អគ្គលេខាធិការ​សហព័ន្ធខ្មែរ​កីឡាហែល​ទឹក លោក ហែម គីរី បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ទៅលើក្រសួង និងរាជធានី-ខេត្ត​ទាំង​១១ ដែល​បានបញ្ជូន​​ក្រុម​អត្តពលិក​​​របស់​ខ្លួន ​មក​ចូលរួម​ការ​ប្រកួត​កីឡាហែល​ទឹក និងហែល​ទឹក​ពាក់ជើង​ទា ក្នុងព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៤ ឆ្នាំ​២០២៤ ជាពិសេស​ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន​ធនធាន​កីឡាករ​ កីឡាការិនី​ល្អៗច្រើន ហើយ​ដណ្តើម​បានមេដាយច្រើនជាង​គេ។

តាម​រយៈ​ការ​ប្រកួតប្រជែងពីថ្ងៃទី​៦ ដល់​ទី​៨ ខែវិច្ឆិកា ​នៅលើ​វិញ្ញាសាចំនួន​២៤ ទាំងប្រភេទ​កីឡា​ហែល​ទឹក និង​ហែល​ទឹក​ពាក់ជើង​ទា ដែល​ទើប​ដាក់ឱ្យមានការ​ប្រកួត​ក្នុង​កីឡាជាតិ លើកទី​៤​នេះ គឺ​ក្រុមអត្តពលិក​ក្រសួងមហាផ្ទៃ បានឈរ​នៅលេខ​១ ដោយឈ្នះមេដាយមាស​៩ ប្រាក់​២ សំរឹទ្ធ​៦ រីឯ​​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឈរនៅលេខ​២ ដោយបានមាស​៥ ប្រាក់​៤ សំរឹទ្ធ៨ ហើយ​ក្រសួងការពារជាតិ ឈ្នះ​បានមាស​២ ប្រាក់​៣ សំរឹទ្ធ​៤។

ចំណែក​ក្រុម​អត្តពលិក​ប្រកួតតំណាង​ឱ្យ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង និង​ខេត្តព្រៃវែង បានឈរនៅលេខ​រៀងជាបន្តបន្ទាប់គ្នា ដោយដណ្តើម​បានមេដាយ​មាស ប្រាក់ និងសំរឹទ្ធរៀងៗ​ខ្លួន រីឯ​ក្រុម​អត្តពលិក​របស់​ខេត្ត​កំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង ក៏​​ឈ្នះ​បាន​​មេដាយប្រាក់ និងសំរឹទ្ធ​ ពី​​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៤នេះផងដែរ។

សម្រាប់​ការ​បង្ហាញភាព​លេចធ្លោ​របស់​​ក្រសួងមហា​ផ្ទៃ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នេះ លោក ហែម គីរី បាន​និយាយ​ថា៖ «ក្រសួងទាំង២​នេះ មាន​ធនធាន​កីឡាករ ដែល​បានបណ្តុះបណ្តាល​ ក្រោមការ​រៀបចំជាមួយសហព័ន្ធ​ នៅ​អាងហែលទឹកនៃ​ពហុកីឡដ្ឋានជាតិ ហើយ​ធនធាន​កីឡាករ​ទាំង​អស់នេះ​ហើយ ដែល​ជា​សក្តានុពល ធ្វើ​ឱ្យក្រសួងទាំង​២នេះ ទទួលបានលទ្ធផល​ល្អ​ នៅ​ថ្ងៃ​នេះ»។

ដោយឡែក ចំពោះ​ក្រសួង​ និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដែលមានគោលបំណង​បង្កើត​ឱ្យ​មាន​ក្លិប ឬសមាគម​កីឡាហែល​ទឹក ដើម្បីបណ្តុះបណ្តាល​ដល់​កីឡាករ កីឡាការិនី​នៅតាម​ខេត្ត សូម​ទាក់​ទងមក​ខាង​សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក ដើម្បី​ធ្វើការ​ងារ​នេះជាមួយ​គ្នា ព្រោះ​វាឱកាស​ ដែលសហព័ន្ធ អាច​​បង្កើត​ឱ្យមាន​ធនធាន​កីឡាករ កីឡាការិនីជាអ្នក​បន្ត​វេនកាន់តែ​ច្រើន ប៉ុន្តែ​បើសិនជា​យើងមិនមានទេ គឺ​​អាច​នឹង​ពិបាក​រក​ធនធាន​​អត្តពលិក​សម្រាប់​ត្រៀម​ការ​ប្រកួត​ធំៗ។

ការប្រកួត​កីឡាហែល​ទឹក និងហែល​ទឹកពាក់ជើង​ទា ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៤ ឆ្នាំ​២០២៤ នៅ​អាងហែល​ទឹក​នៃពហុកីឡដ្ឋានជាតិ​។ រូប​ថត សហព័ន្ធ

ជុំវិញការ​ងារ​នេះ លោក គីរី បាន​ឱ្យ​ដឹង​ថា គិតមកដល់ពេលនេះ មានខេត្តចំនួន​៣​ប៉ុណ្ណោះ ដែល​មានហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ហែល​ទឹក គឺ​​ខេត្តកំពង់ចាម ខេត្ត​បាត់​ដំបង និង​ខេត្តកណ្តាល ហើយ​លោក​ចង់ឃើ​ញបណ្តា​ខេត្តផ្សេងៗ​ទៀត មាន​ហេដ្ឋរចនាសម្ព័ន្ធ​ដែរ ដើម្បី​បើកឱកាស​ឱ្យ​​យុវជននៅតាម​ខេត្ត បានចូល​រួមហ្វឹកហាត់កីឡាហែល​ទឹក ព្រមទាំង​អាចអភិវឌ្ឍ​ខ្លួន​ទៅជា​កីឡាករ​ កីឡាការិនី​ប្រកួត​តំណាង​ឱ្យ​ខេត្ត និងប្រទេសជាតិ នាថ្ងៃអនាគត។

លោក​បញ្ជាក់​ថា៖ «វាសំខាន់ណាស់ ដែល​គ្រប់បណ្តា​ខេត្តទាំង​អស់ មាន​ហេដ្ឋារចនា​សម្ព័ន្ធ និង​​ការបណ្តុះបណ្តាល ហើយ​មានកម្មវិធីច្បាស់​លាស់​ ព្រោះ​យើងចង់​បាន​ធនធាន​មន្ថែម។ បើ​សិនជានៅតាមបណ្តា​ខេត្តដទៃ​ទៀត​ មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​កម្ម​វិធីហ្វឹកហាត់​ច្បាស់លាស់​ គឺ​ច្បាស់ណាស់ សហព័ន្ធយើង នឹងស្រូប​បានធនធាន​អត្តពលិកច្រើន​ជាង​នេះ»។

លោក ហែំម គីរី ពេល​បំពាក់​មេដាយ ដល់​ក្រុម​អត្តពលិក​ជា​ម្ចាស់​ជយលាភី ក្នុងពិធី​បិទ​ការ​​ប្រកួត​កីឡា​ហែល​ទឹក និងហែល​ទឹកពាក់ជើង​ទានៃ​ព្រឹត្តិការណ៍កីឡាជាតិ កាលពី​ព្រឹក​ថ្ងៃសុក្រ។ រូប​ថត ឈន ណន

លោក​ ហែល គីរី បានបន្ថែម​ថា៖​ «​សព្វ​ថ្ងៃនេះ យើង​មាន​បណ្តាខេត្ត-រាធានី​ ៤ទៅ​៥​ទេ ដែល​មានទីតាំងច្បាស់​លាស់​ អ៊ីចឹង​​យើង​ត្រូវ​ការ​ឱ្យបានច្រើន ដើម្បី​យើងមាន​លទ្ធភាព​ទាញ​​យក​ចំនួន​កីឡាករ និងក្រុមកីឡា​ជម្រើសជាតិ ព្រោះ​នៅពេលណា​យើង​មានជម្រើស​ច្រើន គឺ​យើង​នឹងចម្រាញ់​បានអត្តពលិក​​មានគុណ​ភាព តែបើមានជម្រើស​តិច ច្បាស់​ណាស់ ធនធាន​កីឡាករ​មានគុណភាព វានឹង​មិនមាន​ភាព​​ទូលំទូលាយ ក្នុងការ​ជ្រើស​រើស​នោះ​ទេ។ ​​​នេះជាចំណុច​សំខាន់»៕