ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះតេជោលីគ (TECHO Volleyball Cambodia League) នឹងត្រូវធ្វើការប្រកួតជុំទី២ចុងក្រោយ នៅវិមានពហុកីឡដ្ឋានជាតិ នារសៀល និងល្ងាចថ្ងៃសុក្រទី១៦ ខែកុម្ភៈនេះ ដើម្បីយកក្រុមលេខ១ ដល់លេខ៤ ឡើងទៅប្រកួតខ្វែង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើនៅថ្ងៃសៅរ៍ ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ រកក្រុមម្ចាស់ជើងឯក នឹងធ្វើនៅថ្ងៃអាទិត្យ។
សម្រាប់ការប្រកួតជុំទី២ចុងក្រោយ នៅថ្ងៃសុក្រនេះ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រូវប្រកួតជាមួយក្រុមកងពលធំអន្តរាគមន៍លេខ៣ នៅរសៀលម៉ោង១ រីឯក្រុមក្រសួងមហាផ្ទៃ ត្រូវវិលទៅជួបក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាប់ពីរសៀលម៉ោង ៣:៣០ ហើយក្រុមវិសាខា ត្រូវប្រកួតជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស នៅល្ងាចម៉ោង៦តទៅ ហើយនេះជាការប្រកួតដ៏សំខាន់ ដើម្បីកំណត់ចំណាត់ថ្នាក់រវាងក្រុមទាំង ៦ ថាតើ ៤ ក្រុមណាខ្លះ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
តែទោះបីជាយ៉ាងណា តាមរយៈការប្រកួតទាំងជុំទី១ (មាន ៨ ក្រុម) និងការប្រកួតជុំទី២ (មាន ៦ ក្រុម) សរុបចំនួន ១១ប្រកួតកន្លងមកនេះ គឺមានតែក្រុមវិសាខា មួយទេ ដែលបានរក្សាការឈ្នះទាំង ១១ លើកជាប់ៗគ្នា ហើយអ្វីដែលកាន់តែអស្ចារ្យបំផុតនោះ គឺ វិសាខា បានឈ្នះដោយលទ្ធផល៣សិតដាច់ (៣-០) ទាំង ១១ ប្រកួតតែម្តង គឺសូម្បីក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រសួងមហាផ្ទៃ ដែលសុទ្ធតែជាក្រុមបាននាំយកកីឡាករបរទេសល្អៗ ពីក្រៅប្រទេសមកជួយក៏បានចាញ់វិសាខា ៣-០ ដូចគ្នា។
ជាមួយការឈ្នះ ៣-០ ទាំង ១១ លើកនេះ បានជួយឱ្យក្រុមវិសាខា គ្រប់គ្រងតំបន់កំពូលនៃតារាងតាំងពីការប្រកួតតេជោលីគ ចាប់ផ្តើមរហូតដល់ពេលនេះ ហើយដោយសារក្រុមវិសាខា ប្រមូលផ្តុំដោយកីឡាករជម្រើសជាតិ និងបានដាក់កីឡាករប្រេស៊ីល៣នាក់ឱ្យចូលរួមជួយទៀតនោះ គឺបានធ្វើឱ្យក្រុមនេះ មានភាគរយខ្ពស់បំផុត ក្នុងការឈ្នះតំណែងជើងឯកនៃការប្រកួតតេជោលីគ ជាលើកដំបូងនេះ។
យ៉ាងណាក៏ដោយ កីឡាករ គួន មុំ និង ពិន សារុន ដែលសុទ្ធតែជាអ្នកមានបច្ចេកទេសខ្ពស់ ក្នុងការលោតគប់បាល់របស់ក្រុមវិសាខា មិនបានបង្ហាញទំនុកចិត្តខ្ពស់រហូតដល់ ១០០ ភាគរយថា ពួកគេនឹងអាចឈ្នះតំណែងជើងឯកតេជោលីគ ដោយមិនបារម្ភនោះទេ គឺអ្នកទាំង២នេះ បានផ្តល់ក្តីសង្ឃឹមទៅលើក្រុមរបស់ខ្លួនពី៧០ទៅ៨០ភាគរយ ព្រោះពួកគេ នៅតែចាត់ទុកក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រសួងមហាផ្ទៃ ជាដៃគូប្រជែងដ៏ស្វិតស្វាញ មិនអាចមើលរំលងបានដដែល។
ងាកមកចាប់អារម្មណ៍ការប្រកួតចុងក្រោយជុំទី២ នៅថ្ងៃសុក្រនេះវិញ ប្រៀបដូចជាការប្រកួតបង្រ្គប់កិច្ចដែរ ព្រោះតាមរយៈលទ្ធផលការប្រកួតកន្លងមកនេះ គឺបានកំណត់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៦ច្បាស់លាស់ហើយ។ មានន័យថា បើទោះបីជាលទ្ធផលការប្រកួតលើកនេះ មានការប្រែប្រួលបែបណាក៏ វិសាខា នៅតែឈរនៅលេខ១ រីឯក្រុមបញ្ជាការដ្ឋានអង្គរក្ស ឈរនៅលេខ២ ក្រសួងមហាផ្ទៃ ឈរនៅលេខ៣ និងក្រុមស្នងការរាជធានីភ្នំពេញ ឈរនៅលេខ៤។
ចំណែកក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ឈរនៅលេខ៥ និងក្រុមកងពលធំអន្តរាគមន៍លេខ៣ ឈរនៅ លេខ៦ ក្រោយគេ ដោយក្រុមទាំង២នេះ បានធ្លាក់ចេញពីការប្រកួតដោយស្វ័យប្រវត្តិហើយ ចំណែកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ក្រុមវិសាខា ត្រូវជួបក្រុមស្នងការរាជធានីភ្នំពេញ ហើយបញ្ជាការដ្ឋានអង្គរក្ស ត្រូវប៉ះក្រសួងមហាផ្ទៃ ដើម្បីយកក្រុមឈ្នះទាំង២ ឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកតំណែងជើងឯកនៅល្ងាចថ្ងៃអាទិត្យ ខណៈក្រុមចាញ់ ត្រូវប្រកួតគ្នាដណ្តើមយកលេខ៣ នៅថ្ងៃអាទិត្យនោះដូចគ្នា៕