ក្រុមជម្រើសជាតិនារីកម្ពុជា បានត្រឹមជើងឯករង នៃការប្រកួតពានរង្វាន់ជើងឯកនារីអាស៊ាន ឆ្នាំ២០២៤ (AFF Women’s Cup) ដែលធ្វើនៅប្រទេសឡាវ បន្ទាប់ពីពួកគេ បានចាញ់ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ដោយលទ្ធផល ៣-១ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃព្រហស្បតិ៍។
តែទោះបីជាយ៉ាងណា គ្រប់គ្នានៅក្នុងវិស័យបាល់ទាត់ រួមទាំងថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ជាពិសេសប្រមុខដឹកនាំប្រទេសកម្ពុជា សុទ្ធតែបានសម្តែងការសាទរ និងកោតសរសើរទៅដល់ក្រុមជម្រើសជាតិនារីកម្ពុជា ដែលប្រឹងប្រែងរហូតបង្កើតបាននូវប្រវត្តិសាស្រ្តថ្មី ចំពោះការដណ្តើមបានឱកាសឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Women’s Cup ជាលើកដំបូង នាពេលនេះ។
FFC បានបង្ហោះសារបែបនេះថា៖ «ទោះបីជាក្រុមជម្រើសជាតិនារីកម្ពុជា បានត្រឹមជើងឯករង ក៏ពួកយើងសូមកោតសរសើរនូវសមិទ្ធផល ដែលកីឡាការិនីយើងបានខិតខំប្រឹងប្រែងរហូតឈានមកដល់ "វគ្គផ្ដាច់ព្រ័ត្រ" ជាដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់នារីកម្ពុជា។ ពួកយើងសង្ឃឹមថា ក្រុមជម្រើសជាតិនារីកម្ពុជា នឹងនាំជោគជ័យជាបន្តបន្ទាប់ក្នុងពានរង្វាន់ក្រោយៗ ខាងមុខ»។
ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារអបអរដល់ក្រុមជម្រើសជាតិនារីកម្ពុជា ដោយសរសេរថា៖ «សូមកោតសរសើរដល់ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានប្រកួត និងដឹកនាំការប្រកួតពីដំណាក់កាលដំបូងរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្ត្រដំបូងរបស់យើង នៃពានរង្វាន់ AFF Women’s Cup 2024»។
«លទ្ធផលនេះ គឺបានបង្ហាញពីការខិតខំប្រឹងប្រែងតាំងពីកីឡាការិនីផ្ទាល់ គ្រូបង្វឹក និងក្រុមការងារទាំងអស់ ពិសេសរួមទាំងអ្នកគាំទ្រ បានរួមគ្នាធ្វើការប្រកួត គាំទ្រការប្រកួត និងជំរុញឱ្យយើងទទួលបានលទ្ធផលវិជ្ជមាននាពេលនេះ។ សូមជូនពរកីឡាការិនី គ្រូបង្វឹក និងក្រុមការងារទាំងអស់ទទួលបានសេចក្តីសុខ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរត្រឡប់មកមាតុភូមិ ហើយនឹងទទួលបានជោគជ័យ សម្រាប់ការប្រកួតនៅពេលខាងមុខ»។ លោក ហ៊ុន ម៉ាណែត បានបន្ថែម។
តាមរយៈការប្រកួតផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋាន New Laos National Stadium ប្រទេសឡាវ កាលពីយប់ថ្ងៃទី៥ ខែធ្នូនេះ ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បានយកឈ្នះក្រុមជម្រើសជាតិនារីកម្ពុជា ៣-១ គឺផ្ទុយពីការជួបគ្នាក្នុងវគ្គជម្រុះតាមពូល ដែលក្រុមទាំង២នេះ បានស្មើគ្នា ០-០។
ខ្សែបម្រើ Reva Octaviani ជាអ្នករកបានគ្រាប់បាល់បើកឆាកឱ្យក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី នៅនាទីទី២៤ មុនពេលកីឡាការិនីរបស់កម្ពុជា ហុក សៅឌី បានតែតបាល់បញ្ចូលទីតាមស្មើវិញ នៅនាទីទី៣២ ប៉ុន្តែខ្សែប្រយុទ្ធ Sydney Sari Hopper បានជួយឱ្យក្រុមឥណ្ឌូនេស៊ី នាំមុខ ២-១ ជាថ្មី នៅនាទីទី៣៥ ហើយម្ចាស់អាវលេខ៨ Reva Octaviani បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៥៧។
តាមរយៈការរកបាន២គ្រាប់តែម្នាក់ឯង ជួយឱ្យក្រុមឥណ្ឌូនេស៊ី ឈ្នះក្រុមនារីកម្ពុជា ៣-១ ដើម្បីបានលើកពានរង្វាន់ AFF Women’s Cup 2024 យ៉ាងរំភើបនេះ កីឡាការិនី Reva Octaviani និងកីឡាការិនី ពឿន គន្ធា របស់កម្ពុជា សុទ្ធតែទទួលបានពានរង្វាន់ ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ (Top Scorer) ដោយអ្នកទាំង២នេះ រកបាន៣គ្រាប់ដូចគ្នា។
តាមរយៈការទទួលបានត្រឹមជើងឯករងនៃពាន AFF Women’s Cup 2024 នេះ គ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជា លោក ឃួន ឡាបូរ៉ាវី បានបង្ហោះសារបែបនេះថា៖ «សុំទោស ដែលខ្ញុំមិនអាចនាំយកពានរង្វាន់មកផ្ទះបាន ប៉ុន្តែខ្ញុំសប្បាយចិត្តជាមួយនឹងទម្រង់លេងរបស់កីឡាការិនី សម្រាប់ព្រឹត្តិការណ៍ប្រកួតទាំងមូល។ យើងបានផ្លាស់ប្តូរគំនិតរបស់យើងរួចហើយថា យើងអាចលេងបាល់ទាត់តាមបែបទំនើបបាន»។
ចំណែកក្រុមជម្រើសជាតិនារីសិង្ហបុរី បានយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត ដោយលទ្ធផល ១-០ សម្រាប់ការប្រកួតដណ្តើមយកលេខ៣ កាលពីថ្ងៃព្រហស្បតិ៍នោះដែរ ហើយយោងតាមលទ្ធផលនៃការប្រកួតពាន AFF Women’s Cup 2024នេះ គឺក្រុមជម្រើសជាតិនារី របស់ឥណ្ឌូ កម្ពុជា និងសិង្ហបុរី នឹងទទួលបានឱកាសឡើងទៅប្រកួតពានរង្វាន់ ASEAN Women’s Championship 2025 ជាមួយក្រុមជម្រើសជាតិនារីដែលឈរចាំរួមមាន វៀតណាម ថៃ ហ្វីលីពីន និងមីយ៉ាន់ម៉ា៕