ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ឥណ្ឌូចិន នៅអង្គរវត្ត (Angkor Wat Indochine Marathon) ដែល​ត្រូវបាន​ធ្វើ​ឡើង​កាលពីព្រឹក​ថ្ងៃទី២២ ខែធ្នូនេះ គឺ​​បានដំណើរ​ទៅ​យ៉ាងរលូន និង​បាន​បញ្ចប់​ដោយជោគ​ជ័យ ហើយមាន​​អ្នក​ចូលរួម​ច្រើនជាងការ​រំពឹង​ទុក បើទោះបីជា​ព្រឹត្តិការ​​ប្រកួតនេះ ត្រូវបានសម្រេច​រៀបចំ​ភ្លាមៗ ជា​លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា។

​លោក សែម ផល្លា នាយកបច្ចេកទេសព្រឹត្តិការណ៍ម៉ារ៉ាតុង អមគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ដាក់​ក្តី​រំពឹង​ថា ព្រឹត្តិការណ៍​រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ​ឥណ្ឌូចិន នៅអង្គរវត្តនេះ មិនអាច​មាន​អ្នកចូលរួម​រត់​ដល់៤ពាន់នាក់ទេ ដោយសារ​មាន​រយៈពេល​រៀបចំ​មិនដល់​៣​សប្តាហ៍​ផង។

ប៉ុន្តែ​ជាក់​ស្តែង ​ព្រឹត្តិការណ៍​​រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ឥណ្ឌូចិន នៅអង្គរវត្ត កាលពីព្រឹក​ថ្ងៃអាទិត្យ​នោះ គឺ​មានអត្តពលិកជាតិ-អន្ដរជាតិកម្រិតជំនាញ និងស្ម័គ្រចិត្ត ចូលរួម​សរុប​៥ ៣២៧ នាក់ មកពី​១៤​ប្រទេស ដែលជាសមាជិករបស់សហព័ន្ធកីឡាអត្តពលកម្មអាស៊ី ហើយ​អត្តពលិក​មកពី​ប្រទេស​វៀតណាម ជប៉ុន និង​ឡាវ មានចំនួនច្រើនជាង​គេ។

ក្នុងនាមជា​ប្រធាន NOCC លោក​ទេសរដ្ឋមន្រ្តី ថោង ខុន បាន​សម្ដែង​ការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ-អន្តរជាតិទាំងអស់ ដែលបានមកកាន់អង្គរវត្ត ជាបេតិកភណ្ឌពិភពលោកនៃព្រះរាជាណាចក្រអច្ឆរិយៈ ក្នុងព្រឹត្តិការណ៍​រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន​នេះ ដែលបានរួមចំណែកជួយ​ផ្សព្វផ្សាយ និងលើកកម្ពស់ដល់វិស័យទេសចរណ៍នៅ​កម្ពុជា ជាពិសេសជំរុញការអភិវឌ្ឍសមត្ថភាព​ដល់​អត្តពលិកជំនាញ។

លោក ថោង ខុន ​បានបញ្ជាក់​ថា៖ «ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤​នេះ ជាការប្រកួតកីឡាកម្រិតជំនាញ ដែលរៀបចំឡើងនៅប្រទេសចំនួន​៣ រួមមានកម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្តល់ឱកាសដល់អត្តពលិកម៉ារ៉ាតុងកម្រិតជំនាញនៅជុំវិញពិភពលោកធ្វើការអភិវឌ្ឍគុណវុឌ្ឍិ និងឧត្តមភាពរបស់ខ្លួន»។

ចំណែក​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​ NOCC បាន​លម្អិត​បន្ថែម​ថា អត្តពលិក​ដែលបានចូលរួមរត់​ប្រណាំង​ម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន​នេះ គឺភាគច្រើន​ជា​កីឡាករ កីឡាការិនី​អាជីព ហើយ​អត្តពលិកជម្រើសជាតិ​​កម្ពុជា ក៏​បានចូលរួមព្រឹត្តិការណ៍នេះ​ដូចគ្នា ដើម្បីទទួល​បាន​បទពិសោធន៍ថ្មីៗ​បន្ថែម​ទៀត ក្នុងការ​ពង្រឹងបច្ចេក​ទេស និងជំនាញ​របស់ខ្លួន​ឱ្យ​បាន​កាន់តែ​ប្រសើរ ត្រៀមការ​ប្រកួត​អន្តរជាតិ ជាពិសេស​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣៣ នៅប្រទេស​ថៃ នាចុងឆ្នាំ​២០២៥។

លោក​បញ្ជាក់​ថា៖ «នេះជា​ការ​ប្រកួតកម្រិត​ជំនាញ ដើម្បី​ស្វែងរក​ឧត្តមភាព​បច្ចេក​ទេស ដោយមានការត្រួតពិនិត្យ និង​វាយតម្លៃពីសហព័ន្ធ​កីឡាអត្តពលកម្ម​អាស៊ី ​អ៊ីចឹង​យើង​យក​ចំណាត់​ថ្នាក់​ការ​ប្រកួតនេះ ទៅវាស់វែងបច្ចេក​ទេស ហើយ​រៀបចំ​ការ​ហ្វឹកហាត់របស់​ខ្លួន ដើម្បី​ត្រៀម​ចូលរួមការ​ការប្រកួត​អន្តរជាតិ​​ផ្សេងៗ​ទៀត»។

ជាមួយ​គ្នា​នេះ លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា មន្រ្តី​បច្ចេក​ទេស​របស់​សហព័ន្ធ​កីឡាអត្តពល​កម្ម​វៀតណាម ​ឡាវ និងមន្រ្តី​ជំនាញ​របស់​សហព័ន្ធ​កីឡា​អត្តពលកម្ម​អាស៊ី បាន​សម្តែងការ​សាទរ​ចំពោះ​ម្ចាស់​ផ្ទះកម្ពុជា ដែល​រៀបចំ​ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិននេះ បាន​ល្អ ធ្វើ​ឱ្យ​អ្នក​ចូលរួម​មានភាពសប្បាយរីក​រាយ ហើយ​ចង់​មក​លេងនៅតំបន់​អង្គរម្តង​ទៀត។

លោក​បញ្ជាក់ថា៖ «ភ្ញៀវ​​ទាំង​អស់ ក៏​ដូចជា​ក្រុមអត្តពលិករបស់ប្រទេស​នីមួយៗ ដែល​បាន​ចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺពួកគាត់​បាន​វាយ​តម្លៃ​ខ្ពស់​ទៅលើ​ការ​រៀបចំ​របស់​យើង ​ថា ដំណើរ​ការ​ទៅបាន​ល្អ មានសុវត្ថិភាព និងសណ្តាប់​ធ្នាប់ល្អ ហើយ​​​បរិយាកាសដ៏ស្រស់ស្អាត​នៅ​តំបន់អង្គរ ​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ និង​​ចាប់​អារម្មណ៍ដល់​អ្នក​ចូលរួម នាំ​​ឱ្យ​ពួកគាត់​​មាន​ភាពសប្បាយ​រីក​រាយខ្លាំង»៕