បាត់ដំបង: ព្រឹត្តិការណ៍រត់ដងស្ទឹងសង្កែដែលបានរៀបចំកាលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ នៅខេត្តបាត់ដំបង បានបញ្ចប់ដោយជោគជ័យ ដោយបានទាក់ទាញអត្តពលិកចំនួន ១៤០ នាក់មកពី ១៤ ប្រទេស។
ទាំងអង្គការហ្វារ ដែលជាអ្នករៀបចំកម្មវិធី ក៏ដូចជា អាជ្ញាធរខេត្ដ បានឯកភាពក្នុងការបង្កើតព្រឹត្ដិការណ៍ប្រចាំឆ្នាំ បន្ទាប់ពីព្រឹត្ដិការណ៍លើកដំបូងនេះ ទទួលបានការគាំទ្រខ្លាំង។
ព្រឹត្តិការណ៍រត់ និងជិះកង់ប្រណាំងចម្ងាយ ៣០ គីឡូម៉ែត្រនេះ ជាការប្រារព្ធខួបលើកទី៣០ របស់អង្គការហ្វារពន្លឺសិល្បៈ មិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រេចបាននូវការអង្គាសថវិកាសម្រាប់ទ្រទ្រង់អង្គការផងដែរ។
តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកចូលរួម និងអ្នកឧបត្ថម្ភ គិតត្រឹមថ្ងៃទី ៣០ ខែមករា ព្រឹត្តិការណ៍បានរៃអង្គាសប្រាក់បានចំនួន ៣៤ ៤៩៨ ដុល្លារ ដែលរួមចំណែកប្រមាណ ១១ ភាគរយ ដល់គោលដៅថវិកាប្រចាំឆ្នាំសម្រាប់កម្មវិធីសិល្បៈ និងការអប់រំរបស់សាលា។
ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ បានបង្កើតឱ្យខេត្តបាត់ដំបង ជាមជ្ឈមណ្ឌលដ៏រស់រវើកសម្រាប់សិល្បៈ វប្បធម៌ និងកីឡា ជាមួយនឹងគម្រោងធ្វើឱ្យដងស្ទឹងសង្កែដំណើរការជាការប្រកួតប្រចាំឆ្នាំ។
លោក អូស្មាន ខាវ៉ាចា នាយកប្រតិបត្តិនៃអង្គការហ្វារពន្លឺសិល្បៈបានឱ្យដឹងថា៖ «យើងសូមថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ អត្តពលិក អ្នកឧបត្ថម្ភ និងអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានរួមចំណែកដល់ភាពជោគជ័យនៃដំណើរការរត់ដងស្ទឹងសង្កែ។ ការចូលរួមទាំងពេលវេលា សមត្ថភាព និងហិរញ្ញវត្ថុដ៏សប្បុរសរបស់អ្នកពិតជាបានចូលរួមចំណែកលើកកម្ពស់អនាគតរបស់យុវជនក្នុងខេត្តបាត់ដំបងតាមរយៈការអប់រំ ក៏ដូចជា លទ្ធភាពក្នុងការផ្លាស់ប្តូរជីវិតតាមរយៈសិល្បៈ។
ការរត់តាមដងស្ទឹងសង្កែ រួមបញ្ចូលការរត់ទោល ការជិះកង់ទោល និងការរត់ការបញ្ជូនតចំនួន ៣ នាក់។ លទ្ធផលរត់ទោលចម្ងាយ៣០គីឡូម៉ែត្រ អត្ដពលិកជនជាតិជប៉ុន Hiroshi Ake ទទួលបានចំណាត់ថ្នាក់លេខ ១ តាមពីក្រោយដោយកីឡាករកម្ពុជា តាំង សឹកសាំង ទទួលបានលេខ ២ និងលេខ ៣ លោក ហុង វ៉ាន់ថេត។
ក្នុងការប្រណាំងកង់ទោលចម្ងាយ ៣០ គីឡូម៉ែត្រនេះ លោក Oliver Rene Bodicer ជនជាតិអាល្លឺម៉ង់ ទទួលបានចំណាត់ថ្នាក់លេខ ១ ហើយកីឡាករ សិ មាស និងកីឡាករសម្ផស្ស ផារ៉ោន កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៣។
ក្នុងការរត់ប្រណាំងចម្ងាយ ៣០ គីឡូម៉ែត្រ ក្រុម Team SuperSonics របស់ប្រទេសបារាំងបានជាប់ចំណាត់ថ្នាក់លេខ ១ រីឯក្រុម Team Kingdom Fight Gym (ចក្រភពអង់គ្លេស ស៊ុយអែត និងហូឡង់) និងក្រុម Team Braided Dragons (សហរដ្ឋអាមេរិក) ទទួលបានចំណាត់ថ្នាក់លេខ ២ និងទី៣ រៀងគ្នា។
លោក Bodicer បាននិយាយថា៖ «ព្រឹត្តិការណ៍នេះត្រូវបានរៀបចំយ៉ាងល្អ និងសប្បាយរីករាយខ្លាំង។ ឧបសគ្គមួយចំនួនដែលខ្ញុំបានជួបប្រទះ គឺខ្ញុំត្រូវជិះកង់តាមផ្លូវថ្នល់លាយឡំស្ថានភាពរលាក់ តែទេសភាពតាមដងផ្លូវពិតជាអស្ចារ្យ។ ខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាមកសមាគមហ្វារពន្លឺសិល្បៈ និងជួយគាំទ្រដោយការចូលរួមទស្សនាការសម្ដែងសៀក សិល្បៈ និងវប្បធម៌ផ្សេងៗ»។
ការប្រណាំងនេះមានអត្តពលិកមកពី ១៤ ប្រទេសផ្សេងៗគ្នា រួមមាន កម្ពុជា វៀតណាម ប៉ាគីស្ថាន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ បែលហ្ស៊ិក ហូឡង់ អេស្ប៉ាញ បារាំង ស៊ីលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ផ្លូវរត់ដងស្ទឹងសង្កែបានចាប់ផ្តើមនៅជើងភ្នំបាណន់ ជាឋានប្រាសាទសម័យអង្គរសតវត្សរ៍ទី១១ ហើយបានបន្តតាមដងស្ទឹងសង្កែដ៏ស្រស់ត្រកាលកាត់តាមបេះដូងនៃខេត្តបាត់ដំបង ដោយបញ្ចប់នៅបរិវេណសាលាហ្វារពន្លឺសិល្បៈ។
លោក តាំង សេកសាំង ម្ចាស់ជយលាភីលេខ ២ នៃការរត់ទោលចម្ងាយ៣០គីឡូម៉ែត្រ និងមានស្រុកកំណើតនៅទីក្រុងភ្នំពេញ បានថ្លែងថា៖ «នេះជាលើកទី១ហើយដែលខ្ញុំបានចូលរួមការប្រណាំងនេះនៅខេត្តបាត់ដំបង។ ខ្ញុំរំភើបចិត្តខ្លាំងណាស់ក្នុងការចូលរួមកម្មវិធី រត់ដងស្ទឹងសង្កែ។ ទោះបីជាការធ្វើដំណើរពីភ្នំពេញអស់កម្លាំងតិចតួចក៏ដោយ ក៏ខ្ញុំរីករាយណាស់ដែលបានជួយដល់កម្មវិធីសប្បុរសធម៌នេះ»។
ទោះបីជាព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់ក៏ដោយ អង្គការហ្វារពន្លឺសិល្បៈនៅតែទទួលការបរិច្ចាគតាមរយៈ SimplyGiving និង ABA របស់ ហ្វារ រហូតដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
ដោយទទួលបានភាពជោគជ័យនៃព្រឹត្តិការណ៍ដំបូងនេះ អង្គការហ្វារពន្លឺសិល្បៈ និងសាលាខេត្តបាត់ដំបង បានសម្រេចឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដោយប្តូរឈ្មោះទៅជាម៉ារ៉ាតុងដងស្ទឹងសង្កែ។
កាលបរិច្ឆេទសម្រាប់ដំណើរការបន្ទាប់គឺត្រូវបានកំណត់នៅពេលក្រោយ។ ព្រឹត្តិការណ៍សំខាន់ៗមួយចំនួនបន្ទាប់សម្រាប់អបអរខួប ៣០ ឆ្នាំរបស់ហ្វារ ចាប់ពីថ្ងៃទី ១-៣ ខែមីនា ក្រោមចំណងជើងថា «ការប្រារព្ធខួប ៣០ ឆ្នាំរបស់សមាគមហ្វារពន្លឺសិល្បៈ៖ ចុងសប្តាហ៍នៅរាជធានីភ្នំពេញ»៕