ទោះបីជាបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិបាល់ទះកម្ពុជា ប៉ុន្តែ សួន ចាន់ណារ៉ូ នៅតែជាប់ឈ្មោះជាអ្នកលើកបាល់ (ប៉ះសេ) ល្អជាងគេ ប្រចាំការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ បន្ទាប់ពីរូបគេបានរួមចំណែកយ៉ាងសំខាន់ជួយឱ្យក្រុមស្នងការនគរបាលខេត្តស្វាយរៀង ឈ្នះពានក្នុងព្រឹត្តិការណ៍នេះជាលើកដំបូង តាមរយៈការវាយបកយកឈ្នះក្រុមក្រសួងមហាផ្ទៃ ក្នុងវគ្គផ្តាច់ព្រ័ត្រដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។
តាមរយៈការប្រកួតផ្តាច់ព្រ័ត្រ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ អ្នកគាំទ្រស្ទើរតែទាំងអស់ គ្មានជំនឿថា ក្រុមស្នងការនគរបាលខេត្តស្វាយរៀង អាចដណ្តើមបានពាននេះទេ ខណៈពួកគេ បានចាញ់បង់ក្រុមសួងមហាផ្ទៃ ចំនួន២សិតដាច់ ជាមួយគ្រាប់បាល់ ២៥-២៣ និង ២៥-១៥ ទៅហើយនោះ។
ប៉ុន្តែគ្រប់យ៉ាងមានការប្រែប្រួលដ៏មិនគួរឱ្យជឿ នៅពេលក្រុមខេត្តស្វាយរៀង បានវាយបកយកឈ្នះ៣សិតចុងក្រោយវិញ ជាមួយគ្រាប់បាល់ ២៥-២០ ២៦-២៤ និង ១៨-១៦ ដើម្បីក្លាយជាម្ចាស់ជើងឯកយ៉ាងរំភើបបំផុត អមជាមួយប្រាក់រង្វាន់ចំនួន៥០លានរៀល ដែលប្រគល់ដោយប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ផ្ទុយពីនេះសមាជិកក្រុមក្រសួងមហាផ្ទៃ បានស្រក់ទឹកភ្នែក បង្ហាញការសោកស្តាយ ចំពោះការបាត់បង់ឱកាសឈ្នះពាននេះ ដោយពួកគេបានត្រឹមលេខ២ និងទឹកប្រាក់២០លានរៀល។
ចំណែកក្រុមបញ្ជាការដ្ឋានអង្គរក្ស (A) ដែលបានចាញ់ក្រុមខេត្តស្វាយរៀង ៣-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ បានយកឈ្នះស្នងការនគរបាលខេត្តតាកែវ ៣-១ ដើម្បីទទួលបានលេខ៣ និងប្រាក់រង្វាន់១២លានរៀល។
តាមរយៈការយកឈ្នះក្រុមក្រសួងមហាផ្ទៃ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃចន្ទនោះ គេមើលឃើញថា សួន ចាន់ណារ៉ូ បានក្លាយជាកីឡាករដ៏សំខាន់បំផុត ក្នុងការលើកបាល់ឱ្យមិត្តរួមក្រុមវាយផ្តាច់ ហើយ ចាន់ណារ៉ូ ក៏មានតួនាទីជាប្រធានក្រុម ដើម្បីសម្របសម្រួលផ្ទៃក្នុង បង្កើតឱ្យមានសាមគ្គីភាព និងភាពរឹងមាំទាំងផ្លូវចិត្ត និងស្មារតីប្រយុទ្ធ នៅក្នុងក្រុមខេត្តស្វាយរៀងផងដែរ។
ជាមួយការដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយឱ្យក្រុមខេត្តស្វាយរៀងឈ្នះពាននេះ គណៈកម្មការរៀបចំការប្រកួត បានជ្រើសជ្រើសរើស សួន ចាន់ណារ៉ូ ជាអ្នកលើកបាល់ល្អជាងគេ (Best Setter) ប្រចាំការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡោហោម ស ខេង លើកទី៣ ឆ្នាំ២០២៤នេះ រីឯមិត្តរួមក្រុមរបស់គេ Herrera Cambrera បានពានជាកីឡាករវាយប្រយុទ្ធស្តាំល្អជាងគេ (Best Outside Hitter) ហើយ ខឹម សុវណ្ណដារ៉ា បានពានជាកីឡាករការពារល្អជាងគេ (Best Libero)។
ចំណែក ធី ម៉េងហួង របស់ក្រសួងមហាផ្ទៃ បានឈ្នះពានឯកត្តជនចំនួន២ គឺពានជាកីឡាករឆ្នើមប្រចាំការប្រកួត (Most Valuable Player) និងពានជាកីឡាករវាយប្រយុទ្ធឆ្វេងល្អជាងគេ (Best Opposite) ហើយ ឈាង ជីវែង របស់បញ្ជាការដ្ឋានអង្គរក្ស (A) និង ផុល រតនៈ របស់ក្រុមខេត្តតាកែវ បានឈ្នះពានជាកីឡាកររនាំងល្អជាងគេ (Best Biddle Blocker)ដូចគ្នា ខណៈកីឡាករជម្រើសជាតិ គួន មុំ ដែលឱ្យក្រុមខេត្តតាកែវ ដែរនោះ បានឈ្នះពានជាកីឡាករវាយប្រយុទ្ធស្តាំល្អជាងគេប្រចាំព្រឹត្តិការណ៍នេះ។
ចំពោះការរួមគ្នាបង្កើតប្រវត្តិសាស្រ្តជួយឱ្យក្រុមស្នងការនគរបាលខេត្តស្វាយរៀង ឈ្នះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ជាលើកដំបូងនេះ សួន ចាន់ណារ៉ូ បានកោតសរសើរទៅដល់ឆន្ទៈរបស់ក្រុមទាំងមូល ដែលខំប្រឹងប្រែងលេងអស់ពីចិត្ត ជាពិសេសស្មាត់ធំ Herrera Cambrera ដែលបានគ្រេចម្រាមដៃស្តាំ នៅចុងសិតទី៤ តែមិនព្រមឈប់ ចំណែកស្មាត់ ទុយ កុសល ដែលធ្លាប់តែលេងបាល់ក្រៅផ្លូវការ ក៏ធ្វើបានល្អ ក្នុងការប្រកួតនេះ។
ចាន់ណារ៉ូ បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំបានប្រាប់ឱ្យគាត់ (Herrera Cambrera) ដូរចេញ ប៉ុន្តែគាត់ទាមទារខ្ញុំដើម្បីលេងបន្ត គឺខ្ញុំសរសើរពីទឹកចិត្តរបស់គាត់ ដែលមានឆន្ទៈចង់ឱ្យក្រុមឈ្នះ ចំណែក ទុយ កុសល ខ្ញុំបានព្យាយាមកែប្រែទម្លាប់លេងរបស់គាត់ ហើយពេលគាត់ប្រាប់ថា ឈប់លើកបាល់ឱ្យគាត់ ព្រោះគាត់ចង់រមួលក្រពើនៅសិតទី៥នោះ គឺខ្ញុំនៅតែជឿជាក់ និងប៉ះសេឱ្យគាត់វាយផ្តាច់ ព្រោះចិត្តរបស់ខ្ញុំ គឺជាកីឡាករជ្រុលតែងាប់ហើយ ងាប់នៅលើទីលានល្អជាងងាប់នៅក្រៅទីលាន»។
ចំណែកលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអះអាងថា ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤នេះ បានបញ្ចប់ដោយជោគជ័យ ព្រោះការកំណត់លក្ខខណ្ឌថ្មី ដោយកំណត់ឱ្យក្រុមនីមួយៗ មានកីឡាករកម្រិតA ឬជម្រើសជាតិត្រឹម២នាក់ និងកីឡាករបរទេសម្នាក់ លេងនៅលើទីលាននោះ បានធ្វើឱ្យការប្រកួតប្រជែងមានភាពស្វិតស្វាញ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។
លោកបានបញ្ជាក់ថា៖ «នេះជាព្រឹត្តិការណ៍ចុងឆ្នាំរបស់សហព័ន្ធ ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺមានក្លិបធំៗចំនួន៣១ មកពីគ្រប់រាជធានី-ខេត្ត បានចូលរួមប្រកួត ចំណែកលទ្ធផលចាញ់ឈ្នះ សុទ្ធតែបានបង្ហាញពីគុណផលមួយដ៏គាប់ប្រសើរ ធ្វើឱ្យថ្នាក់ដឹកនាំ និងប្រតិភូក្លិបនីមួយៗ កាន់តែមានអារម្មណ៍ពុះកញ្ជ្រោល ក្នុងការខិតខំពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមយកពាននៅឆ្នាំក្រោយ ដែលសហព័ន្ធ នឹងបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតកាន់តែច្រើន»៕