ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតកាត់សេចក្តីចុងក្រោយពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ជាមួយក្រុមម្ចាស់ផ្ទះថៃ នៅពហុកីឡដ្ឋាន Rajamangala ក្រុងបាងកក់ នាយប់ម៉ោង៨ថ្ងៃសុក្រនេះ ចំណែកក្រុមជម្រើសជាតិម៉ាឡេស៊ី ក៏ត្រូវទទួលស្វាគមន៍ក្រុមជម្រើសជាតិសិង្ហបុរី នៅម៉ោង៨យប់នេះដូចគ្នា។
សម្រាប់ជំនួបចុងក្រោយប្រចាំពូលAនេះ វាជាការប្រកួតកំណត់ជោគវាសនារបស់ក្រុមជម្រើសជាតិកម្ពុជា ម៉ាឡេស៊ី និងក្រុមសិង្ហបុរី ដោយក្រុមទាំង៣នេះ ត្រូវប្រជែងគ្នាដណ្តើមយកកៅអីចុងក្រោយប្រចាំពូលនេះ ដើម្បីបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិថៃ ដែលបានឈ្នះទាំង៣ប្រកួតជាប់ៗគ្នា។
យ៉ាងណាក៏ដោយ ចំពោះការប្រជែងគ្នាដោយប្រយោលនេះ ក្រុមកម្ពុជា មានភាគរយតិចជាងគេ ព្រោះការដណ្តើមបានឱកាសឡើងទៅវគ្គបន្តរបស់ក្រុមនេះ លុះត្រាតែពួកគេ អាចយកឈ្នះក្រុមថៃ ហើយម្ចាស់ផ្ទះម៉ាឡេស៊ី ឈ្នះក្រុមសិង្ហបុរី នៅក្នុងកម្រិតគ្រាប់ស្មើគ្នា ព្រោះ៣ប្រកួតមកនេះ កម្ពុជា និងម៉ាឡេស៊ី មាន៤ពិន្ទុស្មើគ្នា និងគ្មានគ្រាប់បាល់ចំណេញដូចគ្នា ខណៈសិង្ហបុរី មាន៦ពិន្ទុ និងមានគ្រាប់បាល់ចំណេញ២គ្រាប់ ហេតុនេះ សិង្ហបុរី ត្រូវការត្រឹម១ពិន្ទុទៀតទេ ដើម្បីបានឡើងទៅវគ្គបន្ត។
ជាមួយគ្នានេះលោក Koji Gyotoku គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានដឹងរួចទៅហើយថា ក្រុមកម្ពុជា ត្រូវប្រឈមការប្រកួតដ៏តានតឹងជាមួយម្ចាស់ផ្ទះថៃ ដែលជាក្រុមមានកម្រិតលេងខ្ពស់ជាងគេប្រចាំពូលAនេះ ខណៈកីឡាករសំខាន់ម្នាក់ទៀតគឺ Yudia Ogawa ក៏ត្រូវអវត្តមាន ព្រោះបានទទួលកាត់លឿងគ្រប់ចំនួន២ ប៉ុន្តែលោក Koji នៅតែបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការដឹកនាំក្រុមកម្ពុជា ឱ្យដណ្តើមបាន៣ពិន្ទុ ពីម្ចាស់ផ្ទះថៃ ដើម្បីអាចមានឱកាស បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍ថា៖ «សម្រាប់ក្រុមជម្រើសជាតិថៃ អ្នកណាក៏ដឹងដែរថា ពួកគេជាក្រុមដ៏ខ្លាំង ប៉ុន្តែយើងមកទីនេះ ដើម្បីយក៣ពិន្ទុ ហើយចំពោះកីឡាករមានរបួសមួយចំនួន យើងមានអ្នកជំនួសរួចរាល់ហើយ។ ពួកយើងសង្ឃឹមថា អ្នកគាំទ្រនឹងមកផ្តល់កម្លាំងចិត្តដល់យើង ហើយពួកយើងនឹងធ្វើគ្រប់យ៉ាង ដើម្បីអ្នកគាំទ្ររបស់យើង»។
ចំណែកខ្សែការពារ សារ៉េត គ្រីយ៉ា ដែលជាអ្នកពាក់ស្លាកប្រធានក្រុមជម្រើសជាតិកម្ពុជា ជំនួសខ្សែការពារកណ្តាលកំពុងមានរបួសជាប់ខ្លួន កាន់ ម៉ូ នោះ បានអះអាងថា ក្រុមកម្ពុជា បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីដណ្តើមយកជ័យជម្នះពីក្រុមខ្លាំងរបស់ថៃ នាជំនួបកាត់សេចក្តីដ៏សំខាន់នេះ។
គ្រីយ៉ា បាននិយាយថា៖ «ខ្ញុំគិតថាការជួបក្រុមជម្រើសជាតិថៃ លើកនេះ ជាការប្រកួតមួយដែលតានតឹង ហើយពួកយើងត្រូវការឈ្នះដាច់ខាត ដើម្បីមានឱកាសបានឡើងទៅវគ្គបន្ត ដោយក្រុមទាំងមូលបានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការប្រកួតនេះ»។
ខ្សែការពារ ដែលអាចរត់ឡើងទៅលេងដល់តំបន់ប្រយុទ្ធ សារ៉េត គ្រីយ៉ាង បន្ថែមថា៖«យើងបានដឹងហើយថា ជម្រើសជាតិថៃ ជាក្រុមមួយខ្លាំងនៅក្នុងពូលAនេះ ដោយពួកគេ បានឈ្នះទាំង៣ប្រកួត និងមាន៩ពិន្ទុក្នុងដៃ ប៉ុន្តែពួកយើងប្តេជ្ញាថា នឹងដណ្តើមយកជ័យជម្នះឱ្យបាន ដើម្បីជាកាដូជូនដល់អ្នកគាំទ្ររបស់យើង ក៏ដូចជាប្រទេសជាតិយើង»។
យ៉ាងណាក៏ដោយ ការតាំងចិត្តដណ្តើមយកជ័យជម្នះរបស់ក្រុមកម្ពុជា ត្រូវបានគេមើលឃើញថា ហាក់កំពុងស្ថិតនៅលើគន្លងផ្លូវដ៏ស្មុគស្មាញមួយ ដែលមិនទាន់ប្រាកដថា ពួកគេអាចនឹងដើរដល់គោលដៅ ឬក៏បន្តចាញ់ក្រុមថៃទៀតនោះទេ ព្រោះក្រុមម្ចាស់ផ្ទះថៃ បានដាក់គោលដៅយក៣ពិន្ទុបន្ថែមដូចគ្នា ទោះពួកគេមានកៅអីទៅវគ្គបន្តដោយស្វ័យប្រវត្តិរួចហើយក្តី។
គ្រូបង្គោលក្រុមជម្រើសជាតិថៃ លោក Masatada Ishii បានទម្លាយថា លោកអាចមានការប្តូរកីឡាករខ្លះ ស្របពេលដែលកីឡាករឆ្នើម៣នាក់មាន Suphanat Mueanta, Pansa Hemwiboon និង Seksan Ratree ដែលបានជួយក្រុមថៃ យកឈ្នះសិង្ហបុរី ៤-២ កាលពីថ្ងៃអង្គារ ក៏ទើបត្រឡប់មកវិញ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពួកគេបានជួយក្លិបរបស់ខ្លួន Buriram United ក្នុងការប្រកួត FA Cup កាលពីថ្ងៃពុធ។
តែទោះបីជាយ៉ាងណា លោក Masatada Ishii បានបញ្ជាក់ថា៖ «ខ្ញុំមិនមានការបារម្ភអ្វីទេ ទោះបីជាមានកីឡាកររបស់ Buriram United ៣នាក់ទើបត្រឡប់មកវិញ ក៏ពួកគេនៅតែរំពឹងថា នឹងទទួលជ័យជម្នះក្នុងការប្រកួតបញ្ចប់ពូលនេះ»។
គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «ការប្រកួតជាមួយកម្ពុជា ខ្ញុំកំពុងមើលទាំងការដាក់កីឡាករឱ្យសម្រាក និងការចង់បាន៣ពិន្ទុ ដើម្បីឱ្យក្រុមមានដំណើរការល្អបំផុតក្នុងពានរង្វាន់នេះ ប៉ុន្តែយើងត្រូវមើលពីស្ថានភាពកាយសម្បទារបស់កីឡាករជាមុនសិន ដើម្បីកុំឱ្យមានអ្នកណាម្នាក់រងរបួស ពេលត្រឡប់ទៅក្លិបវិញ ព្រោះយើងក៏គិតអំពីគោលដៅរបស់យើងសម្រាប់វគ្គផ្តាច់ព្រ័ត្រផងដែរ»៕