ក្រុម​កីឡាហែល​ទឹក​ពាក់ជើង​ទាកម្ពុជា ដណ្តើម​បានជោគជ័យ​ជាទីមោទនភាព នៅ​ក្នុងការ​ប្រកួត​កីឡាហែល​ទឹក​ពាក់ជើង​ទា​ជ្រើស​រើសជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​១ ឆ្នាំ​២០២៤ (CMAS 1ST SEA Finswimming Championship Indoor) ដែល​ត្រូវបាន​រៀបចំ​ឡើង​នៅលើទឹក​ដី​កម្ពុជា ហើយបានបញ្ចប់​ដោយ​រលូន កាលពី​ល្ងាច​ថ្ងៃ​អង្គារ។

តាម​រយៈការ​ប្រកួត​ប្រជែង​ចំនួន​៥​ថ្ងៃ នៅអាងហែល​ទឹក​នៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុម​អត្តពលិក​ហែល​ទឹកពាក់ជើង​ទា​កម្ពុជា បានបញ្ចប់​ការ​ប្រកួតប្រជែង នៅលើ​វិញ្ញាសា​ទាំង​២៥ ដោយ​ដណ្តើម​បានមេដាយ​មាស​២ ប្រាក់​៧ និងសំរឹទ្ធ​៦ ដោយ​​ឈរ​នៅចំណាត់ថ្នាក់លេខ​២ ក្នុងចំណោម​ប្រទេស​ចូលរួមទាំង​៧ សម្រាប់​ការ​ប្រកួត​កីឡាហែល​ទឹកពាក់ជើងទាជើងឯក​អាស៊ាន ជា​លើក​ដំបូងនេះ។

ចំណែក​ក្រុម​អត្តពលិករបស់វៀតណាម បាន​ឈរ​នៅចំណាត់​ថ្នាក់លេខ​១ ដោយ​ដណ្តើម​បានមេដាយមាស​រហូត​ដល់​២១ រួមជាមួយមេដាយ​ប្រាក់​១៤ និងសំរឹទ្ធ​៤ ហើយឥណ្ឌូនេស៊ី ឈរ​នៅ​លេខ​៣ ដោយ​ឈ្នះ​បាន​មេដាយ​មាស​២ ប្រាក់​៣ សំរឹទ្ធ​២ តាមពី​ក្រោយ​ដោយ​ប្រទេស​ថៃ ដែល​ឈ្នះ​បានមេដាយ​ប្រាក់​១ និងសំរឹទ្ធ​១០ ប៉ុន្តែ​ក្រុម​អត្តពលិក​របស់ម៉ាឡេស៊ី ហ្វីលីពីន និង​សិង្ហបុរី មិនដណ្តើម​បាន​មេដាយ ពីការ​ប្រកួតនេះ​ទេ។

សម្រាប់ការ​ធ្វើ​​ម្ចាស់​ផ្ទះការ​ប្រកួត​កីឡាហែល​ទឹក​ពាក់ជើង​ទា​ជ្រើស​រើសជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​១នេះ លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរកីឡាហែល​ទឹក​ បានអះអាង​ថា កម្ពុជា បាន​ទទួល​ជោគ​ជ័យទាំង​លើការ​រៀបចំ និង​ការ​ប្រកួត​ប្រជែង​យក​មេដាយ ហើយនេះជា​ជោគ​ជ័យ​រួមគ្នា​​របស់​កម្ពុជា ក្រោមការគាំ​ទ្រ​យ៉ាងពេញ​ទំហឹង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

លោក ហែម គីរី ពេល​ឡើង​បំពាក់មេដាយ​មាស ប្រាក់ និងសំរឹទ្ធ នៅក្នុងពិធីបិទការ​ប្រកួត​កីឡាហែល​ទឹកពាក់ជើង​ទាជើងឯក​អាស៊ាន ឆ្នាំ​២០២៤ កាលពី​ថ្ងៃអង្គារ។ រូប​ថត ឈន ណន

លោក​ ហែម គីរី បាន​ប្រាប់​ក្រោយ​ការ​ប្រកួត​ថា៖ «នេះជាជោគជ័យ​ សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល ព្រោះ​បើសិនជា​យើង មិនមាន​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក៏​យើងមិនអាច​រៀបចំ​ការ​ប្រកួតនេះ​បានដូចគ្នា។ យើង​មានការ​រៀបចំ​យ៉ាងច្បាស់លាស់​ ក្រោម​កិច្ចសហការជាមួយស្ថាប័ន​ពាក់ព័ន្ធ ដោយ​បាន​ផ្តល់​នូវ​សុខសុវត្ថិភាព និង​ការទទួល​បដិសណ្ឋារកិច្ច​ល្អ ធ្វើ​ឱ្យ​​ប្រតិភូកីឡា​ចូល​រួមទាំងអស់ បាន​កោតសរសើរ​ដល់​កម្ពុជា​យើង»។

លោក​បន្ថែម​ថា៖ «អ្វីដែលជា​មោទនភាព​ខ្លាំងបំផុត​នោះ គឺ​កម្ពុជា បាន​ឈរ​នៅលំដាប់ថ្នាក់លេខ​២ បន្ទាប់​ពី​វៀតណាម ដែលជាប្រទេស​ខ្លាំង​លើ​ប្រភេទ​កីឡា​ Finswimming នេះ ខណៈការ​ធ្វើ​ម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ​២០២៣ កម្ពុជា​យើង​ឈរ​នៅលេខ​៤ ក្រោម​វៀតណាម ឥណ្ឌូនេស៊ី និង​ថៃ ដោយ​ឈ្នះ​មេដាយមាស​២ ប្រាក់​១ និងសំរឹទ្ធ​៤ មានន័យ​ថា យើង​បាន​រក្សា​មេដាយមាស ហើយបានបង្កើន​ចំនួន​មេដាយ​ប្រាក់ និងសំរឹទ្ធ ដើម្បី​ឈរ​នៅលើ​ឥណ្ឌូនេស៊ី និង​ថៃ វិញ គឺ​ជាចំណុច​ល្អ ដែល​យើងសប្បាយ​ចិត្ត​ក្នុងការ​ទទួល​យក»។

យ៉ាង​ណា​ក៏​ដោយ លោក ហែម គីរី បានសង្កត់ធ្ងន់​ថា ក្រុម​អត្តពលិកហែល​ទឹក​ពាក់ជើង​ទា​កម្ពុជា ​ត្រូវអភិវឌ្ឍ​ខ្លួនឱ្យ​បាន​ខ្លាំង​ថែម​ទៀត ក្នុងការ​ប្រកួតប្រជែងជាមួយ​ប្រទេស​​ដែល​ខ្លាំងជាងកម្ពុជា ជាពិសេស​ប្រទេស​វៀតណាម ដើម្បី​ឱ្យ​ក្រុម​កម្ពុជា អាច​ឈាន​ទៅ​ដល់​កម្រិត​នៃការ​ដណ្តើម​យក​មេដាយមាស កាន់តែ​ច្រើន សម្រាប់ការ​ប្រកួតជាបន្ត​បន្ទាប់​ទៀត។

ជាមួយការដាក់​គោលដៅនេះ លោក​ ហែម គីរី មានការ​ផ្តោតខ្លាំង​ទៅលើ​កីឡាការិនី ជា​ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣ កាំង មុយនីន ដែល​ដណ្តើម​បានមេដាយមាស​២ ប្រាក់​៣ និងសំរឹទ្ធ​១ ហើយ​ត្រូវបាន​ជ្រើស​រើសជា​កីឡាការិនីឆ្នើម​ ប្រចាំ​ការ​ប្រកួត  SEA Finswimming Championship Indoor នេះ។

លោក គីរី បានបញ្ជាក់​ថា៖ ​«តាម​រយៈការ​ប្រកួត​នេះ កាំង មុយនីន ដណ្តើម​បានមេដាយច្រើន និងពិន្ទុ​ច្រើន អ៊ីចឹង​ហើយ​គណៈកម្មការរៀបចំ​ការ​ប្រកួត បាន​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្តជាកីឡាការិនី​ឆ្នើម រីឯ​រង្វាន់កីឡាករ​ឆ្នើម​បាន​ទៅកីឡាករ​វៀតណាម Vu Dang Nhat Nam អ៊ីចឹង​ទៅថ្ងៃអនាគត យើងនឹង​ទទួលបានលទ្ធផល​កាន់​តែ​ល្អជាង​នេះ គឺ​យើងអាច​ធ្វើ​បាន ​ឱ្យ​តែ​យើងមានតាំង​ចិត្ត និង​មានការ​រៀបចំច្បាស់លាស់»។

ការ​ប្រកួត​ផ្តាច់​ព្រ័ត្រផ្នែក​បុរស ក្នុងព្រឹត្តិការណ៍​​ប្រកួត​កីឡាហែល​ទឹកពាក់ជើង​ទាជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៤ នៅអាងហែល​ទឹក​នៃពហុកីឡដ្ឋានជាតិ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា។ រូប​ថត ឈន ណន

ចំណែក​កីឡាការិនីម្ចាស់​មេដាយមាស កាំង មុយនីន បាន​បង្ហាញ​ភាព​រីក​រាយ ដែល​កញ្ញាដណ្តើម​បានមេដាយ​ច្រើន និង​ទទួលបាន​ពាន​រង្វាន់ជា​កីឡាការិនី​ឆ្នើម ​ប្រចាំ​ព្រឹត្តិការណ៍  SEA Finswimming Championship Indoor នេះ ប៉ុន្តែ មុយនីន ​ធ្វើមិនសូវបាន​ល្អប៉ុន្មាន​​ទេ ចំពោះការ​ប្រកួត​វិញ្ញាសា Bi-Fins ទាំង​ចម្ងាយ​៤០០ម៉ែត្រ និង​​២០០ម៉ែត្រ ដែលនាង​​ធ្លាប់ដណ្តើម​បានមេដាយមាស នៅស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

កាំង មុយនីន ដែល​ទើបទទួលបាននិទ្ទេស B ក្នង​ការ​ប្រឡងជាប់បាក់ឌុប បាន​និយាយ​ថា៖​​«ចំពោះ​វិញ្ញាសា​២០០ម៉ែត្រ និង​៤០០ម៉ែត្រ ដែល​ខ្ញុំ​ឈ្នះ​មេដាយមាស កាលស៊ីហ្គេម ឆ្នាំ​២០២៣ មានការ​ធ្លាក់ចុះ ដោយសារពេល​ចប់ស៊ីហ្គេម ខ្ញុំ​ត្រូវ​ចូល​រៀនថ្នាក់​ទី​១២ ហើយទើប​​ប្រឡងជាប់​បាន​និទ្ទេស​ B។ នេះជា​មោទនភាពមួយ​ចំពោះ​ខ្ញុំ​ផ្ទាល់ ដែល​ចុងក្រោយ​មេដាយ​ក៏ដណ្តើម​បាន និង​និទ្ទេសរៀនសូត្រ​​ក៏បានល្អ​ទៀត គឺ​ខ្ញុំ​សប្បាយ​ចិត្តនឹង​លទ្ធផល​ហ្នឹង»៕