កីឡាករលេង​បាន​ទាំងតំណែងជា​ខ្សែ​​​បម្រើ និងខ្សែ​ការពារ ថេឡរ នីកូឡាស់ បាន​ចេញ​មុខ​មក​ការពារ​ភាព​ស្អាតស្អំរបស់​ វីរៈ ដារ៉ា បន្ទាប់ពី​អ្នកចាំទី​ដៃទី​១​​​រូប​នេះ បាន​បង្កើតកំហុស​នាំ​ឱ្យ​របូត​​គ្រាប់បាល់ចំនួន​២​គ្រាប់ ក្នុង​ពេលដែល​​ក្រុមជម្រើសជាតិ​​កម្ពុជា បានចាញ់​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី ២-១ ក្នុង​ការ​ប្រកួត​ជម្រុះ​សន្សំពាន​រង្វាន់ ASEAN Mitsubishi Electric Cup 2024 កាលពី​យប់​មិញ ចំណែក​​ខ្សែ​ការពារ កាន់ ម៉ូ និងខ្សែ​បម្រើ គឺម សុខយុទ្ធ សុទ្ធ​តែ​មាន​របួស​ធ្ងន់។​

បើទោះបីជា​​ការ​ប្រកួត​បានបញ្ចប់​ទៅ​ហើយក៏​ពិតមែន ប៉ុន្តែ​អ្នកគាំ​ទ្រ​ភាគ​ច្រើន នៅ​តែ​បន្ត​រិះគន់ខ្លាំង​​ដល់​អ្នកចាំទី វីរៈ ដារ៉ា ដោយ​អ្នក​ខ្លះបាន​ចោទ​ប្រកាន់អ្នកចាំទី​មកពី​ក្លិប​ព្រះខ័នរាជស្វាយរៀងរូប​នេះ​ថា ​បាន​លក់​គ្រាប់​បាល់ រីឯអ្នក​ខ្លះ​ទៀត ក៏បានស្នើ​ដល់​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា និងសហព័ន្ធ​កីឡាបាល់​ទាត់អាស៊ាន បើក​ការស៊ើបអង្កេត ដើម្បី​ឱ្យប្រាកដ​ថា ​វីរៈ ដារ៉ា ពិតជា​បានកបង្កើតកំហុស​ដោយ​អចេតនា ឬ​ក៏​មាន​បំណងផ្សេង ដែល​ទាក់​ទង​នឹងការ​រៀបចំលទ្ធផល​ទុក​ជាមុន។

ប៉ុន្តែ​សមាជិកក្រុមជម្រើសជាតិ​កម្ពុជា ថេឡរ នីកូឡាស់ បានចេញមុខ​មក​ច្រានចោល​ការចោទប្រកាន់ទាំងអស់នេះ ដើម្បីការពារ​ភាពស្អាតស្អំ​ដល់​មិត្តរួម​ក្រុម វីរៈ ដារ៉ា។ នីកូឡាស់ បានបង្ហោះសារ​នៅលើ​ផេចហ្វេសប៊ុក​របស់​ខ្លួន នៅព្រឹក​ម៉ោង​១០ ថ្ងៃ​ព្រហស្បតិ៍នេះ​ថា៖​ «ប្រសិនបើមានការលើកឡើងពី “ការរៀបចំលទ្ធផលទុកមុន” វាជារឿងមិនត្រឹមត្រូវទេ»។

កីឡាករ​កម្ពុជា សញ្ជាតិអាមេរិក​រូប​នេះ បាន​បន្ថែម​ថា៖ «គ្រប់កីឡាករទាំងអស់បានខំប្រឹងប្រែង និង​ចង់ឈ្នះ ដើម្បីប្រទេសជាតិរៀងៗខ្លួន ហើយ​ការបង្កើតកំហុសវាជារឿងធម្មតានៅក្នុងបាល់ទាត់។ ខ្ញុំជឿទុកចិត្ត និង គាំទ្រ វីរៈ ដារ៉ា ១០០០%»។

តាម​រយៈការ​ប្រកួត​នៅពហុកីឡដ្ឋាន National Stadium របស់​សិង្ហបុរី កាលពី​យប់ថ្ងៃពុធ ម្សិលមិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី អាច​រក​បាន២​គ្រាប់ជាប់ៗគ្នា ​តាមរយៈការ​បង្កើត​កំហុស​របស់​អ្នកចាំទី វីរៈ ដារ៉ា គឺ​គ្រាប់​បាល់​ទី​១ ថេឡរ នីកូឡាស់ បានបញ្ជូលបាល់​ទៅ​ឱ្យ វីរៈ ដារ៉ា ទាត់​ផ្តាច់​ឡើងទៅលើ ប៉ុន្តែ ដារ៉ា បាន​​រអិល​ជើង​ដួល ដោយ​ទាត់បាល់នោះ​ត្រូវ​​មិនពេញ​ជើង នាំ​ឱ្យ​បាល់​​ភ្លាតទៅដល់​ជើង​​ខ្សែ​ប្រយុទ្ធ​សិង្ហបុរី Muhammad Faris Bin Ramli ដើម្បី​ទាត់បាល់​​បញ្ចូល​ទី​យ៉ាង​ស្រួល នៅនាទីទី​៩។

ចំណែក​​គ្រាប់បាល់​ទី​២ គឺ​ វីរៈ ដារ៉ា បាន​ទាត់​បាល់​ ដែល​បញ្ជូន​ឱ្យ​ដោយ​​ខ្សែ​ការពារ យ៉ើ ម៉ូស្លីម មិន​ដល់​ជើង​ខ្សែ​ការពារ Takaki Ose នាំ​ឱ្យ​ខ្សែ​​ប្រយុទ្ធ Muhammad Shawal Bin Anuar រត់ទៅស៊ុត​បាល់នោះ បញ្ចូល​ទី​យ៉ាងស្រួល ដើម្បី​ជួយ​ឱ្យក្រុមសិង្ហបុរី នាំមុខ​ក្រុមកម្ពុជា ២-០ នៅត្រឹមនាទីទី​១៦។

យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​ប្រកួត​នៅតង់ទី​២ ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី បានត្រឹម​លេង​ការពារ នៅ​មុខ​ទី​របស់ខ្លួន ពី​ការ​​វាយសម្រុកយ៉ាង​ខ្លាំង​របស់​ក្រុម​កម្ពុជា ហើយការ​​បញ្ជូល​បាល់​នៅមុខទី​យ៉ាងស្អាត​របស់ សារ ទី បាន​ផ្តល់​ឱកាស​ឱ្យ​ខ្សែ​ប្រយុទ្ធ សៀង ចន្ធា ស៊ុត​បាល់​នោះ​បញ្ចូល​ទី​​បាន​១​គ្រាប់​វិញ នៅនាទីទី​៥៩។

កីឡាករ​ ថេឡរ នីកូឡាស់ បានព្យាយាម​អូសបាល់រំលង​កីឡាករ​របស់សិង្ហបុរី ក្នុង​ពេល​ប្រកួត កាលពី​យប់ថ្ងៃពុធ។ រូប​ថត FFC

បន្ថែម​លើនេះ កម្ពុជា គួរណាស់​រក​បាន​គ្រាប់បាល់​បន្ថែម​ទៀត ជាមួយការ​បង្កើតឱកាស​ជាច្រើនលើក​របស់​ខ្លួន តែពួកគេ មិនអាច​ធ្វើ​បាន ហើយ​អ្វីដែល​ធ្វើឱ្យ​​អ្នកគាំ​ទ្រ​សោក​ស្តាយបំផុត​នោះ គឺ​ការ​ទាត់បាល់​នៅមុខ​ទី ហោះ​ឡើង​ទៅ​លើ​របស់​ខ្សែ​ប្រយុទ្ធទើបដាក់​ឱ្យ​ចូលនៅក្នុងតង់ទី​២ ហាវ សុខនេត្រ នៅនាទីទី ៩០+៦។​​

ការ​ធ្វើ​ឱ្យបាត់បង់ឱកាសតាមស្មើ​របស់ ហាវ សុខនេត្រ ​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​កាន់តែ​មាន​ឡើង​កម្តៅ និងនៅតែ​មិនអស់​ចិត្ត​ចំពោះការចាញ់​ក្រុម​សិង្ហបុរី ២-១ លើក​នេះ ព្រោះ​ក្រុមកម្ពុជា បាន​បង្ហាញការ​លេង​បានយ៉ាង​ល្អបំផុត ជាពិសេស​នៅក្នុងតង់ទី​២។ កម្ពុជា​បាន​គ្រប់​គ្រង​បាល់​៥២ភាគ​រយទល់នឹង​៤៨ភាគរយ ហើយ​មានឱកាស​ស៊ុតបាល់​​សំដៅ​ទី​​​ក្រុមម្ចាស់​ផ្ទះ ចំនួន​១៩​ដង ខណៈ​សិង្ហបុរី មានឱកាសស៊ុត​តែ​៦​ដង​ទេ ប៉ុន្តែ​អាច​រក​បាន​២​គ្រាប់ ជាមួយការ​បង្កើតកំហុស​របស់អ្នកចាំទី វីរ់ៈ ដារ៉ា។

បន្ថែម​លើ​ការ​សោកស្តាយនេះ ខ្សែការពារ​កណ្តាលជា​ប្រធាក្រុម កាន់ ម៉ូ បានរងការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ​ជាមួយខ្សែប្រយុទ្ធសិង្ហបុរី Taufik Suparno នៅពេលដែលកីឡាករដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ បានលោតទៅតែតបាល់ ដែលទាត់ចេញពីជ្រុង ហើយ​ត្រូវបាន​ប្តូរចេញ​នៅនាទីទី​៧៣។

ខ្សែ​ការពារ កាន់ ម៉ូ និង គឹម សុខយុទ្ធ សុទ្ធតែ​មាន​របួសធ្ងន់ ​ពេល​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី កាលពី​យប់​ថ្ងៃពុធ។ រូប​ថត FFC

«កាន់ ម៉ូ បានប៉ះទង្គិចគ្នានៅផ្នែកក្បាល Head Concussion។ ស្ថានភាពរបួសទាមទារការដេរ ១០ថ្នេរ»។ សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ ដោយអះអាងថា ផ្នែកក្បាលដែលបានការប៉ះទង្គិចនោះ ត្រូវបានស្កេនសម្រាប់ការត្រួតពិនិត្យ ហើយកីឡាករកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់។

ចំណែកខ្សែបម្រើ គឹម សុខយុទ្ធ ដែល​ត្រូវបានប្តូរចេញនៅនាទី៥៣ ក្រោយព្យាយាមរត់ទៅដណ្តើមបាល់ពីខ្សែការពារសិង្ហបុរី Lionel Tan នោះ ត្រូវបាន​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បញ្ជាក់​ថា សុខយុទ្ធ បាន​រងរបួសសសៃពួរជើង (Hamstring) ដែល​ត្រូវបានស្កេន ដើម្បីឱ្យគ្រូពេទ្យត្រួតពិនិត្យស្ថានភាពរបស់គាត់។

ដោយឡែក​ក្រុមជម្រើសជាតិ​ម៉ាឡេស៊ី ដែលបានស្មើ ២-២ ជាមួយក្រុម​ម្ចាស់​ផ្ទះកម្ពុជា កាលពី​ថ្ងៃទី​៨ ខែធ្នូ​នោះ បាន​យក​ឈ្នះក្រុមជម្រើសជាតិទីម័រ​ខាង​កើត ៣-២ កាលពី​យប់​ថ្ងៃ​ពុធ​នោះ​ដែរ។ ​យោង​តាម​លទ្ធផលនេះ ក្រុម​ម៉ាឡេស៊ី បាន​ឡើង​ទៅឈរ​លេខ​១​ប្រចាំពូល​A ជាបណ្តោះ​អាសន្ន ដោយ​មាន​៤ពិន្ទុ រីឯ​ក្រុម​ថៃ បាន​ធ្លាក់មក​ឈរ​នៅលេខ​២​វិញ ដោយមាន​៣ពិន្ទុ​ស្មើ​ក្រុម​សិង្ហបុរី ចំណែក​ក្រុម​កម្ពុជា បាន​ធ្លាក់​ទៅឈរ​នៅលេខ​៤ ដោយមានត្រឹម​១ពិន្ទុដដែល៕