ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិទីម័រខាងកើត សុទ្ធតែបានដាក់គោលដៅដណ្តើមយកជ័យជម្នះ សម្រាប់ជួបគ្នាជាថ្មី ក្នុងការប្រកួតជម្រុះសន្សំពិន្ទុតាមពូលនៃពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចម៉ោង ៥:៤៥ ថ្ងៃអង្គារនេះ។
ការដណ្តើមយក៣ពិន្ទុ ពីក្រុមទីម័រខាងកើត នៅថ្ងៃនេះ វាពិតជាសំខាន់បំផុត សម្រាប់ក្រុមម្ចាស់ផ្ទះកម្ពុជា ក្នុងការបន្តទៅជួបក្រុមជម្រើសជាតិថៃ ក្នុងការប្រកួតបញ្ចប់ពូលAនេះ នាថ្ងៃទី២០ ខែធ្នូ ដើម្បីប្រជែងយកឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះ២ប្រកួតកន្លងមកនេះ កម្ពុជា ទើបមាន១ពិន្ទុទេ បន្ទាប់ពីប្រកួតស្មើ ២-២ ជាមួយក្រុមម៉ាឡេស៊ី និងចាញ់ក្រុមម្ចាស់ផ្ទះសិង្ហបុរី ២-១ នោះ។
លោក Koji Gyotoku ជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានថ្លែង ក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា៖ «សម្រាប់លទ្ធផលការប្រកួត២លើកកន្លងមក វាមិនអាក្រក់ពេកទេ ចំណែកការប្រកួតលើកទី៣ជាមួយក្រុមទីម័រ លើកនេះ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះ»។
ជាមួយគ្នានេះ គ្រូបង្វឹកជនជាតិជប៉ុនលោក Koji Gyotoku ក៏បានលើកឡើងពីបញ្ហារបួសកីឡាករសំខាន់ៗមួយចំនួនផងដែរ ជាពិសេសខ្សែការពារជាប្រធានក្រុម កាន់ ម៉ូ ដែលមានរបួសក្បាលធ្ងន់ធ្ងរ ដេរអសើ១០ថ្នេរ ហើយកំពុងព្យាបាលនៅប្រទេសសិង្ហបុរី និងខ្សែបម្រើ គឹម សុខយុទ្ធ ដែលរងរបួសសសៃពួរជើង ហើយត្រូវសម្រាកព្យាបាលប្រមាណ៣ខែ។
តែទោះបីជាយ៉ាងណា តាមរយៈការបង្ហោះសារជាវីដេអូខ្លី គឺទាំង កាន់ ម៉ូ និង គឹម សុខយុទ្ធ សុទ្ធតែមានការជឿជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងដណ្តើមបានជ័យជម្នះ សម្រាប់ការប្រកួតជាមួយក្រុមទីម័រនៅថ្ងៃអង្គារនេះ។ ជាមួយគ្នានេះ ខ្សែបម្រើ នេតូ រ៉ុនដុន ក៏ត្រូវបានគេរំពឹងថា នឹងអាចបង្ហាញវត្តមានជាលើកដំបូងក្នុងការប្រកួតនេះផងដែរ ក្រោយមិនបានលេង២ប្រកួត ដោយសារមានរបួស ក្នុងពេលហ្វឹកហាត់។
លោក Koji បានបញ្ជាក់ថា៖ «ថ្វីដ្បិតតែកីឡាកររបស់យើងមួយចំនួនបានរបួស និងមិនអាចបន្តក្នុងព្រឹត្តិការណ៍នេះក៏ពិតមែន ប៉ុន្តែយើងនៅតែមានកីឡាករផ្សេងៗ ដែលអាចជំនួសពួកគាត់បាន ហើយយើងនៅតែមានជំនឿលើក្រុមជម្រើសជាតិកម្ពុជាថា នឹងអាចយកលទ្ធផលល្អជូនដល់អ្នកគាំទ្រ»។
ផ្ទុយពីនេះក្រុមជម្រើសជាតិទីម័រខាងកើត ដែលបានចាញ់ក្រុមថៃ ១០-០ ចាញ់ក្រុមម៉ាឡេស៊ី ៣-២ និងចាញ់ក្រុមសិង្ហបុរី ៣-០ នោះ បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ដោយស្វ័យប្រវត្តិហើយ ប៉ុន្តែក្រុមនេះ បានផ្តោតខ្លាំងទៅលើការដណ្តើមយក៣ពិន្ទុ សម្រាប់ការបង្រ្គប់កិច្ចជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា នៅថ្ងៃនេះ បើទោះដឹងថា កម្ពុជា មានទម្រង់លេងបានល្អជាងមុនក៏ដោយ។
លោក Simon Elisettche គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា៖ «ជារឿយៗ យើងតែងទស្សនាការប្រកួតលីគកម្ពុជា ព្រោះកីឡាកររបស់យើងមួយចំនួន កំពុងលេងនៅទីនេះ។ ខ្ញុំមើលឃើញថា បាល់ទាត់នៅកម្ពុជាកំពុងតែរីកចម្រើន ហើយមានកីឡាករល្អៗមួយចំនួន និងមានកីឡាករចូលសញ្ជាតិផងដែរ ដោយពួកគេលេងបានយ៉ាងល្អ ពេលប្រកួតជាមួយក្រុមសិង្ហបុរី និងម៉ាឡេស៊ី»។
លោកបានបន្ថែមថា៖ «យើងដឹងថា យើងនឹងត្រូវលេងជាមួយក្រុមល្អមួយ (កម្ពុជា) ប៉ុន្តែយើងក៏កំពុងតែផ្លាស់ប្តូរ និងរីកចម្រើនផងដែរ។ យើងសង្ឃឹមថា យើងអាចបង្ហាញទម្រង់លេងល្អពេញ៩០នាទី និងទទួលបានលទ្ធផលល្អ ដើម្បីទទួលបាន៣ពិន្ទុ សម្រាប់ការប្រកួតចុងក្រោយរបស់យើង»។
តាមប្រវត្តិជួបគ្នាចំនួន៤លើកចុងក្រោយ តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលនេះ ក្រុមធំជម្រើសជាតិទីម័រខាងកើត បានចាញ់ក្រុមធំជម្រើសជាតិកម្ពុជា ចំនួន៣លើក និងឈ្នះ១លើក គឺពួកគេបានចាញ់កម្ពុជា ៤-២ កាលពីឆ្នាំ២០១០ មុនពេលឈ្នះ ៥-១ វិញ ក្នុងឆ្នាំ២០១២ រីឯការជួបគ្នា២លើកទៀត ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៦ គឺក្រុមទ័ម័រ បានចាញ់កម្ពុជា ដោយលទ្ធផល ៣-២ ដូចគ្នា ខណៈការជួបគ្នាជាថ្មីនេះ ក្រុមទាំង២ សុទ្ធតែបានអះអាងក្នុងការដណ្តើមយកជ័យជម្នះដូចគ្នា៕