ការ​ប្រកួត​កីឡា​ឃីកបុកស៊ីង​ក្នុងព្រឹត្តិការណ៍កីឡាជាតិ​លើក​ទី​៤ និង​កីឡាជនពិការ​លើក​ទី​២ ឆ្នាំ​២០២៤ ​នៅ​មជ្ឈមណ្ឌល​កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) បានបញ្ចប់ ​ដោយ​ភាពចម្រូង​ចម្រាស និង​បន្សល់​ទុក​នូវ​ពាក្យ​បណ្តឹង ដែល​បានតវ៉ា​ទៅលើ​លទ្ធផល​នៃ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​លើ​វិញ្ញាសា Full Contact ក្នុងប្រភេទទម្ងន់​​ ៦០​គីឡូក្រាម​រវាង យ៉េន ឌីណា និង ឡុង សំណាង។

តាម​រយៈការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​​ពេញ១ព្រឹកនា​​ថ្ងៃ​អង្គារ​នេះ កីឡាករ កីឡាការិនី​ចំនួន​១០​នាក់ ត្រូវបានប្រកាស​ឱ្យ​ឈ្នះ ដើម្បី​ក្លាយជា​ម្ចាស់​មេដាយ​មាស ទៅតាមប្រភេទ​ទម្ងន់ និង​វិញ្ញាសា​រៀងៗ​ខ្លួន ដោយ​ក្នុង​នោះ​កីឡាករ ជា ចំរើន បាន​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា Full Contact ទម្ងន់ ៤៨គីឡូក្រាម រីឯ​កីឡាការិនី ឆា ចាន់ដេង បាន​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា Full Contact ទម្ងន់​៤៨​គីឡូក្រាម។

ចំណែក​កីឡាករ ពេជ្រ សិង្ហៈ បាន​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា Low Kick ក្នុង​ប្រភេទទម្ងន់​ ៥១គីឡូក្រាម។ កីឡាករ ទាំ រមលី បាន​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា K1 ទម្ងន់ ​៥៤គីឡូក្រាម ហើយ​​កីឡាករ វ៉ន គឹមចេង​បាន​​លេខ​១​លើ​វិញ្ញាសា Full Contact ទម្ងន់ ​៥៧គីឡូក្រាម។

ចំពោះ​កីឡាការិនី ធន់ ស្រីពេញ បាន​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា K1 ក្នុង​ប្រភេទ​ទម្ងន់ ៥២គីឡូក្រាម រីឯ​កីឡាករ លី សុខា ឈ្នះមេដាយមាស​លើ​វិញ្ញាសា Low Kick ទម្ងន់ ៦០គីឡូក្រាម។ 

កីឡាករ យ៉េន ឌីណា ឈ្នះ​មេដាយមាស លើ​វិញ្ញាសា Full Contact ទម្ងន់​៦០គីឡូក្រាម ហើយ​កីឡាករ ឡុង សុភី បាន​ឈ្នះមេដាយមាស លើ​វិញ្ញាសា Low Kick ទម្ងន់​៧៥គីឡូក្រាម ខណៈកីឡាករ ស៊ន រ៉ាគីម បាន​ឈ្នះមេដាយមាស លើ​វិញ្ញាសា K1 ​ទម្ងន់៦៣.៥គីឡូក្រាម។

តែទោះបីជា​យ៉ាង​ណា សម្រាប់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង យ៉េន ឌីណា និង ឡុង សំណាង បាន​បញ្ចប់​ដោយ​ភាពចម្រូង​ចម្រាស ព្រោះ​ភាគី ឡុង សំណាង មិនព្រម​ទទួល​យក​លទ្ធផល​នេះ​ទេ គឺ​លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ និងក្រុមការងារ​តំណាង​មកពី​​​ក្រសួងមហាផ្ទៃ បានសរសេរ​លិខិតស្នាម ដាក់ពាក្យ​បណ្តឹង​តវ៉ា​ភ្លាមៗ ដើម្បី​ឱ្យគណៈកម្មាធិការវិនិច្ឆ័យ​ និងអ្នកពាក់ព័ន្ធ​ផ្សេង​ទៀត ពិនិត្យ​​មើល​ទៅលើ​ការ​ប្រកួត​នេះ​ឡើង​វិញ។

ការសម្រេច​ដាក់ពាក្យដណ្តឹង​នេះ ក៏ព្រោះ​តែខាងក្រសួង​មហាផ្ទៃ ធ្លាប់​បានទទួល​ជោគ​ជ័យ​ម្តង​ហើយ ចំពោះ​ការ​ដាក់ពាក្យបណ្តឹង​ប្តឹង​តវ៉ា លើ​ការ​កាត់សេចក្តី​ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​រវាង ពេជ្រ ប៊ុនសិទ្ធ និង គោរមៈ ច័ន្ទ​រាជ ដោយដំបូង​ឡើយ​ ចៅក្រម​បានសម្រេច​ឱ្យ ពេជ្រ ប៊ុនសិទ្ធ ជា​អ្នក​ឈ្នះពិន្ទុ ក្រោយការ​ប្រកួតចំនួន​៣​ទឹក​បានបញ្ចប់។

ការ​ប្រកួត​រវាង​កីឡាករ គោមរៈ ច័ន្ទរាជ (ក្រហម) និង​កីឡាករ ឃន សុម៉ាលី ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ កាលពីព្រឹក​ថ្ងៃអង្គារ ទី​៥ ខែវិច្ឆិកា​នេះ។ រូប​ថត ទទក

ប៉ុន្តែ​ក្រោយ​ការ​ប្តឹង​តវ៉ា​របស់​ក្រសួង​មហាផ្ទៃ គណៈកម្មការ​រៀបចំការ​ប្រកួត ក៏បានកែ​ប្រែ​លទ្ធផល ដោយសម្រេចឱ្យកីឡាករ គោរមៈ ច័ន្ទរាជ ជាអ្នក​ឈ្នះ​ពិន្ទុ​វិញ ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​តាម​រយៈការ​ប្រកួត កាលពី​ព្រឹក​ថ្ងៃអង្គារ​នេះ គោរមៈ ច័ន្ទរាជ បាន​ត្រឹម​មេដាយ​ប្រាក់​ក្រោយ​ចាញ់កីឡាករ វ៉ន គឹមចេង (ឃន សុម៉ាលី) ដោយពិន្ទុ លើ​វិញ្ញាសា Full Contact ក្នុង​ប្រភេទ​ទម្ងន់​ ៥៧គីឡូក្រាម។

តែទោះបីជា​យ៉ាងណា ចំពោះ​ការ​ប្តឹង​តវ៉ាលទ្ធផល​ប្រកួត​រវាង យ៉េន ឌីណា និង ឡុង សំណាង ​នេះវិញ ត្រូវបាន​លោក សំណព្វ ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា មិនទទួលបាន​ផល​អ្វី​ទេ ព្រោះ​​គណៈកម្មការ​រៀបចំការ​ប្រកួត និងគណៈកម្មាធិការ​វិនិច្ឆ័យ នៅតែ​រក្សា​​យក​លទ្ធផលសម្រេចលើក​មុន​ គឺ​ឱ្យ យ៉េន ឌីណា របស់​ក្រសួងការពារជាតិ ​ឈ្នះ​​កីឡាករ ឡុង សំណាង របស់​ក្រសួងមហាផ្ទៃ​ដដែល។

ជាមួយសម្រេច​នេះ ​​បានជួយ​ឱ្យ​ក្រុមអត្តពលិក​របស់​ក្រសួងការពារជាតិ ដណ្តើម​បានមេដាយមាស​សរុបចំនួន​៦ និងមេដាយ​សំរឹទ្ធ​១ ដើម្បី​ឈរ​នៅចំណាត់ថ្នាក់លេខ​១ សម្រាប់​ការ​ប្រកួតកីឡា​ឃុក​បុកស៊ីង​ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើក​ទី​៤ ឆ្នាំ​២០២៤​នេះ រីឯក្រុម​អត្តពលិក​ខេត្ត​ស្វាយរៀង ឈរនៅលេខ​២ ដោយបានមេដាយមាស​២ ប្រាក់​៣ សំរឹទ្ធ​១ ហើយតាមពី​ក្រោយ​ដោយ​ខេត្ត​សៀម​រាប ដែល​ឈ្នះ​បានមេដាយមាស​១ ប្រាក់​២ និងសំរឹទ្ធ​៥។

​​ផ្ទុយពីនេះ ក្រុមក្រសួងមហាផ្ទៃ ដែល​ធ្លាប់តែមាន​ភាព​លេចធ្លោជាង​គេ ក្នុងការ​ប្រជែងយក​មេដាយ សម្រាប់ការ​ប្រកួត​កន្លងមក​នោះ ឈ្នះ​បាន​មេដាយមាស​តែ១គត់ រួមទាំងមេដាយប្រាក់​២ និងសំរឹទ្ធ​៤ ហើយ​មេដាយមាស​១នេះ ដណ្តើម​បាន​ដោយ​កីឡាករ​ចាស់​វស្សា ឡុង សុភី តាមរយៈការ​យក​ឈ្នះ​កីឡាករ សំណាង ចុងក្រោយ ដោយពិន្ទុ​ទាំង​វេទនា។ 

រូប​ថត ពីស្ថានីយទូរទស្សន៍ទទក

ចំណែកក្រុម​អត្តពលិក​មកពី​​ខេត្ត​កណ្តាល ខេត្ត​បន្ទាយមានជ័យ និងខេត្ត​តាកែវ ដណ្តើម​បានត្រឹម​មេដាយប្រាក់ និងសំរឹទ្ធ ខណៈ​ខេត្ត​មណ្ឌលគិរី ខេត្ត​កំពង់ធំ និង​ខេត្ត​កែប បានឈ្នះ​មេដាយ​សំរឹទ្ធចំនួន​១ដូចគ្នា៕