ស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំព្រឹត្តិការណ៍ «រត់បណ្តាក់ជុំវិញពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីលើកកម្ពស់ និងជំរុញលំហាត់ប្រាណ ដែលព្រឹត្តិការណ៍នេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រសួងអឺរ៉ុប និងការបរទេសបារំាងក្នុងការចែករំលែកគុណតម្លៃនៃព្រឹតិ្តការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ក៏ដូចជាអបអរកីឡានៅជុំវិញពិភពលោក។
ព្រឹត្តិការណ៍រត់បណ្តាក់នេះធ្វើឡើងនៅថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានអ្នកចូលរួមប្រមាណ ២០០ នាក់ ដោយមានគោលដៅតែមួយគត់ពោលគឺបូកបញ្ចូលចម្ងាយរត់បានធ្វើឡើងដោយអ្នកចូលរួមម្នាក់ៗ ក្នុងរយៈពេលសរុប ៤៥ នាទី ដើម្បីទទួលបានចម្ងាយរត់បានវែងបំផុតតាមដែលអាចធ្វើបាន ហើយស្វែងយល់ថាតើស្មារតីកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក អាចជំរុញឱ្យអ្នកចូលរួមធ្វើបានដល់កម្រិតណា! ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតបារាំងប្រចាំកម្ពុជា។
កម្មវិធីនេះរៀបចំឡើង ក្នុងពេលដែលព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤ កាន់តែជិតឈានចូលមកដល់ ក្រសួងអឺរ៉ុប និងការបរទេសបារាំង បណ្តាញការទូត និងដែនដីបារាំងឯនាយសមុទ្រ ដែលត្រូវបានទទួលស្គាល់ជា «ដែនដីកីឡាឆ្នាំ២០២៤» បានរួមគ្នាអបអរកីឡា ដោយរៀបចំឱ្យមានព្រឹត្តិការណ៍ «រត់បណ្តាក់ជុំវិញពិភពលោក» នៅលើទ្វីបទាំង ៥ ក្នុងរយៈពេល ២៤ ម៉ោង។ សម្រាប់ស្ថានទូតបារំាងនៅកម្ពុជា បានចូលរួមព្រឹត្តិការណ៍ពិសេសនេះជាលើកទី៣។
លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើក ក៏ដូចជាចូលរួមព្រឹត្តិការណ៍រត់បណ្តាក់ខាងលើ។
លោកឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេ បានបង្ហាញឱ្យអ្នកចូលរួមបានស្គាល់អ្នកស្ម័គ្រចិត្តកម្ពុជា ៧ រូបដែលត្រូវបានជ្រើសរើសក្នុងក្របខ័ណ្ឌកម្មវិធីអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។ អ្នកស្ម័គ្រចិត្តទាំង ៧ នាក់ខាងលើនឹងចាកចេញទៅប្រទេសបារាំងក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះ ដើម្បីបំពេញបេសកកម្មស្ម័គ្រចិត្តនៅប្រទេសបារាំង។
ដោយមានបំណងលើកកម្ពស់ និងជំរុញលំហាត់ប្រាណ ដែលជាកត្តាមួយនៃសុខភាពសាធារណៈដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់កើតចេញពីរបៀបរស់នៅដែលមិនធ្វើលំហាត់ប្រាណ ការរត់បណ្តាក់ខាងលើទទួលបានការចូលរួមជាពិសេសពីសំណាក់ លោក ឈុន ប៊ុនថន អត្តពលិកកម្ពុជា ម្ចាស់មេដាយមាស ក្នុងអំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ ការរត់បណ្តាក់នេះក៏មានការចូលរួមផងដែរពីសំណាក់សិស្សានុសិស្សជាច្រើនមកពីសាលាបារាំងរឺណេដេកាត និងសាលាបារាំងអន្តរជាតិ។
កាលពីឆ្នាំកន្លងទៅ ស្ថានទូតបារាំងចំនួន ១២៨ ស្ថានកុងស៊ុល ស្ថានតំណាងអចិន្រ្តៃយ៍ និងសមូហភាពដែនដីបារាំងឯនាយសមុទ្រ ដែលត្រូវបានទទួលស្គាល់ថាជា «ដែនដីកីឡាឆ្នាំ២០២៤» បានចូលរួមក្នុងព្រឹត្តិការណ៍រត់បណ្តាក់ខាងលើ ដោយបានបង្ហាញឱ្យឃើញនូវកីឡា និងអត្តពលិកនៃប្រទេសនីមួយៗ។ ការរត់បណ្តាក់នេះបានចាប់ផ្តើមនៅប្រទេសនូវែលសេឡង់ បន្ទាប់មកឆ្លងកាត់ទ្វីបអូសេអានី អាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិក មុននឹងបញ្ចប់នៅតំបន់ប៉ាស៊ីហ្វិក ពោលគឺនៅប៉ូលីនេស៊ីបារាំង៕