
ភ្នំពេញ៖ ការប្រើកណ្តាប់ដៃម៉ាត់ឱ្យកីឡាករថៃ Moeng A.Khom សន្លប់ក្នុងរយៈពេលជាង ១ នាទីរបស់ជើងខ្លាំង ព្រំ សំណាង បានបង្កឱ្យមានចម្ងល់ សម្រាប់អ្នកគាំទ្រមួយចំនួន ដោយពួកគេបានលើកឡើងថា តើថៃម្នាក់នេះ ធ្វើពុត ឬក៏សន្លប់មែនទែន? ខណៈទម្ងន់វាយចូល មិនសូវជាធ្ងន់ផងនោះ ប៉ុន្តែទម្ងន់ជើងទាត់ចូលកញ្ចឹងករបស់ ឃន សុម៉ាលី ពិតជាចូលធ្ងន់ ដែលសមធ្វើឱ្យកីឡាករ Katha Thep សន្លប់ពិតមែន ខណៈជំនួបរវាង ម៉ន ព្រហ្មម៉ាញ និង Noeng Trakarn រកមិនឃើញអ្នកឈ្នះ។
សម្រាប់ការបង្ហាញវត្តមានរបស់ ព្រំ សំណាង នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ កាលពីយប់ថ្ងៃទី ១៧ ខែកុម្ភៈ បានធ្វើឱ្យអ្នកគាំទ្រផ្ទាល់ នៅព្រែកកំពឹស មានការចាប់អារម្មណ៍ខ្លាំង ដោយពួកគេសង្ឃឹមថា នឹងបានឃើញពីសមត្ថភាពប្រកួតជាក់ភ្នែករបស់ ព្រំ សំណាង បន្ទាប់ពីកីឡាករមានរហស្សនាម «ជាងកាត់សក់ដៃឯក» រូបនេះ ទើបដណ្តើមបានប្រជាប្រិយភាព និងការជឿជាក់របស់អ្នកគាំទ្រមកវិញ ក្រោយបានទាត់ឱ្យកីឡាករលេខ ១ របស់មីយ៉ាន់ម៉ា Yar Man ឱ្យសន្លប់ក្នុងទឹកទី២ សម្រាប់ការប្រកួត កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
យ៉ាងណាក៏ដោយ តាមរយៈការប្រកួតជាក់ស្តែង កាលពីយប់ថ្ងៃសៅរ៍នោះ ព្រំ សំណាង បានប្រើពេលតិចបំផុត គឺត្រឹមរយៈពេល ១.០៥ វិនាទី ដើម្បីឱ្យកីឡាករថៃ Moeng A.Khom ដួលសន្លប់ក្រោយលែងរួច តាមរយៈការម៉ាត់ឆ្វេងចូលកណ្ដៀតក្អមខាងស្តាំ ប៉ុន្តែការដួលសន្លប់យ៉ាងផុយស្រួយរបស់ Moeng A.Khom ក៏បានធ្វើឱ្យអ្នកគាំទ្រមួយចំនួន កើតជាចម្ងល់ផងដែរ ព្រោះពួកគេ បានមើលឃើញថា ទម្ងន់ម៉ាត់ឆ្វេងរបស់ ព្រំ សំណាង មិនជាធ្ងន់ រហូតដល់សន្លប់នោះទេ។

ជាមួយគ្នានេះ អ្នកគាំទ្រខ្លះ បានបញ្ចេញជាមតិយោបល់ថា ការដួលសន្លប់របស់ Moeng A.Khom អាចជាការធ្វើពុត ដើម្បីមិនចង់ឈឺខ្លួនជាងនេះ ព្រោះដឹងថា ខ្លួនមានសមត្ថភាពមិនអាចទៅរួចជាមួយ ព្រំ សំណាង ចំណែកអ្នកខ្លះទៀត បានដាក់ការមន្ទិលថា កីឡាករថៃម្នាក់នេះ អាចត្រឹមជាអ្នកប្រដាល់បែបដកដំឡូងនៅប្រទេសថៃ ហើយមកប្រកួតលំៗយកតែប្រាក់តម្លៃខ្លួនត្រឡប់ទៅវិញ។
តែទោះបីជាយ៉ាងណា តាមប្រវត្តិប្រកួតរបស់គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា កីឡាករថៃ Moeng A.Khom ធ្លាប់មានបទពិសោធន៍ប្រកួតរហូតដល់ ១០៤ ដង ឈ្នះ ៧៧ ចាញ់ ២៤ ស្មើ ៣ ដង គឺមានន័យថា គេម្នាក់នេះជាកីឡាករជើងខ្លាំងមួយរូបផងដែរ ប៉ុន្តែការដួលសន្លប់នេះ ដោយសារ Moeng A.Khom បានបង្ហាញអាការៈចុកឆ្អល់តាំងពីពេល ព្រំ សំណាង ម៉ាត់ស្តាំចូលពោះមួយដៃ នៅនាទីទី១ ដើមទឹកទី១ មកម្ល៉េះ។
ឃើញស្ថានភាពបែបនោះហើយ ទើប ព្រំ សំណាង ចូលវាយសម្រុកដោយម៉ាត់ចូលផ្ទៃមុខ ២ ដៃ និងចូលពោះ ១ ដៃទៀត មុនពេលរូបគេម៉ាត់ឆ្វេងចូលកណ្ដៀតក្អមខាងស្តាំ ១ ដៃចុងក្រោយ នាំឱ្យកីឡាករ Moeng A.Khom ដួលសន្លប់តែម្តង ខណៈជ័យជម្នះនេះ បានធ្វើឱ្យអ្នកទស្សនាផ្ទាល់ មានការអបអរសាទរខ្លាំងដល់ សំណាង ព្រោះវាជាលើកទី១ ហើយ ដែលអ្នកគាំទ្រនៅសង្វៀនប៉ុស្តិ៍លេខ ៥ បានទស្សនាការប្រកួតរបស់ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២៣ រូបនេះ ដោយផ្ទាល់ បន្ទាប់ពីសង្វៀនមួយនេះ បានបើកឱ្យមានការប្រកួតជាថ្មី កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣។

ដោយឡែកកីឡាករវ័យក្មេង ឃន សុម៉ាលី ពិតជាធ្វើបានយ៉ាងល្អ ក្នុងការវ៉ៃប្តូរជាមួយអ្នកប្រដាល់ថៃ Katha Thep ជាមួយការម៉ាត់ និងទាត់ចេញច្បាស់ៗរបស់គេ ហើយនៅពាក់កណ្តាលទឹកទី២ សុម៉ាលី បានទាត់ឆ្វេងចូលកញ្ចឹងករបស់ថៃម្នាក់នេះពេញទំហឹង រួចឆ្លៀតម៉ាត់ថែមមួយដៃទៀត បណ្តាលឱ្យ Katha Thep ដួលដេកសន្លប់ក្រោយលែងរួច គឺគ្រូពេទ្យប្រចាំសង្វៀនបានជួយសម្រួលចលនាជិត ១ នាទី ទើបដឹងខ្លួនវិញ។
ចំណែកការការជួបគ្នារវាងកីឡាករកម្ពុជា ម៉ន ព្រហ្មម៉ាញ និងជើងខ្លាំងចាស់វស្សារបស់ថៃ Noeng Trakarn ពិតជាមានស្នៀតវាយបកសងគ្នាយ៉ាងស្វិតស្វាញបំផុត ប៉ុន្តែការព្យាយាមអស់ពីសមត្ថភាពរបស់អ្នកទាំង ២ នេះ នៅតែរកមិនឃើញអ្នកឈ្នះ ព្រោះពួកគេ ត្រូវបានលើកដៃឱ្យស្មើគ្នា ក្រោយការប្រកួត៥ទឹកពេញបានបញ្ចប់៕
