កីឡាករបរទេសចំនួន ៣នាក់ទៀត ដែលកំពុងបង្ហាញសមត្ថភាពលេងបានយ៉ាងល្អ ក្នុងការប្រកួតលីគកំពូលកម្ពុជា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កោះហៅឱ្យចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។
តាមបញ្ជីរាយនាមកីឡាករ ដែល FFC បានបញ្ចេញជាផ្លូវការ កាលពីយប់ថ្ងៃអាទិត្យ គឺខ្សែការពាររបស់ជប៉ុន អូសិ តាកាគី និងខ្សែប្រយុទ្ធរបស់កូឡុំប៊ី នេតូ រ៉ុនដុន ដែលកំពុងលេងនៅក្លិបភ្នំពេញក្រោន រួមទាំងខ្សែប្រយុទ្ធរបស់ក្លិប ISI ដង្កោសែនជ័យ ឈ្មោះ ឃូលីបាលី អាបឌែល មកពីប្រទេសកូតឌីវ័រ សុទ្ធតែត្រូវបានកោះហៅឱ្យចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា ជាលើកដំបូង។
តាមរយៈការកោះហៅនេះ អាចបញ្ជាក់បានថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំឯកសារជាផ្លូវការរួចហើយ ដើម្បីឱ្យកីឡាករបរទេសទាំង៣នាក់ខាងលើនេះ ទទួលបានសញ្ជាតិខ្មែរ បន្ទាប់ពីពួកគេ បានប្រកបអាជីពបាល់ទាត់ នៅលីគកំពូលកម្ពុជា គ្រប់ចំនួន៥ឆ្នាំ ទៅតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។
ជាមួយការដាក់ខ្សែការពារ អូសិ តាកាគី រួមទាំងខ្សែប្រយុទ្ធ ឃូលីបាលី អាបឌែល និង នេតូ រ៉ុនដុន ឱ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជានេះ គឺមានន័យថា ក្រុមកម្ពុជា មានកីឡាករបរទេសចូលសញ្ជាតិរហូតដល់៦នាក់ ព្រោះខ្សែការពារជប៉ុន មីហ្សូណូ ហ៊ីការ៉ុ របស់ក្រុមព្រះខ័នរាជស្វាយរៀង ខ្សែការពារមកពីអាហ្រិកខាងត្បូង កាន់ ម៉ូ របស់ក្រុមវិសាខា និងខ្សែបម្រើជប៉ុន យូឌៃ អូកាវ៉ា របស់ក្រុមភ្នំពេញក្រោន ដែលទទួលបានសញ្ជាតិខ្មែរមុននោះ ក៏មានឈ្មោះនៅក្នុងការប្រមូលផ្តុំលើកនេះផងដែរ បន្ទាប់ពីពួកគេ ធ្វើបានល្អ សម្រាប់ការចូលរួមជាមួយក្រុមជម្រើសជាតិ កន្លងមក។
តែទោះបីជាយ៉ាងណា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ មិនទាន់ឆ្លើយតប ចំពោះសំណើរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការដាក់កីឡាករ អូសិ តាកាគី, ឃូលីបាលី អាបឌែល និង នេតូ រ៉ុនដុន ចូលក្នុងក្រុមជម្រើសជាតិកម្ពុជា នៅឡើយទេ។ នេះបើតាមអ្វីដែលលោក ឈូក ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកនៅថ្ងៃចន្ទនេះ។
លោក ឈូក ពិសិដ្ឋ បាននិយាយថា៖ «ឥឡូវនេះ យើងកំពុងដាក់ឯកសារទៅ FIFA ដើម្បីទទួលបានការបញ្ជាក់ពី FIFA មកវិញ ថាពួកគាត់ ត្រូវច្បាប់ និងទទួលបានការអនុញ្ញាតិលេងឱ្យក្រុមជម្រើសជាតិកម្ពុជា គឺយើងកំពុងធ្វើការងារហ្នឹង ហើយកំពុងរង់ចាំការឆ្លើយតបពី FIFA»។
យ៉ាងណាក៏ដោយ លោក ពិសិដ្ឋ បានអះអាងថា ការកោះហៅកីឡាករ អូសិ តាកាគី, ឃូលីបាលី អាបឌែល និង នេតូ រ៉ុនដុន ឱ្យប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិ វាជារឿងល្អ បើសិនជា ការដាក់ឯកសារទៅ FIFA ទទួលបានភ្លើងខៀវ។
លោកបញ្ជាក់ថា៖ «យើងក៏ត្រូវកោះហៅពួកគាត់មកដែរ ដើម្បីត្រៀមការប្រកួតហ្នឹង ព្រោះនៅពេលយើងទទួលបានការបញ្ជាក់ពី FIFA គឺយើងនឹងដាក់ឱ្យពួកគាត់ ចូលរួមក្នុងការប្រកួតហ្នឹងតែម្តង»។
ដោយឡែក កីឡាករក្នុងស្រុកចំនួន២០នាក់ទៀត ក៏ត្រូវបានកោះហៅឱ្យប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមក្នុងការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024នេះដែរ ដោយក្រុមកម្ពុជាឈរនៅពូលA ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី ទីម័រខាងកើត ហើយក្នុងពូលនេះ ក្រុមកម្ពុជា ត្រូវប្រកួតក្នុងទឹកដីខ្លួនឯងជាមួយក្រុមម៉ាឡេស៊ី និងទីម័រខាងកើត តែត្រូវប៉ះក្រុមថៃ និងសិង្ហបុរី នៅក្រៅទឹកដី ចំណែកពូលB មានវៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងឡាវ៕