ភ្នំពេញ៖ ការសម្រេចបញ្ឈប់កីឡាកររបស់កម្ពុជា បឺត សង្ឃឹម ហើយផ្តល់ជ័យជម្នះទៅឱ្យអ្នកប្រដាល់ថៃ Yothin FA Group ពីសំណាក់គ្រូពេទ្យ និងគណៈកម្មការបច្ចេកទេស ដែលរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC ទម្ងន់ ៥៧ គីឡូក្រាម នៅលើទឹកដីប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ១៧ ខែកុម្ភៈ វានៅតែជាប្រធានបទក្តៅ ព្រោះទាំងអ្នកគាំទ្រ និងអ្នកបច្ចេកទេសមួយចំនួន បានមើលឃើញថា ករណីនេះវាស្ថិតក្នុងភាពមន្ទិល ដែលកើតឡើងដោយការរៀបចំ ក្នុងចេតនាមិនល្អ ដើម្បីទម្លាក់ប្រជាប្រិយ «គុនខ្មែរ» ដែលកំពុងផ្ទុះការគាំទ្រខ្លាំងនៅលើឆាកអន្តរជាតិ។
តាមរយៈការប្រកួតដណ្តើមខ្សែក្រវាត់ WBC ដ៏ចម្រូងចម្រាសនោះ បឺត សង្ឃឹម ត្រូវបានអាជ្ញាកណ្តាលចាប់យកទៅឱ្យគ្រូពេទ្យពិនិត្យស្នាមរបួសបែក នៅលើចិញ្ចើមខាងឆ្វេង ក្រោយបានប្តូរកែងជាមួយកីឡាករ Yothin នៅក្នុងទឹកទី១ ប៉ុន្តែក្នុងពេលពិនិត្យមុខរបួសនេះ បឺត សង្ឃឹម បានបង្ហាញឆន្ទៈថា រូបគេអាចប្រកួតបន្តទៀតបាន ចំណែកលោក ស្រ៊ឺ ស្រេង ជាអ្នកដឹកនាំ និងលោក សេន ប៊ុនថេន ជាគ្រូបង្វឹក ព្រមទាំងអ្នកគាំទ្រជាជនជាតិខ្មែររស់នៅអូស្រ្តាលី ក៏បានស្រែកបន្ទរពីក្រោមសង្វៀនទៅ ដើម្បីឱ្យ បឺត សង្ឃឹម ប្រកួតបន្តដូចគ្នា។
សកម្មភាពទាំងអស់នេះបានធ្វើឱ្យគ្រូពេទ្យ និងអាជ្ញាកណ្តាលជាស្រ្តី នៅលើសង្វៀន ហាក់មានភាពស្រពេចស្រពិល ក្នុងការសម្រេចចិត្តនិងបានងាកមើលទៅគណៈកម្មការវិនិច្ឆ័យ ហើយរំពេចនោះ គេឃើញមន្រ្តីបច្ចេកទេសម្នាក់ ដែលអង្គុយនៅតុគណៈកម្មការវិនិច្ឆ័យ បានស្ទុះទៅប្រាប់គ្រូពេទ្យ និងអាជ្ញាកណ្តាលឱ្យបញ្ឈប់ បឺត សង្ឃឹម តែម្តង ដែលទង្វើនេះបានបង្កឱ្យមានភាពក្តៅក្រហាយខ្លាំងដល់ភាគីកម្ពុជា និងអ្នកគាំទ្រ។
ជាមួយការរួមគ្នាបញ្ឈប់ បឺត សង្ឃឹម នេះត្រូវបានអ្នកគាំទ្ររិះគន់ថា ជាទង្វើមិនសមទំនង ដែលបង្ហាញពីចេតនាមិនល្អណាមួយ ក្នុងការធ្វើបាបក្រុមភាគីកម្ពុជា ដោយមានការលម្អៀងខ្លាំងទៅលើភាគីកីឡាករថៃ ក្នុងគោលបំណងទម្លាក់ប្រជាប្រិយភាព «គុនខ្មែរ» ដែលកំពុងមានការរីកសាយខ្លាំង នៅលើឆាកអន្តរជាតិ ខណៈការសម្រេចបែបនេះ ក៏មិនសមទៅនឹងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនោះដែរ។
ទន្ទឹមនឹងនេះ បឺត សង្ឃឹម បានបង្ហាញការសោកស្តាយខ្លាំង និងបានចាត់ទុកការសម្រេចឱ្យចាញ់ក្នុងទឹកទី១ ដោយបញ្ហារបួសបែកនេះថា ជាការបាត់បង់ឱកាសដ៏សំខាន់ ក្នុងការដណ្តើមខ្សែក្រវាត់ WBC ជាលើកដំបូងរបស់ខ្លួន ហើយតាមរយៈការប្រកួតបានប្រមាណ ២ នាទីនេះ សង្ឃឹម បានទម្លាយថា Yothin មិនមានក្បាច់អ្វីលើខ្លួននោះទេ។ ផ្ទុយទៅវិញកីឡាករថៃម្នាក់នេះ ក៏ប៊ិះតែមានបញ្ហា ក្រោមទម្ងន់ជើងទាត់ចូលផ្ទៃមុខពេញទំហឹង នៅដើមទឹកផងដែរ។
បឺត សង្ឃឹម បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំបានត្រៀមចិត្តថា មកវ៉ៃដើម្បីយកខ្សែក្រវាត់ទៅខ្មែរវិញ ចំណែករឿងភ័យខ្លាច ខ្ញុំគ្មានក្នុងចិត្តខ្ញុំសូម្បីបន្តិច ប៉ុន្តែខ្ញុំពិតជាសោកស្តាយឱកាស ដែលបងប្អូនទន្ទឹងរង់ចាំមើល ហើយទាំងដែលខ្ញុំមិនទាន់បានបញ្ចេញសមត្ថភាពរបស់ខ្លួនអស់ផង គឺទើបនិងវ៉ៃមិនទាន់បាន២នាទីផង ក៏ត្រូវបានគេបញ្ឈប់»។
ម្ចាស់មេដាយមាសស៊ីហ្គេម ២ ជំនាន់រូបនេះបានបន្ថែមថា៖ «ក្បាច់របស់គេ (Yothin) មិនមានអ្វីស៊ីខ្ញុំទេ គឺឆ្វេងស្តាំខ្ញុំចេះប្តូរវ៉ៃបានទាំងអស់ រីឯការចូលចាប់ឡាំ ក៏មិនលើយើងនោះដែរ តែសំខាន់ យើងមិនទាន់ទាំងបានវ៉ៃប្តូរគ្នាឱ្យបានខ្លាំងអ្វីសោះ។ បើវ៉ៃបាន ២ ទៅ ៣ ទឹកឱ្យអស់ចិត្តមើល ប៉ុន្តែនេះត្រូវរបស់គេតែ១កែងហ្នឹងបញ្ឈប់តែម្តង គឺខ្ញុំមិនទាន់អស់ចិត្តទេ ហេតុនេះខ្ញុំចង់មានឱកាសប្រកួតខ្សែក្រវាត់នេះម្តងទៀត»។
ជាមួយគ្នានេះ លោក ImSta ស្ថាបនិកសង្វៀន BOB (Best of the Best) មានមូលដ្ឋាននៅប្រទេសអូស្រ្តាលី ដែលធ្លាប់ដឹកនាំអតីតកីឡាករកម្ពុជា ជ័យ កុសល ទៅប្រកួតដណ្តើមខ្សែក្រវាត់ WBC នេះដែរ ក៏បានបង្ហាញការមិនពេញចិត្តចំពោះការបញ្ឈប់ បឺត សង្ឃឹម ដូចគ្នា ហើយលោកបានចាត់ទុកគណៈកម្មការរៀបចំការប្រកួតនេះថា ជាក្រុមមិនកែចរិត ដែលនៅតែបង្កឱ្យមានបញ្ហា ព្រោះតែមានទំនោរខ្លាំងទៅលើក្រុមកីឡា Muaythai របស់ប្រទេសថៃ។
លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបែបនេះថា៖ «យើងមើលឃើញថា ក្រុមមួយនេះ នៅតែមានអត្តចរិតដដែលៗ គឺមានភាពលម្អៀង ដោយកាន់ជើងប្រទេសជិតខាងមួយហ្នឹង គឺខ្ញុំឆ្អិនហើយលើរឿងនេះ។ កាលជំនាន់មុន ជ័យ កុសល បានវ៉ៃឱ្យកីឡាករថៃបែក ៤ ថ្នេរ ហើយពេលប្រកួតចប់ខាងជនជាតិស្បែកស បានមកចាប់ដៃយើងដោយនិយាយថា ជ័យ កុសល នឹងឈ្នះហើយ តែចុងក្រោយគេនៅតែឱ្យចាញ់។ ចំណែកករណី បឺត សង្ឃឹម នេះមិនទាន់ឃើញឈាមបាញ់ចេញអីមកផងហើយក៏មិនបានបង្ហាញពីមុខរបួសហ្នឹងទៀត ស្រាប់តែបញ្ឈប់គ្នាតែម្តង ខ្ញុំទទួលយកមិនបានទេ គឺខ្ញុំអាណិត បឺត សង្ឃឹម ឡើងស្រក់ទឹកភ្នែក»។
ចំពោះភាពមិនប្រក្រតី ដែលកើតមានឡើងម្តងហើយម្តងទៀតចំពោះក្រុមប្រដាល់គុនខ្មែរនេះ លោក ImSta បានបញ្ជាក់ថា៖ «ខ្ញុំធ្លាប់បាននិយាយជាមួយប្រធាន WBC ដែរថា ត្រូវធ្វើអ្វីឱ្យច្បាស់លាស់ បើមិនដូច្នេះទេ ខ្មែរលែងគាំទ្រហើយ ប៉ុន្តែវាហាក់មិនមានអ្វីកែប្រែ។ តែខ្ញុំនឹងនិយាយជាមួយខាងអ្នករៀបចំ WBC ម្តងទៀត ដើម្បីឱ្យមានការប្រកួតសងសឹក ហើយបើអាចធ្វើនៅក្នុងកម្មវិធីរបស់ខ្ញុំតែម្តង ហេតុនេះសូមក្មួយ បឺត សង្ឃឹម កុំអស់ទឹកចិត្ត គឺត្រូវខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត និងត្រូវចងចាំការឈឺចាប់មួយនេះ ព្រោះកូនប្រុសសងសឹកពេលណាក៏បានដែរ»។
ជាមួយគ្នានេះ លោក ថៃ នរៈសត្យា ជាអតីតគ្រូបង្វឹកកីឡាម្នាក់ នាឆ្នាំ ១៩៧៩ ដែលបានបញ្ចប់វគ្គសិក្សាជំនាន់ទី១ ចំណាត់ថ្នាក់លេខ១ក្នុងរដ្ឋធានីភ្នំពេញ បានមើលឃើញថា ការសម្រេចឱ្យ បឺត សង្ឃឹម ចាញ់នៅក្នុងទឹកទី១ ដោយសំអាងលើមុខរបួសមិនធ្ងន់នេះ ជាការឆ្លៀតឱកាសមិនល្អមួយ គឺខុសពីការប្រកួតអន្តរជាតិធំៗ ដែលគេនៅតែបន្តឱ្យប្រកួតដល់ចប់ ទោះភាគីកីឡាករម្ខាងមានរបួសបែកឈាមខ្លាំងជាងនេះក៏ដោយ។
លោកបានបង្ហោះសារបែបនេះថា៖ «ក្នុងការប្រកួតកីឡាប្រដាល់អន្តរជាតិជាច្រើន ខ្ញុំធ្លាប់ឃើញកីឡាករបែកធំជាងនេះ របួសបែក មានឈាមរហាមហូរស្រោចលើដងខ្លួនទៀតផង ក៏អាជ្ញាកណ្តាលនៅឱ្យប្រយុទ្ធបន្ត បន្ទាប់ពីសួរបញ្ជាក់ពីទឹកចិត្តរបស់កីឡាករនោះផ្ទាល់ ប៉ុន្តែនេះ បឺត សង្ឃឹម របស់កម្ពុជា ដែលបែករបួសមិនជាធំដុំគួរព្រួយបារម្ភសោះ តែបែរជាត្រូវបានបញ្ឈប់យ៉ាងដាច់ខាត បើទោះបីជាកីឡាករបានបញ្ជាក់ឆន្ទ:ថាអាចប្រយុទ្ធបន្តបានក៏ដោយ»។
លោកបន្ថែមថា៖«ទោះក្រុមអាជ្ញាកណ្តាល ជាស្តេចនៃទីលានប្រកួត ប៉ុន្តែការសម្រេចចិត្តដែលអាចឱ្យសាធារណជនមើលឃើញខ្នងលើគោកពេកនោះ គ្មានកិត្តិយសទេ ហើយនឹងនាំដល់ការជេរប្រទេចមិនខាន។ ឈ្នះចាញ់ក៏គួរឱ្យល្អមើលបន្តិចដែរ អ្នកដែលប្រកបដោយសុទិដ្ឋិនិយម ទោះបីជាជាជនជាតិប្រទេសណា ឬក៏ជាមនុស្សនៃប្រទេសនោះក៏ដោយ ខ្ញុំយល់ថាគេក៏មិនជាពេញចិត្តទៅនឹងជ័យជម្នះដ៏កញ្ឆក់កណ្តៀតនេះដែរ។ សុភាសិតបារាំងមួយបាននិយាយថា ជ័យជម្នះរបៀបនេះធ្វើឱ្យអ្នកឈ្នះមិនល្បីអ្វីសោះ រីឯអ្នកដែលគេឱ្យចាញ់ក៏មិនជាអាម៉ាស់អ្វីដែរ ហើយអាចត្រូវបានគេនាំគ្នាសោកស្តាយ និងអាណិតថែមទៀតផង។
បន្ថែមទៅលើនេះ ក្រុមកីឡាករ កីឡាការិនីកម្ពុជា ដែលធ្លាប់ឆ្លងកាត់ការប្រកួតផ្លូវការ នៅលើឆាកអន្តរជាតិ ក៏បានសម្តែងការមិនពេញចិត្ត និងបានរិះគន់ទៅលើករណីការបញ្ឈប់ បឺត សង្ឃឹម នេះ។កីឡាករជើងខ្លាំងគុនខ្មែរ ម៉ឺន មេឃា ដែលធ្លាប់ឈ្នះមេដាយមាសស៊ីហ្គេម២សម័យកាលផ្នែកកីឡាវ៉ូវីណាមនោះ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនបែបនេះថា៖ «ជំនាន់ អេ អាំម៉ារីន វ៉ៃជាមួយកីឡាករអូស្ត្រាលីខាងគេបែកហូរឈាមពេញខ្លួនតែមិនបញ្ឃប់ផង ចុះបឺត សង្ឃឹម ម្ដេចពួកឯងធ្វើស៊ីខ្មែរទៅវិញ! យល់យ៉ាងណាបងប្អូនខ្មែរយើង»។
ជាមួយគ្នានេះ កីឡាការិនីជើងខ្លាំងផ្នែកកីឡាស្នូកឃ័រ និងប៊ីយ៉ារបស់កម្ពុជា ស្រួង ភាវី បានបង្ហោះរូបភាពអាជ្ញាកណ្តាលជាស្រ្តី ដែលពិនិត្យរបួស បឺត សង្ឃឹម រួចបានសរសេរបែបនេះថា៖ «អាជ្ញាកណ្ដាលកម្រិតពិភពលោកមានពិសោធន៍ច្បាស់ក្នុងការមើលមុខរបួស ប៉ុន្តែគាត់ក៏សម្ដែងអាការហួសចិត្តណាស់ដែរ ក្នុងការសម្រេចរបស់វេជ្ជបណ្ឌិត។ អ្វីៗហួសហើយ ប៉ុន្តែយើងវិភាគពីទិដ្ឋភាព»៕