សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសមុននេះបន្តិចថា សំណើក្នុងការដាក់កីឡាករបរទេសទើបចូលសញ្ជាតិខ្មែរទាំង៣នាក់រួមមាន អូសិ តាកាកិ, នេតូ រ៉ុនដុន និងឃូលីបាលី អាបឌែល ឱ្យលេងនៅក្នុងក្រុមជម្រើសជាតិកម្ពុជា ទទួលបានការយល់ព្រមពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ(FIFA) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ជាផ្លូវការហើយ។
តាមការប្រកាសព័ត៌មានរបស់ FFC នារសៀលម៉ោង១ថ្ងៃពុធនេះ បានបញ្ជាក់ថា FIFA និង AFF បានមើលពិនិត្យឃើញថា រាល់ឯកសាររបស់កម្ពុជា ក្នុងការស្នើសុំដាក់ខ្សែការពារជប៉ុន អូសិ តាកាកិ ខ្សែប្រយុទ្ធកូឡុំប៊ី នេតូ រ៉ុនដុន និងខ្សែប្រយុទ្ធកូតឌីវ័រ ឃូលីបាលី អាបឌែល ឱ្យចូលលេងក្នុងក្រុមជម្រើសជាតិកម្ពុជា គឺមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ ដោយអាចចូលលេងឱ្យក្រុមកម្ពុជា ចាប់ពីពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ខាងមុខនេះតទៅ។
FFC បានបញ្ជាក់តាមការប្រកាសរបស់ខ្លួនបែបនេះថា៖ «តបតាមសំណើរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយឯកសារដែលបានផ្ញើទៅ ចំពោះកីឡាករ ឃូលីបាលី អាបឌែល តាមរយៈ FIFA និងចំពោះកីឡាករ អូសិ តាកាគិ និង នេតូ រ៉ុនដុន តាមរយៈ AFF ត្រូវបានពិនិត្យឃើញថា មានលក្ខណៈបុគ្គលិកគ្រប់គ្រាន់ និងត្រូវបានអនុញ្ញាតិឱ្យលេងតំណាងក្រុមជម្រើសជាតិកម្ពុជា»។
«ដូច្នេះចាប់ពីពេលនេះតទៅ កីឡាករចំណូលថ្មីទាំង៣នាក់នេះ អាចលេងតំណាងឱ្យក្រុមជម្រើសជាតិកម្ពុជាបានជាផ្លូវការ ហើយនឹងត្រូវចូលរួមលេងក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ខាងមុខនេះ។ សូមស្វាគមន៍កីឡាករ អូសិ តាកាគិ, នេតូ រ៉ុនដុន និង ឃូលីបាលី អាបឌែល ជាផ្លូវការចូលមកកាន់ក្រុមជម្រើសជាតិកម្ពុជា»។ FFC បានបញ្ជាក់បន្ថែម។
ជាមួយការសម្រេចជាផ្លូវការនេះ បានក្លាយជាដំណឹងដ៏រំភើបបំផុត សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ព្រោះពួកគេយល់ថា វត្តមានរបស់ខ្សែការពារ Ose Takaki និងខ្សែប្រយុទ្ធ Nieto Rondon ដែលកំពុងលេងនៅក្លិបភ្នំពេញក្រោន រួមទាំងខ្សែប្រយុទ្ធ Coulibaly Abdel Kaderរបស់ក្លិប ISI ដង្កោសែនជ័យ នឹងធ្វើឱ្យប្រព័ន្ធលេងរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024នេះ មានភាពរឹងមាំទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ។
ទន្ទឹមនឹងនេះ ទាំងកីឡាករ Ose Takaki, Nieto Rondon និង Coulibaly Abdel Kader ដែលបានចូលរួមការប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃចន្ទ សុទ្ធតែបានបង្ហាញភាពរីករាយ និងបានតាំងចិត្តខ្ពស់ សម្រាប់ការទទួលបានឱកាសលេងតំណាងឱ្យកម្ពុជា ជាលើកដំបូងនេះ។
ម្ចាស់អាវលេខ១០ Nieto Rondon ដែលបានបង្ហាញសមត្ថភាពលេងយ៉ាងល្អជាមួយក្រុមភ្នំពេញក្រោន បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍រីករាយ និងរំភើប ព្រោះនេះជាកិត្តិយសរបស់ខ្ញុំ ដែលបានពាក់អាវក្រុមជម្រើសជាតិ និងបានក្លាយជាផ្នែកមួយនៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ»។
ខ្សែប្រយុទ្ធមកពីប្រទេសកូឡុំប៊ី Nieto បានបន្ថែមថា៖ «យើងត្រូវតែធ្វើការឱ្យបានខ្លាំង និងការសម្របខ្លួនជាមួយក្រុម ព្រោះកីឡាករដែលបានកោះហៅនេះសុទ្ធតែល្អ។ នៅទីនេះយើងមិនមែនសម្របខ្លួនតាមកីឡាករដែលចូលសញ្ជាតិនោះទេ តែយើងត្រូវតែសម្របខ្លួនជាមួយកីឡាករទូទៅ។ យើងត្រូវតែធ្វើការទាំងអស់គ្នាដើម្បីកម្ពុជា»។
សម្រាប់ការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ក្រុមកម្ពុជា ឈរនៅពូលA ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត ហើយក្នុងពូលនេះ ក្រុមកម្ពុជា ត្រូវប្រកួតក្នុងទឹកដីខ្លួនឯងជាមួយក្រុមម៉ាឡេស៊ី និងទីម័រខាងកើត តែត្រូវប៉ះក្រុមថៃ និងសិង្ហបុរី នៅក្រៅទឹកដី ចំណែកពូលB មានវៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងឡាវ៕