ភ្នំពេញ៖ ការ​ប្តឹង​តវ៉ា​របស់​ភាគីកីឡាករ រិន ដាវីត ជំទាស់​ទៅ​នឹងការ​កាត់​សេចក្តី​របស់ចៅក្រម ដែល​សម្រេច​ឱ្យ ធន់ អៀងឡៃ ឈ្នះ​ម្ចាស់​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់​៦០គីឡូក្រាម នៅលើ​សង្វៀន​ថោន កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ គឺ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ នឹង​ចាប់​ផ្តើម​បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ និង​ធ្វើការ​ដោះ​ស្រាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​រក​ឱ្យ​ឃើញ​ភាព​យុត្តិធម៌​​ដ៏​ត្រឹមត្រូវ​ជូន​ភាគី​ទាំង​២។

ជាមួយគ្នា​នេះ អ្នក​គាំ​ទ្រ​ដ៏​ច្រើន​លើស​លប់ បាន​និងកំពុង​ទន្ទឹង​រង់ចាំ​មើល​ចំណាត់​ការ​របស់​​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​ផងដែរ​ថា នឹង​អាច​ឈរ​លើ​ភាព​យុត្តិធម៌​បាន​កម្រិត​ណា ព្រោះ​​​ភាព​ចម្រូងចម្រាសបែបនេះ ធ្លាប់​បាន​កើតមាន​ឡើង​ច្រើន​លើក និង​​ច្រើន​ឆ្នាំ​​មក​ហើយ ប៉ុន្តែ​រាល់​លទ្ធផល​ដោះ​ស្រាយ​កន្លងមក វាហាក់​ធ្វើ​ឱ្យ​តែ​បានៗ​យក​​រួច​ខ្លួន ព្រោះ​ទម្ងន់​ទោស ដែល​បាន​ដាក់​ទៅលើ​ចៅ​ក្រម ដែល​ប្រព្រឹត្តខុស ហាក់​ស្រាល​ពេក ធ្វើ​ឱ្យ​មន្រ្តី​បច្ចេក​ទេស​ទាំង​នោះ នៅតែ​បន្ត​​បង្កើតជា​កំហុស​ដដែលៗ។

តែទោះបីជា​យ៉ាង​ណា ភាពចម្រូងចម្រាសជុំវិញ​ការ​កាត់​សេចក្តី​រវាង ធន់ អៀងឡៃ និង រិន ដាវីត លើក​នេះ មានការ​ផ្ទុះ​ការ​តវ៉ា​ខ្លាំង ដោយ​ភាគីកីឡាករ រិន ដាវីត បានឡើង​ស្រែក​តវ៉ា​​ពេញ​លើ​សង្វៀន​និង​បានដាក់​ពាក្យ​បណ្តឹង​ផងដែរ បន្ទាប់ពីចៅ​ក្រម​ទាំង​៥នាក់ បាន​កាត់​សេចក្តី​ឱ្យ ធន់ អៀងឡៃ ឈ្នះដោយ​ពិន្ទុ​មិនឯកច្ឆន្ទ ៣-២ ខណៈ​​ការ​ប្រកួត​ត្រឹម​៣​ទឹក​នោះ អ្នក​ទស្សនា​ស្ទើរ​មួយ​ប្រទេស បាន​មើល​ឃើញ​ថា រិន ដាវីត មាន​ប្រៀប​នៅទឹក​ទី​១ ទឹក​ទី​២ និង​រាង​ចាញ់​ប្រៀប​ អៀងឡៃបន្តិច​​វិញ​នៅ​ទឹក​ទី​៣ ហេតុ​នេះលទ្ធផលសរុប វាសម​តែ​ រិន ដាវីត ជា​អ្នក​ឈ្នះ និង​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់។

ជាមួយ​ភាព​មិន​ប្រក្រតី​នេះ លោក ស្រី ចាន់ថន អនុ​ប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​ប្រដាល់​​គុន​ខ្មែរ បាន​ទាក់​ទង​ទៅ​លោក ខូវ ឆាយ អនុ​ប្រធាន​​ទី​១​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ទាំង​​យប់ កាល​ពី​ថ្ងៃទី​៨ ខែកុម្ភៈ​នោះ ដោយស្នើសុំ​ឱ្យ​រៀបចំ​ការ​ប្រជុំ​ជា​បន្ទាន់​មួយ​រវាង​ភាគីតំណាង​សហ​ព័ន្ធ​​ភាគី​ចៅ​ក្រម​កាត់​​​សេចក្តី​ទាំង៥នាក់ រួម​មានលោក ជឿន វិបុលលោក ប៉ាន ស៊ីថៃលោក កែវ ពៅលោក ណុប វ៉ានថេត និង​លោក បឺត សំខាន់ ព្រមទាំង​ភាគី​កីឡាករ​​គុន​ខ្មែរ​ទាំង​សងខាង និងបុគ្គលពាក់ព័ន្ធផ្សេងទៀតផងដែរ។

ទន្ទឹម​នឹង​នេះ លោក ខូវ ឆាយ ដែល​ទើប​ទទួល​បាន​តួនាទី​ជា​អនុ​ប្រធានទី​១​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បាន​បង្ហោះសារជាសាធារណៈក្នុងភាពទទួល​ខុសត្រូវ​ខ្ពស់បែប​នេះ​​ថា៖​ «ហ៊ាន​ធ្វើ​​ ហ៊ាន​​ទទួល​ខុស​ត្រូវ។ បើ​ខ្ញុំ​ធ្វើ​មិនកើត ខ្ញុំសុំ​ទោស ហើយសុំចុះចេញ មិនបាច់ឱ្យ​អ្នក​ណា​ដេញ​ទេ»។

យ៉ាង​ណា​ក៏​ដោយ បើតាម​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បាន​ប្រាប់​ថា អ្នក​ដឹកនាំ​កិច្ច​ប្រជុំ ដើម្បី​ដោះ​ស្រាយ​បណ្តឹង​របស់​ភាគី​កីឡាករ រិន ដាវីត មិន​មែន​លោក ខូវ ឆាយ ​ទេ ប៉ុន្តែជា​លោក ម៉ិល កាដូ ដែលជា​មន្រ្តី​ចាស់វស្សា​របស់​សហព័ន្ធ ហើយ​កិច្ច​ប្រជុំ នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក តែម ម៉ឺន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​តាមតេឡេ​ក្រាម កាលពី​ល្ងាច​ថ្ងៃ​​អាទិត្យ ម្សិលមិញ​ថា៖​ «​ក្នុង​នាម​ខ្ញុំ​ជា​ប្រធានសហព័ន្ធ គឺ​បានចារ​ឱ្យឯកឧត្តម ម៉ិល កាដូ ទទួលបន្ទុក​បច្ចេក​ទេស​ និងជា​ប្រធាន​ក្រុម​ប្រឹក្សា​បច្ចេក​ទេស​ ជាអ្នក​ដឹកនាំ​ការ​ប្រជុំ ដើម្បី​ពិនិត្យ​លើ​ការងារ​ហ្នឹង (បណ្តឹង​របស់​ភាគី រិន ដាវីត) ​ទៅតា​ម​និតិ​វិធី​ឱ្យ​បាន​ហ្មត់​ចត់​​ត្រឹម​ត្រូវ​បំផុត»។

លោក​បាន​បន្ថែម​ថា៖ «ការ​ដឹកនាំ​ការ​ប្រជុំ​របស់ឯកឧត្តម ម៉ិល កាដូ ដែល​ខ្ញុំ​បានចារ​ឱ្យ​នេះ គឺ​ស្រប​ទៅ​នឹងរបៀប​របប​នៃ​ការ​ធ្វើ​ការ​ងារជា​ក្រុម ដោយក្នុងនោះ​​​ក្រុមការងារ​អគ្គលេខា​ធិការដ្ឋាន ក្រុម​​ប្រឹក្សា​បច្ចេក​ទេស គណៈកម្មការ​បច្ចេក​ទេស​ និង​​អនុគណៈ​កម្មការ​​វិន័យ នឹង​​​ចាត់​តាំង​មន្រ្តី​របស់​ខ្លួន​ពី២​ ទៅ​៣នាក់ចូល​រួម​ប្រជុំ ដើម្បីសិក្សា​ និង​វាយ​តម្លៃ​ឱ្យបាន​លម្អិត​១​ទឹក​​ម្តងៗ ហើយ​តាម​​កម្មវិធីការងារ​របស់​​ឯកឧត្តម ម៉ិល កាដូ ដាក់​ចេញ គឺនឹងធ្វើនៅ​ថ្ងៃចន្ទ ដើម្បី​ដោះ​ស្រាយ​ការ​ងារ​នេះ​ឱ្យ​បាន​ហ្មត់ចត់​​ត្រឹម​ត្រូវ​ឡើង​វិញ ​ទៅតាម​និតិវិធី និងការងារ​របស់​សហ​ព័ន្ធ»៕