លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលជាស្ថានិកបង្កើតឱ្យសហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្រាប់ឱ្យកីឡាករ កីឡាការិនីហាប់គីដូជំនាន់ក្រោយ ត្រូវយកព្រលឹងជាតិដាក់ក្នុងខ្លួន សម្រាប់ជំរុញទឹកចិត្តខ្លួនឯងឱ្យខំហ្វឹកហាត់កាន់តែខ្លាំង ដើម្បីឈានទៅសាងបានភាពល្បីល្បាញ ក៏ដូចជាបង្ហាញទង់ជាតិកម្ពុជា សម្រាប់ការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
អតីតប្រធានទី១ សហព័ន្ធខ្មែរកីឡាហាប់គីដូ លោក សាន គឹមស៊ាន បានទទួលស្គាល់ថា ការដណ្តើមបានមេដាយមាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥ ពីការប្រកួត World I.H.F Hapkido Championship 2024 នៅប្រទេសថៃ កាលពីខែសីហា បានក្លាយជាជោគជ័យជាប្រវត្តិសាស្រ្តរបស់ក្រុមកីឡាហាប់គីដូកម្ពុជា សម្រាប់ការទទួលបានឱកាសប្រកួតលើឆាកអន្តរជាតិ ជាលើកដំបូង ប៉ុន្តែលោកបានជំរុញឱ្យពួកគេ ខំប្រឹងប្រែងបន្ថែមទៀត ដើម្បីស្វែងរកជោគជ័យកាន់តែធំជាងនេះជូនប្រទេសជាតិ។
ការជំរុញបែបនេះ ក៏ព្រោះតែព្រឹទ្ធាចារ្យក្បាច់គុន សាន គឹមស៊ាន មើលឃើញថា បច្ចុប្បន្ននេះ ក្មេងៗអាចទទួលបានការហ្វឹកហាត់កីឡាហាប់គីដូដោយមិនពិបាកទេ ព្រោះមានទីតាំង និងសម្ភារហាត់ត្រឹមត្រូវ ក្រោមការយកចិត្តទុកដាក់ពីគ្រូបង្វឹក ហើយក៏ទទួលបានការគាំទ្រពីអាណាព្យាបាលទៀត។
ខុសពីគ្រូៗជំនាន់មុន ដែលត្រូវលួចហាត់ក្បាច់គុន ក្នុងស្ថានភាពមិនមានសូម្បីសម្លៀកបំពាក់កីឡា និងទីកន្លែងហ្វឹកហាត់ ចំណែកគ្រូបង្វឹកវិញ កាចខ្លាំងណាស់ គឺលុះត្រាតែមានការអត់ធ្មត់ខ្លាំង ទើបអាចហាត់ចប់។
នៅក្នុងពិធីបិទការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែធ្នូ លោក សាន គឹមស៊ាន បានថ្លែងនៅចំពោះមុខកីឡាករ កីឡាការិនីទាំងអស់ថា៖«ការហ្វឹកហាត់កីឡាហាប់គីដូកាលជំនាន់គ្រូៗ គឺសែនមហាវេទនា ព្រោះគ្រូបង្វឹកធ្វើបានខ្លាំងណាស់ ហើយមិនដែលស្គាល់ទេ កម្រាល ដែលបានក្រាលដាក់ឱ្យហ្វឹកហាត់ និងប្រកួតនៅពេលនេះ»។
លោកបានបញ្ជាក់ថា៖ «បើពិបាកម្លឹងហើយ ហេតុអ្វីមិនឈប់ទៅ? អត់ឈប់ទេ ដោយសារបេះដូងនេះ វាមានព្រលឹងជាតិនៅក្នុងខ្លួន ហើយកូនចៅ ក៏ត្រូវមានព្រលឹងជាតិនៅក្នុងខ្លួនដែរ ដើម្បីបន្តការហ្វឹកហាត់ឱ្យបានកាន់តែខ្លាំង ទើបយើងអាចមានសមត្ថភាពប្រកួតប្រជែងបង្ហាញទង់ជាតិខ្មែរ នៅលើពិភពលោកបាន»។
ចំណែកលោក គួច ហុកជៀក អនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានកត់សម្គាល់ឃើញថា តាមរយៈការប្រកួតកីឡាហាប់គីដូជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤នេះ គឺក្រុមអត្តពលិក មានសមត្ថភាព និងបច្ចេកទេសរីកចម្រើនជាងមុន ស្របពេលសហព័ន្ធ ក៏ទើបបន្ថែមឱ្យមានការប្រកួតដំបង២កំណត់ និងដំបងវែង ហើយឃើញថា កីឡាករ កីឡាការិនីមានការប្រកួតប្រជែងគ្នាខ្លាំង ដើម្បីដណ្តើមយកមេដាយជូនក្លិបរៀងៗខ្លួន។
លោកបានថ្លែងថា៖ «តាមរយៈការប្រកួតនេះ ខ្ញុំមើលឃើញថា សមត្ថភាពរបស់អត្តពលិកយើង មានការកើនឡើង និងមានភាពរហ័សរហួនជាងមុន ហើយការប្រយុទ្ធមានភាពចាស់ទុំ មិនឆេវឆៅ ដោយពួកគាត់បានប្រឹងប្រែងប្រកួតទៅតាមបច្ចេកទេសបានច្រើនជាងមុន ចំណែកអត្តពលិកក្មេងៗរបស់យើងមួយចំនួន នៅមានការឆក់ល្វែងខ្លះ ដែលយើងត្រូវពង្រឹងគុណភាពពួកគាត់បន្ថែមទៀត»។
លោក គួច ហុកជៀក បន្ថែមថា៖ «ពួកគាត់បានប្រឹងប្រែងខ្លាំងណាស់ ហើយអត្តពលិករបស់យើង៣ទៅ៤នាក់បានភ្លាត់ស្នៀត និងមានរបួស ប៉ុន្តែការប្រកួតវាតែងតែកើតមានបញ្ហាបែបនេះ ហើយសង្ឃឹមថា សម្រាប់ការប្រកួតក្រោយៗទៀត ក្រុមអត្តពលិកយើង នឹងធ្វើបានកាន់តែល្អ ចំណែកថ្នាក់ដឹកសហព័ន្ធ ក៏ដូចជាដៃគូសហការរបស់យើង ក៏បានខិតខំកៀរគរ និងរៃអង្គាសថវិកា ដើម្បីរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតជាបន្តបន្ទាប់ផងដែរ ដើម្បីឱ្យអត្តពលិកយើងមានឱកាសពង្រឹងសមត្ថភាពបានកាន់តែប្រសើរ»។
សម្រាប់ការប្រកួតកីឡាហាប់គីដូជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានធ្វើនៅទីលានកីឡាហាប់គីដូ ក្នុងពហុកីឡដ្ឋានជាតិ ពីថ្ងៃទី២១ ដល់ទី២២ ខែធ្នូនេះ មានកីឡាករកីឡាការិនីចូលរួមសរុប៦៧នាក់ (ស្រី២៧នាក់) ដែលប្រកួតតំណាងឱ្យក្លិបចំនួន៥ ហើយជាលទ្ធផល ក្លិបក្រសួងមហាផ្ទៃ ឈរនៅលេខ១ ដោយបានមេដាយមាស១២ ប្រាក់៧ សំរឹទ្ធ៧ រីឯក្លិបធីណា ឈរលេខ២ បានមាស៥ ប្រាក់៩ សំរឹទ្ធ៨ ហើយក្លិបអូឡាំពិក បានមាស៤ ប្រាក់៣ សំរឹទ្ធ១១ ចំណែកក្លិបម៉ាស្ទ័រសេង បានមាស៣ ប្រាក់២ សំរឹទ្ធ១១ និងក្លិបឥន្ទ្រីយ៍ បានមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ៥៕