លោកទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានសហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ប្រាប់​ទៅ​មន្រ្តីបច្ចេក​ទេស​​ក្រោមឱវាទ ឱ្យ​ខំប្រឹងដុស​ខាត់​សមត្ថ​ភាព​​កីឡាករ កីឡាការិនី​ឈាន​ទៅកម្រិតខ្ពស់ ​ ដើម្បីមាន​លទ្ធភាពកាន់តែច្រើន​​ដណ្តើមយក​​មេដាយជូនជាតិ ទាំង​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ និង​​​ការ​​ឆ្ពោះ​​ទៅ​​ធ្វើ​​ម្ចាស់​​ផ្ទះ​​ការ​​ប្រកួត​​កីឡា​​យុវជន​អាស៊ី ឆ្នាំ​២០២៩។

ប្រធានគណៈកម្មាធិការជាតិអូឡាំពិ​កម្ពុជា លោក ថោង ខុន បាន​រំឭក​ពី​សមិទ្ធផលជោគជ័យ​ជាប្រវត្តិសាស្រ្ត​ ដែល​​ក្រុម​កីឡាកាយសម្ព័ន្ធ​កម្ពុជា បង្កើត​បាននៅ​ស៊ីហ្គេម គឺដណ្តើម​បាន​មេដាយ​ប្រាក់​៣ និងសំរឹទ្ធ​១ ពីស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​វៀតណាម និងការ​ឈ្នះ​​មេដាយប្រាក់​១ និងសំរឹទ្ធ​៣ ពី​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ ហើយ​ពួកគេ ក៏​​​ឈ្នះបាន​​​មេដាយមាស ប្រាក់ និងសំរឹទ្ធ ជាបន្ត​បន្ទាប់ពីការប្រកួតកីឡាកាយសម្ព័ន្ធកម្រិតអាស៊ាន និងអាស៊ី ផងដែរ។

ជាមួយការ​សាង​បានភាពនូវ​ល្បី​ល្បាញនេះ លោក ថោង ខុន បាន​លើក​ទឹកចិត្ត និងជំរុញ​ឱ្យ​ក្រុម​កីឡាកាយសម្ព័ន្ធ​កម្ពុជា ខំប្រឹង​ពង្រឹង​សមត្ថ​ភាព​បន្ថែម​ទៀត ដើម្បី​អាច​ឈាន​ទៅ​ដណ្តើម​បានមេដាយ​នៅស៊ីហ្គេម ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ ជាថ្មី​ម្តង​ទៀត ក៏ដូចជា​ការឆ្ពោះទៅដណ្តើម​បាន​លទ្ធផល​ល្អ ក្នុងការ​ប្រកួត​កីឡាយុវជន​អាស៊ី ឆ្នាំ​២០២៩​ផងដែរ។​

លោក​ថ្លែង​ថា៖​ «​ខ្ញុំ​សូម​លើក​ទឹ​ក​ចិត្ត​ឱ្យ​សហព័ន្ធកីឡាកាយសម្ព័ន្ធ​កម្ពុជា ខិតខំដក​ស្រង់បទពិសោធន៍ និងបច្ចេក​ទេស​​ពីរាល់​ការ​ប្រកួតអន្តរជាតិ និង​ការ​បង្កើន​សមត្ថ​ភាព​ដល់​ចៅក្រម គ្រូ​បង្វឹក គ្រូជំនួយ ដើម្បី​យកចំណេះ​ដឹង និងបទពិសោធន៍​ទាំង​នេះ មក​បង្ហាត់​​បង្រៀន​​​ដល់​​​កីឡាករ កីឡាការិនី​​​យើង​​​ឱ្យ​​​មាន​​សមត្ថ​ភាព​កម្រិត​ខ្ពស់ ដើម្បីឆ្ពោះ​ទៅ​រក​មេដាយជូនជាតិ ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម ឆ្នាំ​២០២៥ នៅ​ថៃ និងឆ្ពោះ​ទៅកាន់​ព្រឹត្តិការណ៍​កីឡាយុវជន​អាស៊ី ឆ្នាំ​២០២៩ ដែល​កម្ពុជា​យើង ធ្វើជា​ម្ចាស់​ផ្ទះ»។​

ការ​លើក​ឡើង​បែបនេះ​របស់​លោក ថោង ខុន ត្រូវបាន​ធ្វើក្នុងពិធី​បិទការ​ប្រកួត​កីឡាកាយសម្ព័ន្ធ​ជ្រើសរើសជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៤ នៅសាលដំបូល​ទូក នៃពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​ថ្ងៃទី​២៧ ខែធ្នូ ដោយព្រឹត្តិការណ៍​នេះ ​មាន​ក្លិបចូល​រួម​​​ចំនួន​៨ ​​មាន​កីឡាករ កីឡាការិនី​៦៤​នាក់ ថ្នាក់​ដឹក​នាំ-មន្ត្រី​បច្ចេកទេស និង​ចៅ​ក្រម​៣៣​នាក់ ព្រម​ទាំង​មាន​មន្ត្រី​ស្ម័គ្រ​ចិត្ត​១៣​នាក់។

ជា​លទ្ធផល​នៃ​ការ​ប្រកួត​នោះ ក្រុម​កីឡា​កាយសម្ព័ន្ធ​ក្រសួង​មហា​ផ្ទៃ ឈរ​លេខ​១ ​ដោយ​បានឈ្នះ​មេដាយ​មាស​៥ ប្រាក់​៧ តាម​ពី​ក្រោយ​ដោយ​ក្រុម​កីឡា​ក្រសួង​ការពារ​ជាតិ ​ដែល​​ឈ្នះ​មាស​៣ ប្រាក់​៣ ​សំរឹទ្ធ​២ ខណៈ​ក្រុម​កីឡា​ខេត្ត​កំពង់​ឆ្នាំង ​ឈរ​នៅ​លេខ​៣ ​​ឈ្នះ​បាន​មេដាយ​មាស​៣ ប្រាក់​១ និង​សំរឹទ្ធ​៥ ហើយ​ក្រុម​កីឡា​ខេត្ត​ក្រចេះ​ ឈរនៅ​លេខ​៤​ ​ឈ្នះ​បាន​មេដាយ​​មាស​​២ ប្រាក់​​២ និង​​សំរឹទ្ធ​​៦។

លោក ថោន ខុន បាន​មើល​ឃើញ​ថា ការ​ប្រកួត​កីឡាកាយសម្ព័ន្ធ​​ថ្នាក់ជាតិ ឆ្នាំ​២០២៤​នេះ ទទួល​បាន​លទ្ធផលល្អប្រសើរ​ ប៉ុន្តែ​ដើម្បី​​ឱ្យ​​វិស័យ​កីឡា​នេះ កាន់​តែ​រីក​​ចម្រើន​​​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ នៅ​ស៊ីហ្គេម ឆ្នាំ​២០២៥ និង​​​​ត្រៀម​​ខ្លួនបាន​ល្អ ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡាយុវជនអាស៊ី ឆ្នាំ​២០២៩ លោក​បាន​ផ្តល់​អនុសាសន៍​៥​ចំណុច ដល់មន្រ្តី​បច្ចេក​ទេស​របស់​​សហព័ន្ធ​កីឡាកាយសម្ព័ន្ធ​កម្ពុជា យក​ទៅ​អនុវត្តបន្ត គឺទី​១ បណ្តុះ​បណ្តាលអត្ត​ពលិក​​ថ្នាល​តាម​កម្រិត​​អាយុ និងបញ្ជូន​ទៅ​ហាត់​ហ្វឹកហ្វឺន​នៅ​ក្រៅប្រ​ទេស ក្នុង​ន័យ​បង្កើន​ទាំង​បរិមាណ និង​គុណ​ភាព​បច្ចេកទេសកម្រិត​ខ្ពស់។

ក្រុមកីឡាករ កីឡាការិនី​កាយសម្ព័ន្ធ​កម្ពុជា បានថតជាមួយ​ថ្នាក់ដឹកនាំ គ្រូ​បង្វឹក និង​ម្ចាស់ឧបត្ថម្ភ នៅ​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡាកាយសម្ព័ន្ធថ្នាក់ជាតិ ឆ្នាំ​២០២៤។ រូប​ថត ឈន ណន

ចំណែក​ចំណុចទី​២ សហព័ន្ធ ត្រូវ​ពង្រឹង​សមត្ថភាព ចៅក្រម មន្រ្តី​បច្ចេកទេស គ្រូ​បង្វឹក គ្រូជំនួយ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ទាំង​បរិមាណ និង​គុណ​ភាព ទី​៣ ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​ការ​ប្រកួត​ឱ្យបាន​ច្រើន ការ​ហ្វឹក​ហាត់​ជា​ប្រចាំ នៅ​តាម​បណ្តា​ក្លិប​  សមាគម ទី​៤ ពង្រឹង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​សហ​ព័ន្ធ ក្លិប​ សមាគម​ដែល​មាន​រួច​មក​ហើយ​ឱ្យ​បាន​រឹងមាំ និង​ស្វែង​រក​ដៃ​គូរ​អភិវឌ្ឍ​បន្ថែម​ទៀត ទី​៥ ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឱ្យ​បាន​ច្រើន​ជា​រៀង​រាល់​ឆ្នាំ។

ចំណែក​លោក ណយ ផាណា អគ្គលេខាធិការ​សហព័ន្ធ​កីឡាកាយសម្ព័ន្ធ​កម្ពុជា បានអះអាង​​ថា សហព័ន្ធ មាន​ផែន​ការ​លម្អិត​ ដើម្បី​ឈាន​ទៅ​ទទួលបានជោគ​ជ័យ នៅ​​ស៊ីហ្គេម ឆ្នាំ​២០២៥ និង​​ត្រៀម​ខ្លួនឆ្ពោះ​ទៅកាន់ការ​ប្រកួត​កីឡាយុវជនអាស៊ី ឆ្នាំ​២០២៩ ដើម្បី​ឱ្យស្រប​តាម​អនុសាសន៍​របស់​លោក ថោង ខុន  ហើយ​សហព័ន្ធ ក៏បាន​ពិនិត្យ​មើល​ពីកីឡាករ កីឡាការិនី ដែល​ត្រូវ​ត្រៀម​សម្រាប់ព្រឹត្តិការណ៍ទាំង​២នេះរួចរាល់​​ផងដែរ។

លោកទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានសហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ប្រាប់​ទៅ​មន្រ្តីបច្ចេក​ទេស​​ក្រោមឱវាទ ឱ្យ​ខំប្រឹងដុស​ខាត់​សមត្ថ​ភាព​​កីឡាករ កីឡាការិនី​ឈាន​ទៅកម្រិតខ្ពស់

លោក​បញ្ជាក់​ថា៖ «​យើង​បាន​​មើល​ឃើញ​ចំណុច​ទាំង​អស់នេះ​រួចហើយ ប៉ុន្តែ​យើង​នៅ​រង់ចាំ​ការ​ប្រមូល​ផ្តុំ​ ឆ្នាំ​២០២៥ ថាតើស្ថាប័ន​ក្រសួងអប់រំ យុវជន និង​កីឡា នឹង​ផ្តល់​កូតា​ការ​ប្រមូល​​កីឡាករ កីឡាការិនី​សម្រាប់​កីឡាកាយសម្ព័ន្ធ​​របស់​យើង បាន​ប៉ុន្មាន​នាក់ ទាំង​ការ​ត្រៀម​ស៊ីហ្គេម និង​ត្រៀម​កីឡាយុវជន​អាស៊ី ឆ្នាំ​២០២៩»។

ចំពោះ​ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ លោក ណយ ផាណា បានអះអាង​ថា សហព័ន្ធ ​បាន​រៀបចំ​ផែន​ការ​ជាមួយ​​គ្រូ​បង្វឹក គ្រូជំនួយ និង​មន្រ្តី​ជំនាញ​រួចអស់​ហើយ​ ដើម្បី​ឱ្យកីឡាករ កីឡាការិនី​ទទួល​បានលទ្ធផល​​មេដាយ​ណា​មួយ។ 

លោក​សង្កត់​ធ្ងន់​ថា៖​ «ក្នុងនាមខ្ញុំ​ជា​អ្នក​ទទួលការ​ងារ​បច្ចេក​ទេស គឺ​ស៊ីហ្គេម ឆ្នាំ​២០២៥នេះ យើង​ត្រូវខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យទទួលបានលទ្ធផល​​មេដាយណាមួយ នៅក្នុងចំណោមមេដាយ​ទាំង​៣​កម្រិតជូន​ជាតិ​មាតុភូមិយើង»៕