ភ្នំពេញ៖ កីឡាករ​ជាម្ចាស់មេដាយមាស​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ព្រំ សំណាង បាន​បង្ហាញ​ការ​តាំងចិត្ត ពង្រឹងសមត្ថ​ភាព និងការ​ប្រកួត​របស់​ខ្លួន​ឱ្យ​បាន​ល្អ​​ឡើង​វិញ ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​របស់​អ្នក​គាំទ្រជាថ្មី បន្ទាប់ពី​ភាព​ល្បី​ល្បាញ​របស់​គេ បានថមថយ​ទៅវិញ​មួយ​កម្រិត ក្រោយ​​ការ​ប្រកួត​មួយ​​រយៈ​នេះ ​ទទួល​បាន​លទ្ធផល​មិនសូវជាគាប់ប្រសើរ តាមការ​ចង់បាន​របស់​អ្នក​គាំ​ទ្រនៅ​កម្ពុជា។

បើទោះបីជា ព្រំ សំណាង ទទួល​បាន​លទ្ធផល​ស្មើ​​តាម​បែប Mas Fight ជាមួយស្តេច​ប្រដាល់​របស់​មីយ៉ាន់ម៉ា ដាវ លីឌុច ប៉ុន្តែ​ស្ថាន​ភាព​ប្រកួត​របស់ ព្រំ សំណាង កាលពី​រាត្រី​ថ្ងៃទី​ ៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ នោះ ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​ភាគ​ច្រើន ចាប់​ផ្តើមរិះគន់​ខ្លាំងដល់ ព្រំ សំណាង ដោយ​បាន​បំភ្លេច​ពីការ​ខិតខំ​របស់កីឡាករ​រូប​នេះ ដែល​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ពី​សង្វៀន ​Thai Fight តាម​រយៈ​ការ​បាន​បុក​ជង្គង់​ឱ្យ​ម្ចាស់​ខ្សែ​ក្រវាត់ ​៣​ ស្ថា​ប័ន​របស់​អង់​គ្លេស ​Thomas Carpenter ដួល​សន្លប់ក្នុងទឹកទី​១ ​កាល​ពី​យប់​ថ្ងៃទី​ ៥ ខែកុម្ភៈ​ ឆ្នាំ​ ២០២៣។​

យ៉ាង​ណាក៏​ដោយ ការ​​បុកជង្គង់ និងទាត់​​កីឡាករជើង​ខ្លាំងលំដាប់លេខ​១​របស់​មីយ៉ាន់ម៉ា Yar Man ​ឱ្យ​សន្លប់​ក្នុងទឹក​ទី​២ សម្រាប់​ការ​ប្រកួត​ នៅលើ​សង្វៀន​មូល​ដ៏ថ្មី​សន្លាង​​របស់​ស្ថានីយ​ទូរទស្សន៍​ថោន ក្នុងកម្ម​វិធី Boostrong Kun Khmer King Of The Ring កាលពី​​យប់​​ថ្ងៃ​សុក្រ​ កន្លងមក​នេះ បាន​​ធ្វើ​ឱ្យ​អ្នកទស្សនា​ចាប់​ផ្តើម​សរសើរ​ដល់ ព្រំ សំណាង ជា​ថ្មី ព្រោះ​ការ​ប្រកួតនេះមាន​ភាព​ស្វិតស្វាញខ្លាំង។

ព្រំ សំណាង បានទាត់ទៅលើ​កីឡាករ​មីយ៉ាន់ម៉ា Yar Man សម្រាប់ការ​ប្រកួត កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៤។រូប សហការី

តាម​រយៈការ​ប្រកួត​​នោះ ព្រំ សំណាង ស្ទើរ​តែ​ចង់​គាំង​ម្តងៗ ក្រោមការចូល​វាយ​សម្រុក​ដោយស្នៀត​ជើង ជាពិសេស​​កណ្តាប់ដៃ​របស់ Yar Man នៅទឹក​ទី​​១ ទៅ​ហើយ ប៉ុន្តែ ព្រំ សំណាង បែរជា​អាច​កែខៃ​ការ​ប្រកួត​បាន​ល្អ​វិញនៅទឹក​ទី​២ និង​​វ៉ៃ​ឱ្យ​ដៃគូ​ស្បែកស្ពាន់​ម្នាក់​នេះ ខូចជើង​មិនអាច​បន្ត​ការ​ប្រកួត​ទៀតបាន ហើយការ​ទទួលបានជ័យជម្នះ​នេះ​ត្រូវបាន សំណាង ទម្លាយ​ថា ដោយសារ​រូបគេ បាន​​ទទួលការ​ជំរុញ​ខ្លាំង​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ឱ្យខំប្រឹង​ពង្រឹងសមត្ថភាព ហើយ​រូបគេ​ផ្ទាល់ ក៏បានដាក់​ចិត្ត​ហាត់ ដើម្បី​សាងភាព​ល្បី​ល្បាញ​​ឡើង​វិញ​ដូចគ្នា។

ព្រំ សំណាង បាន​និយាយ​ ក្រោយការ​ប្រកួត​ថា៖​ «ដោយសារ​យើង​រាង​ធ្លាក់ ហើយ​ចេះ​តែ​អស់​​ប្រជាប្រិយ​ភាព អ៊ីចឹង​មេចេះ​តែជំរុញ​ឱ្យ​ខ្ញុំ​ខំប្រឹងហ្វឹកហាត់ ពង្រឹង​សមត្ថ​ភាពខ្លួនឯង​ឱ្យបាន​ល្អ​វិញ ព្រោះ​គាត់​ចង់​ឱ្យ​យើង​បាន​លទ្ធផល​ល្អ​ប្រសើរ​ ហើយការ​ខំប្រឹងនេះ ក៏​ដើម្បី​​ផ្តល់​នូវ​ស្នាម​ញញឹម​ និងភាព​សប្បាយ​​រីក​រាយ​ដល់​បងប្អូន​អ្នកគាំ​ទ្រ ចំណែក​យើង ក៏​ទទួលបាន​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​​ជូន​ជាតិ»។ 

កីឡាករ​មាន​រហស្សនាម «ជាងកាត់សក់ដៃឯក» រូបនេះ បានបន្ថែម​ថា៖ «ខ្ញុំ​នឹង​ខំប្រឹង​ប្រែង​ពង្រឹង​សមត្ថ​ភាព​ខ្លួនឯង​ឱ្យ​បាន​ខ្លាំង​វិញ គ្រាន់តែមិនទាន់​ច្បាស់ថា ​អាច​​​ចំណាយ​​ពេល​យូរ ឬឆាប់ ព្រោះ​មួយ​រយៈ​នេះ ​មានបងប្អូន​យើងមួយចំនួន​ ចង់​ឱ្យ​ខ្ញុំ​​ចូល​និវត្តន៍ ប៉ុន្តែ​​អ្វី​ដែល​គាត់​ថា​នោះ គឺដោយសារ​គាត់​​ចង់​ឱ្យ​យើង​ឈឺ​ចាប់ និងខិតខំ​ពង្រឹង​សមត្ថ​ភាពខ្លួនឯងឡើង​វិញ អ៊ីចឹង​ខ្ញុំ​ត្រូវតែ​ខំប្រឹង​បន្ត​ទៀត»។

ជាមួយគ្នា​នេះ ព្រំ សំណាង ​បាន​ទទួលស្គាល់​ថា ការ​រិះគន់​ធ្ងន់ៗ និងការជេរ​ប្រទេចរបស់​អ្នកគាំ​ទ្រ​មួយចំនួន ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍ ប៉ុន្តែ សំណាង បានអះអាង​ខុស​ប្លែក​ពី​សព្វ​​ដង​ថា រូបគេមិន​បានខឹងអ្នក​រិះគន់ទាំង​អស់នោះ​ទេ។ ផ្ទុយ​ទៅវិញ​រូបគេ បានប្រើ​ការ​ឈឺ​ចាប់​​ទាំង​នោះ ជំរុញ​ខ្លួនឯង​ឱ្យខំប្រឹង​ប្រែងហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថ​ភាព​ខ្លួន​ឯង​ឱ្យ​ល្អ​វិញ។

ព្រំ សំណាង បានបញ្ជាក់ថា៖ «ខ្ញុំ​ទទួល​ស្គាល់​ថា ការរិះគន់​ធ្ងន់ៗ​របស់​អ្នក​គាំ​ទ្រ​មួយ​ចំនួន បាន​​ប៉ះពាល់​ដល់​អារម្មណ៍​​របស់​យើង ប៉ុន្តែ​យើងមិនអាច​ខឹងគាត់​​ទេ គឺ​មាន​តែ​តប​ស្នង​ដោយ​​​ស្នាមញញឹម​ទៅកាន់​ពួកគាត់​វិញ ព្រោះ​​គាត់ថា (រិះគន់) ចង់​ឱ្យ​យើង​ល្អតែប៉ុណ្ណោះ ព្រោះ​បើ​​គាត់​មិនរិះគន់ សមត្ថ​ភាព​របស់​​យើងក៏​​ចេះ​តែ​​​ធ្លាក់​​ទៅៗ ដែល​ប៉ះពាល់​ដល់​ប្រជាប្រិយ​​យើង​ខ្លួន​​ឯង​ ហើយ​ក៏ប៉ះពាល់​ដល់​មុខ​មាត់​គុនខ្មែរ​របស់​​យើង​​ផងដែរ»៕