នៅទីបំផុតក្រុមជម្រើសជាតិកម្ពុជា បានរកឃើញជ័យជម្នះរបស់ខ្លួន នៅក្នុងការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ជាផ្លូវការហើយ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ២-១ ទាំងលំបាក នៅពហុកីឡដ្ឋានជាតិអូឡាំពិក តែគ្រូបង្គោលលោក Koji Gyotoku ចាត់ទុកលទ្ធផលនេះជារឿងល្អ ដែលកម្ពុជា នៅសល់ឱកាសប្រជែងទៅវគ្គបន្ត ទោះមានភាគរយមិនច្រើន ហើយកីឡាករសំខាន់ៗអាចបាត់បង់កម្លាំង ក្នុងការប្រកួតជាមួយក្រុមថៃ។
សម្រាប់ការប្រកួតកាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ អ្នកគាំទ្រភាគច្រើន បានដាក់ក្តីរំពឹងថា ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងអាចយកឈ្នះលើក្រុមទីម័រខាងកើត លើសពី៣គ្រាប់ ដើម្បីមានឱកាសច្រើន ក្នុងការប្រជែងឡើងទៅវគ្គបន្ត ប៉ុន្តែគ្រប់យ៉ាងមានការប្រែប្រួល នៅពេលម៉ាស៊ីនជំនួយការអាជ្ញាកណ្តាល (VAR) បានច្រានចោលគ្រាប់បាល់បើកឆាករបស់ Nieto Rondon នៅនាទីទី២ ហើយខ្សែប្រយុទ្ធ Joao Pedro Da Silva Freitas បែរជាអាចរកបានគ្រាប់បាល់ឱ្យក្រុមទីម័រ នាំមុខមុន នៅត្រឹមនាទីទី២២នោះ។
ការលេងបែបការពារ និងវាយបកលឿនៗ ដើម្បីផ្តល់ឱកាសឱ្យ Joao Pedro Da Silva Freitas រកបានគ្រាប់បាល់បើកឆាកនេះ វាបានបង្ហាញពីឆន្ទៈលេងដ៏ពិតប្រាកដរបស់ក្រុមទីម័រខាងកើត ក្នុងការស្វែងរកជ័យជម្នះលើក្រុមម្ចាស់ផ្ទះកម្ពុជា គឺខុសគ្នាឆ្ងាយពីពេលដែលពួកគេ បានចាញ់ក្រុមជម្រើសជាតិថៃ ១០-០ ក្នុងទឹកដីខ្លួនឯង សម្រាប់ការប្រកួតបើកឆាកប្រចាំពូលAនេះ កាលពីថ្ងៃទី៨ ខែធ្នូ។
តែទោះបីជាយ៉ាងណា ក្រុមកម្ពុជានៅតែព្យាយាមគ្រប់គ្រងបាល់បានល្អ ដើម្បីដាក់សម្ពាធទៅលើក្រុមទីម័រ ហើយការលើកបាល់ជ្រុងរបស់ Yudai Ogawa បានផ្តល់ឱកាសឱ្យខ្សែប្រយុទ្ធវ័យក្មេង ស រតនា អាចលោតយកស្មាទៅបុកបាល់នោះបញ្ចូលទី នៅនាទីទី៤១ ហើយនៅនាទីទី៧៩ ហាវ សុខនេត្រ រកបាន១គ្រាប់ទៀត បន្ទាប់ពី Nieto Rondon បានបញ្ជូនបាល់ទៅឱ្យ ស រតនា ហើយ រតនា បានបញ្ជូនបាល់បន្តមកឱ្យរូបគេ ដែលឈរចាំស៊ុតតែឯង នៅមុខទីនោះ។
យ៉ាងណាក៏ដោយទាំងគ្រាប់បាល់របស់ ស រតនា និង ហាវ សុខនេត្រ សុទ្ធតែត្រូវបានពិនិត្យមើលឡើងវិញតាមរយៈ VAR ព្រោះមានការសង្ស័យថា ស រតនា បានយកដៃទៅបុកបាល់បញ្ចូលទី ហើយ សុខនេត្រ អាចឈរនៅក្នុងទីតាំងអកហ្ស៊ឺ ប៉ុន្តែក្រោយការពិនិត្យ គឺ VAR បានច្រានចោលនូវការចាប់កំហុសនេះ ធ្វើឱ្យក្រុមកម្ពុជា អាចរកបាន២គ្រាប់ ដើម្បីយកឈ្នះក្រុមទីម័រ ២-១ យ៉ាងលំបាក។
សម្រាប់ការដណ្តើមបានជ័យជម្នះនេះ ម្ចាស់អាវលេខ២៣ ស រតនា ដែលត្រូវបានជ្រើសរើសជា Man of the Match សម្រាប់ការប្រកួតនេះ បាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «ការលេងជាមួយទីម័រ ពិតជាពិបាកខ្លាំង ព្រោះក្រុមនេះលេងការពារ និងវាយបកហើយលឿន ហើយនៅតង់ទី២ ក្រោយការកែប្រែ ទើបយើងធ្វើបានល្អមកវិញ»។
សម្រាប់ការប្រកួត កាលពីថ្ងៃអង្គារនោះដែរ ក្រុមជម្រើសជាតិថៃ បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះសិង្ហបុរី ដែលបាននាំមុខ ២-០ មុន ដោយលទ្ធផល ៤-២ ហើយលទ្ធផលនេះជួយឱ្យក្រុមថៃ មាន៩ពិន្ទុពេញ ដោយឈ្នះទាំង៣ប្រកួត និងបានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ទោះនៅសល់១ប្រកួតទៀត។
ចំណែកក្រុមសិង្ហបុរី ដែលមាន៦ពិន្ទុ នឹងត្រូវប្រជែងយកកៅអីចុងក្រោយប្រចាំពូលAនេះ ជាមួយក្រុមកម្ពុជា និង ម៉ាឡេស៊ី ដែលមាន៤ពិន្ទុស្មើគ្នា នៅក្នុងការប្រកួតបញ្ចប់ពូលនាថ្ងៃទី២០ ខែធ្នូនេះ ដោយក្នុងនោះ កម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះថៃ ហើយម៉ាឡេស៊ី ត្រូវស្វាគមន៍ក្រុមសិង្ហបុរី។
យោងតាមលទ្ធផលជាបណ្តោះអាសន្ន និងការប្រកួតចុងក្រោយនៅថ្ងៃសុក្រខាងមុខនេះ គឺក្រុមកម្ពុជា មានភាគរយតិចជាងគេ ព្រោះការដណ្តើមបានឱកាសឡើងទៅវគ្គបន្តរបស់ក្រុមនេះ លុះត្រាតែពួកគេ អាចយកឈ្នះក្រុមខ្លាំងរបស់ថៃ ស្របពេលម៉ាឡេស៊ី ឈ្នះក្រុមសិង្ហបុរី នៅក្នុងកម្រិតគ្រាប់ស្មើគ្នា ប៉ុន្តែបើក្នុងករណី សិង្ហបុរី ឈ្នះ ឬស្មើជាមួយម៉ាឡេស៊ី គឺសិង្ហបុរី នឹងត្រូវឡើងទៅប្រកួតវគ្គបន្តប្រចាំពូលAនេះ ជាមួយក្រុមថៃហើយ។
តែទោះបីជាយ៉ាងណា គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Koji Gyotoku បានបង្ហាញស្នាមញញឹម ចំពោះការដណ្តើមបាន៣ពិន្ទុពីក្រុមជម្រើសជាតិទីម័រខាងកើត លើកនេះ។ បើទោះបីជា ក្រុមកម្ពុជា មិនអាចរកបានគ្រាប់បាល់ច្រើន ទៅតាមការចង់បានរបស់អ្នកគាំទ្រ ប៉ុន្តែលោក Koji ចាត់ទុកជ័យជម្នះនេះជារឿងល្អ សម្រាប់កម្ពុជា ដើម្បីសល់ឱកាសក្នុងការប្រជែងនៅក្នុងជំនួបបញ្ចប់ពូល។
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បាននិយាយក្នុងសន្និសីទកាសែតថា៖ «នេះជាការប្រកួតមួយដ៏តានតឹង ហើយយើងឈ្នះការប្រកួតនេះ គឺជារឿងល្អ ព្រោះទីម័រជាក្រុមមួយសម្បូរកីឡាករមានល្បឿនលឿនក្នុងការវាយបក និងលេងការពារ។ យើងមានបញ្ហានៅក្នុងតង់ទី១ ប៉ុន្តែកីឡាករយើង គាត់យល់ពីអ្វីដែលខ្ញុំបានប្រាប់ ហើយព្យាយាមកែតម្រូវចំណុចខ្វះខាត និងព្យាយាមលេងរហូតដល់ទីបញ្ចប់»។
យ៉ាងណាក៏ដោយ លោក Koji Gyotoku បានបង្ហាញការបារម្ភសម្រាប់ការធ្វើដំណើរទៅជួបក្រុមថៃ។ លោកបញ្ជាក់ថា៖«អ្វីដែលខ្ញុំបារម្ភសម្រាប់ការប្រកួតបន្ទាប់ គឺការបាត់បង់កម្លាំង ព្រោះការប្រកួតកន្លងមក ខ្ញុំមិនសូវដូរកីឡាករទេ ដោយដាក់កីឡាករដដែលៗ អ៊ីចឹងបើសិនកម្លាំងរបស់ពួកគេមិនគ្រប់គ្រាន់ ប្រហែលនឹងអាចមានការផ្លាស់ប្តូរ»៕