សាស្រ្តាចារ្យ ដែល​បាន​បញ្ជាក់ការ​សិក្សាថ្នាក់បណ្ឌិត​នៅ​ប្រទេសជប៉ុន លោក ព្រុំ វិរៈ បាន​អះអាង​ថា ការ​លេង​កីឡាជាផ្នែកមួយ​ដ៏សំខាន់នៅ​ក្នុងការ​សិក្សា​របស់​សិស្សនិស្សិត ហើយ​នៅប្រទេសជឿន​លឿន សិស្ស​ដែល​ត្រូវបាន​អនុញ្ញាតិ​ឱ្យលេងកីឡានៅក្នុង​​សាលារៀន គឺ​លុះ​ត្រា​តែជាអ្នក​រៀនពូកែ។

លោកបណ្ឌិត ព្រុំ វិរៈ បាន​និយាយបែបនេះ នៅក្នុង​ពិធីបើក​ការ​ប្រកួត​កីឡាបាល់បោះ​ពាន​រង្វាន់ CamEd Men’s & Women’s Basketball Tournament 2024 នៅ​តារាង​ Platinum  Sport Centre កាលពី​ថ្ងៃទី​​២ ខែវិច្ឆិកា ដោយព្រឹត្តិការណ៍រៀបចំ​ដោយវិទ្យាស្ថានខេមអេដមួយនេះ មាន​ក្រុម​និស្សិតចូលរួម​១៩៣នាក់ ស្មើ​នឹង​២៩​ក្រុម គឺ​ក្រុមបុរស​មាន​១៥ បែងចែកការ​ប្រកួត​ជា​៤ពូល និងក្រុមនារីមាន​១៤​ក្រុម ដោយ​បែងចែកការ​ប្រកួត​ជា​៤ពូលដូចគ្នា។

សាស្រ្តាចារ្យ ដែល​បង្រៀន​ផ្នែក​ច្បាប់ពាណិជ្ជកម្ម នៅវិទ្យាស្ថានខេមអេស លោក ព្រុំ វិរៈ បាន​ថ្លែង​នៅចំពោះក្រុមនិស្សិត​ទាំង​១៩៣នាក់​បែបនេះ​ថា៖​ «កីឡា​ជាផ្នែក​មួយ​នៃ​កិច្ចសិក្សា​របស់​​អ្នករាល់​​គ្នា ហើយ​កាល​គ្រូ​ទៅរៀន​នៅបរទេស (ជប៉ុន) ​គឺ​សិស្សដែល​ចូល​​លេង​កីឡា​បាន លុះ​ត្រា​តែមិនមាន​និទ្ទេស C នៅ​គ្រប់​​មុខវិជ្ជា​សិក្សា​របស់​ខ្លួន​ គឺ​ហ៊ាន​តែ​មាន​មុខវិជ្ជាណាមួយ បាន​និទ្ទេស C អត់​ឱ្យ​ចូល​កីឡាទេ»។

លោក​បាន​បន្ថែម​ថា៖ «សិស្សដែលចូល​លេង​កីឡា លុះ​ត្រា​តែ​សិស្ស​នោះ​ បាន​និទ្ទេស​ចាប់ពីBទៅ ហើយ​ការ​ធ្វើបែបនេះ គឺ​គេលើក​ទឹកចិត្ត​ឱ្យសិស្ស ដែល​​​ចង់លេង​កីឡា ត្រូវតែ​ខំ​រៀន​ យ៉ាង​ហោច​ឱ្យ​បាន B នៅគ្រប់​មុខ​វិជ្ជា​ដែរ»។

លោក​បញ្ជាក់​ថា៖ «​ការនិយាយ​បែបនេះ មិនមែន​​មាន​ន័យ​ថា អ្នក​បាន​និទ្ទេស C ធ្លាក់ពីការ​សិក្សា​នោះ​ទេ ប៉ុន្តែ​គេ​មិនចង់លើក​ទឹក​ចិត្ត ព្រោះគេគិត​ថា ​បើ​រៀន​​បាន​ត្រឹម C ឬ D ហើយ​ត្រូវ​ចំណាយ​ពេលទៅ​​លេង​កីឡា​ទៀត នឹងកាន់តែ​ធ្លាក់​ថែម​ទៀត អ៊ីចឹង​ហើយបានជា​នៅ​ស្រុក​គេ គេដាក់​គោលការណ៍​ហ្នឹង»។

យ៉ាង​ណា​ក៏​ដោយ លោក ព្រុំ វិរៈ បានអះអាង​ថា ការកំណត់​គោលការណ៍លេង​កីឡា​របស់​សិស្សនិស្សិត តាមបែបប្រទេសជឿន​លឿន​នេះ នៅមិនទាន់​អាច​យក​មកអនុវត្តនៅ​វិទ្យាស្ថានខេមអេដ បាន​ទេ។ ទោះបីជាវិទ្យាស្ថាននេះ ​មានភាពលេចធ្លោជាង​គេ ក្នុងការរៀបចំ​​ព្រឹត្តិការណ៍​កីឡា​ច្រើន​ប្រភេទ ឱ្យ​ក្រុម​និស្សិត​របស់​ខ្លួន​បាន​ប្រកួតប្រជែង​គ្នាជា​ប្រចាំឆ្នាំ​ ប៉ុន្តែទិសដៅសំខាន់​របស់ ខេមអេដ នា​បច្ចុប្បន្ន គឺធ្វើយ៉ាងណា​​ត្រូវ​កៀរគរ​ក្រុមនិស្សិត​ចូលលេង​កីឡា​ឱ្យបាន​កាន់តែ​ច្រើន។

សកម្មភាពប្រកួតបើកឆាកពានរង្វាន់ CamEd Men’s & Women’s Basketball Tournament 2024 នៅតារាង Platinum Sport Centre កាលពីថ្ងៃសៅរ៍។ រូបថត ឈន ណន

ជាមួយគ្នា​និស្សិតឆ្នាំ​ទី​២ ផ្នែកគណនី និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានខេមអេដ ឈរ យូឈុង បាន​​​បង្ហាញ​ភាពសប្បាយ​រីក​រាយ សម្រាប់ការ​ទទួលបានឱកាស​ចូលរួម​ប្រកួតពាន​រង្វាន់ CamEd Women’s Basketball Tournament ជាលើក​ទី​២ នៅឆ្នាំ​២០២៤​នេះ ដោយកញ្ញា​មើល​ឃើញ​ថា កាន់តែ​មាន​ភាព​ផុសផុល​ខ្លាំង និងមានការ​ប្រកួត​ប្រជែង​កាន់តែ​តាន​តឹង។

កីឡាការិនី ដែល​ធ្លាប់​លេង​បាល់បោះ​តាំងពីរៀន​នៅវិទ្យាល័យ ឈរ យូឈុង បាន​និយាយ​ថា៖​ «កីឡាបាល់បោះនេះ ជាក់ស្តែង​ខ្ញុំ​ឈប់លេង​ម្តង​ហើយ ប៉ុន្តែ​ដោយសារ​នៅ​វិទ្យាស្ថានខេមអេដ មានរៀបចំការ​ប្រកួត​ជាប្រចាំឆ្នាំ ខ្ញុំ​ក៏បានសម្រចចិត្ត​ចូលលេង​វិញ ហើយ​ឃើញ​ថា ខ្លួនឯងនៅ​តែ​ចូល​ចិត្តបាល់​បោះដដែល និងបានជួប​មនុស្សថ្មីៗ ដែលមានចំណង់ចំណូល​ចិត្ត​ដូចគ្នា និងមក​ពីសាលាជាមួយគ្នា»។

និស្សិត​វ័យ​១៩ឆ្នាំ យូឈុង បានបន្ថែម​ថា៖ «ការ​លេង​កីឡានេះ ជា​វេទិកា​ប្រកួត​ប្រជែងមួយ ដែលធ្វើ​ឱ្យយើង​ទទួលបាននូវ​បទពិសោធន៍ និងអ្វីដែល​ថ្មីៗបន្ថែម​ទៀត ហើយកីឡា​ក៏ជា​កន្លែង ដែល​លាងជម្រះ​នូវ​ភាពធុញថប់ និង​តប់ប្រមល់ ធ្វើ​ឱ្យ​អារម្មណ៍​យើងស្រស់ថ្លា​ក្នុងការ​សិក្សា​រៀនសូត្រ​​ផងដែរ ហើយខ្ញុំ​ឃើញ​ថា នៅ​ឆ្នាំ​នេះ មាននិស្សិត​ចូលរួមកាន់តែ​ច្រើន ដោយសារ​ខាងសាលា បាន​ផ្តល់​ទាំងសម្លៀកបំពាក់​កីឡា គ្រូ​បង្វឹក និងការ​ចំណាយ​គ្រប់​បែប​យ៉ាង សម្រាប់​រៀបចំ​ព្រឹត្តិការណ៍នេះ ​ធ្វើឱ្យក្រុមនិស្សិត​មាន​ភាពរីក​រាយ​ក្នុងការ​ចូលរួម»៕