អតីត​កីឡាករ​ក្រុមជម្រើសជាតិ​កម្ពុជា ទុំ សារ៉ាយ ត្រូវ​បាន​តែងតាំង​ជា​គ្រូ​​បង្គោល​ថ្មី​របស់​ក្រុម ISI ដង្កោសែន​ជ័យ ចំណែក​សមាគមកីឡា​បាល់​ទាត់​ក្រសួង​មហាផ្ទៃ មិនអាច​រក​បាន​លទ្ធផល​ដ៏​គាប់ប្រសើរមួយ ដើម្បី​ជា​កាដូ​ចុង​ក្រោយ សម្រាប់​ថ្ងៃ​​ចូល​និវត្តន៍ពីអាជីព​​ជាកីឡាករ​បាល់​ទាត់​​របស់​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា នួន បូរី ​នោះ​ទេ ដោយពួក​គេ បាន​បន្តចាញ់​ក្រុម​ព្រះខ័នតរាជស្វាយរៀង​រហូត​ដល់​៥​គ្រាប់ នៅកីឡដ្ឋាន​ AIA Stadium KMH Park។

សម្រាប់ការ​​ប្រកួត​បង្រ្គប់​សប្តាហ៍ទី​១១ នៃ​លីគកំពូល​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ​ក្រសួងមហាផ្ទៃ មិនអាច​រក​បាន​សូម្បី​១​គ្រាប់ ដោយ​ពួកគេ​បានចាញ់​ក្រុម​ភ្ញៀវ ព្រះខ័នរាជស្វាយរៀង ៥-០ ហើយ​គ្រាប់​បាល់​ទាំង​៥​នេះ​រក​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Pablo Augusto ចំនួន​២​គ្រាប់ ខណៈ ញាណ សុស៊ីដាន, ណារ៉ុង កក្កដា និង​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ ប្រាក់ មុនីឧត្តម រក​បាន​ម្នាក់​១​គ្រាប់។

សម្រាប់ការ​ចាញ់​ក្រុម​ស្វាយរៀង ៥-០ នេះ ​ក៏ជាពេល​ដែល​ម្ចាស់​អាវ​លេខ​៩ នួន បូរី បាន​ប្រកាស​ពីការ​ចូលនិវត្តន៍​ផងដែរ បន្ទាប់ពី​រូបគេ​បាន​ប្រកប​អាជីព​ជាកីឡាករ​បាល់​ទាត់​​ជាមួយ​​សមាគមកីឡាបាល់ទាត់ក្រសួងមហា​ផ្ទៃ អស់រយៈ​ពេល​១៤​រដូវកាលកន្លងមក។

តែទោះបីជា​យ៉ាង​ណា នួន បូរី ត្រូវបាន​ថ្នាក់​ដឹកនាំ​​សមាគម​កីឡាបាល់​ទាត់​ក្រសួង​មហាផ្ទៃ ផ្តល់​ឱកាស​ឱ្យ​ធ្វើជា​គ្រូ​ជំនួយ​នៅ​ក្នុងក្លិប​នេះ​ដដែល ហើយ​ក៏​​បានអនុញ្ញាតិ​ឱ្យ នួន បូរី ទៅសិក្សាវគ្គបន្ថែមផ្សេងៗ ដើម្បីបំពេញអាជីពជាគ្រូបង្វឹកបាល់ទាត់នេះ​ផងដែរ។

ចំពោះ​ការ​សម្រេច​ចិត្ត​ចូលនិវត្តន៍ពីអាជីពជាកីឡាករនេះ នួន បូរី បាន​និយាយ​ថា៖ «ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ បន្ទាប់ពី​​ខ្ញុំ​បានឃើញថា ក្មេងៗឥឡូវនេះមានទេពកោសល្យ និងអាចលេងបាននូវ​កម្រិតមួយដូចខ្ញុំបាន។ ក្រោយ​ការចូលនិវត្តន៍នេះ ខ្ញុំមិនទៅណាឆ្ងាយពីបាល់ទាត់ទេ ខ្ញុំនឹងរៀនវគ្គបាល់ទាត់បន្ថែមទៀត គឺ​ខ្ញុំនឹងផ្លាស់ប្តូរពីកីឡាករទៅជាគ្រូបង្វឹក»។

នួន បូរី ពេល​ថតជាមួយ​មិត្ត​រួម​ក្រុម នៅ​ក្រោយការ​ប្រកួត កាលពី​ថ្ងៃអង្គារ ដែល​ក្រុម​ក្រសួងមហាផ្ទៃ បានចាញ់​ក្រុមព្រះខ័នរាជស្វាយរៀង ៥-០។ រូប​ថត CPL

អតីតខ្សែ​ប្រយុទ្ធ​របស់​​ក្រុម​​ជម្រើសជាតិ​កម្ពុជា នួន បូរី បាន​បន្ថែម​ថា៖ «ខ្ញុំចង់ផ្តល់ឱកាសដល់​កីឡាករ​ក្មេងៗ ឱ្យបាន​បង្ហាញខ្លួន និងកែតម្រូវចំណុចខ្វះខាតរបស់ពួកគេ​ផងដែរ។ ខ្ញុំសង្ឃឹមថា ពួកគេអាចមានភាពប្រសើរឡើង និងអភិវឌ្ឍន៍ខ្លួន ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិ»។

ដោយឡែក​ក្លិប​បាល់​ទាត់​ ISI ដង្កោសែនជ័យ បានប្រកាសតែងតាំង​លោក ទុំ សារ៉ាយ ឱ្យ​ធ្វើ​ជា​គ្រូ​បង្គោល​ថ្មី ជំនួស​លោក Botioba Bouyaloua Jean ដែល​ត្រូវ​ប្តូរ​ទៅ​ធ្វើ​ជា​នាយក​បច្ចេក​ទេស​នៅ​ក្នុង​ក្លិប​នេះ​វិញ ហើយការ​សម្រេច​​នេះ ដោយសារ​ ទុំ សារ៉ាយ បានបង្កើតស្នាដៃ​ជូន​ក្លិប តាម​រយៈ​ការ​ដឹកនាំ​ក្រុមយុវជន​​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​ក្រុម​ ISI ដង្កោសែនជ័យ ឱ្យ​ឈ្នះ​ពាន​​ខេមបូឌានលីគ​យុវជន ឆ្នាំ​២០២៤ កាលពីថ្ងៃទី​១៣ ខែវិច្ឆិកា។

អតីត​កីឡាករ​ជម្រើស​ជាតិ ទុំ សារ៉ាយ ត្រូវបាន​តែងតាំង​ជា​គ្រូ​បង្គោល​របស់​ក្រុម ISI ដង្កោសែន​ជ័យ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៤។ រូប​ថត ISI

ទុំ សារ៉ាយ ដែល​ធ្លាប់​ដឹកនាំក្រុមអគ្គិសនី​កម្ពុជា ឱ្យ​ឈ្នះ​ពាន​ខេមបូឌានលីគ​២ ឆ្នាំ​២០២២ បាន​និយាយ​ថា៖​ «ខ្ញុំពិតជាសប្បាយ​ចិត្តមែនទែន ដែល​ថ្នាក់​ដឹកនាំ​ក្លិប​មាន​ទំនុក​ចិត្ត និង​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំក្លាយជា​គ្រូ​បង្វឹក​របស់​ក្លិប​ISI ដង្កោសែនជ័យ ហើយ​សម្រាប់ការ​ដឹកនាំ​របស់​ខ្ញុំ គឺ​ខ្ញុំ​ចូល​ចិត្ត​កីឡាករ ដែលមានការ​ប្រកួត​ប្រជែងខ្លាំង។ មិនគិត​ថា​ក្មេង ឬចាស់​ទេ ឱ្យ​តែ​គាត់​ប្រឹងប្រែង​អស់ពីសមត្ថ​ភាព គឺ​នឹងមាន​នាទី​លេង នៅ​គ្រប់​ហ្គេម»។

ជាមួយការកាន់តួនាទីជា​គ្រូ​បង្គោល​ថ្មី​នេះ លោក ទុំ សារ៉ាយ មានបំណង​ចង់​​អភិវឌ្ឍ​កីឡាករ​វ័យ​ក្មេងនៅ​ក្នុង​ក្លិប ISI ដង្កោសែន​ជ័យ ឱ្យ​ក្លាយជា​ខ្សែ​ប្រយុទ្ធដ៏មុត​ស្រួច ដើម្បីជា​ធនធាន​សម្រាប់​ទ្រទ្រង់​ដល់​ក្រុមជម្រើសជាតិ ព្រោះ​លោកមើល​ឃើញ​ថា ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​លីគ​កម្ពុជា គឺ​កីឡាករ​បរទេស បានដណ្តើម​ទីតាំងតំបន់ប្រយុទ្ធស្ទើរ​អស់ទៅ​ហើយ ដែល​ធ្វើ​ឱ្យ​កម្ពុជា ខ្វះ​​ខ្សែ​ប្រយុទ្ធមានគុណ​ភាព​ល្អ។

នួន បូរី (ស្តាំ) បានព្យាយាម​គ្រប់​គ្រងបាល់​ពីការ​តាម​ប្រជែង​របស់​កីឡាករ​ក្រុម​ស្វាយរៀង នៅក្នុងជំនួប​ ដែល​រូបគេ​បានប្រកាស​ចូលនិវត្តន៍ពី​អាជីពជា​កីឡាករ កាលពី​យប់​ថ្ងៃអង្គារ។ រូប​ថត PCL

អតីត​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​របស់​ក្រុមជម្រើសជាតិ​កម្ពុជា ទុំ សារ៉ាយ ​បញ្ជាក់ថា៖ ​«​សម្រាប់ការ​ដឹកនាំ​របស់​ខ្ញុំ គឺ​ខ្ញុំនឹង​​ព្យាយាម​អភិវឌ្ឍ​កូនខ្មែរ​យើង​ឱ្យ​ខ្លាំង​នៅតំបន់ប្រយុទ្ធហ្នឹង។ ​ខ្ញុំ និងក្រុម​គ្រូ​បង្វឹក ព្រមទាំង​កីឡាករ​ទាំងអស់ ​ប្តេជ្ញាចិត្តថា នឹង​​រួមគ្នា​ធ្វើ​ឱ្យ​ក្លិប ISI ដង្កោសែនជ័យ មានសកម្ម​ភាព​ល្អ ដោយបាន​លទ្ធផល​ល្អជូន​ថ្នាក់ដឹកនាំ និង​អ្នកគាំ​ទ្រ​ឡើង​វិញ»។

តាម​រយៈការ​ប្រកួត​ប្រជែង នៅលីគកំពូលកម្ពុជា នា​រដូវ​កាល​ថ្មី​នេះ ក្រុម ISI ដង្កោសែន​ជ័យ កំពុង​ឈរ​នៅលេខ​៧ ដោយមាន១៨ពិន្ទុ សម្រាប់​ការប្រកួតទាំង​១៣​លើក​របស់​ខ្លួន ចំណែក​​ក្រុម​ព្រះខ័នរាជស្វាយរៀង ដែល​ទើប​ដណ្តើម​បាន​៣ពិន្ទុ​ពី​ក្រុមក្រសួងមហាផ្ទៃ ឡើង​ទៅ​ឈរ​នៅលេខ​២ ដោយ​មាន​៣១ពិន្ទុ តិចជាង​ក្រុមឈរ​នៅកំពូល​តារាង ភ្នំពេញ​ក្រោន ដែល​មាន​៣៧ពិន្ទុ ខណៈ​ក្រុម​វិសាខា ដែល​មាន​២៩ពិន្ទុ បាន​ធ្លាក់មក​ឈរ​នៅ​លេខ​៣ រីឯ​​ក្រុម​ក្រសួងមហាផ្ទៃ បន្ត​ឈរ​នៅលេខ​១០​ដដែល ដោយ​មាន​ត្រឹម​៥ពិន្ទុ៕