ភ្នំពេញ៖ កីឡាករជើងខ្លាំង ឡុង សំណាង និង ធន់ អៀងឡេង សុទ្ធតែបានប្រើស្នៀតជើងផ្តួលអ្នកប្រដាល់របស់ថៃ Chao Boy និង Nok Krakchiep ឱ្យសន្លប់ សម្រាប់ការបង្ហាញវត្តមានរួមគ្នា នៅលើសង្វៀនប៉ុស្តិ៍លេខ៥ ប៉ុន្តែ ធន់ មករា បែរជាជួបគ្រោះភ្លាត់ជង្គង់ស្តាំ ក្រោមទម្ងន់ជើងរបស់ថៃ Chhuok Mongkhun ដ៏គួរឱ្យសោកស្តាយ និងធ្វើឱ្យអ្នកទស្សនា មិនអស់ចិត្តចំពោះការចាញ់ដ៏ផុយស្រួយនេះឡើយ។
សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា-ថៃ របស់សង្វៀនប៉ុស្តិ៍លេខ៥ កាលពីព្រលប់ថ្ងៃសៅរ៍កន្លងមក កីឡាករកំពុងសាងបានភាពល្បី ធន់ អៀងឡេង ដែលប្រកួតគូអន្តរជាតិមុនគេនោះ បានទាញយកការចាប់អារម្មណ៍របស់អ្នកគាំទ្រផ្ទាល់បានយ៉ាងលឿន តាមរយៈការទាត់ឱ្យកីឡាករថៃ Nok Krakchiep ខូចជើង និងត្រូវបានអាជ្ញាកណ្តាលបញ្ឈប់នៅក្នុងទឹកទី១។
បើទោះបីជា Nok Krakchiep បានបង្ហាញសមត្ថភាពល្អ ទាំងការបញ្ចេញស្នៀតប្រយុទ្ធ និងចលនានៃការចូលវ៉ៃ និងដកថយក៏ដោយ ប៉ុន្តែ អៀងឡេង បែរជាអាចប្រើទម្ងន់ជើងឆ្វេងទាត់ស្កាត់ចំជើងស្តាំ បណ្តាលឱ្យ Nok Krakchiep ដួលចំនួន៣លើក និងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១នៅដើមទឹកទី១ ហើយក្រោយការរាប់នេះ អៀងឡេង បានទាត់បន្ថែមទៅលើរបួសចាស់នេះ៣ជើងទៀត ធ្វើឱ្យថៃម្នាក់នេះ ដួលទាំងឈឺចាប់ និងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី២។
ស្ថិតក្នុងស្ថានភាពដ៏អំណោយផលនេះ ធន់ អៀងឡេង បានប្រើល្បិចទាត់សំដៅទៅកញ្ចឹងករបស់ Nok Krakchiep វិញម្តង ហើយនៅពេលថៃម្នាក់នេះ ភ្លេចខ្លួនបិទជើងក្រោមដែលមានរបួស គឺអៀងឡេង បានទាត់សន្ធាប់ផ្ទួនៗចំនួន៧ជើង បណ្តាលឱ្យ Nok Krakchiep ដួលក្រោកលែងរួច ហើយត្រូវបានអាជ្ញាកណ្តាលបញ្ឈប់នៅចុងទឹកទី១នេះ និងផ្តល់ជ័យជម្នះទៅឱ្យ ធន់ អៀងឡេង យ៉ាងរំភើបបំផុត។
យ៉ាងណាមិញ សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់ ធន់ មករា នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីព្រលប់ថ្ងៃសៅរ៍នោះដែរ បានធ្វើឱ្យអ្នកទស្សនាភាគច្រើន ផ្តល់ទំនុកចិត្តខ្ពស់ថា មករា នឹងប្រើសមត្ថភាពប្រកួតដ៏ល្អរបស់គេ យកឈ្នះលើកីឡាករវ័យក្មេងរបស់ថៃ Chhuok Mongkhun ជាមិនខានឡើយ។ ផ្ទុយទៅវិញ ធន់ មករា មិនទាន់ទាំងបានបញ្ចេញស្នៀតអ្វីគួរឱ្យចាប់អារម្មណ៍ផង បែរជាជួបគ្រោះភ្លាត់ជង្គង់ស្តាំ និងបានបោះបង់ការប្រកួតត្រឹមរយៈពេល ៤០ វិនាទី។
បញ្ហារបួសរបស់ មករា ត្រូវបានគេមើលឃើញថា ជាការភ្លាត់ស្នៀត ព្រោះ Chhuok Mongkhun បានទាត់ចូលគន្លាក់ជើងស្តាំរបស់គេស្រាលដែរទេ ប៉ុន្តែ មករា បែរជាបង្ហាញការឈឺចាប់ នៅពេលបាតជើងរបស់គេបានជាន់ដល់កម្រាលសង្វៀន ហើយពេលឃើញ មករា បម្រុងនឹងដួលនោះ Chhuok Mongkhun បានស្ទុះទៅទាត់ចំរបួសចាស់នេះ១ជើងទៀតពេញទំហឹង បណ្តាលឱ្យ ធន់ មករា ភ្លាត់ជង្គង់ស្តាំឈឺចុកចាប់យ៉ាងខ្លាំង មិនអាចក្រោកឈរបន្តការប្រកួតបានទៀតឡើយ។
ការចាញ់សន្លប់យ៉ាងផុយស្រួយរបស់ ធន់ មករា បានបន្សល់ការសោកស្តាយខ្លាំងចំពោះអ្នកគាំទ្រ ប៉ុន្តែពិធីករទាំង២នាក់ប្រចាំនៅសង្វៀនប៉ុស្តិ៍លេខ៥ ជាពិសេស ឡុង សុវណ្ណឌឿន ដែលជាអ្នកប្រដាល់ដែរនោះ បានប្រកាសថា បញ្ហារបួសរបស់ ធន់ មករា វាជាគ្រោះថ្នាក់ដោយចៃដន្យ ព្រោះគន្លាក់ជើងត្រង់ក្បាលជង្គង់នេះ វាងាយនឹងមានបញ្ហា ដែលគ្មានអ្នកណានឹកស្មានដល់ឡើយ។
ដោយឡែក ឡុង សំណាង ដែលធ្លាប់បានចាញ់កីឡាករថៃ សូរិយា វង្សកាម៉ាត ក្នុងទឹកទី១ ដោយសារទាត់គេ តែបែរជាភ្លាត់ជង្គង់ខ្លួនឯង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នោះ គឺគេធ្វើបានយ៉ាងល្អបំផុត សម្រាប់ការបង្ហាញខ្លួនជាថ្មី នៅសង្វៀនប៉ុស្តិ៍លេខ៥នេះ ដោយរូបគេ បានផ្តួលជើងខ្លាំងរបស់ថៃChao Boy ឱ្យសន្លប់ នៅក្នុងទឹកទី៣។
សម្រាប់ការប្រកួតនេះ ឡុង សំណាង បានទាត់ស្តាំ បណ្តាលឱ្យ Chao Boy មានរបួសជើងឆ្វេង ហើយត្រូវបានអាជ្ញាកណ្តាលរាប់ចំនួន២លើក តាំងពីទឹកទី២ ប៉ុន្តែចូលទឹកទី៣ ថៃម្នាក់នេះ បានប្តូរយុទ្ធសាស្រ្តចូលចាប់បុកជង្គង់វិញ ដែលធ្វើឱ្យ សំណាង រាងយ៉ាប់បន្តិចដែរ។ តែទោះបីជាយ៉ាងណា នៅពាក់កណ្តាលទឹកនេះ ឡុង សំណាង បានប្រើជង្គង់ឆ្វេងបុកចូលឆ្អឹងជំនីរពេញ បណ្តាលឱ្យ Chao Boy ដួលសន្លប់ធំតែម្តង ដើម្បីទទួលបានជ័យជម្នះយ៉ាងរំភើបបំផុត៕