ភ្នំពេញ៖ ការដណ្តើម​បាន​តំណែង​ជើងឯក​ពីការ​ប្រកួតកីឡា​បាល់​ទះតេជោលីគ (TECHO Volleyball Cambodia League)​ របស់ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស វា​បាន​​ក្លាយជាកំណត់​ត្រា​​ដ៏​ជោគ​ជ័យបំផុត និងជា​លទ្ធផលដែល​គ្មាន​អ្នក​ណា​គិត​ដល់​ថា ក្រុម​មួយនេះ ​អាច​យក​ឈ្នះ​ក្រុម​មិន​​ធ្លាប់​ចាញ់ វិសាខា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​ទេ ចំណែក​ក្រុម​ក្រសួងមហាផ្ទៃ ក៏​បាន​បង្ហាញ​ភាព​ថម​ថយ ក្នុងការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់លេខ​៣ ជាមួយ​ក្រុមស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញដូចគ្នា។

នៅ​មុន​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែលបាន​ធ្វើ​នៅ​វិមានពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​យប់​ថ្ងៃ​ទី ១៨ ខែកុម្ភៈ កន្លង​មក​ ​ក្រុម​វិសាខា បាន​ក្លាយជា​ក្រុមតែ​​១​គត់ ដែលបាន​ឈ្នះ​ទាំង​១២​ប្រកួតជាប់ៗគ្នា តាំងពី​វគ្គវិល​ជុំសន្សំពិន្ទុ​ទាំង​២​ជុំ រហូត​ដល់​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ​នៅ​ក្នុង​លទ្ធផល​នេះ វិសាខា បានយក​ឈ្នះ​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស ដោយ​លទ្ធផល ៣-០ នៅជុំ​ទី​១ និង​បានបន្ត​ឈ្នះ​ ៣-២ សម្រាប់ការ​ជួបគ្នាម្តងទៀត នៅ​ជុំ​ទី​២។

ជាមួយ​លទ្ធផល​នេះ ត្រូវបាន​គេ​ដាក់​ក្តី​សង្ឃឹម​ថា វិសាខា នឹង​ក្លាយជា​ម្ចាស់​ជើង​ឯក ពីការ​ប្រកួតតេជោលីគ រដូវ​កាលទី​១ ឆ្នាំ​២០២៤​នេះ​យ៉ាងពិត​ប្រាកដ នៅពេល​ពួក​គេ បាន​ឡើង​ទៅ​ជួប​​ក្រុមបញ្ជាការ​​ដ្ឋានអង្គរក្ស ជា​ថ្មី​ម្តង​ទៀត ​នៅវគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់ពី​ក្រុមទាំង​២​នេះ បាន​ទទួល​ជ័យជម្នះ​រៀងៗ​ខ្លួន នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយក្នុង​នោះ វិសាខា បានបន្ត​ឈ្នះ​ក្រុម ស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ ៣-០ ជាមួយ​គ្រាប់​បាល់ ២៥-២២, ២៥-១៨ និង ២៥-២១​​​​​​​​​​​​​​​​ រីឯ​អង្គរក្ស បាន​ឈ្នះ​ក្រុមក្រសួង​មហាផ្ទៃ ៣-១ ជាមួយ​គ្រាប់​បាល់ ២១-២៥, ២៥-១៧, ២៨-២៦​​​​​​​​​​​​​​​​ និង ២៥-២០។

យ៉ាង​ណា​ក៏​ដោយ តាម​រយៈការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ កាលពី​ព្រលប់​ថ្ងៃ​អាទិត្យ កន្លងមកនេះ ក្រុម​​បញ្ជាការដ្ឋានអង្គរក្ស បែរជាអាចកែ​ប្រែ​​ស្ថាន​ភាព​ប្រកួត​បាន​យ៉ាង​ល្អ ហើយ​អាច​យក​ឈ្នះ​លើ​ក្រុម​វិសាខា ចំនួន ​២​ សិតជាប់ៗគ្នា ជាមួយ​គ្រាប់បាល់ ២៥-១៩ និង ២៥-២០ មុនពេល​វិសាខា ដណ្តើម​បានជ័យជម្នះ នៅ​សិតទី​៣​វិញ ជាមួយ​គ្រាប់បាល់ ២៥-២១ ប៉ុន្តែ​នៅ​សិត​ទី​៤ ក្រុមអង្គរក្ស បាន​យក​ឈ្នះ​ជាមួយ​គ្រាប់​បាល់ ២៥-១៩ ដើម្បី​ទទួល​បានជ័យជម្នះ និងក្លាយជា​ម្ចាស់​ជើងឯក​យ៉ាងរំភើបបំផុត។

ជាមួយការ​​កែ​ប្រែស្ថានភាព​ប្រកួត​ពីការ​ចាញ់​ក្រុម​វិសាខា ចំនួន ​​២ ​លើក ជាប់ៗ​គ្នា មកជា​ទទួល​​​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-១ នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រនេះ ត្រូវបានគេ​មើល​ឃើញ​ថា ក្រុម​​​បញ្ជាការ​ដ្ឋានអង្គរក្ស បាន​បង្ហាញ​ទម្រង់លេង​កាន់តែ​ខ្លាំង ហើយ​​កីឡាករ​ដែលលោត​គប់​​បាល់​ផ្តាច់​បាន​យ៉ាង​ល្អ​បំផុត​នោះ គឺ​កីឡាករ​ពាក់​ស្លាក​លេខ​២១ លូវី និង​ម្ចាស់​អាវ​លេខ​​៧ ដូនី របស់​ឥណ្ឌូនេស៊ី ដោយមាន​ការ​​លើកបាល់យ៉ាងល្អៗ​​ជា​ប្រធានក្រុម ឌីអូ មកពីឥណ្ឌូនេស៊ី​ដូចគ្នា គឺ​​​អ្នក​​ទាំង​៣នេះ បាន​ក្លាយជា​ក្បាលម៉ាស៊ី​ន​នាំ​​លេង និង​រក​គ្រាប់​បាល់​យ៉ាងច្រើនបំផុត សម្រាប់​​ការ​ប្រកួត​នេះ។

លោក អ៊ិន ដ្រាក គ្រូ​បង្វឹក​ក្រុមបញ្ជាការ​ដ្ឋានអង្គរក្ស បាន​និយាយ​ថា៖ ​«យើង​បាន​ហ្វឹក​ហាត់​ខ្លាំង ហើយ​វា​ពិត​ជា​​រឿង​ដ៏​រំភើប ដែល​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រនេះ កូន​ក្រុម​របស់យើង ធ្វើបាន​យ៉ាង​​ល្អ​ជាង​ការ​ប្រកួត​​កន្លងមក ដោយសារ​យើងបាន​​តាមមើលពីរបៀប​លេង​​របស់​ក្រុម​វិសាខា យ៉ាង​​ដិត​ដល់ ពិសេស​យើង​បាន​ឱ្យ​កីឡាករសំខាន់ៗ​របស់​យើងសម្រាក ពេល​ប្រកួត​ជុំ​ទី​២​ជាមួយ​​វិសាខា សម្រាប់​​ត្រៀម​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ហើយនេះជាយុទ្ធសាស្រ្ត​សំខាន់ ដែល​បានជួយ​ឱ្យ​​ទទួល​បាន​ជ័យជម្នះ​​នៅពេលនេះ»។

ផ្ទុយពី​នេះ ក្រុម​វិសាខា ដែល​ធ្លាប់បាន​បង្ហាញ​ទម្រង់លេង​យ៉ាង​ល្អ តាំង​ពីការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ បែរជាបង្ហាញ​ភាព​​​ថម​ថយ​ផ្នែក​គុណ​ភាព​លេង ហើយ​​ចង្វាក់​​លោតគប់បាល់ ក៏មិនសូវដាច់បាន​ល្អ​ដូច​មុន ខណៈ​កីឡាករ​នាំ​លេង​យ៉ាងសំខាន់​ក្នុង​ក្រុម​​​គឺ គួន មុំ ក៏ថមថយ​​កម្លាំង ​ធ្វើ​ឱ្យគុណ​ភាព​លោត​គប់បាល់​របស់​គេ មិនសូវ​ជា​មាន​​​ទម្ងន់​​ធ្ងន់ដូច​មុន​ប៉ុន្មាន​ឡើយ ជាហេតុ​នាំ​ឱ្យ​គ្រូ​បង្វឹក​លោក គាំ ស៊ាងហ៊ិន ដក​ឱ្យ​រូបគេ​សម្រាក នៅ​សិតទី​៣ មុន​ពេល​ដាក់​ឱ្យចូលលេងវិញនៅសិត​ទី​៤។

ចំពោះ​ការទទួលបាន​ចំណាត់​ថ្នាក់លេខ​២ ជាមួយអារម្មណ៍​ដ៏​ឈឺចាប់​នេះ ប្រធាន​ក្រុម​វិសាខា និងជាអ្នក​លើក​បាល់​លេខ​១​ប្រចាំនៅ​កម្ពុជា សួន ចាន់ណារ៉ូ បាន​និយាយក្រោយ​ការ​ប្រកួត​ថា៖​ «​សម្រាប់​ខ្ញុំ​ផ្ទាល់មានអារម្មណ៍សោកស្តាយ តែ​ធ្វើ​ម៉េច​កូន​ក្រុម ធ្វើ​មិន​បាន​ល្អ ហើយ​ក៏​អត់​មាន​ការ​ស្តីបន្ទោស​ឱ្យគ្នា​​ដែរ ព្រោះ​យើង​ដឹង​ស្រាប់ហើយថា បាល់​ទះជា​កីឡា​លេងជា​ក្រុម អ៊ីចឹង​បើ​ចាញ់ គឺចាញ់​ទាំង​អស់​គ្នា បើ​ឈ្នះ ត្រូវ​ឈ្នះទាំងអស់​គ្នា»។

សួន ចាន់ណារ៉ូ បានបន្ថែម​ថា៖ «​ផែនការ​ដែល​ខ្ញុំ​បាន​ដាក់ សម្រាប់លេង​ជាមួយ​ក្រុម​បញ្ជាការ​ដ្ឋាន​​អង្គរក្ស គឺ​ត្រូវ​តាមចាប់ លូវី និង ដូនី ប៉ុន្តែ​ថ្ងៃ​នេះ​ពួ​ក​គាត់​ល្អ​ពេក ដល់​អ៊ីចឹង​យើង​ចាប់​​គាត់​អត់​បាន ដែល​ធ្វើ​ឱ្យខាង​ក្រុម​យើង មានការពិបាក ក្នុងការ​ធ្វើ​រនាំង​ ចំណែក​​ការ​លេង​ជា​ក្រុម វាមិនជា​មានបញ្ហា​អ្វី​​ទេ គ្រាន់តែ​ថ្ងៃ​នេះ​​កីឡាករ​យើង​​រាងបែក​ទម្រង់លេង​បន្តិច តែ​មិន​អាច​​បន្ទោស​​គាត់​ទេ ព្រោះ​យើងលេង​៣ថ្ងៃជាប់ៗ​គ្នា។ យើង​លេង​បាន​ល្អ​ដែរហើយ គ្រាន់​តែ​ខាង​ក្រុ​ម​​គេ​​​ល្អ​​ជាង​​​យើង»។

ចំណែក​ក្រុមក្រសួងមហាផ្ទៃ ក៏បានបង្ហាញ​ភាព​ថម​ថយគុណ​ភាព​លេង ពេលប្រកួត​ដណ្តើម​យក​លេខ​៣ជាមួយ​ក្រុម​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអាទិត្យ​ផងដែរ ដោយ​ក្រុម​នេះ បានចាញ់​ដោយ​លទ្ធផល ៣-២ ជាមួយ​គ្រាប់​បាល់​ ២៦-២៨, ២៤-២៦, ២៥-២០​​​​​​​​​​​​​​​​, ២៥-១៦​ និង​ ១៧-១៥ ហេតុនេះ​ក្រុមស្នងការ​ដ្ឋាននគរបាលជាតិ ទទួល​បានចំណាត់​ថ្នាក់លេខ​៣ ប្រចាំ​ការ​ប្រកួតតេជោលីគ រដូវ​កាលទី​១នេះ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា បាន​និយាយ​ថា៖​ «​តេជោលីគ ជា​​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ ដែល​កម្ពុជា​យើង​បាន​ធ្វើលីគ​អាជីព​ជាផ្លូវការ ដែល​ទទួល​ស្គាល់​ដោយសហព័ន្ធ​កីឡាបាល់​ទះពិភព​លោក, អាស៊ី និង​សហព័ន្ធ​​កីឡា​បាល់ទះ​អាស៊ាន អ៊ីចឹងនេះជា​ការបោះ​ជំហាន​ថ្មី​របស់​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា ដែល​ត្រូវបាន​នាំ​យក​កិត្យានុភាព​ជាតិ​ផ្នែក​បាល់​ទះ​ទៅឱ្យ​ពិភព​លោក​បានស្គាល់ ខណៈ​ការ​​​ប្រកួត​​នេះ​យើង​ទទួល​​បាន​ការគាំ​ទ្រច្រើន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ហេតុ​នេះ​វា​ជា​ព្រឹត្តិការណ៍​​ដ៏​​អស្ចារ្យ​មួយ»៕