ភ្នំពេញ៖ កីឡាករជើងខ្លាំងជាម្ចាស់មេដាយមាសស៊ីហ្គេម ២ ជំនាន់ជាប់ៗគ្នារបស់កម្ពុជា បឺត សង្ឃឹម និងអ្នកប្រដាល់ជើងខ្លាំងរបស់ថៃ Yothin FA Group ដែលជាម្ចាស់ខ្សែក្រវាត់ IFMA World Championships និងខ្សែក្រវាត់ Rajadamnern World Series 126 lbs ក្នុងទម្ងន់ ៥៧ គីឡូក្រាមនោះ បានបោះពាក្យសម្តីឌឺដងគ្នាខ្លាំង មុនពេលអ្នកទាំង២ ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC ទម្ងន់ ៥៧ គីឡូក្រាម នៅលើទឹកដីអូស្រ្តាលី ជាលើកដំបូង នាថ្ងៃទី ១៧ ខែកុម្ភៈនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ កាលពីពេលថ្មីៗនេះ កីឡាករ Yothin បានបោះពាក្យសម្តីបែបឌឺដង និងចំអកដាក់ បឺត សង្ឃឹម ដោយនិយាយថា រូបគេមិនធ្លាប់ឮឈ្មោះ ហើយក៏មិនស្គាល់មុខ បឺត សង្ឃឹម ជាអ្នកណានោះដែរ និងរឹតតែមិនចាប់អារម្មណ៍ក្នុងការមើលវីដេអូប្រកួតរបស់ បឺត សង្ឃឹម ទៅទៀត ព្រោះ បឺត សង្ឃឹម មិនមែនជាកីឡាករល្បីឈ្មោះអីនោះទេ គឺរូបគេមិនខ្លាចឡើយ។
ភាសានិយាយបែបផ្លែផ្ការបស់កីឡាករ Yothin ទាំងអស់នេះ ត្រូវបានអ្នកគាំទ្រគុនខ្មែរ យកមកបង្ហោះបន្តពេញបណ្តាញសង្គម ធ្វើឱ្យ បឺត សង្ឃឹម ដែលកំពុងហ្វឹកហាត់ត្រៀមខ្លួននៅប្រទេសអូស្រ្តាលី ជាមួយលោកគ្រូ សេន ប៊ុនថេន ក្រោមការដឹកនាំរបស់លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ នោះ នៅមិនសុខ ហើយក៏បានបង្ហោះសារឆ្លើយតបទៅវិញបាននេះថា៖ «សូមបងប្អូនកុំគិតច្រើន គេស្គាល់មិនស្គាល់ក៏អត់ទៅ សំខាន់ពេលវ៉ៃគ្នា ស្គាល់គ្នាហើយ»។
តែទោះបីជាយ៉ាងណា ជាមួយការបង្ហោះសារនេះ បឺត សង្ឃឹម បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយទៀត ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ពីប្រទេសបារាំងមកថា អ្វីដែលរូបគេបានបង្ហោះនោះ មិនមែនជាការឌឺដងដាក់ទៅកីឡាករ Yothin វិញនោះទេ ប៉ុន្តែវាជាការពិត ដែលកីឡាករម្នាក់ៗនឹងចាប់ផ្តើមស្គាល់គ្នាច្បាស់ នៅពេលបានប្រកួតគ្នារួចហើយ។
បឺត សង្ឃឹម បាននិយាយថា៖ «ខ្ញុំមិនបានឌឺដងអ្វីទេ គឺខ្ញុំនិយាយតាមការពិត ព្រោះយើងនៅក្រោម គេមិនស្គាល់យើង វាជារឿងរបស់គេ ប៉ុន្តែដល់ពេលឡើងវ៉ៃហើយ គេនឹងស្គាល់យើងថា ជាកីឡាករកម្ពុជា ហើយបើយើងឈ្នះ វារឹតតែធ្វើឱ្យគេស្គាល់ច្បាស់ទៀត។ ចំណែករឿងដែលគេមិនស្គាល់យើង វាជាការពិត ឬជាយុទ្ធសាស្រ្តនោះ វាជារឿងរបស់គេ សំខាន់ដល់ថ្ងៃប្រកួត យើងត្រូវប្រកួតឱ្យអស់ពីសមត្ថភាព ទោះបីជាចាញ់ ឬឈ្នះ»។
ជាមួយគ្នានេះ បឺត សង្ឃឹម ក៏នៅតែបង្ហាញក្តីបារម្ភលើការកាត់សេចក្តីលម្អៀងរបស់ចៅក្រម ដោយគេអាចនឹងលើកដៃឱ្យកីឡាករថៃឈ្នះ នៅពេលណាការប្រកួតបានបញ្ចប់ដោយភាពប្រហាក់ប្រហែល ឬឈ្នះមិនដាច់ស្រេច ហេតុនេះ សង្ឃឹម ចង់វ៉ៃឱ្យកីឡាករ Yothin ខូចនៅចំណុចណាមួយ បើឱកាសហុចឱ្យ។
សង្ឃឹម បានបញ្ជាក់ថា៖ «ការព្រួយបារម្ភតែងតែមានហើយ តែធ្វើម៉េចយើងត្រូវវ៉ៃឱ្យអស់ពីសមត្ថភាព ព្រោះកីឡាករមើលមិនឃើញទេ ១ដៃ ១ជើងម្នាក់ អ៊ីចឹងបើមានឱកាសវ៉ៃបង្កូចបាន យើងវ៉ៃឱ្យខូចតែម្តង ប៉ុន្តែមិនធ្វើមិនបាន យើងព្យាយាមវ៉ៃឱ្យឈ្នះទៅ ចំណែកការកាត់សេចក្តីបែបនេះ វាជារឿងក្រោយទេ! សំខាន់យើងខ្លួនឯង ត្រូវធ្វើឱ្យបានល្អបំផុត សម្រាប់ការប្រកួតហ្នឹង»។
យ៉ាងណាក៏ដោយ លោកសំណព្វ ដែលជាអ្នកដឹកនាំ បឺត សង្ឃឹម ទៅប្រកួតដណ្តើមខ្សែក្រវាត់ WBC នេះ បានទម្លាយថា លោកបានប្រាប់អ្នករៀបចំការប្រកួត អំពីភាពមន្ទិលនៃការកាត់សេចក្តីនេះហើយព្រោះកន្លងមកយើងបានជួបបញ្ហានេះមួយចំនួនដែរ អ៊ីចឹងយើងបានសុំខាងអូស្រ្តាលី កាត់សេចក្តីដោយយុត្តិធម៌ ដោយសារខាងអូស្រ្តាលី ជាអ្នករៀបចំការប្រកួតនេះដោយផ្ទាល់ មិនមែនខាងថៃជាអ្នករៀបចំនោះទេចំណែកការដាក់ពិន្ទុ ដូចការប្រកួតគុនខ្មែរយើងដែរ។
ចំពោះគោលដៅសំខាន់ សម្រាប់ការទៅប្រកួតដណ្តើមខ្សែក្រវាត់ WBC នៅអូស្រ្តាលីជាលើកដំបូងនេះ លោក សំណព្វ បញ្ជាក់ថា៖ «ទាំងខ្ញុំ ទាំងលោកគ្រូ សេន ប៊ុនថេន និង បឺត សង្ឃឹម មិនមែនមកដើម្បីតែលុយ ឬផលចំណេញអ្វីនោះទេ! សំខាន់យើងចង់ចារឈ្មោះរបស់ខ្លួនឯងជាមួយនឹងគុនខ្មែរ ហើយការមកលើកនេះជាស្ពានសម្រាប់អ្នកជំនាន់ក្រោយ ព្រោះបើ បឺត សង្ឃឹម ធ្វើបានល្អ គេនឹងហៅយើងមកទៀត ជាមួយកីឡាករកម្ពុជាផ្សេងៗទៀត»។
ទន្ទឹមនឹងនេះ លោក សេន ប៊ុនថេន ជាគ្រូបង្វឹក បានទទួលស្គាល់ថា កីឡាករថៃ Yothin មានសមត្ថភាពល្អ និងមានចង្វាក់វាយចេញចូលបានលឿន ប៉ុន្តែបច្ចេកទេស និងកលល្បិចប្រកួត ជាពិសេសការញាក់បញ្ឆោតក្នុងពេលប្រកួត អាចនឹងចាញ់កីឡាករ បឺត សង្ឃឹមរបស់កម្ពុជា។
លោកនិយាយថា៖ «ខ្ញុំមិនដែលស្គាល់ Yothinពីមុនមកទេ គឺទើបតែស្គាល់ពេលនេះ ហើយតាមការសិក្សា និងមើលវីដេអូនៃការប្រកួតឃើញថា ចង្វាក់ប្រកួតរបស់គេធម្មតាល្មមៗដែរទេ មិនជាអស្ចារ្យជាងយើងប៉ុន្មានឡើយ គឺហេងស៊យចាញ់ញាក់ បឺត សង្ឃឹម ផង ហើយបើចាញ់ញាក់ ដឹងតែប្រហោងពោះរបស់យើងហើយ ហេតុនេះបើទោះបីជាខ្ញុំមិនហ៊ានរំពឹងដល់ ១០០ ភាគរយ ប៉ុន្តែខ្ញុំមានជំនឿចិត្តច្រើនថា សង្ឃឹម នឹងធ្វើបានល្អ ដើម្បីអាចស្ពាយខ្សែក្រវាត់ត្រឡប់ទៅកម្ពុជាវិញ»៕