ជាក្រុមហ៊ុនឯកជន ដែលបានចូលរួមឧបត្ថម្ភដល់សហព័ន្ធខ្មែរកីឡាហាប់គីដូ តាំងពីឆ្នាំ២០២០មកនោះ ឡារីតា បានបបង្ហាញមហិច្ឆតាកាន់តែធំ ក្នុងការជួយអភិវឌ្ឍប្រភេទកីឡាមួយនេះឱ្យកាន់តែរីកចម្រើន ដោយមានគម្រោងពង្រីកការប្រកួតនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីឱ្យបានកាន់តែច្រើន សម្រាប់ចេញទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
នៅក្នុងរយៈពេលប្រមាណ៤ឆ្នាំនេះ ក្រុមហ៊ុនឡានឡារីតា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងដល់សហព័ន្ធខ្មែរកីឡាហាប់គីដូ ធ្វើឱ្យសហព័ន្ធដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១មួយនេះ អាចមានលទ្ធភាពរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ជាលើកដំបូង កាលពីឆ្នាំ២០២៣ និងបានបន្តរៀបចំការប្រកួតថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ ដែលទើបបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២២ ខែធ្នូ។
បន្ថែមលើនេះ ឡារីតា ក៏បានរួមចំណែកជួយឱ្យក្រុមអត្តពលិកកីឡាហាប់គីដូកម្ពុជា ចេញទៅចូលរួមការប្រកួត World I.H.F Hapkido Championship 2024 នៅប្រទេសថៃ ជាលើកដំបូងផងដែរ ហើយតាមរយៈការប្រកួតកាលពីខែសីហានោះ ក្រុមហាប់គីដូ បានបង្កើតប្រវត្តិសាស្រ្តថ្មី ដោយដណ្តើមបានមេដាយមាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥ សម្រាប់ការទទួលបានឱកាសចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ជាលើកដំបូងរបស់ពួកគេ។
រំឭកទៅដល់សមិទ្ធផលទាំងអស់នោះ លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនឡានឡារីតា បានថ្លែងថា៖ «ក្រុមហ៊ុនយើង បានចូលរួមឧបត្ថម្ភគ្រប់សកម្មភាពរបស់កីឡាហាប់គីដូតាំងពីដើមរៀងមក ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងលើការហ្វឹកហាត់ពង្រឹងសមត្ថភាព និងការប្រកួត ដើម្បីស្វែងរកជោគជ័យជូនប្រទេសជាតិ ហើយនេះជាមោទនភាពមួយ ដែលយើងបានជំរុញឱ្យវិស័យកីឡាហាប់គីដូយើង កាន់តែមានការរីកចម្រើន»។
បន្ថែមលើនេះ ឡារីតា គ្រោងនឹងជួយដល់សហព័ន្ធខ្មែរកីឡាហាប់គីដូ ជាបន្តទៀត ដើម្បីឱ្យសហព័ន្ធនេះ អាចមានលទ្ធភាពរៀបចំការប្រកួតនៅតាមខេត្ត ដែលជាទិសដៅធ្វើដំណើររបស់ខ្លួន ដោយបច្ចប្បន្នមានជើងបើកបរពីភ្នំពេញ ទៅសៀមរាប ទៅខេត្តព្រះសីហនុ ហើយ ឡារីតា ក៏នឹងបើកដំណើរការទិសដៅធ្វើដំណើរថ្មីពីភ្នំពេញ ទៅខេត្តបាត់ដំបង នាដើមឆ្នាំ២០២៥ផងដែរ។
លោក មឿន សម្បត្តិ បានបញ្ជាក់ថា៖ «បើមានការគាំទ្រពីអ្នកធ្វើដំណើរកាន់តែច្រើន យើងនឹងជំរុញលើកទឹកចិត្តឱ្យមានការប្រកួតសម្រាប់កីឡាករ កីឡាការិនីយើង នៅតាមបណ្តាខេត្តផ្សេងៗ ដែលជាទិសដៅធ្វើដំណើររបស់ឡានឡារីតា ព្រោះជាក់ស្តែងកីឡាហាប់គីដូ មានការប្រកួតតែនៅភ្នំពេញទេ អ៊ីចឹងតាមរយៈសកម្មភាពកីឡា និងសកម្មភាពរបស់ក្រុមហ៊ុន យើងនឹងចូលរួមឱ្យកាន់សកម្មទាំងអស់គ្នាថែមទៀត ដោយសង្ឃឹមថា យើងនឹងអាចពង្រីកសក្តានុពលកីឡាហាប់គីដូ ទៅតាមគោលដៅសំខាន់ៗ ដើម្បីបើកឱ្យមានការចូលរួមហាត់ និងប្រកួតទាំងអស់គ្នា»។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះគម្រោងរៀបចំឱ្យមានការប្រកួតកីឡាហាប់គីដូ នៅតាមខេត្តនេះ ព្រោះវានឹងជួយឱ្យប្រភេទកីឡានេះ មានភាពផុសផុលនៅទូទាំងប្រទេស ដើម្បីឈានទៅបង្កើតឱ្យមានក្លិបហាប់គីដូ នៅតាមខេត្តបន្ថែមទៀត ជាពិសេសផ្តល់ឱកាសឱ្យក្រុមអត្តពលិក មានការប្រកួតកាន់តែច្រើន ដើម្បីពង្រឹងសមត្ថភាពឱ្យបានល្អ។
លោកបានបញ្ជាក់ថា៖ «តាមរយៈការជួយឧបត្ថម្ភរបស់ក្រុមហ៊ុនឡានឡារីតា រយៈពេល៤ឆ្នាំនេះ បានធ្វើឱ្យវិស័យកីឡារបស់យើង មានការរីកចម្រើនច្រើន ដោយអាចរៀបចំការប្រកួតជើងឯកថ្នាក់ជាតិបាន២ដងហើយ ក្រោមការអនុញ្ញាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក៏បានជួយក្រុមហាប់គីដូយើង ឱ្យទៅប្រកួតនៅលើឆាកអន្តរជាតិ ជាលើកដំបូង ដោយដណ្តើមបានលទ្ធផលយ៉ាងត្រចះត្រចង់ ជាប្រវត្តិសាស្រ្ត»។
បុរសដែលបានលះបង់ច្រើនជាងគេ ដើម្បីជួយឱ្យប្រភេទកីឡាហាប់គីដូ បន្តមានវត្តមាននៅកម្ពុជាដល់សព្វថ្ងៃ លោក គង់ ចាន់ធីណា បន្ថែមថា៖ «ចំណែកគម្រោងរៀបចំឱ្យមានការប្រកួតកីឡាហាប់គីដូនៅតាមខេត្តរបស់ឡារីតា គឺល្អបំផុត ព្រោះជាការលើកស្ទួយឱ្យកីឡាករ កីឡាការិនីរបស់យើងមានការប្រកួតកាន់តែច្រើន ដើម្បីពង្រឹងសមត្ថភាព និងបង្កើននូវបច្ចេកទេសរបស់ពួកគេឱ្យកាន់តែល្អប្រសើរ ដោយសារហាប់គីដូ មិនសូវមានការប្រកួត ដូចប្រភេទកីឡាផ្សេងៗនោះទេ»៕