤ ស្មើ២ និងចាញ់៣ដងនេះ បានទម្លាក់បឹងកេត ឱ្យទៅឈរនៅលេខ៧ ជាបណ្តោះអាសន្ន។
លទ្ធផលនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់ បឹងកេត កាន់តែមិនពេញចិត្តខ្លាំង ហើយការទប់កំហឹងមិនបាននេះ ក៏បណ្តាលឱ្យពួកគេ មានការប៉ះទង្គិចគ្នាមួយប្រាវ ជាមួយអ្នកគាំទ្រ វិសាខា នាអំឡុងការប្រកួតនៅកីឡដ្ឋានព្រីនស៍ កាលពីយប់ថ្ងៃសៅរ៍នោះផងដែរ។
ជាមួយការមិនសប្បាយចិត្តនេះ អ្នកគាំទ្រមួយចំនួន បានស្នើឱ្យថ្នាក់ដឹកនាំក្លិបបឹងកេត គួរមានការផ្លាស់ប្តូរកីឡាករមួយចំនួនចេញ និងជ្រើសរើសអ្នកថ្មីមកជំនួសខ្លះ ដើម្បីធ្វើឱ្យក្រុមធ្លាប់លើកពានលីគកំពូលកម្ពុជា ចំនួន៤លើក កាលពីឆ្នាំ២០១២ ២០១៦ ២០១៧ និងឆ្នាំ២០២០មួយនេះ អាចវិលទៅរកភាពខ្លាំងសារជាថ្មី។
ទន្ទឹមនឹងនេះ អតីតគ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Conor Nestor ដែលទើបចូលមកដឹកនាំក្រុមបឹងកេត កាលពីថ្ងៃទី៧ ខែតុលា ក៏កំពុងរងសម្ពាធទៅលើបញ្ហានេះផងដែរ ព្រោះលោកជាគ្រូបង្គោលថ្មី ដែលត្រូវរ៉ាប់រងការងារ និងមានទំនួលខុសត្រូវខ្ពស់ជាងគេ ប៉ុន្តែលោក Conor បានអះអាងថា លោកមិនមែនជាគ្រូវេទមន្ត ដែលអាចកែប្រែស្ថានភាពប្រកួតរបស់ក្រុមបឹងកេត ឱ្យបានល្អប្រសើរភ្លាមៗ ដោយប្រើរយៈពេលខ្លីបាននោះទេ។
លោក Conor Nestor បាននិយាយក្រោយពេលក្រុមបឹងកេត ចាញ់ក្រុមម្ចាស់ផ្ទះវិសាខា ១-០ ថា៖ «អ្នកទាំងអស់គ្នាអាចគិតថា ខ្ញុំវិលត្រឡប់មកចូលរួមជាមួយក្រុមបឹងកេតនេះ នឹងអាចជាគ្រូវេទមន្តជួយដល់ក្រុមហ្នឹងបានច្រើន ប៉ុន្តែខ្ញុំគ្រាន់តែជាគ្រូបង្គោល មិនមែនជាគ្រូវេទមន្ត ដែលអាចធ្វើអ្វីបានគ្រប់យ៉ាងនោះទេ»។
ជាមួយគ្នានេះ លោក Conor បានរំឭកទៅដល់សមិទ្ធផល នៅពេលលោក បានដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ និងជួយឱ្យក្រុមនេះ ឈ្នះពានលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១៩ ហើយក៏ជាពេលដែលក្រុមស្វាយរៀង ទទួលបានឱកាសទៅលេងដល់វគ្គចែកពូលនៃពានរង្វាន់ AFC Cup 2020 ផងដែរ បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមលីគកំពូលរបស់ឡាវ Master 7 Football Club ដោយលទ្ធផលទាំង២ជើង គឺ ៤-១ និង ៣-០ ក្នុងវគ្គជម្រុះ play-off។
គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ បានបញ្ជាក់ថា៖ «អ្វីដែលខ្ញុំធ្លាប់បានធ្វើកន្លងមកជាមួយក្លិបចាស់របស់ខ្ញុំ (ព្រះខ័នរាជស្វាយរៀង) គឺយើងធ្វើបានល្អ ព្រោះយើងមានពេលវែងក្នុងការរៀបចំក្រុម អ៊ីចឹងនៅពេលយើងចង់កសាងអ្វីមួយឱ្យបានល្អ យើងត្រូវការពេលវេលាដែរ ប៉ុន្តែបើយើងមានពេលខ្លី យើងត្រូវធ្វើឱ្យបានលឿន»។
តែទោះបីជាយ៉ាងណា ចំពោះមហិច្ឆតា ក្នុងការមកដឹកនាំក្រុមបឹងកេត នេះ លោក Conor Nestor បានសង្កត់ធ្ងន់ថា៖ «យើងនឹងព្យាយាមរៀបចំ ព្រោះជាគោលដៅរបស់យើង មិនមែនចង់ឈ្នះត្រឹមការប្រកួត នៅក្នុងលីគនោះទេ ប៉ុន្តែយើងត្រូវការពេលវេលារៀបចំកីឡាករឱ្យបានល្អ ដើម្បីទទួលបានជ័យជម្នះកាន់តែធំជាងនេះ»៕