លោក​ទេស​រដ្ឋមន្រ្តី ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និងជា​ប្រធាន​សហព័ន្ធ​កីឡាកាយ​សម្ព័ន្ធ​កម្ពុជា បាន​ជំរុញ​ឱ្យ​មន្រ្តី​បច្ចេក​ទេស​របស់​សហព័ន្ធ​នេះ និង​អ្នក​ពាក់​ព័ន្ធ ត្រូវ​ចាប់​ផ្តើម​ពង្រឹង​សមត្ថ​ភាពធនធាន​មនុស្ស​ពីពេលនេះ​ទៅ ដើម្បី​ត្រៀម​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ​លើក​ដំបូង។

បើទោះបីជា​ការប្រកួត​យុវជន​កម្រិតអាស៊ី​នេះ នៅ​រយៈពេល​៥​ឆ្នាំ​ទៀត ប៉ុន្តែ​លោក ថោង ថោង បាន​មើល​ឃើញ​ថា ការ​បណ្តុះ​ធនធាន​កីឡាករ កីឡាការិនី ធនធាន​មន្រ្តី​បច្ចេក​ទេស និងគ្រូ​បង្វឹក គឺរឿងចាំបាច់ ដែល​សហព័ន្ធ​កីឡាកាយសម្ព័ន្ធ​កម្ពុជា ត្រូវចាប់​ផ្តើម​អនុវត្ត​ពីពេលនេះ​ទៅ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យក្រុមនេះ អាច​មាន​លទ្ធភាពកាន់​តែ​ច្រើន ក្នុងការ​ទទួល​បាន​ជោគ​ជ័យ​ទាំង​លើការ​រៀ​បចំ និងការ​ដណ្តើម​យក​មេដាយ​ជូនជាតិ។

លោក ថោង ខុន បាន​ថ្លែង​ថា៖ «គិតចាប់ពីពេល​នេះ រហូត​ដល់​ឆ្នាំ​២០២៩ យើង​​មាន​រយៈ​ពេល​តែ​៥​ឆ្នាំទៀត​​ប៉ុណ្ណោះ ដើម្បី​ឱ្យ​វិស័យ​កីឡា​នៅ​កម្ពុជា​ កាន់តែ​មាន​ការ​រីក​ចម្រើន​ទាំង​បរិមាណជាមួយគុណ​ភាព និង​ទទួល​បាន​លទ្ធ​ផល​ល្អ ក្នុងការ​ចូលរួម​ការ​ប្រកួតលើ​ឆាក​អន្តរជាតិ ជាពិសេស​ការ​ត្រៀមលក្ខណៈ​ឱ្យ​បានពេញ​លេញ​ធ្វើជា​ម្ចាស់​ផ្ទះ ការ​ប្រកួតកីឡា​យុវជន​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩»។

លោក ថោង ខុន បាន​លើក​ឡើង​បែបនេះ នៅពេល​លោក​បានចូលរួម​ពិធីបិទ​ការ​ប្រកួត​កីឡាកាយសម្ព័ន្ធ​ក្នុងព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៤ និង​កីឡាជាតិ​ជនពិការ​ លើកទី​២ ឆ្នាំ​២០២៤ នៅ​សាល​ដំបូល​ទូក​នៃ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដោយការ​ប្រកួតនេះ មានមន្រ្តីបច្ចេក​ទេស​៤២នាក់ កីឡាករ កីឡាការិនី​៥៤នាក់ រួម​ជាមួយ​មន្រ្តី​ស្ម័គ្រ​ចិត្ត​​ចំនួន​១០នាក់។

តាម​រយៈ​​ការ​ប្រកួតប្រជែង នៅលើ​វិញ្ញាសា​ចំនួន​១៣ ពី​ថ្ងៃទី​៣ ដល់​ទី​៨ ខែវិច្ឆិកា គឺ​ក្រុម​អត្តពលិក​ក្រសួងមហាផ្ទៃ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ដោយ​​ឈ្នះបាន​មេដាយមាស​៥ ប្រាក់​៧ សំរឹទ្ធ​១ រីឯ​ក្រសួងការពារជាតិ ឈរ​នៅលេខ​២ ដោយ​បានមេដាយមាស​៣ ប្រាក់​២ សំរឹទ្ធ​៥ ហើយខេត្ត​កំពង់ឆ្នាំង ឈរ​នៅលេខ​៣ ឈ្នះ​បានមេដាយមាស​៣ ប្រាក់​១ សំរឹទ្ធ​៣ ចំណែក​ខេត្ត​ក្រចេះ បាន​ឈ្នះ​មេដាយមាស​២ ប្រាក់​៣ និង​សំរឹទ្ធ៤ ​ឈរ​នៅ​លេខ​៤​ក្រោយ​គេ។

ការសម្តែងបង្ហាញសមត្ថភាព​របស់​ក្រុម​កីឡាការិនីកាយសម្ព័ន្ធកម្ពុជា​ ក្នុងពិធី​បិទការប្រកួត​កីឡាកាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៤ នៅសាលដំបូល​ទូក​នៃពហុកីឡដ្ឋានជាតិ​អូឡាំពិក។ រូប​ថត ឈន ណន

ជាមួយ​លទ្ធផល​នេះ លោក ថោង ខុន បានចាប់​អារម្មណ៍​ខ្លាំង​ទៅលើ​​កីឡាករ កីឡាការិនិវ័យក្មេង ដែលមានចំនួនច្រើនជាង​អត្តពលិក​ពេញ​វ័យ ហើយពួកគេ​ក៏មានសមត្ថភាព​ល្អ ហេតុនេះ លោក​បានប្រាប់​ទៅ​សហព័ន្ធ ឱ្យ​ជំរុញ​អ្នកទាំងអស់​នេះ​បន្ថែម​ទៀត ព្រម​ទាំងបណ្តុះបណ្តាល​ថ្នាក់ថ្នាល​ មានទេពកោសល្យបន្ថែម​ ដើម្បី​ត្រៀម​ការ​ប្រកួតកីឡា​យុជន​អាស៊ី ឆ្នាំ​២០២៩។

លោក​បាន​ផ្តល់ជាអនុសាសន៍​បែប​នេះ​ថា៖ «សូម​បណ្តុះបណ្តាល​ថ្នាក់ថ្នាល​តាមកម្រិតអាយុ បង្កើនបរិមាណ និងគុណ​ភាព​កីឡាករ កីឡាការិនី​តាម​ក្លិប​ សមាគម​កីឡាកាយសម្ព័ន្ធឱ្យបាន​ទូលំ​ទូលាយ​ និងជ្រើស​រើស​កីឡាករ កីឡាការិនី​មាន​ទេពកោសល្យ​វ័យក្មេង ព្រមទាំង​ពង្រឹង​សមត្ថ​ភាពចៅ​ក្រម មន្រ្តី​បច្ចេកទេស​ គ្រូ​បង្វឹក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ទាំង​បរិមាណ និងគុណ​ភាពដូចគ្នា»។

បន្ថែម​លើ​នេះ លោក ថោង ខុន ក៏បានជំរុញឱ្យ​​មន្រ្តី​បច្ចេក​ទេស​ក្រោមឱវាទ ក៏ដូចជា​ថ្នាក់ដឹកនាំ​តាម​ក្លិប​ សមាគម​កីឡាកាយសម្ព័ន្ធ ត្រូវលើក​ទឹក​ចិត្ត​​ឱ្យអត្តពលិក​របស់​ខ្លួន ​ចូលរួម​ការ​ប្រកួតឱ្យ​បាន​ច្រើនទាំង​ក្នុងស្រុក និង​នៅលើ​ឆាក​អន្តរជាតិ ​ជាពិសេស​ស៊ីហ្គេម ឆ្នាំ​២០២៥ ដោយ​ត្រូវ​​ហ្វឹក​ហាត់ឱ្យ​បាន​ជា​ប្រចាំ​ ហើយ​ក៏​ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​​គ្រប់គ្រង​ឱ្យ​បាន​រឹងមាំផង​ដែរ​ តាម​រយៈ​ការ​​ស្វែង​រក​ដៃគូ​អភិវឌ្ឍ​បន្ថែម​ទៀត។​

ឆ្លើយ​តបទៅនឹងការផ្តល់​ជាអនុសាសន៍​របស់​លោក ថោង ខុន នេះ លោក ណយ ផាណា អគ្គលេខាធិការ​សហព័ន្ធ​កីឡាកាយ​សម្ព័ន្ធ​កម្ពុជា បាន​អះអា​ង​ថា លោក និង​ក្រុមការងារ​​បច្ចេក​ទេស​ទាំងអស់​របស់​សហព័ន្ធ នឹង​ប្រឹងប្រែង​អនុវត្តការងារ​ឱ្យបានកាន់តែ​ល្អ​ថែម​ទៀត ដើម្បី​ភាព​រីក​ចម្រើន​នៃ​វិស័យ​កីឡា​មួយនេះ ហើយ​​បើ​ធ្វើ​ការ​ប្រៀបធៀប​ជាលក្ខណៈ​បច្ចេក​ទេស ពី​ឆ្នាំ​២០២២ ឆ្នាំ​២០២៣ កន្លងមក គឺ​ឆ្នាំ​នេះ​បាន​ប្រសើរ​ច្រើន ព្រោះការ​ត្រៀម​រៀបចំ​បាន​ពេញ​លេញ។

លោក​បញ្ជាក់​ថា៖ «​ក្រុមអត្តពលិក​វ័យ​ក្មេង ដែល​ក្លិប សមាគម បានបញ្ជូនមក​ប្រកួត ​មាន​សមត្ថ​ភាព​ល្អ អ៊ីចឹង​បើ​ប្រៀប​ធៀប​ឆ្នាំ​មុន គឺ​នៅ​ឆ្នាំ​នេះ ខ្ញុំ​អាច​ជ្រើស​រើស​​អត្តពលិក​​ថ្នាល​បានច្រើន​ ហើយ​​ចំពោះ​អនុសាសន៍​របស់​ឯកឧត្តមបណ្ឌិត ថោង ខុន ដែល​បានដាក់ចេញ គឺ​យើង​ធ្វើ​បានច្រើនដែរ​ហើយ អ៊ីចឹង​យើង​ត្រូវ​អនុវត្ត​បន្ថែម​ទៀត ដោយក្នុង​នោះ​យើងជ្រើស​រើស​បានអត្តពលិក​ថ្នាល​ច្រើន​ដែរ ហេតុនេះចំពោះការ​ងារ​បច្ចេក​ទេស គឺ​បាន​ល្អ​ប្រសើរ​ច្រើន​មែន​ទែន»៕